ទស្សនៈស្តីពីជំនឿមានលក្ខណៈខុសៗគ្នាទៅតាមសាសនា
ប្រពៃណី ទំនៀមទម្លាប់ក៏ពិតមែន តែមានទស្សនៈរួមមួយ គឺការទទួលយកអ្វីដែលមានភាពជាក់លាក់
ជឿនលឿនជាង និង ផ្តល់នូវក្តីសង្ឃឹម។ ទស្សនៈព្រះយេស៊ូក្នុងគម្ពីរប៊ីបផ្តោតលើគំនិត
ចំណេះដឹង គឺជាវិធីមួយធ្វើឱ្យគេជឿនូវការពិត ឬ មិនពិត តាមហេតុផលដែលគេបង្ហាញ។
រីឯជំនឿ គឺជាកត្តាជំរុញឱ្យព្រលឹង ឬ អារម្មណ៍មនុស្សជឿថា មានព្រះជាអ្នកផ្តល់នូវក្តីសង្ឃឹម
ធ្វើឱ្យស្មារតីមនុស្សកាន់តែល្អប្រសើរ មានភាពស្មោះត្រង់ មានសមត្ថភាព ឆន្ទៈ
ការទទួលខុសត្រូវ និង ការសន្តោសប្រណី។
លោក បណ្ឌិត វ៉ាន់ឌី កាអុន
បាននិយាយថា ពិភពមនុស្សបាននាំគ្នាបង្កើតព្រះដើម្បីពន្យល់បាតុភូត និង ហេតុផលផ្សេងៗ។ ព្រះរបស់ពួកគេ សុទ្ធតែស្ថិតឯស្ថានលើ
ហួសពីលោកីយ៍សច្ចៈ។ លោក អារីស្តូត ពន្យល់ថា ព្រះគឺមិនមែនជារូបធាតុ តែជាសុក្រឹតភាពមួយដែលនៅនឹងថ្កល់
ឥតប្រែប្រួល ប៉ុន្តែ ជាចលករដែលជំរុញឱ្យលោកីយ៏នេះមានចលនា តែមនុស្សចេះតែបដិវាទកម្មនៅក្នុងគំនិត
និង ជីវិត ហើយព្រះវិញទេ ដែលគ្មានបដិវាទ គ្មានអ្វីផ្លាស់ប្តូរទាំងអស់។
ជនជាតិណាក៏ដោយដែលមានជីវិតរស់នៅលើលោកយើងនេះ
តែងតែមានជំនឿលើអ្វីៗជាច្រើន អាស្រ័យទៅលើការយល់ឃើញរបស់ពួកគេ
និង សេចក្តីសុខដែលពួកគេទទួលបាន។ ជនជាតិខ្លះមានជំនឿលើធម្មជាតិ បឹងបួរ
ទន្លេ ភ្នំ ដើមឈើធំៗ ឬ អព្ភូតហេតុផ្សេងៗដែលជារឿងអច្ឆរិយៈ ហើយបើពួកគេនាំគ្នាគោរព
បន់ស្រន់ ដោយជឿថា នឹងនាំមកនូវសុមង្គល សេចក្តីសុខដល់គ្រួសារ
សហគមន៍ និង ប្រទេសជាតិទាំងមូល។ សាសនាព្រះពុទ្ធ បង្ហាញពី ជំនឿបុណ្យបាប ជំនឿកម្មផល
ឋានសួគ៌ឋាននរក។ ជំនឿលើអាទិទេព កម៌ន លទ្ធិទេវរាជមាននៅក្នុងសានាព្រាហ្មណ៍។
មុនការមកដល់នៃព្រាហ្មណ៍សាសនា និង ព្រះពុទ្ធសាសនា ជនជាតិខ្មែរយើងមានជំនឿផ្សេងៗជាច្រើន ដូចជា ជំនឿលើអ្នកតា
ជំនឿលើមេបា ជំនឿលើគ្រូ ជំនឿក្នុងការរៀបចំបន្ទប់ ផ្ទះសម្បែង ជំនឿលើករាសី
ជំនឿក្នុងការប្រើប្រាស់ពណ៌ប្រចាំថ្ងៃ ជំនឿអំពីជម្នៀងផ្ទះ
អារក្ស ព្រះភូមិ ព្រាយ ពាក្យសម្បថ ដើមឈើ សត្វ។ល។ ពេលនេះយើងសូមលើកយកតែជំនឿធំៗបីមកបង្ហាញប៉ុណ្ណោះ
គឺជំនឿលើអ្នកតា ជំនឿលើមេបា និង ជំនឿលើគ្រូ។
១- ជំនឿលើអ្នកតា
អម្បូរមនុស្សទាំងឡាយនៅលើលោកយើងនេះ
គ្មានជនជាតិណាមួយដែលគ្មានជំនឿសាសនានោះទេ។ គ្រប់ជាតិសាសន៍ទាំងអស់ តែងមានសាសនាជាគោលសម្រាប់គោរពប្រតិបត្តិ។
សាសនាមានភស្តុតាងស្ថិតនៅក្នុងវប្បធម៌។ ជនជាតិខ្មែរយើងក៏គោរពសាសនាដូចគេដូចឯងដែរ។
ជាការពិតណាស់ តាំងពីបុរាណកាលរៀងរហូតមក ជំនឿសាសនាតែងត្រូវបានផ្សារភ្ជាប់ជានិច្ចទៅនឹងសេចក្ដីប៉ងប្រាថ្នា
ការចង់រស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ប្រទេសខ្មែរយើងនៅសម័យដំបូង
មិនទាន់មានសាសនាណាលាយឡំក្រៅពីសាសនាម្ចាស់ស្រុក ឬ ជំនឿអ្នកតាអ្នកដូននោះទេ។
១.១- តើអ្នកតាជាអ្វី?
លោកត្រឹង ងាបានអះអាងថា «អ្នកតាជាព្រលឹងនៃជនដែលស្លាប់ទៅហើយ តែនៅថែរក្សាមើលសុខទុក្ខដល់កូនចៅតទៅទៀត»។ បើជាស្រីគេហៅថា អ្នកដូន។
លោក ហួត រេចសួ យល់ថា «ខ្មែរយើងមានជំនឿគោរពកម្លាំងធម្មជាតិ
ជឿថា ធម្មជាតិសុទ្ធតែមានព្រលឹង មានកម្លាំងស័ក្តិសិទ្ធិ។ ខ្មែរជឿ និង គោរពបុព្វបុរសដែលស្លាប់ទៅ។
អ្នកតាតំណាងឱ្យធម្មជាតិ និង មនុស្សដែលស្លាប់ទៅ។ គេយកដុំថ្ម ឬ ដើមឈើតំណាងអ្នកតា»។
មតិខ្លះយល់ថា អ្នកតា ជាព្រលឹងម្ចាស់ដី ព្រលឹងម្ចាស់ស្រុកនីមួយៗនៅតាមភូមិ ឃុំ ស្រុក ខេត្ត ដោយមានលំដាប់ថ្នាក់ធំតូច មានភារកិច្ចទទួលខុសត្រូវចំពោះមុខអ្វីៗដែលប្រព្រឹត្តទៅនៅតំបន់របស់ខ្លួន។ ឯនិមិត្តរូបតំណាងអ្នកតាភាគច្រើនជាឫសឈើធំៗ មានរូបភាពចំម្លែកៗ ឬ ជាដុំថ្ម ជួនកាលជាបដិមា។
ការរស់នៅជាកុលសម្ព័ន្ធ ព្រលឹងមេកន្ទ្រាញដែលស្លាប់ភ្លាមៗ ជាព្រលឹងដែលបាត់សូន្យរបស់បុគ្គលនោះ តែដោយសារគុណបំណាច់ដ៏ធំធេងរបស់គាត់កាលពីនៅរស់ អ្នករស់នៅជំនាន់ក្រោយក៏នាំគ្នាគោរពជារៀងរាល់ពេល ទោះបីជាបុគ្គលនោះស្លាប់បាត់ទៅហើយក៏ដោយ ក៏មនុស្សជំនាន់ក្រោយនៅតែជឿថា បុគ្គលនោះនៅតែមានព្រលឹងជានិច្ច។ នៅពេលដែលមនុស្សជួបប្រទះគ្រោះថ្នាក់ ឬ ការលំបាកផ្សេងៗ គេនាំគ្នាទៅអង្វរបន់ស្រន់សុំឱ្យព្រលឹងមេកន្ទ្រាញ ឬ បុព្វបុរសជួយដោះស្រោយ និង សុំឱ្យព្រលឹងទាំងនោះ តាមជួយថែរក្សាគេជារៀងរហូតដូចដែលបុគ្គលនោះរស់នៅ។ នៅពេលណាការបន់ស្រន់របស់គេបានសម្រេច គេយល់ថាព្រលឹងទាំងនោះបានមកជួយគេ ហើយដើម្បីតបស្នងសងគុណដល់ព្រលឹងបុគ្គលនោះវិញ គេក៏នាំគ្នារៀបចំជាគ្រឿងសំណែនផ្សេងៗ មានម្ហូបអាហារ នំចំណី ស្រា និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀតដែលមានទ្រង់ទ្រាយមិនខុសពីតម្រូវការរបស់មនុស្សធម្មតាទេ។
ការប្រព្រឹត្តបែបនេះ ជារឿយៗទៅវាបានក្លាយជាទម្លាប់ហើយព្រលឹងនោះ ក៏គេសន្មតថាឱ្យទៅជាអ្នកតាសម្រាប់ថែរក្សាការពារពួកគេ ជាកូនចៅ ទាំងអស់។
១.២-ទីតាំង និង សណ្ឋានរបស់អ្នកតា
អ្នកតាដែលល្បីល្បាញនៅក្នុងប្រទសកម្ពុជា ភាគច្រើនមានទីតាំងនៅក្នុងភូមិ ដើមឈើធំៗ លើភ្នំ ទីទួល ដោយគេសង់ខ្ទមមានរបៀបជាផ្ទះរបស់មនុស្ស មានទំហំទៅតាមភាពស័ក្តិសិទិ្ធរបស់អ្នកតា។ ខ្មែរយើងមានជំនឿថា អ្នកតាមានសត្វផ្សេងៗជាបរិពារ ដូចជា ក្រពើ ខ្លា ពស់ ជាដើម។
នៅស្រុកខ្មែរ មានរូបភាពអ្នកតាច្រើនសណ្ឋានដូចជា៖
-ដីដំបូកខ្ពស់ៗ (អ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់)
-ដុំថ្មមួយដុំដែលគ្មានឆ្លាក់ ឬ ឆ្លាក់ដោយខ្ជីខ្ជា
-រូបសំណាកទេវៈបុរាណក្នុងសាសនាព្រាហ្មណ៍
-ឫសឈើមានលក្ខណៈក្រវេមក្រវាមស្មុគស្មាញ
-ដុំមានរូបភ្លឺៗ មានទ្រង់ទ្រាយចម្លែកៗ…
-វត្ថុដែលគេរើសបានមកសន្មត…។
១.៣-អំពីឈ្មោះអ្នកតា
ក្រៅពីទីស្នាក់អាស្រ័យ លំនៅ ខ្ទម ឬ
ដើមឈើ ដំបូក ដុំថ្ម … អ្នកតាក៏នៅមានឈ្មោះដូចមនុស្សលោកដែរ។
ឈ្មោះអ្នកតាអាចជាឈ្មោះព្រះគ្រូចៅអធិការវត្ត ឈ្មោះអាចារ្យ ឈ្មោះគ្រូហ្មមើលជំងឺ ឈ្មោះមេទ័ព
ឈ្មោះដើមឈើ…។ ឧទាហរណ៍ អ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់
អ្នកតាក្រហម-ក នៅខេត្តកំពង់ធំ អ្នកតាដំបងដែក អ្នកតាកងចក្រកងជុំ អ្នកតាសុខ អ្នកតាតាស
អ្នកតាទ្វារ…។ ក្រៅពីអ្នកតាជាបុរស ក៏នៅមានអ្នកតាជាស្រ្តីដែរ ដែលមានឈ្មោះដូចជា យាយម៉ៅ នៅភ្នំពេជ្រនិល យាយទេព នៅកំពង់ឆ្នាំង យាយយ៉ាត
នៅប៉ៃលិន…។
គួរគត់សម្គាល់ថា ឈ្មោះអ្នកតាទាំងប៉ុន្មានដែលធ្លាប់ដឹងធ្លាប់ហៅជាយូរមកហើយនេះ
មិនដែលប្ដូរឈ្មោះទាល់តែសោះ គឺឈ្មោះដើមយ៉ាងណា តែងនៅរក្សាឈ្មោះដើមដដែល រាប់ពាន់តំណមមកហើយ។
ត្រង់នេះសបញ្ជាក់ថា ព្រលឹងអ្នកតា ឈ្មោះអ្នកតាទាំងប៉ុន្មាន គឺមានចរិតអមតៈ អចិន្រៃ្តយ៍
មិនចេះស្លាប់ មិនផ្លាស់ប្ដូរ និង មិនមានអ្នកជំនួស។
១.៤-ការអនុវត្តជំនឿអ្នកតានៅក្នុងជីវភាពរស់នៅ
អ្នកស្រាវជ្រាវបញ្ហានេះមួយចំនួនយល់ថា នៅក្នុងពិធីបុណ្យតាំងតុ គេប្រមូលអ្នកតាទាំងអស់នៅក្នុងដែនដីកម្ពុជាទាំងមូល ឱ្យមកនៅជុំវិញស្ដេចផែនដី ព្រោះស្ដេចជាម្ចាស់ផែនដី ឯអ្នកតាជាម្ចាស់ផែនដីតាមតំបន់។ តំបន់ដែលមានភូមិស្រុកច្រើន ពួកអ្នកតាក៏មានច្រើនដែរ។ គេបៀបធៀបលំដាប់ថ្នាក់អ្នកតាទៅតាមបងប្អូនក្នុងគ្រួសារមួយ គឺបងបង្អស់មានសិទ្ធិ និង តួនាទីធំជាងគេ និង មានឋានៈបន្តបន្ទាប់ ដូចជា អ្នកតាស្ដេច អ្នកតាខេត្ត អ្នកតាស្រុក អ្នកតាភូមិ…។
អ្នកតាដែលការពារភូមិ ត្រូវបានការគោរពបូជាពីសំណាក់អ្នកភូមិទាំងមូល។ បំណងដែលភ្ជាប់អ្នកតាជាមួយអ្នកភូមិ គឺបញ្ជាក់ឡើងតាមការគោរពបូជាច្រើនបែបច្រើនយ៉ាង ដែលគេចាត់ចែងឡើងតាមរដូវ និង តាមការបន់ស្រន់សម្រាប់ព្រឹត្តិការណ៍ពិសេស ឬ ដោយឡែក។
បុណ្យឡើងអ្នកតា គេច្រើនធ្វើឡើងនៅក្រោយរដូវចម្រូត ដើមខែមាឃ (មករា-កុម្ភៈ)។ ការឡើងអ្នកតា ក្លាយជាបុណ្យប្រពៃណីសម្រាប់ប្រជាជនខ្មែរគ្រប់តំបន់។
បញ្ហាអ្នកតានៅក្នុងសង្គមខ្មែរ បានចាក់ឫសយ៉ាងជ្រៅតាំងពីបុរាណកាលមក ហើយត្រូវបានប្រជាជនខ្មែរ ទទួលស្គាល់ឥទ្ធិពលស្ទើរតែក្លាយទៅជាច្បាប់ទៅហើយ ទោះបីជាបញ្ហានេះមានលក្ខណៈអរូបីក៏ដោយ។ អ្នកតាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ អ្នកតាជាម្ចាស់ទឹកម្ចាស់ដី ដូច្នេះ មុននឹងដាំដំណាំកសិករត្រូវបួងសួងសុំទឹកភ្លៀង និង សុំម្ចាស់ដីដាំដុះ។ ជាពិសេស អ្នកដាំដំណាំត្រូវពឹងអ្នកតាថែរក្សា ការពារកុំឱ្យសត្វល្អិត ឬ សត្វបំផ្លាញ។ មនុស្សដែលមានជំនឿលើអ្នកតា ត្រូវបានទទួលការអប់រំតាមបែបអាថ៌កំបាំង ដោយម្នាក់ៗសុទ្ធតែយល់ថាការប្រព្រឹត្តអ្វីៗសព្វបែបយ៉ាង គេចមិនផុតពីភ្នែកអ្នកតាឡើយ។ ដូច្នេះ គេត្រូវធ្វើអំពើល្អ ចេះស្គាល់កំហុសខ្លួនឯង ហ៊ានសារភាពចំពោះមុខអ្នកតា ចេះនិយាយពិត និយាយត្រង់មិនបោកប្រាស់គ្នា (យកសម្បថជាសំអាង)។
នៅពេលមានមនុស្ស ឬ សត្វឈឺ គេទៅបន់ស្រន់ឱ្យអ្នកតាជួយ។ ទោះជាការជួយរបស់អ្នកតាមិនមានប្រសិទ្ធភាពជាក់លាក់ក៏ដោយ ក៏ជំនឿនេះបានជួយលើផ្នែកផ្លូវចិត្តមនុស្សឱ្យមានសង្ឃឹម អាចធូរស្រាលមួយកម្រិតដែរ។ រហូតដល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរនៅតែមានជំនឿលើអ្នកតា នៅតែបន់ស្រន់ ទោះជាវិទ្យាសាស្រ្តរីកចម្រើនហើយក៏ដោយ ដូចពាក្យទំនឹមទំនៀមមួយឃ្លាថា «អាគមផ្សំអាយូស»។
បើអ្នកស្រុកផ្សេងដើរកាត់ភូមិ ឬ ដែនដីដែលអ្នកតាគ្រប់គ្រង គេត្រូវធ្វើគាវកិច្ចសម្ដែការគួរសម ឱនលំទោន គោរពសិទ្ធិអ្នកតាដែលគ្រប់គ្រង ដោយគ្រាន់តែថ្វាយអ្វីធ្វើជានិមិត្តរូប ដូចជា កាច់មែកឈើដោតធ្វើជាធូបទៀន ស្លឹកឈើធ្វើជាស្លាធម៌ ឬ គ្រាន់តែប្រើសម្ដីឧបកិច្ចក៏បានដែរ។
នៅពេលចូលកាន់តំណែងថ្មីចៅហ្វាយខេត្ត ស្រុកថ្មី ត្រូវរៀបចំការគោរពដល់អ្នកតាម្ចាស់ស្រុក អ្នកតាម្ចាស់ដីដើម្បីឱ្យពួកគាត់ទទួលស្គាល់ និង ជួយថែរក្សា។ ពេលរៀបចំពីធីនេះ អ្នកកាន់ដំណែងថ្មីត្រូវតែធ្វើគារវកិច្ចដល់អ្នកតាម្ចាស់ស្រុក ដោយស្បថសច្ចានឹងខិតខំបំពេញភារកិច្ចដើម្បីសេចក្ដីសុខរបស់ប្រជារាស្រ្ត សុំការសន្តោសប្រណីពីអ្នកតា និង ឱ្យអ្នកតាជួយបំភ្លឺផ្លូវពួកគេផង។
១.៥-ការរលាយចូលគ្នានៃព្រាហ្មណ៍សាសនាពុទ្ធសាសនា និង ជំនឿលើអ្នកតា
សព្វថ្ងៃនេះ ទោះបីជាព្រាហ្មណ៍សាសនា និង ពុទ្ធសាសនាចូលមកក្នុងប្រទេសកម្ពុជាក្ដី ក៏ជំនឿលើអ្នកតានៅតែដក់ជាប់ក្នុងសន្ដានចិត្តមនុស្សខ្មែរគ្រប់ៗរូប។ ជំនឿនេះបានបង្កប់យ៉ាងជ្រៅចូលក្នុងសាសនាទាំងពីរ។
នៅក្នុងសាសនាព្រាហ្មណ៍ ខ្មែរបានច្នៃរូបសំណាកអ្នកតាឱ្យទៅជានិមិត្តរូបទេវៈក្នុងសាសនាព្រាហ្មណ៍ ដូចជា មេស ស្រីស នៅបាភ្នំ ដែលមានរូបភាពជានាង ឧមា (មហេសីព្រះឥសូរ) ជាពិសេសទៅទៀត គេក៏បានជួបប្រទះអ្នកតា មាននិមិត្តរូបជាលិង្គព្រះឥសូរផងដែរ នៅតាមទីទួលខ្ពស់ៗ ឬ ដើមឈើធំៗដោយគេបានកំណត់ថា ការកសាងប្រាសាទភ្នំជាតំណាងភ្នំ ឯលិង្គតម្កល់ក្នុងប្រាសាទគឺជាតួអង្គអ្នកតានេះឯង។
ចំពោះការសម្របខ្លួនទៅក្នុងព្រះពុទ្ធសាសនា គឺខ្មែរបង្កើតឱ្យមានអ្នកតានៅតាមវត្តអារាម។ ការសង់ខ្ទមអ្នកតានៅក្រោយដើមពោធិ៍ដែលជាដើមឈើមួយស័ក្តិសិទ្ធិ ជាទីគោរពរបស់ពុទ្ធសាសនិក វាបង្ហាញយ៉ាងច្បាស់ថា ជំនឿ អ្នកតា និង ពុទ្ធសាសនារលាយចូលគ្នាតាំងពីយូរយាណាស់មកហើយ។
បច្ចុប្បន្ន ពិធីសាសនាទាំងឡាយសុទ្ធតែមានលាយដោយជំនឿអ្នកតាផង សាសនាព្រាហ្មណ៍ផង
និង ពុទ្ធសាសនាផង ដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ ច្រត់ព្រះនង្គ័លជាដើម។
ជំនឿលើអ្នកតានៅក្នុងសង្គមខ្មែរ ជាជំនឿដើមរបស់ខ្លួនពិតៗដែលមនុស្សខ្មែរទទួលស្គាល់
និង បញ្ចូលទៅក្នុងវប្បធម៌យ៉ាងពេញលេញមុនពេលព្រាហ្មណ៍សាសនា
និង ពុទ្ធសាសនាចូលមកដល់។ នៅពេលដែលសាសនាទាំងពីររីកចម្រើនខ្លាំង
ជំនឿអ្នកតាបានសម្របខ្លួនទៅក្នុងនោះក្នុងបំណងរក្សាអតិ្ថភាពកុំឱ្យសាបសូន្យ។
២-ជំនឿលើមេបា
បើយើងពិនិត្យទៅលើពាក្យ មេបា យើងនឹងឃើញពាក្យពីរម៉ាត់គឺ ពាក្យ មេ+បា (មេ=ម៉ែ / បា=ឪពុក)។ ពេលផ្គុំពាក្យទៅពុំមែនមានន័យត្រឹមសំដៅទៅលើម្ដាយឪពុកប៉ុណ្ណោះទេ គឺសម្គាល់ព្រលឹងបុព្វការីជនទាំងបីឋានៈ (យាយ-តាទួត យាយ-តា ម្ដាយ-ឪពុក) ឬ រហូតដល់ព្រលឹងជីដូនជីតាញាតកាទាំង៧សន្ដាន ដែលបានរម្លត់កាយរំលាយខ្លួនទៅកាន់បរលោក ហើយនៅមានព្រលឹងនៅចាំជួយថែរក្សា មើលការខុសត្រូវទៅលើកូនចៅជំនាន់ក្រោយ។ បើកូនចៅណាមិនគោរពតាមបន្ទាត់សីលធម៌របស់មេបាទេនោះ ព្រលឹងមេបានឹងខឹងសម្បាដាក់ទណ្ឌកម្មដល់ក្រុមគ្រួសារ ឬ សមាជិកណាមួយនៃគ្រួសារ ឱ្យមានជំងឺឈឺថ្កាត់។ លុះត្រាតែញាតកាទាំង៧សន្តាន ស្រាវជ្រាវរកអ្នកព្រឹត្តកំហុសឃើញហើយរៀបចំសែនព្រេនអង្វរករមេបា ទើបអ្នកជំងឺអាចជាសះស្បើយឡើងវិញបាន។ ប្រសិនមិនដូច្នេះទេ ទោះជារកគ្រូពេទ្យ ឬ ថ្នាំសង្កូវព្យាបាលយ៉ាងណាក៏មិនស័ក្តិសិទិ្ធដែរ។
តាមជំនឿខ្មែរ ការខុសឆ្គងចំពោះមេបាមាន៣បែប៖
-ខុសមេបាចាស់ទុំ
-ខុសមេបាកំម្លោះក្រមុំ
-ខុសមេបាផ្កាប់មុខ
២.១-ខុសមេបាចាស់ទុំ
គឺក្រុមញាតិបងប្អូន៧សន្តានទាស់ទែងខ្វែងគំនិតគ្នា
ដែលសីលធម៌មេបាហាមឃាត់។ នៅពេលដែលគ្រួសារទាស់ទែងរាំងមាត់-កគ្នា មេបាប្រកាន់ ហើយធ្វើឱ្យសមាជិកក្នុងគ្រួសារណាមួយឈឺ។ បើមានខុសឆ្គងមេបាចាស់ទុំបែបនេះគេត្រូវប្រមូលបងប្អូនចាស់ទុំក្នុងញាតិ៧សន្តាន ពិសេស អ្នកឈ្លោះប្រកែក
រាំងមាត់នឹងគ្នា មកផ្ទះគ្រួសារអ្នកជំងឺ សែនព្រេន ថ្វាយតង្វាយ
ម្លូ ស្លា អុជទៀន ធូប ដើម្បីអង្វរករមេបា សុំឱ្យឈប់ប្រកាន់ឈប់ខឹងកូនចៅតទៅទៀត។
យើងខ្ញុំជាកូនចៅ សន្យាថានឹងឈប់ឈ្លោះទាស់ទែងខ្វែងគំនិតគ្នាតទៅទៀតហើយ។
សូមលោកមេបាដកពិសពរពីអ្នកជំងឺឱ្យជាសះស្បើយ ចាប់ពីពេលនេះតទៅ។
២.២-ខុសមេបាកម្លោះក្រមុំ
នៅពេលកម្លោះក្រមុំបំពានបន្ទាត់សីលធម៌មេបា ដោយលួចលាក់ទាក់ទងរួមសង្វាសជាមួយគ្នា
មិនមិនឱ្យឪពុកម្ដាយដឹងឮនោះ មេបាមិនសប្បាយចិត្តខឹងសម្បា
ហើយធ្វើឱ្យសមាជិកណាមួយនៃគ្រួសារឈឺថ្កាត់។ នៅពេលគេដឹងថា ជំងឺនោះបណ្ដាលមកពីមេបាខឹងសម្បានោះ
គេអញ្ជើញចាស់ទុំញាតិសន្ដានដែលមានកូនក្រមុំ មកចូលរួមក្នុងពិធីបូលពងមាន់នៅផ្ទះអ្នកជំងឺ រួចគេចាប់ផ្ដើមបូលពងមាន់
ដើម្បីរកកូនក្រមុំដែលព្រឹត្តខុសបា្រសចាកច្បាប់មេបា។ ពិធីនេះបា្ររព្ធឡើងដោយគ្មានភ្លេងភ្លាត់ទេ
គេរៀបចំតង្វាយមួយថាសអង្ករមួយល្អីប៉ុណ្ណោះ។ នៅចំកណ្ដាលអង្ករនោះ គេដាក់ពងមាន់មួយពីលើ។
អ្នកធ្វើពីធីនោះគេយកតែសមាសភាពនារីទេ។ នារីនោះមានវ័យចំណាស់
មានចរិយាត្រឹមត្រូវ សុភាពរាបសា
ហើយទទួលការគោរពពីអ្នកផងទាំងពួង។ មុនដំបូង នារីនោះលើកពងមាន់បញ្ឈរ
រួចនិយាយបួងសួងដល់មេបាអារក្សអ្នកតា ហើយក៏ចាប់រោយអង្ករលើពងមាន់
ដោយបូលឈ្មោះកូនក្រមុំក្នុងញាតិ៧ សន្ដានម្តងមួយៗ។
ពេលអង្កររោយលើពងមាន់ហើយបូលចំឈ្មោះកូនក្រមុំម្នាក់ណានោះគេសន្មតថានារីនោះបានព្រឹត្តកន្លងសីលធម៌មេបា។ ដើម្បីបញ្ជាក់គេរោយអង្ករលើពងមាន់នោះម្តងទៀត បើនៅតែជាប់ដដែល គេសន្មតសម្រេចថានារីនោះជាអ្នកធ្វើកំហុសពិតប្រាកដ។
ពេលដឹងពិតប្រាកដនូវមុខមាត់នារីដែលមានកំហុសគេហៅនារីនោះមកសែនព្រេននៅផ្ទះអ្នកជំងឺ
ហើយអង្វរឱ្យមេបាឈប់ប្រកាន់ទោសតទៅទៀត និង សុំឱ្យអ្នកជំងឺជាសះស្បើយដូចដើម។
២.៣-ខុសមេបាផ្កាប់មុខ
សំដៅសកម្មភាពផិតក្បត់នឹងប្ដីទៅមានសហាយសន្ម់អន្ធករ។
ខុសមេបាផ្កាប់មុខនេះជាការលំបាកស្វែងរកអ្នកប្រព្រឹត្តណាស់។ ការរកអ្នកប្រព្រឹត្តខុសនឹងសីលធម៌មេបានោះ
បានប្រព្រឹទៅដូចក្នុងពិធីខុសមេបាកម្លោះក្រមុំដែរ តែគេបូលតែក្នុងចំណោមនារីដែលមានប្ដីហើយ
នៅក្នុងញាតិ៧សន្ដាន។ នៅក្នុងទំនៀមទម្លាប់ និង ជំនឿខ្មែរ ច្បាប់មេបាបានឱ្យតម្លៃខ្ពស់ទៅលើនារី
(នារីត្រូវមានសីលធម៌ខ្ពស់ជាងបុរស)។ គេត្រូវហាត់ពត់លត់ដំចិត្ត
និង ខិតខំបង្កើនសីលធម៌ពិសេសមួយសម្រាប់យុវជន (ពិសេសនារី)។ នារីដែលខុសនឹងសីលធម៌ ដូចជា ការលួចលាក់រួមរ័កសេ្នហាគ្នាដោយមិនឱ្យចាស់ទុំដឹង
ផិតប្ដីរបស់ខ្លួនទៅមានសាហាយស្មន់នោះ បានធ្វើឱ្យកិត្តិយសផ្ទាល់ខ្លួន និង គ្រួសារធ្លាក់ចុះដល់ឋានបាតាល។
ផលវិបាករបស់យុវជនដែលមានកំហុសមេបា ផ្ដល់ផលវិបាកដល់គ្រួសារ
និង កូនចៅក្រោយៗទៀត ដោយគេយល់ថា ម៉ែឪវាយ៉ាងម៉េច កូនវាយ៉ាងនោះដែរ
ទោះជាកូននោះមានរូបសម្បត្តិ និង ចរិយាសម្បត្តិល្អប្រពៃយ៉ាងណាក៏ដោយ។ ផលវិបាកដ៏ធ្ងន់មួយទៀត គឺសង្គមមិនឱ្យតម្លៃអ្នកដែលអត់ខាន់ស្លាទេ។
ដូច្នេះ ជំនឿមេបាជាបន្ទាត់សីលធម៌ដ៏ល្អមួយ សម្រាប់ទ្រទ្រង់សង្គមឱ្យបានល្អប្រសើរ។ អ្នកដែលមិនគោរពបន្ទាត់សីលធម៌នេះ ត្រូវទទួលទណ្ឌកម្មពីសង្គមទាំងផ្លូវកាយ និង ផ្លូវចិត្តក៏ដូចជាកិត្តិយសផងដែរ។
៣-ជំនឿលើគ្រូ (គ្រូអាចារ្យ គ្រូឧបជ្ឈាយ៍ គ្រូបាធ្យាយ)
បុព្វការីខ្មែរតែងតែអប់រំទូន្មានប្រៀនប្រដៅកូនចៅ
ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រូអាចារ្យ គ្រូឧបជ្ឈាយ៍គ្រូបាធ្យាយរបស់ខ្លួន។
លោកចាត់ទុកជាសីលធម៌ដ៏ឧត្ដុងឧត្ដមមួយរបស់សិស្សគណជាទូទៅ។ លោកតែពន្យល់ថា
អ្នកដែលមានជំនឿជឿជាក់ និង ដឹងគុណ តបគុណចំពោះគ្រូមិនច្បុតិឡើយ។ប្រភេទគ្រូដែលខ្មែរមានជំនឿ ហើយគេតែងតែរៀបចំរំលឹកគុណសំពះគ្រូរហូតមកដល់សព្វថ្ងៃមានគ្រូរបាំ
គ្រូតន្ត្រីពិណពាទ្យ គ្រូតន្រ្តីមហារី គ្រូតន្ត្រីប្រពៃណី គ្រូស្ថាបត្យកម្ម។ល។
ពិធីសំពះគ្រូ គេតែងតែបា្ររព្ធធ្វើយ៉ាងអឹកធឹក នៅថ្ងៃព្រហស្បតិ៍ណាមួយក្នុងឆ្នាំ ជាពិសេស
ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ឬ បុណ្យភ្ជុំបិណ្ឌ។ ដោយឡែក អ្នករបាំព្រះរាជទ្រព្យ
តែងតែយកចិត្តទុកដាក់យ៉ាង ម៉ឹងម៉ាត់បំផុតចំពោះការគោរពគុណគ្រូ។ រៀងរាល់ថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់គេយកធូប៥សរសៃទៅគោរពគុណគ្រូដែលកំពុងបង្ហាត់បង្ហាញ។
ជំនឿលើគ្រូនេះ ហាក់ដូចជាទស្សនៈអរូបី
ដែលគិតថាជាសិល្ប៍ ជាមន្តអាគម ដែលមានឥទ្ធិពលលើមនុស្ស និង សង្គមមនុស្ស។ ពាក្យ គ្រូ
នៅទីនេះ មិនមែនសំដៅលើបុគ្គលជាអ្នកផ្តល់ចំណេះដឹង ឬ ជាអ្នកបង្រៀននោះទេ។
ប្រភពដើមនៃពាក្យគ្រូ (Guru) មានប្រភពពីភាសាសំស្ក្រឹតនៅប្រទេសឥណ្ឌាប្រមាណ១៥០០ឆ្នាំមុនគ.ស. ក្នុងសាសនាព្រាហ្មណ៍
គឺសំដៅទៅលើបុគ្គលដែលចេះចាំលទ្ធិសាសនាប្រពៃណីឬជាអ្នកមានបទពិសោធន៍សម្រាប់ផ្តល់ឱ្យមនុស្សជំនាន់ក្រោយៗទៀត។
ទស្សនៈពុទ្ធសាសនាយល់ថា ព្រះពុទ្ធគឺជាព្រះបរមគ្រូ
ដែលមានន័យថា ព្រះអង្គជាអ្នកបានផ្សព្វផ្សាយនូវពុទ្ធិដោយផ្ទាល់មាត់ នៅគ្រប់ទីកន្លែង
ជាពិសេស កន្លែងព្រះអង្គនិមន្តបិណ្ឌបាត និង កន្លែងដែលព្រះអង្គផ្សព្វផ្សាយធម៌។
ជនជាតិខ្លះបានសន្មតថា គ្រូ
គឺជាមនុស្ស ឬ ជីវចលនាដែលគ្មានរូបហើយមានចិត្តគំនិតទូលំទូលាយ ចំណេះដឹងជ្រៅជ្រះ អាចជួយដោះស្រាយបញ្ហាមនុស្ស
និង ផ្តល់សេចក្តីសង្ឃឹមសម្រាប់អនាគតផងដែរ។
ក្នុងសង្គមខ្មែរ គ្រូ សំខាន់ៗមានបី គឺគ្រូអាចារ្យ គ្រូឧបជ្ឈា និង គ្រូបាធ្យាយ
ហើយគ្រូទាំង៣មានភារកិច្ច និង កាតព្វកិច្ចខុសគ្នាក្នុងការអប់រំ ទាំងក្នុងសាលារៀន
ទាំងក្នុងសង្គមក្តី ហើយសុទ្ធតែបានរួមចំណែកកសាងធនធានមនុស្សដ៏សំខាន់
ទាំងជំនាញ សីលធម៌ ចំណេះដឹងដល់ប្រជាជន ក្នុងការកសាងស្រុកទេស
ឱ្យក្លាយជាអាណាចក្រធំមួយក្នុងតំបន់។
៣.១-គ្រូអាចារ្យ
សំដៅទៅលើមនុស្សមានមារយាទ
ចរិតលក្ខណៈល្អ មានភាពសុចរិតត្រឹមត្រូវ អ្នកប្រព្រឹត្តល្អ អ្នកដែលសិស្សត្រូវគោរព
អ្នកផ្តល់ប្រយោជន៍ដល់សិស្ស និង សង្គមមនុស្សទូទៅ ពោលគឺ ជាអ្នកមានចំណេះដឹងតាមក្បួនតាមគម្ពីរសម្រាប់បង្រៀនអ្នកដទៃ។
នៅក្នុងគម្ពីរព្រះពុទ្ធសាសនា គេចែកគ្រូអាចារ្យជា៥ប្រភេទ៖
–បុព្វជ្ជាចារ្យ គឺអាចារ្យបំបួស អ្នកបំបួសកុលបុត្រឱ្យក្លាយជាសាមណេរ។
–ឧបសម្បទាចារ្យ
គឺភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា ឱ្យសាមណេរបានឧបសម្បទា
ជាភិក្ខុភាព (លោកគ្រូសូត្រ)។
–ឧទេ្ទសាចារ្យ គឺអាចារ្យបង្រៀនបាលី
វេយ្យាករណ៍ សម្ពន្ធមាលាជាដើម។
–និស្សយាចារ្យ
គឺអាចារ្យអ្នកឱ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឱ្យសិស្សស្នាក់នៅអាស្រ័យនឹងខ្លួន
(គ្រូបន្ទុកថ្នាក់)។
–ធម្មាចារ្យ គឺអាចារ្យជាអ្នកបង្រៀនធម៌អាថ៌
ឬ ចំណេះវិជ្ជាសិល្ប៍សាស្រ្តផ្សេងៗ (វិជ្ជាចារ្យ ឬ វិទ្យាចារ្យ) ជាអ្នកបង្រៀនធម៌វិន័យថ្នាក់ត្រី
ទោ ឯកជាដើម។
ដូច្នេះ គេអាចនិយាយថាគ្រូអាចារ្យនេះ
សំដៅទៅលើមនុស្សមានសមត្ថភាព ទាំងចំណេះដឹងខាងសាសនា ចំណេះដឹងខាងលោកីយ៍ មានជំនាញវិជ្ជាជីវៈច្បាស់លាស់
និង សីលធម៌ថ្លៃថ្នូរ ដែលជាអ្នកបណ្តុះបណ្តាលដល់មនុស្សជំនាន់ក្រោយ។
បុគ្គលជាគ្រូអាចារ្យនេះ គឺជាអ្នកមានតម្លៃណាស់ក្នុងសង្គម
មានការរាប់រកពីស្រទាប់មហាជននៅគ្រប់ច្រកល្ហក គេចាត់ទុកថា ជាបុគ្គលអាចដោះស្រាយបញ្ហាបានតាមរយៈចំណេះដឹង
ឬ ជាអ្នកប្រឹក្សាយោបល់លើរឿងរ៉ាវស្រុកទេស អនាគតកូនចៅ និង បញ្ហាផ្សេងៗក្នុងសង្គម។
ប្រទេសណាក៏ដោយ បើកាលណាធនធានមនុស្សខាងគ្រូអាចារ្យនេះ
ធ្លាក់ចុះ វាជាសញ្ញាអវិជ្ជមានមួយ ដែលបញ្ជាក់ថាស្ថានភាពស្រុកទេសមានវិបត្តិខាងសីលធម៌
សង្គមសាសនា និង អាចឈានដល់គ្រោះមហន្តរាយប្រទេសជាតិជាមិនខាន។
ដូច្នេះ ប្រទេសនីមួយៗ គេតែងតែយកចិត្តទុកដាក់ជាអាទិភាពខាងធនធានគ្រូអាចារ្យនេះ
ទោះក្នុងស្ថានភាពណាក៏ដោយ។
៣.២-គ្រូឧបជ្ឈាយ៍
គឺគ្រូបង្រៀនខាងសីលធម៌ អ្នកបង្រៀនខាងច្បាប់សាសនាព្រះពុទ្ធ
និង សម្រាប់ត្រួតពិនិត្យទូន្មានប្រៀនប្រដៅដល់មនុស្សជំនាន់ក្រោយ។ ប្រព័ន្ធនៃការបណ្តុះបណ្តាលនៅប្រទេសកម្ពុជា
មានអាណាចក្រ និង ពុទ្ធចក្រ។ ការបណ្តុះបណ្តាលបែបពុទ្ធចក្រ
ត្រូវផ្អែកលើគ្រូឧបជ្ឈាយ៍ជាគោល។ គម្ពីរចុល្លគណ្ឋីមហាវគ្គលើកថា
ភិក្ខុអាចក្លាយជាគ្រូឧបជ្ឈាយ៍ត្រូវប្រកបដោយអង្គ៣គឺ ភិក្ខុជាតិជាមនុស្សសុទ្ធមិនមែនជាសត្វតិរច្ឆាន បួសកើតជាភិក្ខុពេញបរិបូណ៌ និង ប្រកបដោយអង្គជារបស់ឧបជ្ឈាយ៍។
ជាទូទៅ ភិក្ខុក្លាយជាគ្រូឧបជ្ឈាយ៍ត្រូវប្រកបដោយអង្គ៥គឺ៖
– ចេះដឹងថាមានអាបត្តិ
– ចេះដឹងថាមិនមានអាបត្តិ
– ចេះដឹងថាអាបត្តិមានទោសស្រាល
– ចេះដឹងថាអាបត្តិមានទោសធ្ងន់
និង
– ចាស់ទុំព្រះវស្សាយ៉ាងហោច១០វស្សា ចេះធម៌គម្ពីរសមល្មមអាចទទួលយកបាន។
បច្ចុប្បន្ននេះ គ្រូឧប្បជ្ឈាយ៍ត្រូវមានការតែងតាំងពីគណៈសង្ឃនាយកទើបក្លាយជាគ្រូឧបជ្ឈាយ៍បាន។
ជាទូទៅក្នុងមួយស្រុក ក្រុង ឬ ខណ្ឌគឺមានគ្រូឧបជ្ឈាយ៍តែមួយអង្គ
ឬ អាចគ្មាន ក៏ថាបាន ហើយក្នុងមួយរាជធានី ឬ ខេត្តចាំបាច់ត្រូវមានព្រះភិក្ខុសង្ឃមួយអង្គជាគ្រូឧបជ្ឈាយ៍។
ព្រះសំវរវិជ្ជាបណ្ឌិត សុខ ប៊ុនធឿន
ព្រះចៅអធិការវត្តនន្ទមុនី ព្រះសមុហ៍ អនុគណខណ្ឌមានជ័យ និង ជាអនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និង ពុទ្ធិកក្រោយឧត្តមសិក្សា
នៃក្រសួងធម្មការ និង សាសនា មានសង្ឃដីកាថាព្រះគ្រូឧបជ្ឈាយ៍ពិតជាមានសារៈសំខាន់ណាស់គឺ៖
-កំណត់នាមបញ្ញត្តិរបស់នាគ
-ជាអ្នកណែនាំពន្យល់ដល់ព្រះភិក្ខុ
និង សាមណេរថ្មីនូវពុទ្ធវិន័យ ពុទ្ធ
បញ្ញត្តិ និង ព្រះធម៌ផ្សេងៗ។
-ជាអ្នកពិនិត្យលើកាយសម្បទាទាំងឡាយរបស់សាមណេរ
និង ភិក្ខុ
ដូចជាដៃ ជើង មុខមាត់ និង អវៈយវៈផ្សេងៗដទៃទៀត។
ដូច្នេះ តួនាទីគ្រូឧបជ្ឈាយ៍ គឺសម្រាប់ពិនិត្យពិច័យលើបុគ្គលិកលក្ខណៈសម្បត្តិរបស់ព្រះភិក្ខុ
និង សាមណេរឱ្យក្លាយជាព្រះសាវ័កដ៏ល្អរបស់ព្រះបរមគ្រូ
ដែលជាធនធានសម្រាប់ទ្រទ្រង់នូវលទ្ធិព្រះពុទ្ធសាសនា ឱ្យបានគង់វង្សគ្រប់៥០០០ព្រះវស្សា។
៣.៣-គ្រូបាធ្យាយ
គឺសំដៅលើខ្សែស្រឡាយ អម្បូរ ជួរ
ពូជ ខ្សែខាងម្តាយ ឬ ខាងឪពុក។ ជំនឿលើគ្រូបាធ្យាយនេះ គឺជាទស្សនៈបែបអរូបីមួយ ដែលអាចមានប្រភពពីជំនឿលើព្រលឹងរបស់ខ្មែរ
ក្នុងសម័យបុរេប្រវត្តិ។ ប៉ុន្តែ ជំនឿនេះមានលក្ខណៈចង្អៀតជាង
ព្រោះសំដៅទៅលើព្រលឹងខាងឪពុក និង ខាងម្តាយ ដែលមានភារកិច្ចថែទាំកូនចៅញាតិសន្តានក្នុងគ្រួសារ
ឱ្យបានសេចក្តីសុខក្សេមក្សាន្ត និង គង់វង្ស។ គេជឿថា
មនុស្សគ្រប់រូបដែលរស់រានមានជីវិតគឺសុទ្ធតែមានគ្រូបាធ្យាយតាមថែទាំ
មើលការខុសត្រូវ ការពារពីសត្រូវគ្រប់ប្រភេទ ជាពិសេស គឺជាអ្នកចង្អុលប្រាប់ពីគ្រោះកាច
គ្រោះភ័យ ដែលនឹងកើតមានឡើងដល់បុគ្គលដែលជាសមាជិកនោះទៀតផង ហើយក៏តម្រូវឱ្យបុគ្គលនោះ មានការនឹកគុណ សងគុណ ដល់គ្រូបាធ្យាយវិញដែរ
តាមរយៈការរៀបចំសំណែន ការរៀបចំអាសនៈជាបាយសីតាមជាន់ថ្នាក់ ទៅតាមជំនឿរបស់ក្រុមគ្រួសារ។ ជាទូទៅ គ្រួសារខ្មែរនីមួយៗ
តែងតែមានមនុស្សម្នាក់ក្នុងគ្រួសារជាអ្នកស្នងរូបនៃគ្រូបាធ្យាយនេះ ហើយក៏ជាអ្នកមើលការខុសត្រូវរាល់សកម្មភាពទាំងឡាយក្នុងគ្រួសារ។
លោក ព្រឹទ្ធាចារ្យ អ៊ុយ សុន អតីតនាយកសាលាបឋមសិក្សាព្រែកកំពឹស ស្រុកកណ្តាលស្ទឹង
បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខណ្ឌដង្កោមានប្រសាសន៍ថា ក្រុមគ្រួសារអម្បូររបស់លោក
មានម្តាយមីងម្នាក់ជាអ្នកស្នងរូបគ្រូបាធ្យាយ ហើយតែងតែបង្ហាញហេតុផលផ្សេងៗ
ដែលបានកើតក្នុងរង្វង់គ្រួសារហើយដែលជាប្រការមួយជំរុញឱ្យសមាជិកក្នុងអម្បូរគ្រួសាររបស់លោក
គោរពស្រឡាញ់ និង សួរយោបល់ពីបញ្ហាផ្សេងៗជានិច្ច ដោយគ្មាននរណាម្នាក់ហ៊ានប្រព្រឹត្តអ្វីផ្តេសផ្តាស
ប្រាសចាកពីក្រមសីលធម៌ក្នុងគ្រួសារ និង សង្គមឡើយ។ តាមន័យនេះ គ្រូបាធ្យាយគឺសំដៅលើឪពុកម្តាយដែលជាអ្នកបង្កើតរូបកាយ
អប់រំប្រៀនប្រដៅតាំងពីតូចរហូតដល់ធំពេញវ័យមានគ្រួសារប្តីប្រពន្ធ និង រក្សាកិត្តិយសកេរ្តិ៍ឈ្មោះក្នុងគ្រួសារទៀតផង។
ជាទូទៅ មាតាបិតា គេតែងតែចាត់ទុកជាព្រះកន្លោង គឺជាធំ (សរសរកន្លោង) សរសេរកណ្តាល ឬ សរសរទ្រូង។ ព្រះកន្លោងនេះមានភារកិច្ចសំខាន់ណាស់ក្នុងការថែរក្សាទ្រព្យសម្បត្តិ
អប់រំកូនចៅប្រុសស្រីឱ្យមានចំណេះដឹងខាងផ្លូវលោក ផ្លូវធម៌ សីលធម៌ រស់នៅប្រចាំថ្ងៃ
មានសុខភាពមាំមួន និង អនាគតភ្លឺស្វាង។ គេអាចនិយាយបានថាព្រះកន្លោងនេះ
គឺជាព្រះរស់ ព្រះផ្តល់កំណើត ព្រះថែទាំ ព្រះផ្តល់សក្តិយសក្នុងគ្រួសារ
ក៏ដូចជាក្នុងសង្គម។ ឪពុកម្តាយទាំងឡាយ តែងតែមានកាតព្វកិច្ច៥យ៉ាងចំពោះកូន
គឺផ្តល់កំណើត ចិញ្ចឹមជីវិត ផ្តល់ការរៀនសូត្រ ផ្តល់កេរមត៌ក និង រៀបចំមង្គលការ។
ក្នុងពិធីមង្គលការ ជាពិសេស ពិធីកាត់ខាន់ស្លាក៏មានការរៀបរាប់រំលឹកឡើងវិញអំពីគុណម្តាយ
និង ឪពុក ក្នុងការតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនស្រីកូនប្រុស រហូតដល់ធំពេញវ័យ
មានចរិយាសម្បត្តិ និង រូបសម្បត្តិល្អ
ហើយរៀបមង្គលការចំពោះមុខមាតាបិតា។ ចំណែកឯផ្កាស្លាដែលគេយកមកប្រើក្នុងពិធីនេះ ចែកជា៣ផ្នែក
គឺធាតុខាងឪពុក២១ ធាតុខាងម្តាយ១២ និង បងប្រុស៦ (យោងតាមទម្រង់អាពាហ៏ពិពាហ៏ខ្មែរ)។
ធាតុសំខាន់បំផុតគឺធាតុឪពុក និង ម្តាយជាគុណដ៏ធំធេងណាស់សម្រាប់កូនស្រី
កូនប្រុស ក្នុងពិធីអាពាហ៍ពិពាហ៍នេះ។
ដូច្នេះ ជំនឿលើគ្រូបាធ្យាយនេះទោះបីមានលក្ខណៈជារូបីក្តី
អរូបីក្តី ក៏សុទ្ធតែបង្ហាញពីគុណសម្បត្តិក្នុងគ្រួសារ ជួយថែរក្សាការពារជួយចិញ្ចឹមជីវិត
និង ប្រៀនប្រដៅកូនចៅឱ្យក្លាយជាមនុស្សល្អក្នុងសង្គម។
រួមសេចក្តីមក ជំនឿខ្មែរដែលមានតាំងពីបុរាណកាលមកនោះ បានក្លាយជាអត្តសញ្ញាណវប្បធម៌មួយ ដែលកំពុងតែមានឥទ្ធិពលក្នុងពេលបច្ចុប្បន្ន។ ខណៈពេលប្រទេសកម្ពុជា
បានក្លាយជាសមាជិករបស់សហគមអាស៊ាន នៅបំណាច់ឆ្នាំ២០១៥នោះ ជំនឿទាំងនេះរឹតតែមានតួនាទីយ៉ាងសំខាន់ទៅទៀតក្នុងការថែរក្សាអត្តសញ្ញាណជាតិសាសន៍ខ្មែរ។
ទោះបីជំនឿទាំងអស់នេះមានទិដ្ឋភាពខុសៗគ្នាក៏ពិតមែន
តែគេសង្កេតឃើញថាវាមានលក្ខណៈជាការដឹងគុណ ការសងគុណ និង ការរក្សាមត៌កស្នាដៃរបស់មនុស្សជំនាន់មុន។
ក្រៅពីនេះ ជំនឿទាំងអស់នោះមានលក្ខណៈជាការសំយោគរវាងទ្រឹស្តីទេវៈ និង ទ្រឹស្តីជំនឿផ្សេងៗ ដែលគ្មានអ្វីក្រៅពីការសុំសេចក្តីសុខ
ការសាមគ្គីជាកម្លាំងមួយ រវាងនិន្នាការជំនឿ ដើម្បីកសាងប្រទេសឱ្យបានរីកចម្រើន។
ដូច្នេះ ទស្សនវិជ្ជានេះ បានជុំរុញឱ្យមនុស្សជំនាន់ថ្មី ខិតខំកសាងទុកនូវស្នាដៃតូចក្តី
ធំក្តី ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ចាប់ពីក្នុងគ្រួសាររហូតដល់ក្នុងសង្គម។
សមិទ្ធផលទាំងនេះ បានក្លាយជាសោភណភាពមួយរបស់ស្រុកទេស និងជា ទីតាំងទេសចរណ៍ ដូចជា រូបសំណាកលោកតា ខ្មៅ
នៅក្រុងតាខ្មៅ លោកយាយម៉ៅ នៅពេ្រជនិល លោកយាយពេញ នៅវត្តភ្នំ លោកតាដំបងក្រញូង នៅបាត់ដំបង
លោកយាយយ៉ាត នៅប៉ៃលិន តេជោមាសតេជោយ៉ត ព្រះបាទជ័យវរ័្មនទី៧ ហ្លួងព្រះស្តេចកន
ព្រះបាទជ័យវរ័្មនទី៧ លោកតាក្រមង៉ុយ សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះករុណា ព្រះបរមកោដ្ឋ
ព្រះសុវណ្ណកោដ្ឋ ព្រះរាជានុកោដ្ឋ ព្រះបរមខត្តិយកោដ្ឋ
ព្រះមហាកញ្ចនកោដ្ឋ និង ព្រះបរមរតនកោដ្ឋជាដើម។
គន្ថនិទ្ទេស
១-ខ្លូត ធីតា, «ព្រះពុទ្ធសាសនានិងការអភិវឌ្ឍសង្គមខ្មែរ» គ.ស. ១៩៩៦
២-គួយ សូគាន, «អត្តសញ្ញាណវប្បធម៌ខ្មែរចូលរួមអភិវឌ្ឍសហគមន៍សេដ្ឋកិច្ច» ទស្សនាវដ្តីសេដ្ឋកិច្ចខ្មែរ លេខទី៤០-៤៣ ខែមិថុនា-កញ្ញា ឆ្នាំ២០១៥
៣-ជួន ណាត, «វចនានុក្រមខ្មែរភាគ១-២» ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ គ.ស. ១៩៦៧
៤-មៀច ប៉ុណ្ណ, «តួនាទីនិងភារកិច្ចរបស់អាចារ្យ» ក្នុងសិក្ខាសាលាជាតិស្តីពី «អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន» រៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០
៥-អាង គឹមអៀង និង គី សុខលីម, «ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ឥស្សរជនអមតៈ» រោងពុម្ពពន្លឺខ្មែរ គ.ស. ២០១៣
៦-អ្នកស្រី កែវ ណារុំ, «តន្រ្តីនិងជីវិតខ្មែរ» ការផ្សាយរបស់បណ្ណាល័យឆពណ្ណរង្សី ២០១១
៧-អ្នកស្រី ត្រឹង ងា, «អរិយធម៌» ការផ្សាយរបស់អ្នកនិពន្ធ ១៩៧៥