April 19, 2024
ទស្សនៈស្តីពីជំនឿមានលក្ខណៈខុសៗគ្នាទៅតាមសាសនា

ទស្សនៈស្តីពីជំនឿមានលក្ខណៈខុសៗគ្នាទៅតាមសាសនា
ប្រពៃណី ទំនៀមទម្លាប់ក៏ពិតមែន តែមានទស្សនៈរួមមួយ គឺការទទួលយកអ្វីដែល​មាន​ភាពជាក់លាក់
ជឿនលឿនជាង និង ផ្តល់នូវក្តីសង្ឃឹម។ ទស្សនៈព្រះយេស៊ូក្នុង​គម្ពីរប៊ីបផ្តោតលើគំនិត
ចំណេះដឹង គឺជាវិធីមួយធ្វើឱ្យគេជឿនូវការពិត ឬ មិន​ពិត​ តាមហេតុផលដែលគេបង្ហាញ។
រីឯជំនឿ គឺជាកត្តាជំរុញឱ្យព្រលឹង ឬ អារម្មណ៍មនុស្សជឿថា មានព្រះជាអ្នកផ្តល់នូវក្តីសង្ឃឹម
ធ្វើឱ្យស្មារតីមនុស្ស​កាន់​តែល្អប្រសើរ មានភាពស្មោះត្រង់ មានសមត្ថភាព ឆន្ទៈ
ការទទួលខុសត្រូវ និង ការសន្តោសប្រណី។

លោក បណ្ឌិត វ៉ាន់ឌី កាអុន
បាននិយាយថា ពិភពមនុស្សបាននាំគ្នា​បង្កើត​ព្រះដើម្បីពន្យល់បាតុភូត និង ហេតុផលផ្សេងៗ។ ព្រះរបស់ពួកគេ សុទ្ធតែ​ស្ថិតឯស្ថានលើ
ហួសពីលោកីយ៍សច្ចៈ។ លោក អារីស្តូត ពន្យល់ថា ព្រះគឺមិនមែនជារូបធាតុ តែជាសុក្រឹតភាពមួយដែលនៅនឹងថ្កល់
ឥតប្រែប្រួល ប៉ុន្តែ ជាចលករដែលជំរុញឱ្យលោកីយ៏នេះមានចលនា តែមនុស្សចេះតែបដិ​វាទ​កម្មនៅក្នុងគំនិត
និង ជីវិត ហើយព្រះវិញទេ ដែលគ្មានបដិវាទ គ្មានអ្វីផ្លាស់​ប្តូរ​ទាំងអស់។

ជនជាតិណាក៏ដោយដែលមានជីវិតរស់នៅលើលោកយើងនេះ
តែងតែ​មាន​ជំនឿលើអ្វីៗជាច្រើន អាស្រ័យទៅលើការយល់ឃើញរបស់ពួកគេ
និង សេចក្តី​សុខដែលពួកគេទទួលបាន។ ជនជាតិខ្លះមានជំនឿលើធម្មជាតិ បឹងបួរ
ទន្លេ ភ្នំ ដើមឈើធំៗ ឬ អព្ភូតហេតុផ្សេងៗដែលជារឿងអច្ឆរិយៈ ហើយបើពួកគេ​នាំគ្នាគោរព
បន់ស្រន់ ដោយជឿថា នឹងនាំមកនូវសុមង្គល សេចក្តីសុខ​ដល់​គ្រួសារ
សហគមន៍ និង ប្រទេសជាតិទាំងមូល។ សាសនាព្រះពុទ្ធ បង្ហាញពី ជំនឿបុណ្យបាប ជំនឿកម្មផល
ឋានសួគ៌ឋាននរក។ ជំនឿលើអាទិទេព កម៌ន  លទ្ធិទេវរាជមាននៅក្នុងសានាព្រាហ្មណ៍។

មុនការមកដល់នៃព្រាហ្មណ៍សាសនា និង ព្រះពុទ្ធសាសនា ជនជាតិ​ខ្មែរ​យើងមានជំនឿផ្សេងៗជាច្រើន ដូចជា ជំនឿលើអ្នកតា
ជំនឿលើមេបា ជំនឿ​លើគ្រូ ជំនឿក្នុងការរៀបចំបន្ទប់ ផ្ទះសម្បែង ជំនឿលើករាសី
ជំនឿក្នុង​ការ​ប្រើប្រាស់ពណ៌ប្រចាំថ្ងៃ ជំនឿអំពីជម្នៀងផ្ទះ
អារក្ស ព្រះភូមិ ព្រាយ ពាក្យស​ម្បថ ដើមឈើ សត្វ។ល។ ពេលនេះយើងសូមលើកយកតែជំនឿធំៗបី​មក​បង្ហាញ​ប៉ុណ្ណោះ
គឺជំនឿលើអ្នកតា ជំនឿលើមេបា និង ជំនឿលើគ្រូ។

១- ​ជំនឿលើអ្នកតា

អម្បូរមនុស្សទាំងឡាយនៅលើលោកយើងនេះ
គ្មានជនជាតិណា​មួយ​ដែលគ្មានជំនឿសាសនានោះទេ។ គ្រប់ជាតិសាសន៍ទាំងអស់ តែងមានសាសនា​ជាគោលសម្រាប់គោរពប្រតិបត្តិ។
សាសនាមានភស្តុតាងស្ថិតនៅក្នុងវប្បធម៌។ ជនជាតិខ្មែរយើងក៏គោរពសាសនាដូចគេដូចឯងដែរ។
ជាការពិតណាស់ តាំង​ពីបុរាណកាលរៀងរហូតមក ជំនឿសាសនាតែងត្រូវបានផ្សារភ្ជាប់ជានិច្ចទៅនឹង​សេចក្ដីប៉ងប្រាថ្នា
ការចង់រស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ប្រទេស​ខ្មែរយើងនៅសម័យដំបូង
មិនទាន់មានសាសនាណាលាយឡំក្រៅពីសាសនា​ម្ចាស់ស្រុក ឬ ជំនឿអ្នកតាអ្នកដូននោះទេ។

១.១- តើអ្នកតាជាអ្វី?

លោកត្រឹង ងា​បានអះអាងថា «អ្នកតាជាព្រលឹងនៃជនដែលស្លាប់​ទៅ​ហើយ តែនៅថែរក្សាមើលសុខទុក្ខដល់កូនចៅតទៅទៀត»។ បើជាស្រីគេហៅថា អ្នកដូន។

លោក ហួត រេចសួ យល់ថា «ខ្មែរយើងមានជំនឿគោរពកម្លាំងធម្មជាតិ
ជឿថា ធម្មជាតិសុទ្ធតែមានព្រលឹង មានកម្លាំងស័ក្តិសិទ្ធិ។ ខ្មែរជឿ និង គោរពបុព្វបុរសដែលស្លាប់ទៅ។
អ្នកតាតំណាងឱ្យធម្មជាតិ និង មនុស្សដែលស្លាប់ទៅ។ គេយកដុំថ្ម ឬ ដើមឈើតំណាងអ្នកតា»

មតិខ្លះយល់ថា អ្នកតា ជាព្រលឹងម្ចាស់ដី ព្រលឹងម្ចាស់ស្រុកនីមួយៗ​នៅតាមភូមិ ឃុំ ស្រុក ខេត្ត ដោយមានលំដាប់ថ្នាក់ធំ​តូច មានភារកិច្ចទទួល​ខុស​ត្រូវចំពោះមុខអ្វីៗដែលប្រព្រឹត្តទៅនៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំបន់របស់ខ្លួន។ ឯនិមិត្តរូបតំណាងអ្នកតា​ភាគច្រើនជាឫសឈើធំៗ មានរូបភាពចំម្លែកៗ​ ឬ ជាដុំថ្ម ជួនកាលជាបដិមា។

ការរស់នៅជាកុលសម្ព័ន្ធ ព្រលឹងមេកន្ទ្រាញដែលស្លាប់ភ្លាមៗ ជាព្រលឹង​ដែលបាត់សូន្យរបស់បុគ្គលនោះ តែដោយសារគុណបំណាច់ដ៏ធំធេង​របស់​គាត់​កាលពីនៅរស់ អ្នករស់នៅជំនាន់ក្រោយក៏នាំគ្នាគោរពជារៀងរាល់ពេល ទោះបី​ជាបុគ្គលនោះស្លាប់បាត់ទៅហើយក៏ដោយ ក៏មនុស្សជំនាន់ក្រោយនៅតែជឿថា បុគ្គលនោះនៅតែមានព្រលឹងជានិច្ច។ នៅពេលដែលមនុស្សជួបប្រទះ​គ្រោះ​ថ្នាក់ ឬ ការលំបាកផ្សេងៗ គេនាំគ្នាទៅអង្វរបន់ស្រន់សុំឱ្យព្រលឹងមេកន្ទ្រាញ ឬ បុព្វបុរសជួយដោះស្រោយ និង សុំឱ្យព្រលឹងទាំងនោះ​ តាមជួយថែរក្សាគេ​ជា​រៀងរហូតដូចដែលបុគ្គលនោះរស់នៅ។ នៅពេលណាការបន់ស្រន់របស់គេបាន​សម្រេច គេយល់ថាព្រលឹងទាំងនោះបានមកជួយគេ ហើយដើម្បីតបស្នងសង​គុណ​ដល់ព្រលឹងបុគ្គលនោះវិញ គេក៏នាំគ្នារៀបចំជាគ្រឿងសំណែនផ្សេងៗ មានម្ហូបអាហារ នំចំណី ស្រា និង ឧបករណ៍ប្រើប្រាស់មួយ​ចំនួនទៀត​ដែល​មាន​ទ្រង់ទ្រាយមិនខុសពីតម្រូវការរបស់មនុស្សធម្មតាទេ។

ការប្រព្រឹត្តបែបនេះ ជារឿយៗទៅវាបានក្លាយជាទម្លាប់ហើយព្រលឹង​នោះ ​ក៏គេសន្មតថាឱ្យទៅជាអ្នកតាសម្រាប់ថែរក្សាការពារពួកគេ ជាកូនចៅ ទាំង​អស់។

១.២-ទីតាំង និង សណ្ឋានរបស់អ្នកតា

អ្នកតាដែលល្បីល្បាញនៅក្នុងប្រទសកម្ពុជា ភាគច្រើនមានទីតាំងនៅ​ក្នុងភូមិ ដើមឈើធំៗ លើភ្នំ ទីទួល ដោយគេសង់​ខ្ទមមាន​របៀបជាផ្ទះរបស់​មនុស្ស មានទំហំទៅតាមភាពស័ក្តិសិទិ្ធរបស់អ្នកតា។ ខ្មែរយើងមានជំនឿថា អ្នកតាមានសត្វផ្សេងៗជាបរិពារ ដូចជា ក្រពើ ខ្លា ពស់ ជាដើម។

នៅស្រុកខ្មែរ មានរូបភាពអ្នកតាច្រើនសណ្ឋានដូចជា៖

-ដីដំបូកខ្ពស់ៗ  (អ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់)

-ដុំថ្មមួយដុំដែលគ្មានឆ្លាក់ ឬ ឆ្លាក់ដោយខ្ជីខ្ជា

-រូបសំណាកទេវៈបុរាណក្នុងសាសនាព្រាហ្មណ៍

-ឫសឈើមានលក្ខណៈក្រវេមក្រវាមស្មុគស្មាញ

-ដុំមានរូបភ្លឺៗ មានទ្រង់ទ្រាយចម្លែកៗ…

-វត្ថុដែលគេរើសបានមកសន្មត…។

១.៣-អំពីឈ្មោះអ្នកតា

ក្រៅពីទីស្នាក់អាស្រ័យ លំនៅ ខ្ទម ឬ
ដើមឈើ ដំបូក ដុំថ្ម … អ្នកតាក៏​នៅ​មានឈ្មោះដូចមនុស្សលោកដែរ​។
ឈ្មោះអ្នកតាអាចជាឈ្មោះព្រះគ្រូចៅ​អធិការ​វត្ត ឈ្មោះអាចារ្យ ឈ្មោះគ្រូហ្មមើលជំងឺ ឈ្មោះមេទ័ព
ឈ្មោះដើមឈើ…។  ឧទាហរណ៍ អ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់
អ្នកតាក្រហម-ក នៅខេត្ត​កំពង់​ធំ អ្នកតាដំបងដែក អ្នកតាកងចក្រកងជុំ អ្នកតាសុខ អ្នកតាតាស
អ្នក​តា​ទ្វារ…។ ​ក្រៅពីអ្នកតាជាបុរស ក៏នៅមានអ្នកតាជាស្រ្តីដែរ ដែលមានឈ្មោះ​ដូចជា យាយម៉ៅ នៅភ្នំពេជ្រនិល យាយទេព នៅកំពង់ឆ្នាំង យាយយ៉ាត
នៅប៉ៃលិន…។
​​គួរគត់សម្គាល់ថា ឈ្មោះអ្នកតាទាំងប៉ុន្មានដែលធ្លាប់ដឹង​ធ្លាប់ហៅ​ជាយូរមកហើយនេះ
មិនដែលប្ដូរឈ្មោះទាល់តែសោះ​ គឺឈ្មោះដើមយ៉ាងណា តែងនៅរក្សាឈ្មោះដើមដដែល រាប់ពាន់តំណមមកហើយ។
ត្រង់នេះស​បញ្ជាក់​ថា ព្រលឹងអ្នកតា ឈ្មោះអ្នកតាទាំងប៉ុន្មាន គឺមានចរិតអមតៈ អចិន្រៃ្តយ៍
មិនចេះ​ស្លាប់ មិនផ្លាស់ប្ដូរ និង មិនមានអ្នកជំនួស។

១.៤-ការអនុវត្តជំនឿអ្នកតានៅក្នុងជីវភាពរស់នៅ

អ្នកស្រាវជ្រាវបញ្ហានេះមួយចំនួនយល់ថា នៅក្នុងពិធីបុណ្យតាំងតុ គេ​ប្រមូល​អ្នកតាទាំងអស់នៅក្នុងដែនដីកម្ពុជាទាំងមូល ឱ្យមកនៅជុំវិញស្ដេចផែនដី ព្រោះស្ដេចជាម្ចាស់ផែនដី ឯអ្នកតាជាម្ចាស់ផែនដីតាមតំបន់។ តំបន់ដែលមានភូមិ​ស្រុកច្រើន ពួកអ្នកតាក៏មានច្រើនដែរ។ គេបៀបធៀបលំដាប់ថ្នាក់អ្នកតាទៅ​តាម​បងប្អូនក្នុងគ្រួសារមួយ គឺបងបង្អស់មានសិទ្ធិ និង តួនាទីធំជាងគេ និង មាន​ឋានៈ​បន្តបន្ទាប់ ដូចជា អ្នកតាស្ដេច អ្នកតាខេត្ត អ្នកតាស្រុក អ្នកតាភូមិ…។

អ្នកតាដែលការពារភូមិ ត្រូវបានការគោរពបូជាពីសំណាក់អ្នកភូមិ​ទាំង​មូល។ បំណងដែលភ្ជាប់អ្នកតាជាមួយអ្នកភូមិ គឺបញ្ជាក់ឡើងតាមការ​គោរព​បូជា​ច្រើនបែបច្រើនយ៉ាង ដែលគេចាត់ចែងឡើងតាមរដូវ​ និង តាមការបន់​ស្រន់​សម្រាប់ព្រឹត្តិការណ៍ពិសេស ឬ ដោយឡែក។

បុណ្យឡើងអ្នកតា គេច្រើនធ្វើឡើងនៅក្រោយរដូវចម្រូត ដើមខែមាឃ (មករា-កុម្ភៈ)។ ការឡើងអ្នកតា ក្លាយជាបុណ្យប្រពៃណីសម្រាប់​ប្រជាជនខ្មែរ​គ្រប់​តំបន់។

បញ្ហាអ្នកតានៅក្នុងសង្គមខ្មែរ បានចាក់ឫសយ៉ាងជ្រៅតាំងពីបុរាណ​កាល​មក ហើយត្រូវបានប្រជាជនខ្មែរ ទទួលស្គាល់ឥទ្ធិពលស្ទើរតែក្លាយទៅជាច្បាប់​ទៅ​ហើយ ទោះបីជាបញ្ហានេះមានលក្ខណៈអរូបីក៏ដោយ។ អ្នកតាជះឥទ្ធិពលយ៉ាង​ខ្លាំង​ទៅលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។  អ្នកតាជាម្ចាស់ទឹកម្ចាស់ដី ដូច្នេះ មុននឹងដាំដំណាំកសិករត្រូវបួងសួងសុំទឹកភ្លៀង និង សុំម្ចាស់ដីដាំដុះ។ ជា​ពិសេស អ្នកដាំដំណាំត្រូវពឹងអ្នកតាថែរក្សា ការពារកុំឱ្យសត្វល្អិត ឬ សត្វ​បំផ្លាញ។ មនុស្សដែលមានជំនឿលើអ្នកតា ត្រូវបានទទួលការអប់រំតាមបែប​អាថ៌​កំបាំង ដោយម្នាក់ៗសុទ្ធតែយល់ថាការប្រព្រឹត្តអ្វីៗសព្វបែបយ៉ាង ​គេចមិនផុតពី​ភ្នែក​អ្នកតាឡើយ។ ដូច្នេះ គេត្រូវធ្វើអំពើល្អ ចេះស្គាល់កំហុសខ្លួនឯង ហ៊ាន​សារ​ភាព​ចំពោះមុខអ្នកតា ចេះនិយាយពិត និយាយត្រង់មិនបោកប្រាស់គ្នា (យក​សម្បថ​ជាសំអាង)។

នៅពេលមានមនុស្ស ឬ សត្វឈឺ គេទៅបន់ស្រន់ឱ្យអ្នកតាជួយ។ ទោះ​ជាការជួយរបស់អ្នកតាមិនមានប្រសិទ្ធភាពជាក់លាក់ក៏ដោយ ក៏ជំនឿនេះបាន​ជួយលើផ្នែកផ្លូវចិត្តមនុស្សឱ្យមានសង្ឃឹម អាចធូរស្រាលមួយកម្រិតដែរ។ រហូត​ដល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរនៅតែមានជំនឿលើអ្នកតា នៅតែបន់ស្រន់ ទោះជាវិទ្យាសាស្រ្តរីកចម្រើនហើយក៏ដោយ ដូចពាក្យទំនឹមទំនៀមមួយឃ្លាថា «អាគមផ្សំអាយូស»

បើអ្នកស្រុកផ្សេងដើរកាត់ភូមិ ឬ ដែនដីដែលអ្នកតាគ្រប់គ្រង គេត្រូវ​ធ្វើ​គាវកិច្ចសម្ដែការគួរសម ឱនលំទោន គោរពសិទ្ធិអ្នកតាដែល​គ្រប់គ្រង ដោយ​គ្រាន់តែថ្វាយអ្វីធ្វើជានិមិត្តរូប ដូចជា កាច់មែកឈើដោតធ្វើជាធូបទៀន ស្លឹក​ឈើ​ធ្វើជាស្លាធម៌ ឬ គ្រាន់តែប្រើសម្ដីឧបកិច្ចក៏បានដែរ។

នៅពេលចូលកាន់តំណែងថ្មីចៅហ្វាយខេត្ត ស្រុកថ្មី ត្រូវរៀបចំការ​គោរព​ដល់អ្នកតាម្ចាស់ស្រុក អ្នកតាម្ចាស់ដីដើម្បីឱ្យពួកគាត់ទទួលស្គាល់ និង ជួយ​ថែរក្សា។ ពេលរៀបចំពីធីនេះ អ្នកកាន់ដំណែងថ្មីត្រូវតែធ្វើគារវកិច្ចដល់អ្នកតា​ម្ចាស់ស្រុក ដោយស្បថសច្ចានឹងខិតខំបំពេញភារកិច្ចដើម្បីសេចក្ដីសុខ​របស់​ប្រជារាស្រ្ត សុំការសន្តោសប្រណីពីអ្នកតា និង ឱ្យអ្នកតាជួយបំភ្លឺផ្លូវពួកគេផង។

១.៥-ការរលាយចូលគ្នានៃព្រាហ្មណ៍សាសនាពុទ្ធសាសនា និង ជំនឿ​លើ​អ្នកតា

សព្វថ្ងៃនេះ ទោះបីជាព្រាហ្មណ៍សាសនា និង ពុទ្ធសាសនាចូលមកក្នុង​ប្រទេសកម្ពុជាក្ដី ក៏ជំនឿលើអ្នកតានៅតែដក់ជាប់ក្នុងសន្ដានចិត្តមនុស្ស​ខ្មែរ​គ្រប់ៗរូប។ ជំនឿនេះបានបង្កប់យ៉ាងជ្រៅចូលក្នុងសាសនាទាំងពីរ។

នៅក្នុងសាសនាព្រាហ្មណ៍ ខ្មែរបានច្នៃរូបសំណាកអ្នកតាឱ្យទៅជានិមិត្តរូប​ទេវៈ​ក្នុងសាសនាព្រាហ្មណ៍ ដូចជា មេស ស្រីស នៅបាភ្នំ ដែលមានរូបភាព​ជា​នាង ឧមា (មហេសីព្រះឥសូរ) ជាពិសេសទៅទៀត គេក៏បានជួបប្រទះ​អ្នកតា មាននិមិត្តរូបជាលិង្គព្រះឥសូរផងដែរ នៅតាមទីទួលខ្ពស់ៗ ឬ ដើមឈើធំៗ​ដោយ​គេបានកំណត់ថា ការកសាងប្រាសាទភ្នំជាតំណាងភ្នំ ឯលិង្គតម្កល់​ក្នុង​ប្រាសាទគឺជាតួអង្គអ្នកតានេះឯង។

ចំពោះការសម្របខ្លួនទៅក្នុងព្រះពុទ្ធសាសនា គឺខ្មែរបង្កើតឱ្យមានអ្នកតា​នៅតាមវត្តអារាម។ ការសង់ខ្ទមអ្នកតានៅក្រោយដើមពោធិ៍​ដែលជាដើមឈើ​មួយស័ក្តិសិទ្ធិ ជាទីគោរពរបស់ពុទ្ធសាសនិក វាបង្ហាញយ៉ាងច្បាស់ថា ជំនឿ អ្នកតា និង ពុទ្ធសាសនារលាយចូលគ្នាតាំងពីយូរយាណាស់មកហើយ។

បច្ចុប្បន្ន  ពិធីសាសនាទាំងឡាយសុទ្ធតែមានលាយដោយជំនឿ​អ្នកតា​ផង​​ សាសនាព្រាហ្មណ៍ផង
និង ពុទ្ធសាសនាផង ​ដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ ច្រត់ព្រះនង្គ័លជាដើម។

ជំនឿលើអ្នកតានៅក្នុងសង្គមខ្មែរ ជាជំនឿដើមរបស់ខ្លួនពិតៗ​ដែល​មនុស្ស​ខ្មែរទទួលស្គាល់
និង បញ្ចូលទៅក្នុងវប្បធម៌យ៉ាងពេញលេញមុនពេល​ព្រាហ្មណ៍សាសនា
និង ពុទ្ធសាសនាចូលមកដល់​។ នៅពេលដែលសាសនា​ទាំងពីរ​រីកចម្រើនខ្លាំង
ជំនឿអ្នកតាបានសម្របខ្លួនទៅក្នុងនោះក្នុងបំណង​រក្សា​អតិ្ថភាពកុំឱ្យសាបសូន្យ។

២-ជំនឿលើមេបា

បើយើងពិនិត្យទៅលើពាក្យ មេបា យើងនឹងឃើញពាក្យពីរម៉ាត់គឺ ពាក្យ មេ+បា (មេ=ម៉ែ / បា=ឪពុក)។ ពេលផ្គុំពាក្យទៅពុំមែនមានន័យ​ត្រឹមសំដៅទៅ​លើ​ម្ដាយឪពុកប៉ុណ្ណោះទេ គឺសម្គាល់ព្រលឹងបុព្វការីជនទាំងបីឋានៈ (យាយ-តាទួត យាយ-តា ម្ដាយ-ឪពុក) ឬ រហូតដល់ព្រលឹងជីដូនជីតា​ញាតកា​ទាំង៧​សន្ដាន ដែលបានរម្លត់កាយរំលាយខ្លួនទៅកាន់បរលោក ហើយនៅមាន​ព្រលឹង​នៅចាំជួយថែរក្សា មើលការខុសត្រូវទៅលើកូនចៅជំនាន់ក្រោយ។ បើកូនចៅ​ណាមិនគោរពតាមបន្ទាត់សីលធម៌របស់មេបាទេនោះ ព្រលឹងមេបានឹងខឹង​សម្បា​ដាក់ទណ្ឌកម្មដល់ក្រុមគ្រួសារ ឬ សមាជិកណាមួយនៃគ្រួសារ ឱ្យមាន​ជំងឺ​ឈឺថ្កាត់។ លុះត្រាតែញាតកាទាំង៧សន្តាន ស្រាវជ្រាវរកអ្នកព្រឹត្តកំហុស​ឃើញ​ហើយរៀបចំសែនព្រេនអង្វរករមេបា ទើបអ្នកជំងឺអាចជាសះស្បើយឡើងវិញ​បាន។ ប្រសិនមិនដូច្នេះទេ ទោះជារកគ្រូពេទ្យ ឬ ថ្នាំសង្កូវព្យាបាល​យ៉ាងណា​ក៏មិនស័ក្តិសិទិ្ធដែរ។

តាមជំនឿខ្មែរ ការខុសឆ្គងចំពោះមេបាមាន៣បែប៖

-ខុសមេបាចាស់ទុំ

-ខុសមេបាកំម្លោះក្រមុំ

-ខុសមេបាផ្កាប់មុខ

២.១-ខុសមេបាចាស់ទុំ

គឺក្រុមញាតិបងប្អូន៧សន្តានទាស់ទែងខ្វែងគំនិតគ្នា
ដែលសីលធម៌​មេបា​ហាមឃាត់។ នៅពេលដែលគ្រួសារទាស់ទែងរាំងមាត់-កគ្នា មេបាប្រកាន់ ហើយ​ធ្វើឱ្យសមាជិកក្នុងគ្រួសារណាមួយឈឺ។ បើមានខុសឆ្គងមេបាចាស់ទុំបែបនេះ​គេត្រូវប្រមូលបងប្អូនចាស់ទុំក្នុងញាតិ៧សន្តាន ពិសេស អ្នកឈ្លោះប្រកែក
រាំង​មាត់នឹងគ្នា មកផ្ទះគ្រួសារអ្នកជំងឺ សែនព្រេន ថ្វាយតង្វាយ
ម្លូ ស្លា អុជទៀន ធូប ដើម្បីអង្វរករមេបា សុំឱ្យឈប់ប្រកាន់ឈប់ខឹងកូនចៅតទៅទៀត។
យើងខ្ញុំជា​កូន​ចៅ សន្យាថានឹងឈប់ឈ្លោះទាស់ទែងខ្វែងគំនិតគ្នាតទៅទៀតហើយ។​
សូម​លោកមេបាដកពិសពរពីអ្នកជំងឺឱ្យជាសះស្បើយ ចាប់ពីពេលនេះតទៅ។

២.២-ខុសមេបាកម្លោះក្រមុំ

នៅពេលកម្លោះក្រមុំបំពានបន្ទាត់សីលធម៌មេបា​ ដោយលួចលាក់​ទាក់​ទងរួមសង្វាសជាមួយគ្នា
មិនមិនឱ្យឪពុកម្ដាយដឹងឮនោះ មេបាមិនសប្បាយចិត្ត​ខឹងសម្បា
ហើយធ្វើឱ្យសមាជិកណាមួយនៃគ្រួសារឈឺថ្កាត់។ នៅពេលគេដឹងថា ជំងឺនោះបណ្ដាលមកពីមេបាខឹងសម្បានោះ
គេអញ្ជើញចាស់ទុំញាតិសន្ដាន​ដែល​មានកូនក្រមុំ មកចូលរួមក្នុងពិធីបូលពងមាន់នៅផ្ទះអ្នកជំងឺ រួចគេចាប់​ផ្ដើម​បូលពង​មាន់
ដើម្បីរកកូនក្រមុំដែលព្រឹត្តខុសបា្រសចាកច្បាប់មេបា។ ពិធី​នេះបា្ររព្ធឡើងដោយគ្មានភ្លេងភ្លាត់ទេ
គេរៀបចំតង្វាយមួយថាសអង្ករមួយល្អី​ប៉ុណ្ណោះ។ នៅចំកណ្ដាលអង្ករនោះ គេដាក់ពងមាន់មួយពីលើ។
អ្នកធ្វើពីធី​នោះគេយកតែសមាសភាពនារីទេ។ នារីនោះមានវ័យចំណាស់
មានចរិយា​ត្រឹម​ត្រូវ ​សុភាពរាបសា
ហើយទទួលការគោរពពីអ្នកផងទាំងពួង។ មុនដំបូង នារី​នោះលើកពងមាន់បញ្ឈរ
រួចនិយាយបួងសួងដល់មេបាអារក្សអ្នកតា ហើយក៏​ចាប់រោយអង្ករលើពងមាន់
ដោយបូលឈ្មោះកូនក្រមុំក្នុងញាតិ៧ សន្ដានម្តង​មួយៗ។
ពេលអង្កររោយលើពងមាន់ហើយបូលចំឈ្មោះកូនក្រមុំម្នាក់​ណា​នោះ​គេសន្មតថានារីនោះបានព្រឹត្តកន្លងសីលធម៌មេបា។ ដើម្បីបញ្ជាក់គេរោយអង្ករ​លើពងមាន់នោះម្តងទៀត បើនៅតែជាប់ដដែល គេសន្មតសម្រេចថានារីនោះ​ជា​អ្នកធ្វើកំហុសពិតប្រាកដ។
ពេលដឹងពិតប្រាកដនូវមុខមាត់នារីដែលមាន​កំហុស​គេហៅនារីនោះមកសែនព្រេននៅផ្ទះអ្នកជំងឺ
ហើយអង្វរឱ្យមេបាឈប់ប្រកាន់​ទោសតទៅទៀត និង សុំឱ្យអ្នកជំងឺជាសះស្បើយដូចដើម។

២.៣-ខុសមេបាផ្កាប់មុខ

សំដៅសកម្មភាពផិតក្បត់នឹងប្ដីទៅមានសហាយសន្ម់អន្ធករ។
ខុសមេបា​ផ្កាប់មុខនេះជាការលំបាកស្វែងរកអ្នកប្រព្រឹត្តណាស់​។​ ការរកអ្នកប្រព្រឹត្តខុស​នឹង​សីលធម៌មេបានោះ
បានប្រព្រឹទៅដូចក្នុងពិធីខុសមេបាកម្លោះក្រមុំដែរ តែ​គេបូលតែក្នុងចំណោមនារីដែលមានប្ដីហើយ
នៅក្នុងញាតិ៧សន្ដាន។ នៅក្នុង​ទំនៀមទម្លាប់ និង ជំនឿខ្មែរ ច្បាប់មេបាបានឱ្យតម្លៃខ្ពស់ទៅលើនារី
(នារីត្រូវ​មានសីលធម៌ខ្ពស់ជាងបុរស)។ គេត្រូវហាត់ពត់លត់ដំចិត្ត
និង ខិតខំបង្កើន​សីលធម៌ពិសេសមួយសម្រាប់យុវជន (ពិសេសនារី)។ នារីដែលខុសនឹងសីលធម៌ ដូចជា ការលួចលាក់រួមរ័កសេ្នហាគ្នាដោយមិនឱ្យចាស់ទុំដឹង
ផិតប្ដីរបស់ខ្លួន​ទៅ​មានសាហាយស្មន់នោះ បានធ្វើឱ្យកិត្តិយសផ្ទាល់ខ្លួន និង គ្រួសារធ្លាក់ចុះ​ដល់​ឋានបាតាល។
ផលវិបាករបស់យុវជនដែលមានកំហុសមេបា ផ្ដល់ផលវិបាក​ដល់​គ្រួសារ
និង កូនចៅក្រោយៗទៀត ដោយគេយល់ថា ម៉ែឪវាយ៉ាងម៉េច កូន​វាយ៉ាងនោះដែរ
ទោះជាកូននោះមានរូបសម្បត្តិ និង ចរិយាសម្បត្តិល្អ​ប្រពៃ​យ៉ាងណាក៏ដោយ។ ​ផលវិបាកដ៏ធ្ងន់មួយទៀត គឺសង្គមមិនឱ្យតម្លៃ​អ្នកដែល​អត់​ខាន់ស្លាទេ។

ដូច្នេះ ជំនឿមេបាជាបន្ទាត់សីលធម៌ដ៏ល្អមួយ សម្រាប់ទ្រទ្រង់​សង្គម​ឱ្យ​បាន​ល្អប្រសើរ។ អ្នកដែលមិនគោរពបន្ទាត់សីលធម៌នេះ ត្រូវទទួលទណ្ឌកម្មពីសង្គម​ទាំងផ្លូវកាយ និង ផ្លូវចិត្តក៏ដូចជាកិត្តិយសផងដែរ។

៣-ជំនឿលើគ្រូ  (គ្រូអាចារ្យ គ្រូឧបជ្ឈាយ៍ គ្រូបាធ្យាយ)

បុព្វការីខ្មែរតែងតែអប់រំទូន្មានប្រៀនប្រដៅកូនចៅ
ឱ្យយកចិត្តទុកដាក់​ខ្ពស់ចំពោះគ្រូអាចារ្យ គ្រូឧបជ្ឈាយ៍គ្រូបាធ្យាយរបស់ខ្លួន។
លោកចាត់ទុកជា​សីលធម៌​ដ៏ឧត្ដុងឧត្ដមមួយរបស់សិស្សគណជាទូទៅ។​ លោកតែពន្យល់ថា
អ្នក​ដែលមានជំនឿជឿជាក់ និង ដឹងគុណ តបគុណចំពោះគ្រូមិនច្បុតិឡើយ។​ប្រភេទ​គ្រូដែលខ្មែរមានជំនឿ ហើយគេតែងតែរៀបចំរំលឹកគុណសំពះគ្រូរហូត​មកដល់សព្វថ្ងៃមានគ្រូរបាំ
គ្រូតន្ត្រីពិណពាទ្យ គ្រូតន្រ្តីមហារី គ្រូតន្ត្រីប្រពៃណី គ្រូស្ថាបត្យកម្ម។ល។

ពិធីសំពះគ្រូ គេតែងតែបា្ររព្ធធ្វើយ៉ាងអឹកធឹក នៅថ្ងៃព្រហស្បតិ៍ណា​មួយ​ក្នុងឆ្នាំ ជាពិសេស
ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ឬ ​បុណ្យភ្ជុំបិណ្ឌ។ ដោយ​ឡែក អ្នករបាំព្រះរាជទ្រព្យ
តែងតែយកចិត្តទុកដាក់យ៉ាង ម៉ឹងម៉ាត់បំផុតចំពោះ​ការ​គោរពគុណគ្រូ។​​​ រៀងរាល់ថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់គេយកធូប៥​សរសៃ​ទៅគោរពគុណគ្រូ​ដែល​កំពុងបង្ហាត់បង្ហាញ។

ជំនឿលើគ្រូនេះ ហាក់ដូចជាទស្សនៈអរូបី
ដែលគិតថាជាសិល្ប៍ ជាមន្ត​អាគម ដែលមានឥទ្ធិពលលើមនុស្ស និង សង្គមមនុស្ស។ ពាក្យ គ្រូ
នៅទីនេះ មិនមែនសំដៅលើបុគ្គលជាអ្នកផ្តល់ចំណេះដឹង ឬ ជាអ្នកបង្រៀននោះទេ។

ប្រភពដើមនៃពាក្យគ្រូ (Guru) មានប្រភពពីភាសាសំស្ក្រឹតនៅប្រទេស​ឥណ្ឌាប្រមាណ១៥០០ឆ្នាំមុនគ.ស. ក្នុងសាសនាព្រាហ្មណ៍
គឺសំដៅទៅលើ​បុគ្គលដែលចេះចាំលទ្ធិសាសនាប្រពៃណីឬជាអ្នកមានបទពិសោធន៍សម្រាប់ផ្តល់ឱ្យមនុស្សជំនាន់ក្រោយៗទៀត។

ទស្សនៈពុទ្ធសាសនាយល់ថា ព្រះពុទ្ធគឺជាព្រះបរមគ្រូ
​ដែលមានន័យថា ព្រះអង្គជាអ្នកបានផ្សព្វផ្សាយនូវពុទ្ធិដោយផ្ទាល់មាត់ នៅគ្រប់ទីកន្លែង
ជា​ពិសេស កន្លែងព្រះអង្គនិមន្តបិណ្ឌបាត និង កន្លែងដែលព្រះអង្គផ្សព្វផ្សាយ​ធម៌។

ជនជាតិខ្លះបានសន្មតថា គ្រូ
គឺជាមនុស្ស ឬ ជីវចលនាដែលគ្មានរូប​ហើយមានចិត្តគំនិតទូលំទូលាយ ចំណេះដឹងជ្រៅជ្រះ អាចជួយដោះ​ស្រាយ​បញ្ហាមនុស្ស
និង ផ្តល់សេចក្តីសង្ឃឹមសម្រាប់អនាគតផងដែរ។

ក្នុងសង្គមខ្មែរ គ្រូ សំខាន់ៗមានបី  គឺគ្រូអាចារ្យ គ្រូឧបជ្ឈា និង គ្រូ​បាធ្យាយ
ហើយគ្រូទាំង៣មានភារកិច្ច និង កាតព្វកិច្ចខុសគ្នាក្នុងការអប់រំ ទាំង​ក្នុងសាលារៀន
ទាំងក្នុងសង្គមក្តី ហើយសុទ្ធតែបានរួមចំណែកកសាង​ធនធាន​មនុស្សដ៏សំខាន់
ទាំងជំនាញ សីលធម៌  ចំណេះដឹងដល់ប្រជាជន ​ក្នុងការ​កសាង​​ស្រុកទេស
ឱ្យក្លាយជាអាណាចក្រធំមួយក្នុងតំបន់។

៣.១-គ្រូអាចារ្យ

សំដៅទៅលើមនុស្សមានមារយាទ
ចរិតលក្ខណៈល្អ មានភាពសុចរិត​ត្រឹមត្រូវ អ្នកប្រព្រឹត្តល្អ អ្នកដែលសិស្សត្រូវគោរព
អ្នកផ្តល់ប្រយោជន៍​ដល់​សិស្ស និង សង្គមមនុស្សទូទៅ ពោលគឺ ជាអ្នកមានចំណេះដឹងតាមក្បួនតាម​គម្ពីរ​សម្រាប់បង្រៀនអ្នកដទៃ។
នៅក្នុងគម្ពីរព្រះពុទ្ធសាសនា គេចែកគ្រូអាចារ្យជា៥​ប្រភេទ៖

បុព្វជ្ជាចារ្យ គឺអាចារ្យបំបួស អ្នកបំបួសកុលបុត្រឱ្យក្លាយជាសាមណេរ។

ឧបសម្បទាចារ្យ
គឺភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា ឱ្យសាមណេរបាន​ឧបសម្បទា
ជាភិក្ខុភាព (លោកគ្រូសូត្រ)។

ឧទេ្ទសាចារ្យ គឺអាចារ្យបង្រៀនបាលី
វេយ្យាករណ៍ សម្ពន្ធមាលា​ជាដើម។

និស្សយាចារ្យ
គឺអាចារ្យអ្នកឱ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឱ្យ​សិស្ស​ស្នាក់​នៅអាស្រ័យនឹងខ្លួន
(គ្រូបន្ទុកថ្នាក់)។

ធម្មាចារ្យ គឺអាចារ្យជាអ្នកបង្រៀនធម៌អាថ៌
ឬ ចំណេះវិជ្ជាសិល្ប៍សាស្រ្ត​ផ្សេងៗ (វិជ្ជាចារ្យ ឬ វិទ្យាចារ្យ) ជាអ្នកបង្រៀនធម៌វិន័យថ្នាក់ត្រី
ទោ ឯកជាដើម។

ដូច្នេះ គេអាចនិយាយថាគ្រូអាចារ្យនេះ
សំដៅទៅលើមនុស្សមានសមត្ថ​ភាព ទាំងចំណេះដឹងខាងសាសនា ចំណេះដឹងខាងលោកីយ៍ មានជំនាញ​វិជ្ជាជីវៈច្បាស់លាស់
និង សីលធម៌ថ្លៃថ្នូរ ដែលជាអ្នកបណ្តុះបណ្តាល​ដល់​មនុស្ស​ជំនាន់ក្រោយ។
បុគ្គលជាគ្រូអាចារ្យនេះ គឺជាអ្នកមានតម្លៃណាស់ក្នុង​សង្គម
មានការរាប់រកពីស្រទាប់មហាជននៅគ្រប់ច្រកល្ហក គេចាត់ទុកថា ជា​បុគ្គលអាចដោះស្រាយបញ្ហាបានតាមរយៈចំណេះដឹង
ឬ ជាអ្នកប្រឹក្សាយោបល់​លើ​រឿងរ៉ាវ​ស្រុកទេស អនាគតកូនចៅ និង បញ្ហាផ្សេងៗក្នុងសង្គម។

ប្រទេសណាក៏ដោយ បើកាលណាធនធានមនុស្សខាងគ្រូអាចារ្យនេះ
ធ្លាក់ចុះ វាជាសញ្ញាអវិជ្ជមានមួយ ដែលបញ្ជាក់ថាស្ថានភាពស្រុកទេសមាន​វិបត្តិ​ខាងសីលធម៌
សង្គមសាសនា និង អាចឈានដល់គ្រោះមហន្តរាយ​ប្រទេសជាតិ​ជាមិនខាន។
ដូច្នេះ ប្រទេសនីមួយៗ គេតែងតែយកចិត្តទុកដាក់ជាអាទិភាព​ខាងធនធានគ្រូអាចារ្យនេះ
ទោះក្នុងស្ថានភាពណាក៏ដោយ។

៣.២-គ្រូឧបជ្ឈាយ៍ 

គឺគ្រូបង្រៀនខាងសីលធម៌ អ្នកបង្រៀនខាងច្បាប់សាសនាព្រះពុទ្ធ
និង សម្រាប់ត្រួតពិនិត្យទូន្មានប្រៀនប្រដៅដល់មនុស្សជំនាន់ក្រោយ។ ប្រព័ន្ធនៃការ​បណ្តុះបណ្តាលនៅប្រទេសកម្ពុជា
មានអាណាចក្រ និង ពុទ្ធចក្រ។ ការបណ្តុះ​បណ្តាលបែបពុទ្ធចក្រ
ត្រូវផ្អែកលើគ្រូឧបជ្ឈាយ៍ជាគោល។ គម្ពីរចុល្លគណ្ឋី​មហាវគ្គលើកថា
ភិក្ខុអាចក្លាយជាគ្រូឧបជ្ឈាយ៍ត្រូវប្រកបដោយអង្គ៣គឺ ភិក្ខុ​ជាតិ​ជាមនុស្សសុទ្ធមិនមែនជាសត្វតិរច្ឆាន  បួសកើតជាភិក្ខុពេញបរិបូណ៌ និង ប្រកបដោយអង្គជារបស់ឧបជ្ឈាយ៍។
ជាទូទៅ ភិក្ខុក្លាយជាគ្រូឧបជ្ឈាយ៍​ត្រូវ​ប្រកប​ដោយអង្គ៥គឺ៖

– ចេះដឹងថាមានអាបត្តិ

– ចេះដឹងថាមិនមានអាបត្តិ

– ចេះដឹងថាអាបត្តិមានទោសស្រាល

– ចេះដឹងថាអាបត្តិមានទោសធ្ងន់
​និង

– ចាស់ទុំព្រះវស្សាយ៉ាងហោច១០វស្សា ចេះធម៌គម្ពីរសមល្មមអាចទទួល​យកបាន។

បច្ចុប្បន្ននេះ គ្រូឧប្បជ្ឈាយ៍ត្រូវមានការតែងតាំងពីគណៈសង្ឃនាយកទើបក្លាយជាគ្រូឧបជ្ឈាយ៍បាន។

ជាទូទៅក្នុងមួយស្រុក ក្រុង ឬ ខណ្ឌគឺមានគ្រូឧបជ្ឈាយ៍តែមួយអង្គ
ឬ អាចគ្មាន ក៏ថាបាន ហើយក្នុងមួយរាជធានី ឬ ខេត្តចាំបាច់ត្រូវមានព្រះភិក្ខុសង្ឃ​មួយអង្គជាគ្រូឧបជ្ឈាយ៍។

ព្រះសំវរវិជ្ជាបណ្ឌិត សុខ ប៊ុនធឿន
ព្រះចៅអធិការវត្តនន្ទមុនី ព្រះស​មុហ៍ អនុគណខណ្ឌមានជ័យ និង ជាអនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា​ និង ពុទ្ធិកក្រោយឧត្តមសិក្សា
នៃក្រសួងធម្មការ និង សាសនា មានសង្ឃដីកាថា​ព្រះគ្រូឧបជ្ឈាយ៍ពិតជាមានសារៈសំខាន់ណាស់គឺ៖

-កំណត់នាមបញ្ញត្តិរបស់នាគ

-ជាអ្នកណែនាំពន្យល់ដល់ព្រះភិក្ខុ
និង សាមណេរថ្មីនូវពុទ្ធវិន័យ ពុទ្ធ​

បញ្ញត្តិ និង ព្រះធម៌ផ្សេងៗ។

-ជាអ្នកពិនិត្យលើកាយសម្បទាទាំងឡាយរបស់សាមណេរ
និង ភិក្ខុ

ដូចជាដៃ ជើង មុខមាត់ និង អវៈយវៈផ្សេងៗដទៃទៀត។

ដូច្នេះ តួនាទីគ្រូឧបជ្ឈាយ៍ គឺសម្រាប់ពិនិត្យពិច័យលើបុគ្គលិក​លក្ខណៈ​សម្បត្តិរបស់ព្រះភិក្ខុ
និង សាមណេរឱ្យក្លាយជាព្រះសាវ័កដ៏ល្អរបស់ព្រះបរមគ្រូ
ដែលជាធនធានសម្រាប់ទ្រទ្រង់នូវលទ្ធិព្រះពុទ្ធសាសនា ឱ្យបានគង់វង្សគ្រប់​៥០០០ព្រះវស្សា។

៣.៣-គ្រូបាធ្យាយ

គឺសំដៅលើខ្សែស្រឡាយ អម្បូរ ជួរ
ពូជ ខ្សែខាងម្តាយ ឬ ខាងឪពុក។ ជំនឿ​លើគ្រូបាធ្យាយនេះ គឺជាទស្សនៈបែបអរូបីមួយ ដែលអាចមានប្រភពពី​ជំនឿលើព្រលឹងរបស់ខ្មែរ
ក្នុងសម័យបុរេប្រវត្តិ។ ប៉ុន្តែ ជំនឿនេះមានលក្ខណៈ​ចង្អៀតជាង
ព្រោះសំដៅទៅលើព្រលឹងខាងឪពុក និង ខាងម្តាយ ដែលមាន​ភារកិច្ច​ថែទាំកូនចៅញាតិសន្តានក្នុងគ្រួសារ
ឱ្យបានសេចក្តីសុខក្សេមក្សាន្ត និង គង់វង្ស។ គេជឿថា
មនុស្សគ្រប់រូបដែលរស់រានមានជីវិតគឺសុទ្ធតែមាន​គ្រូបា​ធ្យាយ​តាមថែទាំ
មើលការខុសត្រូវ ការពារពីសត្រូវគ្រប់ប្រភេទ ជាពិសេស គឺជា​អ្នកចង្អុលប្រាប់ពីគ្រោះកាច
គ្រោះភ័យ ដែលនឹងកើតមានឡើងដល់​បុគ្គលដែល​ជាសមាជិកនោះទៀតផង ហើយក៏តម្រូវឱ្យបុគ្គលនោះ មានការនឹកគុណ សង​គុណ ដល់គ្រូបាធ្យាយវិញដែរ
តាមរយៈការរៀបចំសំណែន ការរៀបចំ​អាសនៈ​ជាបាយសីតាមជាន់ថ្នាក់ ទៅតាមជំនឿរបស់ក្រុមគ្រួសារ។ ជាទូទៅ គ្រួសារខ្មែរ​នីមួយៗ
តែងតែមានមនុស្សម្នាក់ក្នុងគ្រួសារជាអ្នកស្នងរូបនៃគ្រូបាធ្យាយនេះ ហើយក៏ជាអ្នកមើលការខុសត្រូវរាល់សកម្មភាពទាំងឡាយក្នុងគ្រួសារ។
លោក ព្រឹទ្ធាចារ្យ អ៊ុយ សុន អតីតនាយកសាលាបឋមសិក្សាព្រែកកំពឹស ស្រុក​កណ្តាល​ស្ទឹង
បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខណ្ឌដង្កោមានប្រសាសន៍ថា ក្រុម​គ្រួសារអម្បូររបស់លោក
មានម្តាយមីងម្នាក់ជាអ្នកស្នងរូបគ្រូបាធ្យាយ ហើយ​តែងតែបង្ហាញហេតុផលផ្សេងៗ
ដែលបានកើតក្នុងរង្វង់គ្រួសារហើយដែលជា​ប្រការមួយជំរុញឱ្យសមាជិកក្នុងអម្បូរគ្រួសាររបស់លោក
គោរពស្រឡាញ់ និង សួរយោបល់ពីបញ្ហាផ្សេងៗជានិច្ច ដោយគ្មាននរណាម្នាក់ហ៊ានប្រព្រឹត្ត​អ្វីផ្តេស​ផ្តាស
ប្រាសចាកពីក្រមសីលធម៌ក្នុងគ្រួសារ និង សង្គមឡើយ។ តាមន័យនេះ  គ្រូបាធ្យាយគឺសំដៅលើឪពុកម្តាយដែលជាអ្នកបង្កើតរូបកាយ
អប់រំប្រៀន​ប្រដៅ​តាំងពីតូចរហូតដល់ធំពេញវ័យមានគ្រួសារប្តីប្រពន្ធ និង រក្សាកិត្តិយសកេរ្តិ៍​ឈ្មោះ​ក្នុងគ្រួសារទៀតផង។
ជាទូទៅ មាតាបិតា គេតែងតែចាត់ទុកជា​ព្រះ​កន្លោង​ គឺជាធំ (សរសរកន្លោង) សរសេរកណ្តាល ឬ សរសរទ្រូង។ ព្រះកន្លោង​នេះមានភារកិច្ចសំខាន់ណាស់ក្នុងការថែរក្សាទ្រព្យសម្បត្តិ
អប់រំកូនចៅប្រុស​ស្រី​ឱ្យមានចំណេះដឹងខាងផ្លូវលោក ផ្លូវធម៌ សីលធម៌ រស់នៅប្រចាំថ្ងៃ
មានសុខភាព​មាំមួន និង អនាគតភ្លឺស្វាង។ គេអាចនិយាយបានថាព្រះកន្លោងនេះ
គឺជាព្រះ​រស់ ព្រះផ្តល់កំណើត ព្រះថែទាំ ព្រះផ្តល់សក្តិយសក្នុងគ្រួសារ
ក៏ដូចជាក្នុង​សង្គម។ ឪពុកម្តាយទាំងឡាយ តែងតែមានកាតព្វកិច្ច៥យ៉ាងចំពោះកូន
គឺផ្តល់​កំណើត ចិញ្ចឹមជីវិត ផ្តល់ការរៀនសូត្រ ផ្តល់កេរមត៌ក និង រៀបចំមង្គលការ។
ក្នុងពិធីមង្គលការ ជាពិសេស ពិធីកាត់ខាន់ស្លាក៏មានការរៀបរាប់រំលឹក​ឡើងវិញ​អំពីគុណម្តាយ
និង ឪពុក ក្នុងការតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនស្រីកូនប្រុស រហូតដល់ធំពេញវ័យ​
មានចរិយាសម្បត្តិ និង រូបសម្បត្តិល្អ
ហើយរៀបមង្គល​ការ​​ចំពោះ​មុខមាតាបិតា។ ចំណែកឯផ្កាស្លាដែលគេយកមកប្រើក្នុងពិធីនេះ ចែក​ជា៣ផ្នែក
គឺធាតុខាងឪពុក២១ ធាតុខាងម្តាយ១២ និង បងប្រុស៦ (យោង​តាមទម្រង់អាពាហ៏ពិពាហ៏ខ្មែរ)។
ធាតុសំខាន់បំផុតគឺធាតុឪពុក និង ម្តាយជា​គុណដ៏ធំធេងណាស់សម្រាប់កូនស្រី
កូនប្រុស ក្នុងពិធីអាពាហ៍ពិពាហ៍នេះ។

ដូច្នេះ ជំនឿលើគ្រូបាធ្យាយនេះទោះបីមានលក្ខណៈជារូបីក្តី
អរូបីក្តី ក៏សុទ្ធតែបង្ហាញពីគុណសម្បត្តិក្នុងគ្រួសារ ជួយថែរក្សាការពារជួយចិញ្ចឹមជីវិត
និង ប្រៀនប្រដៅកូនចៅឱ្យក្លាយជាមនុស្សល្អក្នុងសង្គម។

រួមសេចក្តីមក  ជំនឿខ្មែរដែលមានតាំងពីបុរាណកាលមកនោះ បាន​ក្លាយ​ជា​អត្តសញ្ញាណវប្បធម៌មួយ ដែលកំពុងតែមានឥទ្ធិពលក្នុងពេល​បច្ចុប្បន្ន។ ខណៈពេលប្រទេសកម្ពុជា
បានក្លាយជាសមាជិករបស់សហគមអាស៊ាន នៅ​បំណាច់ឆ្នាំ២០១៥នោះ ជំនឿទាំងនេះរឹតតែមានតួនាទីយ៉ាងសំខាន់ទៅទៀត​ក្នុងការថែរក្សាអត្តសញ្ញាណជាតិសាសន៍ខ្មែរ។

ទោះបីជំនឿទាំងអស់នេះមានទិដ្ឋភាពខុសៗគ្នាក៏ពិតមែន
តែគេសង្កេត​ឃើញថាវាមានលក្ខណៈជាការដឹងគុណ ការសងគុណ និង ការរក្សាមត៌ក​ស្នាដៃ​របស់មនុស្សជំនាន់មុន។
ក្រៅពីនេះ ជំនឿទាំងអស់នោះមានលក្ខណៈ​ជា​ការ​សំយោគរវាងទ្រឹស្តីទេវៈ និង ទ្រឹស្តីជំនឿផ្សេងៗ ដែលគ្មានអ្វីក្រៅពីការ​សុំ​សេចក្តីសុខ
ការសាមគ្គីជាកម្លាំងមួយ រវាងនិន្នាការជំនឿ ដើម្បីកសាងប្រទេស​ឱ្យបានរីកចម្រើន។
ដូច្នេះ ទស្សនវិជ្ជានេះ បានជុំរុញឱ្យមនុស្សជំនាន់ថ្មី ខិតខំ​កសាងទុកនូវស្នាដៃតូចក្តី
​ធំក្តី ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ចាប់ពីក្នុង​គ្រួសាររហូតដល់ក្នុងសង្គម។
សមិទ្ធផលទាំងនេះ បានក្លាយជាសោភណភាព​មួយរបស់ស្រុកទេស និងជា ទីតាំងទេសចរណ៍ ដូចជា រូបសំណាកលោកតា​ ខ្មៅ
នៅក្រុងតាខ្មៅ លោកយាយម៉ៅ នៅពេ្រជនិល លោកយាយពេញ នៅវត្តភ្នំ លោកតាដំបងក្រញូង នៅបាត់ដំបង
លោកយាយយ៉ាត នៅប៉ៃលិន តេជោមាស​តេជោយ៉ត ព្រះបាទជ័យវរ័្មនទី៧ ហ្លួងព្រះស្តេចកន
ព្រះបាទជ័យវរ័្មនទី៧ លោក​តា​ក្រមង៉ុយ សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះករុណា ព្រះបរមកោដ្ឋ
ព្រះសុវណ្ណកោដ្ឋ ព្រះរាជានុកោដ្ឋ ព្រះបរមខត្តិយកោដ្ឋ
ព្រះមហាកញ្ចនកោដ្ឋ និង ព្រះបរមរតនកោដ្ឋជាដើម។

គន្ថនិទ្ទេស

១-ខ្លូត ធីតា, «ព្រះពុទ្ធសាសនានិងការអភិវឌ្ឍសង្គមខ្មែរ» គ.ស. ១៩៩៦

២-គួយ សូគាន, «អត្តសញ្ញាណវប្បធម៌ខ្មែរចូលរួមអភិវឌ្ឍសហគមន៍សេដ្ឋកិច្ច»    ទស្សនាវដ្តីសេដ្ឋកិច្ចខ្មែរ លេខទី៤០-៤៣ ខែមិថុនា-កញ្ញា ឆ្នាំ២០១៥

៣-ជួន ណាត, «វចនានុក្រមខ្មែរភាគ១-២» ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ គ.ស. ១៩៦៧

៤-មៀច ប៉ុណ្ណ, «តួនាទីនិងភារកិច្ចរបស់អាចារ្យ» ក្នុងសិក្ខាសាលាជាតិ​ស្តីពី «អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន» រៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០

៥-អាង គឹមអៀង និង គី សុខលីម, «ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ឥស្សរជនអមតៈ» រោងពុម្ពពន្លឺខ្មែរ គ.ស. ២០១៣

៦-អ្នកស្រី កែវ ណារុំ, «តន្រ្តីនិងជីវិតខ្មែរ» ការផ្សាយរបស់បណ្ណាល័យឆពណ្ណរង្សី ២០១១

៧-អ្នកស្រី ត្រឹង ងា, «អរិយធម៌»  ការផ្សាយរបស់អ្នកនិពន្ធ ១៩៧៥