ធម្មជាតិនិងទីតាំងរបស់វានៅក្នុងសង្គម

Philosophy: its Nature and place in Society

 

ដោយលោក ក្តាន់ ធុល

(បណ្ឌិតផ្នែកទស្សនវិជ្ជា)

មន្ត្រីស្រាវជ្រាវ ផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា

វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

ភាពជឿនលឿនខាងបច្ចេកវិទ្យា និង អត្ថិភាពនយោបាយនិងសេដ្ឋកិច្ច​អាច​នាំមកនូវភាពចម្រូងចម្រាស់​នៅក្នុងសង្គម ដែលមិន​ធ្លាប់មានពីមុនមក។ កត្ដានេះ បណ្ដាលឲ្យមានភាពច្របូកច្របល់, អសន្ដិសុខ និង សេចក្ដីភ័យខ្លាច ចំពោះមនុស្សជាតិ។ ការ​អត់​ឃ្លាន, ការបះបោរ, អំពើភេរវកម្ម និង ការគម្រាម​កំហែងដោយអាវុធនុយក្លេអ៊ែរបានធ្វើឲ្យមាន កង្វល់នៅក្នុងជីវភាពរស់នៅ និង ប្រកបដោយគ្រោះថ្នាក់។ ហេតុអ្វីបានជាបញ្ហានេះកើតឡើង? តើវាមានច្រក​ចេញ​ដែរឬទេ? តើខ្ញុំ, ក្រុមគ្រួសារខ្ញុំ និង សង្គម​របស់​យើងទៅជាយ៉ាងណា? ទាំងអស់នេះគឺជាបញ្ហាដែលធ្វើឲ្យមានកង្វល់នៅក្នុងគំនិត និង ធ្វើឲ្យចិត្ដមាន​មន្ទិលសង្ស័យ។ មនុស្​ស​មួយ​​​​​ចំនួនអាចយល់ដឹងអាចសម្របខ្លួន និង អាចរស់​នៅជាមួយបញ្ហារំខានទាំងនេះបាន។ ប៉ុន្ដែ មនុស្សមួយ​ចំនួន​ទៀត​មិនអាច​ធ្វើ​បាន។ ពួកគេទទួលនូវការឈឺចាប់ បាត់កម្លាំងប្រាជ្ញា, សុខភាពផ្លូវចិត្ដ ឬ បាត់​បង់គោលបំណង​រស់នៅរបស់​ពួកគេ។តែទោះជាយ៉ាងណាក៏ដោយ ពិភពលោកយើងបានផ្ដល់ឲ្យយើងនូវ​មធ្យោ​បាយមួយ ដែលអាចស្ថាបនាជីវិតកាន់តែគួឲ្យពេញចិត្ដ និង កាន់តែល្អ​ប្រសើរ​ឡើង។ យើងមានធនធានធម្មជាតិ ពេលណាយើងយកវាមកប្រើប្រាស់ដោយ ឈ្លាសវៃ វានឹងផ្ដល់ឲ្យយើងនូវជីវភាពសម្បូររុងរឿង និង ប្រកបដោយ​ផាសុខ​ភាព។ យើងទាំងអស់គ្នាមានសក្ដានុភាព ពេលណាយើងបានអភិវឌ្ឍ និង ប្រើ​ប្រាស់វាបានល្អ វានឹងជួយនាំសន្ដិភាព និង សេចក្តីចម្រុងចម្រើនដល់សង្គម។

តើបុគ្គល និង សង្គមយល់ឃើញពីបញ្ហារបស់គេយ៉ាងដូចម្ដេច? ហើយ​ពួក​គេ​ប្រើប្រាស់ធនធាន និង សក្ដានុភាពរបស់គេ ដើម្បីដោះស្រាយបញ្ហា​ទាំង​នោះ ដោយផ្អែកលើទស្សនវិជ្ជារបស់បុគ្គលម្នាក់ៗ និង សង្គមយ៉ាងណា? តើ​បុគ្គលមា្នក់ៗ យល់ដឹងពីធម្មជាតិរបស់ខ្លួន និង ពិភពដែលនៅជុំវិញខ្លួនគេយ៉ាង​ដូចម្ដេច? តើបុគ្គលម្នាក់ៗធ្វើការសម្រេចចិត្ដយ៉ាងដូចម្ដេច ហើយអំពើអ្វីខ្លះ​ដែល​គេជ្រើសរើសយកទៅអនុវត្ដ ក្រោយពេលគេទទួលឥទ្ធិពលទស្សនវិជ្ជា ដែល​គេបានអភិវឌ្ឍ ឬ កំណត់ទទួលយក?

នៅក្នុងជំពូកនេះ យើងនឹងពិភាក្សាអំពីធម្មជាតិនៃទស្សនវិជ្ជា និង ទីតាំង​របស់វានៅក្នុងសង្គម ហើយនិងតម្លៃរបស់វាចំពោះបុគ្គលម្នាក់ៗ។ ក្នុងកិច្ចការ​ពិភាក្សារបស់យើង វាមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់នូវចម្លើយ​ចំពោះ​បញ្ហាដូចតទៅនេះ ៖ តើទស្សនវិជ្ជាជាអ្វី? ហេតុអ្វីបានជាយើងហៅ​ទស្សនវិជ្ជា​ថាជាវិទ្យាសាស្ដ្រ? តើទស្សនវិជ្ជាមានទីតាំងនៅក្នុងសង្គមដូចម្ដេច? តើទស្សន​វិជ្ជាជះឥទ្ធិពលមកលើមនុស្សតាមវិធីណាខ្លះ? តើទស្សនវិជ្ជាមានទំនាក់​ទំនង​ជាមួយនឹងបញ្ហាយូរអង្វែង និង ជាមូលដ្ឋាននៅក្នុងជីវិតយ៉ាងដូចម្ដេច? តើគេ​ត្រូវមានឥរិយាបថចំពោះទស្សនវិជ្ជាដូចម្ដេចខ្លះ?

១- ខ្លឹមសារទស្សនវិជ្ជា (The Meanings of Philosophy)

អ្នកគិតជាច្រើនបានបង្កើតឲ្យមាននិយមន័យទស្សនវិជ្ជាផ្សេងៗគ្នា ហើយ​និយមន័យទាំងនេះប្រែប្រួលទៅតាមចំណាប់អារម្មណ៍ និង ទំនោរ​ផ្ទាល់របស់​ពួកគេម្នាក់ៗ។ ស័ព្ទ «philosophy» បានមកពីភាសាក្រិចថា philia មានន័យថា «ស្នេហា (love)» និងពាក្យថា sophia មានន័យថា «គតិបណ្ឌិត/ពុទ្ធិ (wisdom/​knowledge)»។ ដូចនេះ ខ្លឹមសារ ទស្សនវិជ្ជា គឺ ស្នេហារគតិបណ្ឌិត/ពុទ្ធិ។ តែ​ទោះជាយ៉ាងណាក៏ដោយ កាលណាគេគិតឲ្យបានស៊ីជម្រៅ និយមន័យនេះ មិនបានធ្វើឲ្យទស្សនវិជ្ជាខុសប្លែកពីវិស័យស្រាវជ្រាវដទៃទៀតទេ។ ប្រវត្ដិវិទូ​ចូល​ចិត្ដសិក្សាពីព្រឹត្ដិការណ៍អតីតកាល ចំណែកអ្នកវិទ្យាសាស្ដ្ររូបវិទ្យា​ចូលចិត្ដ​សិក្សាពីពិភពធម្មជាតិ។ ដូចនេះ តើទស្សនវិទូចូលចិត្ដសិក្សាអំពីអ្វីដែរ?

ទស្សនវិទូល្បីល្បាញមួយ រូប គឺលោក អារីស្ដូត (Aristotle) បាន​ឲ្យនិយមន័យទស្សនវិជ្ជា​ថា «ការគិតដែលមាន​បំណង​ខ្ពស់ ទាក់ទងទៅ​នឹង​សច្ចភាព​នៅ ក្នុងបទ​ពិសោធន៍ដែល​មាន​ប្រយោជន៍សព្វយ៉ាង (think­ing which aims at maximum connected truth about all available experience.”)»[1]។ និយមន័យនេះ មិនមានន័យថា ទស្សនវិទូត្រូវតែរក​ឲ្យឃើញ​ពីប្រភេទ ឬ កម្រិតទាក់ទងគ្នាមួយនោះទេ ប៉ុន្តែ វាគ្រាន់តែតម្រូវឲ្យទស្សនវិទូ​ស្វែងរកពីដំណើរនៃការស្រាវជ្រាវរក និង របកគំហើញតែប៉ុណ្ណោះ។ ចំពោះ អារីស្ដូត គោលបំណងរបស់ទស្សនវិជ្ជា គឺដើម្បីពិនិត្យពិច័យទៅលើចំណង ទាកទងនានានៃរាល់បទពិសោធន៍ ដែលអាចទៅដល់បានយ៉ាងល្អិតល្អន់ និង ទូលំទូលាយតាមដែលអាចធ្វើបាន។

ឯលោក ប៊ីតថល (Bittle) បានឲ្យនិយមន័យទស្សនវិជ្ជាថាជា «វិទ្យាសាស្ដ្រ ភាវៈ ដែលវិចារណញាណ មូលហេតុ និង គោលការណ៍ខ្ពស់របស់វាទទួលបាន មកពីជំនួយនៃវិចារណញាណមនុស្សតែម្យ៉ាងប៉ុណ្ណោះ (the science of beings in their ultimate reasons, causes and prin­ciples acquired by the aid of human reason alone)»[2]។ ទស្សនវិជ្ជាគឺជា វិទ្យាសាស្ដ្រ ពីព្រោះវាពឹងផ្អែកទៅលើ ពុទ្ធិ មិនត្រឹមតែទៅលើ មតិយោបល់, ទ្រឹស្ដីសម្មតិកម្ម (hypothesis)[3] នេះ ប៉ុណ្ណោះទេ។ វាគឺជា វិទ្យាសាស្ដ្រភាវៈ ពីព្រោះវាគ្រប់ដណ្ដប់ទៅលើ វត្ថុទាំងអស់ ដែលគេអាចយល់ដឹងបានដោយសារ គំនិតមនុស្ស មានន័យថា អ្វីៗដែលមាន អត្ថិភាពគឺនៅតែបន្ដមានអត្ថិភាព អាចឲ្យគេគិតបាន ឬ យល់បាន។ ទស្សនវិជ្ជា ជា «វិទ្យាសាស្ដ្រភាវៈ ដែលមានវិចារណញាណ, មានហេតុ និង មានគោល ការណ៍ខ្ពស់»។ គឺឆ្លងតាម «វិចារណញ្ញាណ (reason)» នេះ ធ្វើឲ្យគេយល់ និងស្គាល់វត្ថុមួយបាន, ហេតុ គឺជាអ្វីមួយដែលេធ្វើឲ្យវត្ថុ ផ្សេងៗទៀតកើតឡើង។ នៅពេលដែល វិទ្យាសាស្ដ្រដទៃទៀតផ្ដល់នូវហេតុជិត និង ផ្ទាល់ដល់វត្ថុនានា នោះទស្សនវិជ្ជា ស្វែងរក ហេតុ និង គោលការណ៍ផ្ដាច់ព្រាត់ នៃវត្ថុនោះ។ ទីបំផុត គោលបំណង របស់ទស្សនវិជ្ជាបានមកដោយជំនួយពី វិចារណញ្ញាណ មនុស្សតែមួយគត់ មានន័យថា ទស្សនវិជ្ជា ពឹងផ្អែកពុទ្ធិរបស់ខ្លួនតែទៅលើ មូលដ្ឋាននៃ កម្លាំងស្មារតីពិចារណារបស់មនុស្ស (the reasoning power of the human mind) តែប៉ុណ្ណោះ គឺមិនផ្អែកទៅលើកម្លាំងអ្វីក្រៅពី នេះឡើយ។ ជំនឿ និងអំណាចអាទិទេពមិនមានទីតាំងនៅក្នុងការស្រាវជ្រាវរបស់ទស្សនវិជ្ជាទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏កត្ដាទាំងនេះ អ្នកជឿអាទិទេពតែងតែត្រូវការជានិច្ច​ដើម្បីដឹកនាំការពិចារណារបស់គេ ដើម្បីកុំឲ្យវាងាកចេញពីសច្ចភាព ដែលជា​គោលបំណងចុងក្រោយរបស់ទស្សនវិទូ។

លោក ធីរឹស (Titus) និងលោក ស្ម៊ីត (Smith)[4] បានផ្ដល់នូវ ទស្សនៈ​៥​យ៉ាង ចំពោះទស្សនវិជ្ជា ដែលអាចបំពេញបន្ថែមឲ្យគ្នាបាន។ លោកទាំងពីរ​យល់ថា ទស្សនវិជ្ជាគឺជា ៖

 • ឥរិយាបថផ្ទាល់ខ្លួនចំពោះ ជីវិត និង ចក្រវាឡ (a personal attitude towards life and the universe)។
 • វិធីគិតឆ្លុះបញ្ចាំង និង ការគិតដោយវិចារណញ្ញាណ (a method of reflective thinking and reasoned inquiry)។
 • ការព្យាយាមដើម្បីសម្រេចនូវ ទស្សនៈរួម មួយ (an attempt to gain a view of the whole)។
 • វិភាគភាសា តក្កវិជ្ជា និងការបញ្ជាក់ពីខ្លឹមសារ ពាក្យ និង បញ្ញត្ដិ[5] (the logical analysis of language and the clarification of the meaning of words and concepts)។
 • ចង្កោមបញ្ហា ក៏ដូចជា ទ្រឹស្ដី អំពីដំណោះស្រាយបញ្ហាទាំងនេះដែរ (a group of problems as well as theories about the solution of these problems។

ទស្សនៈខាងលើនេះបង្ហាញឲ្យឃើញថា ទស្សនវិជ្ជា ជា មុខវិជ្ជាសិក្សា​មួយ ទូលំទូលាយ និង គ្រប់សព្វ

២- កំណកំណើតទស្សនវិជ្ជា (Origination of Philosophy)

ទស្សនវិជ្ជាជាទម្រង់មួយនៃសង្គមញាណ និង ជាផ្នែកមួយនៃរចនា​សម្ព័ន្ធ​ខាងលើ។ ទស្សនវិជ្ជាមិនចាប់កំណើតដំណាលគ្នានឹងកំណើតមនុស្សទេ។ នៅ​ក្នុង របបកុម្មុយនិស្ដបុព្វកាល (communistic period) ពុំទាន់មានទស្សនវិជ្ជាទេ ប៉ុន្ដែ មកដល់ចុងរបបនេះ ទើបទស្សនវិជ្ជាមានពន្លកឡើង។ ពន្លកនៅពេលនោះ​ស្ដែងឡើងនៅក្នុង ទេវកថា (theology) និង នៅក្នុង ជំនឿតូតឹម (totemism)។ រូបរាងពិតរបស់ទស្សនវិជ្ជា កើតឡើងនៅពេលមាន បំណែងចែកវណ្ណៈ (ម្ចាស់ ទាសករ និង ទាសករ) និង បំណែងចែកពលកម្ម (កាយពលកម្ម​និង​បញ្ញា​ពលកម្ម)។

បំណែងចែកវណ្ណៈ និង បំណែងចែកពលកម្មកើតឡើងនៅក្នុង របបទាស​ភាព។ គឺរបបនេះហើយដែលបានបង្ក លក្ខខណ្ឌបរានុម័តសម្រាប់កំណ​កំណើត​ទស្សនវិជ្ជា។ ទស្សនវិជ្ជាលេចធ្លោឡើងនៅក្នុង សតវត្សរ៍ទី៦មុនគ.ស.

បំណែងចែករវាង បញ្ញាពលកម្ម និង កាយពលកម្ម នាំឲ្យមាន បញ្ញាជន មួយចំនួនធ្វើការ ស្រាវជ្រាវ ខាង មុខវិជ្ជាឯកទេស ទស្សនវិជ្ជា និង វិទ្យាសាស្ដ្រ។ ខឿនសេដ្ឋកិច្ច របស់ម្ចាស់ទាសករ មានតម្រូវការប្រតិបត្ដិដ៏ចាំបាច់មួយ គឺ ការ​ពង្រីកពាណិជ្ជកម្ម ដែលតម្រូវឲ្យមាន ការពង្រីកនាវចរតាមផ្លូវសមុទ្រ។ ការ​ពង្រីក​វិស័យនេះនាំឲ្យមានអភិវឌ្ឍន៍ខាង តារាវិទ្យា (astronomy), បាតុភូតវិទ្យា (phenomenology), គណិតវិទ្យា (mathematics), រូបវិទ្យា (physics)។ ចំណេះ​ដឹងទាំងនេះ ស្ថិតនៅក្នុងបឋមវ័យនៅឡើយ និង ត្រូវបានអធិប្បាយនៅក្នុង​ប្រព័ន្ធទស្សនវិជ្ជាធម្មជាតិ (natural philosophy) របស់ទស្សនវិទូបុរាណ​សម័យ។ គ្រានោះ ទស្សនវិទូទាំងឡាយក៏ជាអ្នកវិទ្យាសាស្ដ្រធម្មជាតិផងដែរ។ វិទ្យាសាស្ដ្រមិនទាន់ត្រូវបានបែងចែកជាផ្នែកៗទេ។ រីឯអ្នកវិទ្យាសាស្ដ្រក៏ពុំទាន់​មាន​ឯកទេសកម្មដែរ។ ទស្សនវិទូម្នាក់អាចជាគណិតវិទូផង, រូបវិទូ និង តារាវិទូ​ផងដែរ។ ហេតុនេះ ទស្សនវិជ្ជាបុរាណសម័យបានផ្សារភ្ជាប់ទៅនឹងវិទ្យាសាស្ដ្រ​ចាប់តាំងពីពេលចាប់កំណើតមកម្ល៉េះ។

ប្រទេសដែលមានទស្សនវិជ្ជាមុនគេមានប្រទេសនៅបូព៌ាទិស ដូចជា បាប៊ី​ឡោនបុរាណសម័យ (Babylone) អេហ្ស៊ីប (Egypt) និង ក្រិចបុរាណសម័យ (ទស្សនវិជ្ជាក្រិចបុរាណសម័យទទួលឥទ្ធិពលមកពីទស្សនវិជ្ជាបូព៌ាទិស គឺយើង អាចនិយាយថា ទស្សនវិជ្ជាបូព៌ាទិសជាបុព្វទ្រឹស្ដីមួយ ក្នុងចំណោមបុព្វទ្រឹស្ដី​នានា​នៃទស្សនវិជ្ជាក្រិចបុរាណសម័យ)។

សង្គមទាសភាពនៅអេហ្ស៊ីបបូរាណសម័យ បានចាប់កំណើតក្នុងកំឡុងឆ្នាំ​៣.០០០មុនគ.ស.។ អេហ្ស៊ីបមានខឿនវប្បធម៌ចម្រើនរុងរឿងមុនគេ។ ខឿន​សេដ្ឋ​កិច្ច​អេហ្ស៊ីបបូរាណសម័យ ទាមទារឲ្យប្រទេសនេះពង្រីកវិទ្យាសាស្ដ្រ។ ការ​ចាំបាច់ដែលត្រូវទប់ទល់នឹងទឹកជំនន់ទន្លេនីល (Nil) បណ្ដាលឲ្យតារាវិទ្យា​កើត​ឡើង។ ចាប់តាំងពីបូរាណសម័យមកម្ល៉េះ ជនជាតិអេហ្ស៊ីបបានរកឃើញ​ប្រក្រតី​ទិន ដែលអះអាងថា ក្នុង១ឆ្នាំមាន១២ខែ ក្នុង១ខែមាន៣០ថ្ងៃ​ រួមផ្សំនឹង៥​ថ្ងៃ​បន្ទាប់បន្សំទៀត ពោលគឺក្នុងមួយឆ្នាំមាន៣៦៥ថ្ងៃ។ នៅពេលដែលដីល្បាប់​ទន្លេ​នីលហូរចាក់លប់បំបាត់ភ្លឺស្រែ មុខវិជ្ជារេខាគណិត (geometry) ក៏បានកើត​ឡើង​ដែរ។ ឯពុទ្ធិវិទ្យាសាស្ដ្រនៅពេលនោះ បានជះឥទ្ធិពលយ៉ាងសកម្មដល់​ខឿន​វប្បធម៌ក្រិចបូរាណសម័យ។

ចំណែកឯនៅបាប៊ីឡោនបូរាណសម័យវិញ ក៏ដូចជា នៅអេហ្ស៊ីបដែរ គឺថា​សង្គមទាសភាពបានចាប់កំណើតក្នុង កំឡុងឆ្នាំ៣.០០០មុនគ.ស.។ តារាវិទ្យា និង គណិតវិទ្យាបានទទួលសមិទ្ធផលគួរជាទីពេញចិត្ដ ដោយបានផ្សារភ្ជាប់ទៅ នឹងការរីកចម្រើននៃផលិតកម្ម។ ប្រព័ន្ធតួលេខរបស់បាប៊ីឡោនជាអតីតជីវិត​នៃ​ប្រព័ន្ធតួលេខអារ៉ាប់។ ពិភពលោក បានប្រើប្រាស់ប្រព័ន្ធតួលេខនោះជាសកល​រហូតមកដល់សព្វថ្ងៃនេះ។ ដោយសារតែមានប្រព័ន្ធតួលេខងាយ​ស្រួលបែប​នេះ លេខគណិត (arithmetic) និង ពេជគណិត (algebra) នៅបាប៊ីឡោនបាន​រីកចម្រើនយ៉ាងខ្លាំងក្លា ដែលនៅក្នុងនោះ មានគោលការណ៍បង្ហាញពីឬសការេ និងឬសគូប។

ពន្លកទស្សនវិជ្ជារូបធាតុនិយម (materialist philosophy) និង អទេវនិយម (atheism) នៃ ទស្សនវិទូអេ ហ្ស៊ីប និង បាប៊ីឡោន បូរាណសម័យមានអនុភាព​យ៉ាងសកម្មចំពោះការរីកចម្រើននៃ ទស្សនវិជ្ជា និង វិទ្យាសាស្ដ្រក្រិច បូរាណ​សម័យ។ មានទស្សនវិទូក្រិចជាច្រើនរូបដែលបានទៅសិក្សានៅក្នុង​ប្រទេស​ទាំង​ពីរនេះ។

ដំណើរកកើត និង​ រីកចម្រើននៃទស្សនវិជ្ជា ផ្សារភ្ជាប់ការតស៊ូយ៉ាង​ស្មុគស្មាញ​រវាង លទ្ធិរូបធាតុនិយម និង លទ្ធិមនោនិយម[6]

៣- ទស្សនវិជ្ជានិងវិទ្យាសាស្ដ្រ (Philosophy and Science)

គេបានចាត់ទុកថា ទស្សនវិជ្ជាជាវិទ្យាសាស្ដ្រមួយ។ ប្រការនេះ​ នាំឲ្យចោទ​ជា​សំណួរថាតើ ទស្សនវិជ្ជាមានគុណសម្បត្ដិអ្វីខ្លះ ដែលគេចាត់ទុកថាជា​វិទ្យា​សាស្ដ្រនោះ? ទស្សនវិជ្ជាដូច ឬ ខុសពីវិទ្យាសាស្ដ្រនានាដូចជា គីមី, រូបវិទ្យា និង កាយវិភាគសាស្ដ្រដូចម្ដេច?

គេនិយមឲ្យនិយមន័យ វិទ្យាសាស្ដ្រ ថាជាអង្គពុទ្ធិមួយដែលមានការ​ផ្ទៀង​ផ្ទាត់ និង រៀបចំជាប្រព័ន្ធ ក៏ដូចជា វិធីក្នុងការទទួលបានពុទ្ធិនោះដែរ។ ការយក​ចិត្ដទុកដាក់ជាសំខាន់របស់វិទ្យាសាស្ដ្រ គឺការរកឃើញនូវ សច្ចភាព ក្នុងគោល បំណងយល់ដឹងពីវាជាមុន ដើម្បីធ្វើអ្វីមួយអំពីវានោះ។ ទស្សនិជ្ជា ជាវិទ្យាសាស្ដ្រ​មួយ ពីព្រោះ ដូចយើងបានវែកញែកកាលពីដំបូងរួចមកហើយថា គឺវាពឹងផ្អែក​ទៅលើ ពុទ្ធិ មិនត្រឹមតែទៅលើ មតិយោបល់ទ្រឹស្ដី នោះប៉ុណ្ណោះទេ។ ម្យ៉ាង វិញទៀតវាប្រើ វិធីប្រព័ន្ធ និង សមហេតុផល ដើម្បីឈានទៅដល់ពុទ្ធិដែល​ឆ្លើយ​តប​ទៅនឹងតម្រូវការពិសេសនៃ ពុទ្ធិវិទ្យាសាស្ដ្រ។ «បើតាមឥរិយាបថទស្សនវិជ្ជាគឺវាមានលក្ខណៈប្រហែលនឹងវិទ្យសាស្ដ្រដែរ ក្នុងនោះ វាបង្ហាញឲ្យឃើញពី ទំនោរ​រិះគន់ និង បើកចំហ (critical-and-open-mindedness), ឆន្ទៈ (persis-tence) គោរពទៅតាមបទពិសោធន៍ និង វិចារណញ្ញាណ និង ទំនាក់ទំនងមិន​លំអៀង​ចំពោះសច្ចភាព។ ទាំងទស្សនវិជ្ជា និង វិទ្យាសាស្ដ្រសំដៅសម្រេចឲ្យបាន នូវអង្គពុទ្ធិមួយដែលមានការរៀបចំ និង មានលក្ខណៈជាប្រព័ន្ធ។ »

ភាពខុសគ្នារវាងវិស័យទាំងពីរនេះ គឺស្ថិតនៅលើ វិសាលភាព និង ធម្មជាតិ​នៃទំនាក់ទំនង របស់វា និង ក្នុងការខិតចូលទៅជិតរបស់វា។ ពេលវិទ្យា​សាស្ដ្រ​នីមួយៗ និយាយពី វិស័យកំណត់ព្រំដែន ទស្សនវិជ្ជានិយាយពី គ្រប់​ទិដ្ឋភាព ទាំងអស់នៃ បទពិសោធន៍ របស់មនុស្ស។ កាលណាក្ដីបារម្មណ៍កន្លងមក​ត្រូវបានគេកំណត់ព្រំដែនចំពោះពិភពរូបសាស្ដ្រ (physical world) ក្ដីបារម្មណ៍​ក្រោយមានរួមបញ្ចូលទាំងបញ្ហា ដូចជា មនសិការ, យុត្ដិធម, ព្រលឹង និង អាទិទេព។ នៅពេលវិទ្យាសាស្ដ្រពណ៌នាពី កម្មវត្ថុសិក្សា របស់វាជាផ្នែកៗ ទស្សនវិជ្ជាប៉ុនប៉ងធ្វើឲ្យ កម្មវត្ថុសិក្សា នេះកាន់តែ ទូលំទូលាយ។ ពេលវិទ្យា​សាស្ដ្រ​មានទំនោរទៅរកលុបបំបាត់ កត្ដាផ្ទាល់ខ្លួន និង មិនយកចិត្ដទុកដាក់​ចំពោះ តម្លៃ ក្នុងការខិតខំរបស់វាចំពោះ វត្ថុវិស័យភាព (objectivity) ទស្សនវិជ្ជា​យកចិត្ដទុកដាក់ទៅលើ បុគ្គលិកលក្ខណៈ, តម្លៃ និង គ្រប់ទិដ្ឋភាព បទ​ពិសោធន៍ ទាំងអស់របស់មនុស្ស។ វិទ្យាសាស្ដ្រយកចិត្ដទុកដាក់លើ ធម្មជាតិនៃ​វត្ថុ (the nature of things) នានាដែលវាមាន ឯទស្សនវិជ្ជាយកចិត្ដទុកដាក់​មិនត្រឹមតែទៅលើទិដ្ឋភាពជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងបានយកចិត្ដ​ទុក​ដាក់លើ លទ្ធភាពនៃវត្ថុ (the possibilities of things) នានា, ទៅលើតម្លៃ និង​ទៅលើអត្ថន័យរបស់វត្ថុទាំងនោះទៀត។ ដើម្បីពិនិត្យអង្កេតពីធម្មជាតិ និង ដំណើរ​ប្រព្រឹត្ដទៅនានារបស់វា គឺជាគោលបំណងវិទ្យាសាស្ដ្រ ឯគោលបំណង​ទស្សនវិជ្ជាគឺខិតខំធ្វើការរិះគន់, វាយតម្លៃ និង រួមបញ្ចូលវិសាលភាព​ជីវិត​ជាមួយ​គ្នា។

គួរកត់សម្គាល់ត្រង់ចំណុចនេះថា ភាពខុសគ្នារវាងទស្សនវិជ្ជា និង វិទ្យា-​សាស្ដ្រ គឺខុសគ្នាយ៉ាងខ្លាំងទៅលើភាពខុសគ្នានៃ កម្លាំងជំរុញទំនោរ (tenden-cies emphasis)។ អ្នកវិទ្យាសាស្ដ្រជាច្រើនៗជាទស្សនវិទូ ពីព្រោះពួកគេបាន ទទួលការបណ្ដុះបណ្ដាលវិធីវិទ្យាសាស្ដ្រ ហើយតែងតែស្វែងរកអត្ថប្រយោជន៍​ពិសេសក្នុងវិទ្យាសាស្ដ្រមួយចំនួន។ ទាំងទស្សនវិទូ និង អ្នកវិទ្យាសាស្ដ្រមាន​ទស្សនវិស័យរួមមួយ គឺ យល់ដឹង និង វាយតម្លៃ លើ វិស័យដទៃទៀត

៤- មុខងារទស្សនវិជ្ជាជាវិទ្យាសាស្ដ្រ (Functions of Philosophy as a Science)

ក្នុងឋានៈជាវិទ្យាសាស្ដ្រទូលំទូលាយ ទស្សនវិជ្ជាមានមុខងារ៣ខុសៗគ្នាគឺៈ

មុខងារទី១– ត្រួតពិនិត្យ និងរិះគន់ដោយប្រុងប្រយ័ត្នទៅលើ មូលបដិញ្ញា (premises)[7] និង ការសន្និដ្ឋាន (conclusions) នៃគ្រប់វិទ្យាសាស្ដ្រទាំងអស់​ដូចជា ៖ ជីវវិទ្យា, រូបវិទ្យា, សង្គមវិទ្យា, និង កាយវិភាគវិទ្យាជាដើម។ វិទ្យាសាស្ដ្រ​អាចបង្កើតឲ្យមាន ការសន្មត់ទុកជាមុននានា (Presuppositions) បាន ប៉ុន្ដែ វា​មិន​មានលទ្ធភាពនឹងរកឲ្យឃើញដើម្បីសម្រេច ឬ បង្ហាញភស្ដុតាង​ដោយខ្លួន​វា​បាន នៅពេលនោះ ទស្សនវិជ្ជាបានធ្វើការពិនិត្យពិច័យដោយប្រុងប្រយ័ត្ន​បំផុត។ វាក៏ជាកិច្ចការរបស់ទស្សនវិជ្ជាផងដែរ ដែលត្រូវប្រៀបធៀបការ ប៉ាន់​ប្រមាណ  (assumptions) និង ការសន្និដ្ឋាន របស់វិទ្យាសាស្ដ្រខុសៗគ្នា កាល​ណា លទ្ធផល (results) របស់វាកើតឡើងផ្ទុយគ្នា។

មុខងារទី២សំយោគលទ្ធផល (synthesize findings) នៃគ្រប់វិទ្យាសាស្រ្ត​ទាំងអស់។ ចាប់ពីពេលវិទ្យាសាស្ដ្រនីមួយៗ បែកចេញពីទស្សនវិជ្ជា និង មាន​ឯកទេសនៅក្នុងទិដ្ឋភាពដោយឡែកៗ ឬ នៅក្នុងដំណាក់កាលនៃបទពិសោធន៍ មួយៗមក វាបង្ហាញឲ្យឃើញពី ភាពមិនពេញលេញ (incomplete) និង ទិដ្ឋភាព​តថភាព (view of reality) មិនប្រក្រតី។ ក្នុងឋានៈជាវិទ្យាសាស្ដ្រ​ទូលំ​ទូលាយមួយ ទស្សនវិជ្ជាតែងតែខិតខំស្វែងយល់ និង បង្ហាញវត្ថុនានាជា ចំនួន​រួម (totality) ដោយធ្វើការកត់សម្គាល់យ៉ាងយកចិត្ដទុកដាក់នូវរាល់ ផ្នែក​នីមួយៗ (each of the parts), តួនាទីឯកត្ដភូត (individual roles) និង អន្ដរ​ទំនាក់ទំនង (interrelationships) ដែលបង្កើត អង្គមូល (the whole)។ លោក ប្រូដ (Broad) ពោលថា «កម្មវត្ថុទស្សនវិជ្ជាគឺត្រូវពិនិត្យមើលពីលទ្ធផល​វិទ្យាសាស្ដ្រ, ដោយបន្ថែមទៅលើលទ្ធផលនោះ នូវលទ្ធផលនៃបទពិសោធន៍​សាសនា និង សីលធម៌របស់មនុស្សជាតិ ហើយបន្ទាប់មកឆ្លុះបញ្ចាំងលើ​លទ្ធផល​រួមទាំងមូល ដោយសង្ឃឹមថា មានលទ្ធភាពអាចឈានដល់សេចក្តី​សន្និដ្ឋាន​ទូទៅមួយចំនួនចំពោះធម្មជាតិនៃសកលលោក និង ចំពោះទីតាំង​យើង និង ក្ដីសង្ឃឹមទៅលើវា (The object of philosophy is to take over the results of the various sciences, add to them the results of the religious and ethical experiences of mankind, and then reflect upon the whole, hoping to be able to reach some general conclusions as to the nature of the universe and as to our position and prospect in it)» [8].

…………(បន្តនៅលេខក្រោយ)……….

[1] Venancio B. Ardales, Introductory Text to Philosophy, 2nd Ed., New York, 1987 p 2

[2] Ibit., p 2

[3] ជាគំនិត ឬសំណើរដែលពឹងផ្អែកលើការពិតនានាដែលគេបានស្គាល់ ហើយដែលគេយកមកប្រើប្រាស់​ធ្វើជា​មូលដ្ឋានសម្រាប់ពិចារណា ឬពិនិត្យសង្កេតបន្ថែម។

[4] Venancio B. Ardales, op. cit. p 3

[5] គឺជាពាក្យដែលជានាម ដូចជា ដើមឈើ, គោ, មនុស្ស, ជួន ណាត…ជាដើម។

[6] ឆយ យីហ៊ាង, ប្រវត្ដិទស្សនវិជ្ជាបស្ចឹមប្រទេស (ប្រវត្ដិទស្សនវិជ្ជាក្រិចបុរាណ) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ, ១៩៩៤, ទំព័រ ៤-៥

[7] អំណះអំណាង ឬគំនិតដែលគេលើកយកមកធ្វើជា បង្អែកសម្រាប់ធ្វើវិចារ

ឧទាហរណ៍             – មនុស្សគ្រប់រូបសុទ្ធតែស្លាប់ (មូលបដិញ្ញាធំ)

– សូក្រាតគឺជាមនុស្សម្នាក់ (មូលបដិញ្ញាតូច)

– ហេតុនេះសូក្រាតត្រូវតែស្លាប់ (សន្និដ្ឋាន)

[8] Venancio B. Ardales, op. cit. p 5

ដោយលោក ក្តាន់ ធុល (បណ្ឌិតផ្នែកទស្សនវិជ្ជា)

មន្ត្រីស្រាវជ្រាវ ផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

ទស្សនវិជ្ជាផ្ដល់ កំណើត (birth) ដល់វិទ្យាសាស្ដ្រ
ដូចជា មេកានិក,​គណិតវិទ្យា និង ចិត្ដវិទ្យា[1]។ វិទ្យាសាស្ដ្រ​ទាំង នេះបានគេកំណត់ទៅលើក្តី​កង្វល់​ពិសេសៗរបស់ខ្លួន ហើយតែងតែមានជម្លោះជាមួយគ្នាទៅវិញទៅមក។

មុខងារទី៣ បង្រួបបង្រួមវិទ្យាសាស្រ្ត ឱ្យឯកភាពគ្នា, បំពេញបន្ថែម និង គាំទ្រគ្នាទៅវិញទៅមក។

ការរៀបរាប់មកខាងលើនេះ ពិតជាមិននាំឱ្យអ្នកណាមួយគិតថា មុខងារ​ទស្សនវិជ្ជាជាវិទ្យាសាស្ដ្រទូលំទូលាយ ត្រូវបានដាក់កំណត់ចំពោះការរិះគន់ និង ការធ្វើសំយោគវិទ្យាសាស្ដ្រតែប៉ុណ្ណោះនោះទេ។ មុខងាររបស់វាក៏មានជាប់ទាក់​ទងទៅនឹង សកម្មភាពមនុស្ស (the activities) ទាំងអស់ផងដែរ ជាពិសេស​ចំពោះ​អ្នកដែល មានលក្ខណៈជាទស្សនវិជ្ជា (philosophical)។ ចំណងទាក់ទង​នេះ បានសម្ដែងឱ្យឃើញនៅក្នុង ការពិនិត្យរិះគន់ (the critical examination) ក្នុងចំណោម ទស្សនវិទូអាជីព (professional philosophers) ចំពោះការសន្មត់ និងការសន្និដ្ឋាន​រវាងគ្នា​និងគ្នា ក៏ ដូចជាការស្វែងរក ទស្សនៈត្រឹមត្រូវ (whole-some outlook) និងការស្វែងរក អត្ថន័យជីវិត (the meaning of life) របស់​មនុស្ស​ម្នាក់ៗផងដែរ។ បើតាមការអប់រំទូលំទូលាយនេះ ទស្សនវិជ្ជាមានតួនាទីសំខាន់។ វាបានផ្ដល់នូវ មធ្យោបាយ (means) ដល់និស្សិត ឱ្យចេះធ្វើសំយោគ (systema-tize), ចេះធ្វើការប្រៀបប្រដូច (assimilate) និង ចេះវាយ តម្លៃ (evaluate) លើ ទំហំចំណេះដឹងដ៏ធំធេង (huge mass of knowledge) បាន។ ការឆ្លុះបញ្ចាំង (reflection) ឬ ការពិភាក្សា (discussion) ខាងទស្សនវិជ្ជាគឺជាវិធីប្រសើរបំផុតមួយ​ក្នុង​ចំណោមវិធីប្រសើរនានា ដើម្បីជួយឱ្យពួកគេទទួលបាននូវ ទស្សនវិស័យ (perspectives) ខុសៗគ្នា ប៉ុន្ដែវាធ្វើឱ្យ វិសាលភាពជីវិត (dimensions of life) និង សាកលលោក មានអន្ដរទំនាក់ទំនងគ្នា។ គេគួរតែចងចាំថា មានរឿងធំៗ​ជាច្រើន​​នៅក្នុង​សម័យយើងមានលក្ខណៈទស្សនវិជ្ជា។ រឿងរ៉ាវខ្លះទាក់ទងទៅ​នឹង មនុស្ស (man) និង សិទ្ធិ (rights) របស់គេ, សេរីភាព (freedom), យុត្ដិធម៌ (justice), សង្គម (society) និង ធម្មជាតិ (nature)។ គំនិត (ideas) និង ការឆ្នៃ​ប្រឌិតថ្មី (inventions) នឹងមិនធ្វើឱ្យរឿងទាំងនេះលែងប្រើកើតនោះទេ ព្រោះវា​មិនត្រឹមតែសំខាន់ប៉ុណ្ណោះទេ គឺវាគ្មានទីបញ្ចប់ទៀតផង។ ចាប់ពីទស្សនវិជ្ជា​ជួយ​ឱ្យមានការយល់ដឹងទូលំទូលាយពី ជីវិត និង សាកលលោក មក មនុស្ស​ដែល​មានទស្សនវិជ្ជាខ្លាំង មានលក្ខណៈរឹងមាំ ហ៊ានប្រឈមដោយផ្ទាល់ទៅនឹង ចំណោទជីវិត (the challenges of life) ផ្សេងៗ និង ដើម្បីនាំមកនូវ ដំណោះ​ស្រាយ (solutions) ចំពោះបញ្ហារបស់ពួកគេ។

៥-ទស្សនវិជ្ជា និង
សង្គម (Philosophy and
Society)

មុននឹងនិយាយពីទំនាក់ទំនងទស្សនវិជ្ជាចំពោះសង្គម យើងត្រូវយល់​ពាក្យ
សង្គម (society) ជាមនុសិន។
វ៉ិបស្ទឺ (Webster) បានឱ្យនិយមន័យ​សង្គម​ថាជា «ក្រុមសង្គមស្ថិតស្ថេរ និង រួមសហការគ្នាដែលសមាជិករបស់វាបានអភិវឌ្ឍន៍​​គំរូទំនាក់ទំនងរៀបចំនានាតាមរយៈអន្ដរកម្មជាមួយគ្នា[2](an enduring and
cooperating social group whose members have developed organized patterns of relationships through interaction
with one another)»
។ ឯចំពោះ ក្រុមសង្គមវិទូ (sociologists) មួយក្រុមវិញបានកំណត់ខ្លឹមសារសង្គម «ជាការបង្កើតមនុស្ស ជា​ក្រុម​ដ៏ធំទូលាយមួយ ដែលមានទំនៀមទម្លាប់,
ឧត្ដមគតិ និង អាកប្បកិរិយារួម​គ្នា ដែលរួមរស់នៅលើទឹកដីមួយជាក់លាក់
ហើយគិតដោយខ្លួនឯងថា ជាក្រុម​សង្គម​មួយ[3] (the broadest grouping
of people who share a common set of habits, ideals and attitudes, who live in a definite territory, and consider themselves as a social unit.)»

និយមន័យទាំងពីរនេះ បញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំមនុស្សជាក្រុម (grouping of people) គឺជាធាតុសំខាន់ របស់សង្គម។
មនុស្សម្នាក់មិនអាចបង្កើត​សង្គមមួយបានទេមានន័យថា សង្គមមួយត្រូវតែមាន មនុស្សមួយចំនួន (a number of persons) ដែលមាន ការរៀបចំខ្លួនឯង (organize
themselves), មាន​ទំនៀម​ទម្លាប់ (habits), អាកប្ប កិរយា (attitudes), ឧត្ដមមគតិ (ideals) និង តម្លៃ (values) រួមគ្នា, មានសកម្មភាពជួយឱ្យជួបនឹង តម្រូវការឯកត្ដ ភូត (individual
needs) និងខិតខំព្យាយាមដើម្បីទ្រទ្រង់ ជីវិតសង្គម (a social life)។

ដំណើរអន្ដរកម្ម (interaction) រវាង
សមាជិកសង្គម (members of a society)​ហាក់ដូចជាបាតុភូតសង្គមសាមញ្ញមួយ។
តែទោះយ៉ាងណាក៏ដោយ ធាតុពិតវា​ស្មុគស្មាញ ដោយសារតែវាតម្រូវឱ្យមានការយល់ដឹងពី ខ្លួនឯង (knowing one’s self) និង អ្នកដទៃ (the others) ដែលទាក់ទងនៅក្នុងដំណើរអន្ដរកម្ម និង យល់​ដឹង​ពី ចំណង់ផ្ទាល់ខ្លួន
(one’s
own motives) និង ចំណង់របស់អ្នកដទៃទៀត
(the
other person’s motives) និង ការថ្លឹងថ្លែងពី តម្លៃ និង
សារសំខាន់នៃ​អន្ដរកម្ម និង បរិបទ (the context) ដែលដំណើរបានកើតឡើងនៅទីនោះ។
មនុស្ស ពេញវ័យ (a mature person) និង មានការគិតពិចារណាហេតុផល​ត្រូវការ
ទស្សនវិជ្ជាពិតប្រាកដមួយ (a
certain philosophy) ដើម្បីអនុវត្ដន៍ឱ្យមាន​ប្រសិទ្ធិភាពនូវ
ដំណើរអន្ដរកម្មសង្គម។ ក្នុងការអនុវត្ដន៍ដំណើរនេះ
ការយល់​ដឹង​ពី ធម្មជាតិមនុស្ស (understanding
of human nature) គឺជាការចាំបាច់។ ឥរិយាបថលំអៀង (attitude-biased) ផ្ទាល់ខ្លួន, ភាពត្រឹមត្រូវ (righteous), ភាព​មានមន្ទិលសង្ស័យ (suspicious) អ្វីដែលអាចកើតមានបានពិតជាសម្ដែងឡើង។
មនុស្សចូលរួម ផ្លាស់ប្ដូរគំនិត (the
exchange of ideas) គ្នាទៅវិញទៅមក
ដែលត្រូវការនូវ ការគិតឆ្លុះបញ្ចាំង (reflective
thinking) និង ការយល់ដឹងច្បាស់​លាស់ (complete comprehen­sion) ពីលក្ខណៈផ្សេងៗនៃ
បទពិសោធន៍ (experience) របស់មនុស្ស ទោះតិចក្ដីច្រើនក្ដី។
ក្នុង ការផ្ដោះប្ដូរគំនិត គ្នាដៃ​គូទាំង​ពីរទាមទារឱ្យ​មានការយល់ច្បាស់លាស់មួយទៅលើ​ អត្ថន័យនៃពាក្យ (the
meanings of the words) និង បញ្ញត្ដិ (concepts) ដែលពួកគេប្រើ។
ពួកគេ​ត្រូវការនូវ ការវិភាគភាសាតក្កវិជ្ជា (logical
analysis of language) របស់ខ្លួន។ ហេតុ នេះពួកគេនឹងមានលទ្ធភាពអាចសន្ទនាគ្នាបានយ៉ាងប្រពៃ ហើយឈាន​ទៅ​ដល់ ការព្រមព្រៀងគ្នា (agreements) ឬ ការសន្និដ្ឋានច្បាស់លាស់ (certain conclusions)។ ពួកគេអាចពិភាក្សាពីបញ្ហាជាក់ស្ដែង ឬពីទ្រឹស្ដីដែលបានមក ពី បទពិសោធន៍របស់បុគ្គលម្នាក់ៗ (individual
experiences) និង ទស្សនៈជីវិត (views of
life) ដោយរៀបចំវាឱ្យទៅ ជាគំរូមួយដែលនឹងជួយឱ្យពួកគេ​យល់ដឹង​ពីបញ្ហានានា និងរកឱ្យឃើញពី​ដំណោះស្រាយរបស់វា។ ទាំងនេះប្រាប់ឱ្យដឹង ថា ទស្សនវិជ្ជាគឺជាផ្នែកមួយ
និងជា កញ្ចប់នៃជីវិតសង្គម និង បុគ្គល​ (parcel of individual and
social life)។ បុគ្គលម្នាក់មានតួនាទីដ៏សំខាន់ក្នុងការគិតពិចារណា និង ក្នុង​សកម្មភាព​នានារបស់បុគ្គលម្នាក់ៗ
និង នៅក្នុងការប្រតិបត្ដិទៅលើ​ដំណើរ​សង្គម​ដែលថែរក្សាបុគ្គល និងសង្គម។ ប្រាយមែន (Brightman) ពោលថា «ទស្សនវិជ្ជាគឺជាមាគ៌ានៃជីវិត (philosophy is a guide to life)»។  លោក​បាន​បន្ថែម​ទៀត​ថា « ទស្សនវិជ្ជាគឺជាដំណើរ នៃពិសោធន៍ប្រកបដោយវិចារណញ្ញាណ
ស្វែងរកសច្ចភាព។ ការធ្វើទស្សនវិជ្ជាជាមុខងារនៃការពិសោធន៍ខ្លួនឯង ដោយ ព្យាយាមយល់ដឹងពីដំណើរផ្សេងទៀត
និង មុខងារនៃបទ​ពិសោធន៍​របស់វា​ពោលគឺ សេចក្ដីសំអាង ហើយនិងអត្ថន័យរបស់វា។ លើសពីនេះ ទស្សនវិជ្ជា​មាន​មុខងារ​បង្កើតមួយ​ទៀត ពីព្រោះវាមិនគ្រាន់តែមើលឃើញពីបទពិសោធន៍​មុនៗ តាមរយៈទស្សនៈថ្មីៗនោះប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងរក​ឃើញ ឬ បង្កើត​តម្លៃ​ថ្មី និង គោលដៅសម្រាប់សកម្មភាពនោះទៀតផង (philosophy is a process of rational
experience, searching for truth. Philosophizing is a function of the experiencing
self-trying to understand the other processes and functions of its experience,
their reference, and their meaning. Philosophy further has a creative function,
for it not only sees previous experience from new points of view, but it also
discovers or creates new values and goals for action)»
[4]

ទិដ្ឋភាពសំខាន់់មួយទៀតរបស់សង្គម
និង ជីវភាពសង្គម គឺការបង្កើត ទំនៀមទម្លាប់, អាកប្បកិរិយា, ឧត្ដមគតិ និង តម្លៃ។ ក្នុងនាមជាអង្គនៃក្រុមសង្គម (an
indivisible unit of the social group) ដែលមិនអាចបែង​ចែក​បាន មនុស្សមិន​បាន​អភិវឌ្ឍទំនៀមទម្លាប់, អាកប្បកិរិយា, ឧត្ដមគតិ
និង តម្លៃរបស់ខ្លួន​នៅក្នុង​ស្ថានភាពសង្គម​នោះ​ឡើយ។
អ្វីដែលមនុស្សបានឃើញ បានឮ ពោលគឺ លក្ខខណ្ឌ​សង្គម និង សេដ្ឋកិច្ចទូទៅ, សេចក្ដីសង្ឃឹមនៃគ្រួសារខ្លួន សម្ពាធពី
មនុស្សដូចគ្នារបស់គេបានផ្ដល់វិភាគទានយ៉ាងធំធេង ដល់អភិវឌ្ឃន៍ខ្លួនគេ (the
development of his being)។ នៅពេលនោះ បុគ្គលដែលមានវិចារណញាណ​នឹង​ឆ្លុះបញ្ចាំង
វិភាគ និង ធ្វើការសម្រេចចិត្ដទៅលើអ្វីដែល ផ្ដល់គុណ​ប្រយោជន៍ (beneficial) និង អ្វីដែលធ្វើឱ្យខូចគុណប្រយោជន៍ (detrimental) និង
អ្វីដែលអនុលោមតាម គោលការណ៍ទស្សនវិជ្ជា របស់គេ។
ជាឧទាហរណ៍ ៖ អ្វីដែលមនុស្សវាយតម្លៃ វាត្រូវតែសមស្រប ត្រូវតែគាំទ្រ​ដល់គោលការណ៍ដែល​ខ្លួនបានបង្ហាញ។
គោលការណ៍ដូចគ្នានេះ មានអានុភាពលើ​អាកប្បកិរិយា​របស់​ខ្លួនចំពោះ​មនុស្ស និង វត្ថុនានា និង ទស្សនវិស័យរបស់គេចំពោះជីវិត។

ដោយហេតុថា ក្រុម ត្រូវបានបង្កើតឡើងពី
បុគ្គលម្នាក់ៗ វាស្របថា ទស្សនវិជ្ជារបស់វាត្រូវបានកំណត់ទូលំទូលាយ
ដោយទស្សនវិជ្ជាផ្សេងៗ​របស់​សមាជិកម្នាក់ៗ។ តាមពិត ទស្សនវិជ្ជារបស់ក្រុម (the group’s
philosophy) ឆ្លង កាត់​តាមរយៈ ដំណើរអន្ដរកម្មសង្គម (the social
process of interaction) ដែល​ជាប់ទាក់ទងទៅនឹង ការ​ខ្វែងគំនិតគ្នា្ (disagreeing) ការស្របគំនិតគ្នា
(agree-ing) និង ការសម្របសម្រួលគ្នា
(compromising)។ ទស្សនវិជ្ជាពេលនោះផុស​ចេញ​មកពី
អន្ដរកម្ម (interaction) ក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់
ការ​រៀបចំក្រុម, គោលការណ៍ណែនាំ (guidelines) សម្រាប់ចរិយារបស់សមាជិក​ម្នាក់
និង កំណត់ទៅលើគោលដៅ​រួមរបស់ក្រុម និង បុគ្គល។ ទៅថ្ងៃមុខគួរតែ​យល់ឱ្យបានច្បាស់ថា
ទស្សនវិជ្ជាមានទីតាំងច្បាស់លាស់នៅក្នុង ជីវិត​សង្គម (the life of society) និង ជីវិតបុគ្គលម្នាក់ៗ (the
individuals) ដែលបានតាក់តែង​វាឡើង។

៦-តម្លៃនៃទស្សនវិជ្ជា (The Value of Philosophy)

នៅក្នុង កម្មវិធីសិក្សា (academic
curricula) ជាច្រើនតម្រូវឱ្យនិស្សិត​សិក្សាមុខវិជ្ជា
ទស្សនវិជ្ជា។ តាមពិតការសិក្សាទស្សនវិជ្ជាគឺជាផ្នែកសំខាន់​មួយ​សម្រាប់ ការអប់រំសេរី (liberal education)
របស់និស្សិត។
ប្រការនេះ​បញ្ជាក់ ឱ្យឃើញពីការទទួលស្គាល់អំពីអត្ថប្រយោជន៍ នៅក្នុងការសិក្សាទស្សនវិជ្ជា​នៅ​ក្នុង ការអភិវឌ្ឍន៍រួម (the total deve–lopment)
របស់បុគ្គលម្នាក់ៗ និង នៅក្នុង ការរៀបចំខ្លួនគេ (preparing) ឱ្យមាន វិជ្ជាជីវៈជ្រើសរើស
(chosen vocation)។

លោក ផាយស្ហ៊ែហ្គឹរឹស (Pythagoras)ជាអ្នកដែលបានផ្ដល់ចម្លើយដំបូង​គេ​ចំពោះហេតុផលដែលយើងគួរសិក្សាទស្សនវិជ្ជានេះ។ លោកថា ទស្សនវិជ្ជា ស្វែងរក ពុទ្ធិ (knowledge) សម្រាប់ ផលប្រយោជន៍ផ្ទាល់ខ្លួន (its own sake) ដោយឡែកពីចំណោទនៃផលប្រយោជន៍ណាមួយទៀត។
ការសិក្សាទស្សនវិជ្ជា​មិនគ្រាន់តែផ្ដល់ឱ្យយើងនូវ ពុទ្ធិបន្ថែម
(additional knowledge) ប៉ុណ្ណោះទេ
ប៉ុន្ដែ​ វាជួយ ពង្រីកការយល់ដឹង (broaden) ឱ្យទូលំទូលាយ និង ស៊ីជម្រៅ (give depth) ចំពោះវាទៀតផង។

ករណីដូចជាវិចិត្រសិល្បៈដែរ ទស្សនវិជ្ជាមាន តម្លៃ និង សារៈសំខាន់ចាំ​បាច់មួយ
(an
intrinsic value and impor­tance)។
យើងច្រៀង, ស្ដាប់តន្ដ្រី, អាន​កំណាព្យ,
មើលកុន, សិក្សាគំនូរ, ចម្លាក់ ដោយសារតែវត្ថុទាំងអស់នេះអាចធ្វើ​ឱ្យ​យើងសប្បាយបាន ចំពោះប្រយោជន៍ផ្ទាល់របស់វា ដោយមិនចាំបាច់មានអ្វី​ផ្សេងៗទៀតឡើយ។

ទៅតាមរបៀបប្រហែលគ្នានេះដែរ មនុស្សធ្វើទស្សនវិជ្ជា (philosophize) មិនមែនសម្រាប់តែ ហេតុផលប្រតិបត្ដិ (practical
reasons) សុទ្ធសាធនោះ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ ក៏ព្រោះតែវាជួយឱ្យមនុស្សទទួលបាននូវ សេចក្ដី​សប្បាយរីករាយ (pleasure)ឬ សេចក្ដីសោមនស្ស (satisfaction) ទៀតផង។ ចំណាប់អារម្មណ៍ដូចគ្នានេះដែរ
គេមានពិសោធន៍លើការទទួលបាន ពុទ្ធិបន្ថែម និងលើ ការគិតពិចារណា ចំពោះ ប្រធានបទខ្ពស់ៗ (high themes) ដែល មនុស្សមិនធ្លាប់ដឹង ឬ
គិតពីផលប្រយោជន៍តូចចង្អៀត ដែលផ្ដល់ឱ្យគេនូវ​ប្រភេទ​ប្រយោជន៍បន្ទាប់បន្សំបន្ថែមមួយចំនួនលើប្រយោជន៍ដទៃទៀត។

ម្យ៉ាងវិញទៀត ទស្សនវិជ្ជាជួយឱ្យនិស្សិតមានការយល់ដឹងលើ
ខ្លួនឯង (himself),
មិត្ដភក្រ្តរបស់គេ (his fellow
human beings),
ពិភពជាក់ស្ដែង (the real world)
និង ខ្លឹមសារជីវិត (the meaning of
life) ឱ្យបាន​កាន់តែ​ប្រសើរឡើង គឺថាការយល់ដឹងដែលមាន លទ្ធភាពពង្រីកមិនចេះចប់
(infinite expansion)។ ការយល់ដឹងបែប​នេះនឹងធ្វើឱ្យ មនុស្ស មានលទ្ធភាពដើម្បីទាក់ទង ខ្លួនឯង ដោយ​មានប្រសិទ្ធិភាព និង
ដោយសុខដុម​រម្យនាជាមួយ អ្នកដទៃទៀត, ដើម្បី​ជួយសម្រួលដល់ការសម្របខ្លួនទៅនឹង បរិស្ថាន (environment)
ជុំវិញខ្លួន, និង​ធ្វើឱ្យ ជីវិត របស់គេកាន់តែមានន័យ។

នៅក្នុងការសិក្សាទស្សនវិជ្ជា និស្សិតនឹងលើកឡើងពីទស្សនវិជ្ជារបស់ អ្នក​គិតផ្សេងៗ (the philosophies of various thinkers)។ ផ្ដើមចេញពីគំនិតទាំង​នេះ និស្សិតអាច អភិវឌ្ឍទស្សនវិជ្ជា
ផ្ទាល់របស់គេ
ដែលផ្ដល់នូវ ទិសដៅ  ចាំបាច់ (necessary
direc­tion) ចំពោះ
ជីវិត។ មនុស្សម្នាក់ៗមិនអាចរស់នៅ​ដោយ​​គ្មាន​​ទិសដៅ ឬ គោលបំណងបានទេ។ ទស្សនវិជ្ជាជួយឱ្យយើងចេះ​កំណត់​ពី គោល​បំណង (the goals)ដែលយើងម្នាក់ៗត្រូវរៀបចំសម្រាប់ ជីវិតដោយឡែកៗ (individual lives) របស់យើង។

នៅចុងបញ្ចប់ ទស្សនវិជ្ជាបានផ្ដល់ គ្រឹះដ៏រឹងមាំ (a strong
foundation) មួយដល់
មនុស្ស គឺ តម្រូវការខាងវិជ្ជាជីវៈ (the demands of profession) និង ការប្រឈមមុខនឹង បញ្ហានៃជីវិត
(the problems of life)។ ទស្សនវិជ្ជាក៏បាន​ដឹកនាំ​មនុស្សឱ្យចេះធ្វើ ការសម្រេចចិត្ដសំខាន់ៗ (decisions) ពីមួយថ្ងៃទៅមួយ​ថ្ងៃដោយផ្ដើមពី ទស្សនវិស័យទូលំទូលាយ (broader
perspective)
ពីព្រោះ​ទស្សនវិជ្ជាខិតខំធ្វើឱ្យមនុស្សបង្រួម ទិដ្ឋភាពរួមនៃបទ​ពិសោធន៍មនុស្ស
(whol-istic
view of human experience)
និង ជីវិតខ្លួនវា ចូលគ្នា។

នៅមានតម្លៃជាច្រើនទៀត ដែលគេអាចទាញបានមកពីការសិក្សា​ទស្សន​វិជ្ជានេះ។ ប្រសិនបើគេខិតខំយល់ដឹងពី ធម្មជាតិ (the nature) និង ការ​ជំពាក់​ទាក់ទងទៅនឹងវិស័យនីមួយៗផ្សេងទៀតរបស់វា ដូចដែលវាមានឥទ្ធិពល​មក លើ​ជីវិតមនុស្សស្រាប់ វាពិតជាមានច្រើនជាងនេះ។ លោក
នីខូលសុន (J.A. Nicholson) បានបង្កើតទីតាំង និង តម្លៃ ទស្សនវិជ្ជានៅក្នុងជីវិតរបស់បុគ្គល
និងសង្គមដោយលោកបញ្ជាក់ថា ៖ «គ្មានអ្វីក្រៅពីការធ្វើឱ្យព្រំដែនបញ្ញា​របស់​យើងទូលំទូលាយ និង ធ្វើឱ្យស៊ីជម្រៅតាមរយៈការយល់ដឹង និង សមានចិត្ដរ​បស់​យើងនោះទេ។ ទស្សនវិជ្ជាពុះបំបែកឱ្យឃើញ ពីសំបកបញ្ញាដែល
វឺដវើស (Wordsworth) សំដៅលើការគាបសង្កតពីប្រពៃណីទំនៀមទម្លាប់ ដែលការគិត​មាន​ទំនោរ លំអៀងដោយគ្រោះថ្នាក់ទៅរកការបង្ខិតបង្ខំលើខ្លួនឯង
ហើយ និង ដោយការរៀបចំគំនិតឱ្យមានសេរីភាព វាបើកទូលាយ ថាការបំពេញ​មុខងារ​ជីវិត​ផ្លូវចិត្ដដោយពេញលេញ
ទើបបង្កើតឱ្យមានជីវិតល្អប្រសើរបាន។ (There is no other that so widens
our intellectual horizon and that deepens thereby both our understanding and
our sympathies; It breaks up that “intellectual crust” of which
Wordsworth speaks, the “yoke of conventional custom” that thinking
tends fatally to impose upon itself; and by setting thought free it permits
that full func­tioning of the life of the spirit that alone consti­tutes the good
life)
» [5]

ការសិក្សាទស្សនវិជ្ជា គឺជាលក្ខណៈបទពិសោធន៍សំខាន់មួយរបស់​មនុស្ស។ ដូច្នេះ វាធ្វើឱ្យបុគ្គលៗម្នាក់ៗមានការ
ប្រយ័ត្នប្រយែង​ក្នុងការ​អភិវឌ្ឍ​ទស្សនវិជ្ជាផ្ទាល់របស់គេ ដើម្បីដឹកនាំ ការសម្រេចចិត្ដ និង សកម្មភាព នានា​របស់គេ។ ប៉ុន្ដែលោក
សាលីវឹន (Sullivan)
បញ្ជាក់ថា យើងលែងត្រូវ​ការ​អភិវឌ្ឍ​ទស្សនវិជ្ជាជាក់លាក់ទៀតហើយ
ពីព្រោះ តាមពិតយើងម្នាក់ៗមានទស្សនវិជ្ជា​មួយប្រភេទរួចទៅហើយ។
អ្វីដែលយើងគួរធ្វើនោះ គឺ «ត្រូវមានមនសិការិះគន់ (critically
conscious) ទៅលើអ្វីដែលយើងចាត់ទុកថា
គ្មានមនសិកា (unconscio-usly) និង គ្មានការរិះគន់ (uncritically) …» បើមិនដូច្នេះទេ «យើងមុខជានឹង​ក្លាយ​ទៅជា ជនរងគ្រោះ (victims)
ដោយសារតែទស្សនវិជ្ជាដែលយល់ដោយ ខ្វះមនសិកា ផ្ទាល់របស់យើង ឬក៏ដោយសារតែ ទស្សនវិជ្ជាអ្នកដទៃ
(the philosophy of others) នេះឯង ដែល គ្រប់គ្រងលើយើងទាំងអស់គ្នា​កាន់តែជ្រៅ​ទៅៗ ពីព្រោះវាអាថ៌កំបាំង (hidden) និង មានឥទ្ធិពលនៅក្នុងទីងងឹត (the dark)»[6]មនុស្សគិត (thinking man) ត្រូវការទស្សនវិជ្ជាមួយ ហើយអ្នកនោះ​នឹង​អភិវឌ្ឍទស្សនវិជ្ជានេះដោយជៀសមិនរួច, ដោយបំណង និង ដោយប្រុង​ប្រយ័ត្ន ឬ ដោយផ្សេងពីនេះ។ ដូច មិខល (McCall) អះអាងថា​ «តាមពិត មនុស្សគិតមិនដែលមានជម្រើសថា
តើគាត់នឹងធ្វើទស្សនវិជ្ជាដែរ ឬ អត់នោះ​ទេ។ ម្យ៉ាង ជម្រើសរបស់គាត់គ្រាន់តែថា តើគាត់ធ្វើទស្សនវិជ្ជាដោយ
បើកចំហរ (openly) និង ដោយ រិះគន់ (critically) តែប៉ុណ្ណោះ ឬ ម្យ៉ាងទៀតដោយ ឆាប់
ជឿឥតពិចារណា
(naive)
និង ដោយ លួចលាក់ (surreptitious)
និង ដោយ​របៀប ឆ្អិនខាងណាស៊ីខាងនោះ
(half-baked fashion)» [7]

មនុស្សឆ្លាតម្នាក់ (wise man) បើតាម ឃែន (Cahn) គឺជាអ្នកដែលមានការ​យល់ដឹងទស្សនវិជ្ជា។
«មនុស្សបែបនេះ ទឡ្ហីករណ៍សន្ធាន (dogmatic
state-ments)[8] មិនងាយបំភ័យបានទេ
ហើយវាបានរៀបចំឱ្យគាត់ខំប្រឹងប្រែងប្រឆាំង​នឹងអ្នកដែលត្រួត្រាលើគំនិតរបស់គាត់។
ដូច្នេះ ការសិក្សាទស្សនវិជ្ជា បម្រើជា កំពែងរបងការពារ (bulwark) ប្រឆាំងទល់នឹង សេវគតិភាពខួរក្បាល
(mental servitude)[9] ហើយនាំមកនូវ គោលការណ៍
(the framework) ដែលយើងអាច​គិត និង ធ្វើដោយបញ្ញានៅក្នុងនោះបាន»[10]

៧-ឥរិយាបថចំពោះទស្សនិវិជ្ជា (Attitudes towards Philosophy)

មនុស្សមួយចំនួនតែងតែនិយាយមើលស្រាល, បង្ខូច និង ស្អប់ទស្សន​វិជ្ជា ដោយនិយាយថា ទស្សនវិជ្ជា «គ្មានអ្វីក្រៅពីលេងពាក្យលេងសម្ដី ឬ លេង​គំនិត​នោះទេ»។ មានហេតុផល៤យ៉ាងដែលគេតែងលើកឡើងដើម្បី​វិនិច្ឆ័យ​ចំពោះទស្សនវិជ្ជា ៖

 1. ទស្សនវិជ្ជាពិបាកយល់ (Philosophy is
  difficult to understand)។
 2. ពិបាកអនុវត្ដ ឬអរូបី (It is
  impractical or out of touch with reality)។
 3. មិនមានការរីកចម្រើននៅក្នុងទស្សនវិជ្ជា
  ពីព្រោះ សូម្បីតែទស្សនវិទូ​ក៏ខ្វែងគំនិតគ្នាដែរ (there is
  no progress in philosophy, for even philosophers disagree with one another)។
 4. ការត្រួតពិនិត្យរិះគន់អំពីគោលការណ៍មូលដ្ឋាននាំឱ្យគ្រោះថ្នាក់
  ឬ ប៉ះពាល់ដល់បុគ្គល និង សង្គម (critical examination of fundamen­tal principles is harmful
  to the individual and society)។

ហេតុផលទី១– កើតចេញមកពី គំនិតអរូបី
(abstract
ideas) នៅក្នុង​កិច្ចការ​ទស្សនវិជ្ជា សូម្បីតែនៅក្នុងសម្ភារៈ (materials) ក៏ត្រូវគេយកមកប្រើ​នៅ​ក្នុងទិសដៅផ្ដើមសេចក្ដី (introductory
course) នៅក្នុងទស្សនវិជ្ជាដែរ។ ការ សិក្សា​ទស្សនវិជ្ជាពិតជាធ្វើឱ្យមានការលំបាក ដោយហេតុថា និស្សិតជាច្រើន​មិន​ធ្លាប់ គិតអរូបី (abstract thinking) ដោយហេតុនេះហើយទើបពួកគេ​មិន​ចូល​ចិត្ដ។ នេះជាការពិត
ប៉ុន្ដែគេត្រូវតែរៀនពី គំនិតថ្មី (new ideas) ត្រូវរក្សាទុក ឬបោះចោល ពុទ្ធិចាស់ បើមិនដូច្នេះទេ
គេនឹងមិនមានពិសោធន៍ ការរីកចម្រើន​បញ្ញា ទេ។ ម្យ៉ាងវិញទៀត ក្នុងនាមជាមនុស្ស ត្រូវពង្រីក ទស្សនវិស័យ (perspective) ឬ ចក្ខុវិស័យ
(vision) របស់ខ្លួន គឺគេត្រូវការ
ឃ្លាំងគំនិត​ទស្សន​វិជ្ជា (storehouse of philosophical
ideas) មួយដែលនឹងជួយ នឹងដឹកនាំគេឱ្យ​ចេះ
ធ្វើការវិភាគ, ធ្វើសម្រេចចិត្ដ និង ធ្វើការប្រតិបត្ដិ

ហេតុផលទី២ទស្សនវិជ្ជាពិបាកអនុវត្ដ
(impracticality) គឺគេផ្អែកទៅ​លើ​សេចក្ដីអម្ពល់ (preoccupation) ជាមួយនឹងគំនិតថា មានគំនិតជាច្រើននៅក្នុង​ទស្សនវិជ្ជា
ស្ថិតនៅដាច់ឆ្ងាយពីផលប្រយោជន៍ជីវិត​ប្រក្រតី (the normal interests of ordinary life)។ មនុស្សខ្លះបានទាត់ចោលទស្សនវិជ្ជា ដោយយល់​ថា៖ «ទស្សនវិជ្ជាគ្មានមានអ្វីក្រៅពីគំនិតនោះទេ
វាមិនអាចឱ្យនំប៉័ងដល់អ្នក ឬ នាំអ្នកទៅឋានព្រះច័ន្ទនោះឡើយ»។ អ្នកទាំងនោះបន្ដទៀតថា «ទស្សនវិទូតែង​តែ​បំភ្លេចការពិតនានា, ធ្វើឱ្យជំពាក់ជំពិនគ្នា
និង វង្វេងខ្លួនក្នុងគំនិត​ស្មុគស្មាញ ដោយមកពីហេតុនោះ ពួកគេមិនអាចដកខ្លួនចេញបានឡើយ»។
មានសច្ចភាព​សំខាន់មួយដែលគេ​ភ្លេចនៅត្រង់ចំណុចនេះ
គឺៈ គំនិតមានសារៈសំខាន់ និង មាន​តម្លៃដូចហេតុការណ៍នៅក្នុងវិស័យពិនិត្យសង្កេតដែរ។
ភាពចម្រើនជឿន​លឿន​នៅក្នុងវិស័យវិទ្យាសាស្ដ្រ
គឺបានចាប់ផ្ដើមឡើងពី គោលការណ៍ថ្មីៗ (new principles)។ គំនិត (ideas) នៅក្នុងទស្សនវិជ្ជា នាំមកឱ្យមនុស្សនូវ
វត្ថុនានា (things) ដែលគេត្រូវការបន្ថែមទៅលើទ្រព្យ​សម្បត្ដិខាងសម្ភារៈ។
ឧទាហរណ៍ ៖ ទស្សវិជ្ជាបានផ្តល់ឱ្យមនុស្សនូវចក្ខុវិស័យ គំនិត (vision of ideals)
ទ្រព្យសម្ភារៈ ទាំងអស់​ដែលគេគិតថាវាសំខាន់នោះ អាចនឹងបង្ហាញពីភាពគ្រោះថ្នាក់ជាង​ទទួលបានប្រយោជន៍ប្រសិន​បើគ្មានវា។ ធីរឹស (Titus) និង ស្មីត (Smith) ពោលថា «គំនិត គឺជាមូលដ្ឋាននៃ
អំពើ ហើយមនុស្សហាក់ដូចជា​មិនខំ​ប្រឹង​ប្រែង​ធ្វើតាមការកំណត់ណាមួយ
លុះត្រាតែគេជឿទៅលើអ្វីមួយ»[11] ទស្សន វិជ្ជាបានដាស់តឿនមនុស្សអំពីអត្ថប្រយោជន៍ដ៏ខ្ពង់ខ្ពស់នៃវត្ថុនានា
ដែលមិន​ទាក់​ទងនឹងមធ្យោបាយ (means) ប៉ុន្ដែវា ទាក់ទងទៅនឹង ប្រយោជន៍
(ends)។ មនុស្សមិនរស់នៅតែដោយសារនំប៉័ង, វិតាមីន ឬ របកកំហើញបច្ចេកវិទ្យានោះ ប៉ុណ្ណោះទេ ប៉ុន្ដែ ពួក​គេរស់នៅដោយសារ​ តម្លៃ (values) និង តថភាព (realities) តាមសម័យកាល និង ការយល់ដឹងដែលមានតម្លៃ​សម្រាប់ប្រយោជន៍​ផ្ទាល់របស់គេផងដែរ[12]

ហេតុផលទី៣ ៖ អំណះអំណាងថា គ្មានការរីកចម្រើននៅក្នុងទស្សនវិជ្ជា​គឺដោយផ្អែកទៅ​លើការពិនិត្យ​សង្កេតថា ទស្សនវិទូមានមតិយោបល់ផ្ទុយគ្នា
ហើយដែលពុំមានលទ្ធភាពអាចយល់ស្របគ្នាបាន។ ករណីនេះ គឺគ្មាន​ការ​អភិវឌ្ឍណាមួយ កើតចេញជាលទ្ធផលមកពី «ស្ដម្ភគំនិតមិនឯកភាព (the disagreement of the pillars of ideas)» នេះទេ។ ការអះអាងនេះ វា​ឃ្លាតឆ្ងាយ​ពីសច្ចភាព ពីព្រោះ ការខ្វែងគំនិតគ្នា (disagreement) ជម្រុញឱ្យមាន គំនិត
(thought)។ «វាបង្ខំឱ្យមនុស្សពិនិត្យទស្សនៈរបស់ខ្លួនឡើងវិញ
ឬ យ៉ាងហោច​ណាស់ក៏ត្រូវ​និយាយបញ្ជាក់ពីទស្សនៈទាំងនោះសារឡើងវិញ
ដ៏គួឱ្យជឿ​ជាក់​ជាង និង ត្រូវរៀនពីរបៀបកែតម្រូវទស្សនៈ​ទាំងនោះ ឱ្យ​បានកាន់តែប្រសើរ​ឡើងៗផងដែរ[13]។ ការមានយោបល់ខុសគ្នា
គឺជាកម្លាំងជម្រុញសំខាន់មួយ​ឈាន​ទៅ​រក របក​គំហើញ
(new discoveries)
និង ការរីកចម្រើនថ្មីៗ (progress)។ ការអនុលោម ឬ ការយល់ស្របតាមដោយ​មិន​ប្រឆាំងបង្កើតឱ្យ​មាន ចក្ខុវិស័យតូចចង្អៀត
(narrow vision), ខ្វះការយល់ដឹង (lack of understanding) និង លំងប់
(fanaticism) ឡើង។

ហេតុផលទី៤ការពិនិត្យរិះគន់ (critical examination) ទៅលើ គោលការណ៍មូលដ្ឋាន (fundamental principles) នាំឱ្យប៉ះពាល់ដល់
បុគ្គល (the individual) និង សង្គម (society)។ ការគិតនេះត្រឹមត្រូវ ពិសេស គោល ការណ៍ដែលពាក់ព័ន្ធទៅនឹងគោលការណ៍ទ្រទ្រង់ដល់
ឥរិយាបថ (conduct) និង សណ្ដាប់ធ្នាប់សង្គម (the social order) ពោលគឺ ច្បាប់ទូន្មានខ្លួន (rules of conduct) និង សីលធម៌
(moral) នេះឯង។ មនុស្សមួយចំនួនជឿថា
ដើម្បីដាក់ ក្រមសីលធម៌ (moral
codes) ឱ្យឋិតនៅក្រោមការពិនិត្យរិះគន់ វានឹងធ្វើឱ្យ​ក្រមសីលធម៌នេះចុះខ្សោយ ឬ ខូចខាត ហើយនឹងបណ្ដាលឱ្យមាន​ឥរិយាបថ​មន្ទិលសង្ស័យ ឬ វិវត្ដន៍ និង ឥរិយាបថប្រឆំាងសង្គមទៀតផង[14]។ រឿងនេះមិន ពិតទេ តាមពិតទៅ ទស្សនវិជ្ជាការពារ
និង ពង្រឹងគោលការណ៍សង្គម ឬ សីលធម៌​ទៅវិញទេ នៅពេលណាកត្ដាទាំងនេះចុះខ្សោយ។
គោលការណ៍យក​ជាការបាន ឬ ល្អត្រឹមត្រូវ (valid or sound principles) នឹងឈរចាំត្រួតពិនិត្យរិះ
គន់ នៅពេលណា​គោលការណ៍មិនល្អត្រឹមត្រូវ មិនមានការ​គាំទ្រពីសមាជិក​សង្គម។

ហេតុផលដែលទាក់ទងទៅនឹងទំទាស់ (the objection) ចំពោះការ​ផ្ទៀង​ផ្ទាត់គោលការណ៍សីលធម៌នេះ គឺជាជំនឿដែលយល់ថា សណ្ដាប់ធ្នាប់ និង ស្ថេរភាពមានតម្លៃដល់
បុគ្គល និង សង្គម។ ដើម្បីមាន និង ដើម្បីរក្សាសណ្ដាប់ ធ្នាប់ ឱ្យបាន
បុគ្គលម្នាក់ៗ គួរតែទទួលយកគោលការណ៍សីលធម៌អត្ថិភាព (the existing ethical principles) ដោយគ្មានការពិនិត្យផ្ទៀងផ្ទាត់ណាមួយនោះទេ។ សូមរំលឹកម្ដងថា រឿងនេះមិនត្រឹមត្រូវទេ
ដោយហេតុថានៅកន្លែងណាដែល សណ្ដាប់ធ្នាប់មិនមានការផ្លាស់ប្ដូរ នៅទីនោះគ្មានអភិវឌ្ឍន៍ ឬ
រីកចម្រើនទេ (where the order does not
change; there is neither development nor growth)។ បុគ្គល
សង្គម ដែល សណ្ដាប់ធ្នាប់ នោះមានជោគជ័យលើ គឺមាន លក្ខណៈ «ស្លាប់ (dead)» ហើយនឹងមិនទៅទីណាទៀតឡើយ។

អាកប្បកិរិយា និង ការរិះគន់ អ្វីក៏ដោយដែលតម្រង់ឆ្ពោះទៅរកទស្សនវិជ្ជា
សច្ចភាពនៅតែបង្ហាញថា វានៅតែប្រើឥទ្ធិពលសំខាន់មួយទៅលើ ជីវិត របស់​បុគ្គល និង សង្គមជាដរាប។
បើតាមសំដីលោក ឃែន (Cahn) ថា «ទស្សន​វិជ្ជា​បានធ្វើ ហើយនឹងបន្ដរួមវិភាគទានយ៉ាងសំខាន់ចំពោះ ជីវិតមនុស្ស ហើយការ​យល់ដឹង និង ការវាយតម្លៃចំពោះការផ្ដល់វិភាគទាននេះ នឹងធ្វើឱ្យជីវិត​សមាជិក​សង្គមម្នាក់ៗសំបូរបែបឡើង»[15] ដោយសារលទ្ធភាពត្រិះរិះពិចារណា មនុស្សនឹងខិតខំធ្វើទស្សនវិជ្ជា និង បន្ដធ្វើដូច្នេះ
ជាដរាបណាគេបន្សល់ទុក​នូវ​អ្វីដែលគេមាន
ពោលគឺជាភាវៈដែលមានវិចារណញ្ញាណ។

៨-សេចក្ដីសង្ខេប (Summary)

យើងទាំងអស់គ្នារស់នៅក្នុងពិភព ដែលពោពេញទៅដោយក្ដីបារម្មណ៍ និង ភាពមិនទៀងទាត់។ ដូច្នេះ មនុស្សគ្រប់ រូបត្រូវតែមានទស្សនវិជ្ជា​ពិតប្រាកដ​មួយ ដើម្បីណែនាំការគិត និង សកម្មភាពរបស់ខ្លួន និង ផ្ដល់ទិសដៅ, អត្ថន័យ​ដល់ជីវិតរបស់គេ។

និយមន័យរបស់ទស្សនវិជ្ជា បានទទួលស្គាល់ថា
វាជាមុខវិជ្ជាទូលំទូលាយ​មួយ ពីព្រោះវាទាក់ទងទៅនឹងវិសាលភាពនៃបទពិសោធន៍របស់មនុស្ស​ដោយ​ឡែកៗ។ ទស្សនវិជ្ជាមិនគ្រាន់តែមានលក្ខណៈទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងមានលក្ខណៈប្រហាក់ប្រហែលទៅនឹងវិទ្យាសាស្ដ្រទៀតផង ជាពិសេស ខាងអកប្បកិរិយា, វិធី និង គោលដៅ។ ក្នុងឋានៈជាវិទ្យាសាស្ដ្រទូលំទូលាយមួយ ទស្សនវិជ្ជាពិនិត្យផ្ទៀងផ្ទាត់ និង រិៈគន់ទៅលើមូលបដិញ្ញា និង សេចក្ដីសន្និដ្ឋាន នៃគ្រប់វិទ្យាសាស្ដ្រទាំងអស់ គឺធ្វើសំយោគលទ្ធផលនានា និង ដោះស្រាយនូវ​រាល់ជម្លោះរបស់វាទាំងនោះ។

តម្លៃរបស់ទស្សនវិជ្ជានៅក្នុងសង្គម មិនអាចបញ្ជាក់សព្វគ្រប់អស់ទេ។ វា​មានតួនាទីសំខាន់នៅក្នុងជីវិតបុគ្គលម្នាក់ៗ
ដែលតាក់តែងសង្គមឱ្យកើតឡើង ក៏ដូចជានៅក្នុងការរៀបចំ, ការថែទាំ និង នៅក្នុងការបំពេញមុខងាររបស់​សង្គម។

អកប្បកិរិយាអវិជ្ជមានទូទៅចំពោះទស្សនវិជ្ជា គឺស្ថិតនៅលើហេតុផល​ដែល​កើតមកពីការភាន់ច្រឡំ ឬ យល់ដឹងពីទស្សនវិជ្ជាមិនពេញលេញ។

ក្នុងឋានៈជាភាវៈមានវិចារណញ្ញាណ មនុស្សនឹងបន្ដធ្វើទស្សនវិជ្ជា និង​ត្រូវ​មានទស្សនវិជ្ជាជាក់លាក់មួយ ដោយមនសិការក្ដី ឬ គ្មានមនសិការក្ដី។

៩-មគ្គុទេសក៍សិក្សា (Study Guide)

.១-ស័ព្ទដែលត្រូវយល់ដឹង(Terms to understand)


ទស្សនវិជ្ជា (philosophy)        –
សង្គម (society)

-វិទ្យាសាស្ដ្រ (science)             –
ឥរិយាបថ (attitude)

តម្លៃ (value)              – ការអប់រំសេរីភាព (liberal
education)

.២-សំណួរដែលត្រូវឆ្លើយ­(Question to answer)

១- ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវមានទស្សនវិជ្ជា​មួយជាក់​លាក់?

២- តើអ្នកអាចនិយាយដូចម្ដេចអំពីវិសាលភាព
ឬ ចំណុច​សំខាន់របស់ទស្សនវិជ្ជា?

៣- តើទស្សនវិជ្ជាប្រហាក់ប្រហែលនឹងវិទ្យាសាស្ដ្រតាម​ទិដ្ឋភាព​អ្វីខ្លះ? តើវិស័យទាំងពីរនេះមានមុខងារក្នុង ការការពារគ្នាដូចម្តេច​អ្វីខ្លះ?

៤- តើទស្សនវិជ្ជាមានមុខងារអ្វីខ្លះចំពោះវិទ្យាសាស្ដ្រ
មនុស្ស និង ចំពោះសង្គម?

៥- ហេតុអ្វីបានជាមនុស្សមួយចំនួន
មានឥរិយាបថអវិជ្ជមាន​ចំពោះទស្សនវិជ្ជា? សូមលើកហេតុផលក្រៅពីមេរៀន។ តើគេអាច​ជៀស​វាង ឬ កែសម្រួលឥរិយាបថអវិជ្ជមានបែបនេះតាមវិធីដូចម្ដេច?

[1] Ibit., p 5

[2] Venancio B. Ardales, op. cit. p 6

[3] Ibit., p 6

[4] Venancio B. Ardales, op. cit. p 7

[5] Venancio B. Ardales, op. cit. p 9

[6] Ibit., p 10

[7] Ibit., p 10

[8] មនុស្សដែលមានទឡ្ហីករណ៍សន្ធាន គឺជាមនុស្សដែលនឹកគិតយ៉ាងជាក់ច្បាស់ថា
មានតែគំនិត​ខ្លួនឯងទេដែលត្រឹមត្រូវ ឯអ្នកដទៃគឺខុស។

[9] សភាពខួរក្បាលដែលឋិតនៅក្រោមការគ្រប់គ្រង ឬ ត្រួតត្រា
ឬ បញ្ជារបស់អ្នកណាមួយ ដោយ​គ្មាន​សេរីភាពក្នុងការគិតអ្វីៗទាំងអស់។

[10]
Venancio B. Ardales, op. cit. p 10

[11] Venancio B. Ardales, op. cit. p 11

[12] Ibit., p 11

[13]
Ibit.,
p 11

[14]
Venancio B. Ardales, op. cit. p 12

[15] Ibit., p 12

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *