
សេចក្តីផ្តើម
ការចងក្រងប្រវត្តិកំណើត និង ឈ្មោះភូមិ ឃុំ ស្រុក ខេត្តក្រុង នៅប្រទេសកម្ពុជាគឺជាការចូលរួមថែរក្សានូវអត្តសញ្ញាណនៃដែនដី
ប្រជាជន និង វប្បធម៌នៅតាមតំបន់នីមួយៗ។ ការបានស្គាល់ និង យល់ដឹងនូវប្រវត្តិកំណើតទឹកដី ធនធានធម្មជាតិ ធនធានវប្បធម៌នៃប្រទេសកម្ពុជា គឺមានន័យថា ជាការបណ្តុះនូវស្មារតីកូនខ្មែរ ឱ្យចេះស្រឡាញ់ ថែរក្សា ការពារនូវទឹកដី ក៏ដូចជា ស្រឡាញ់នូវប្រទេសជាតិមាតុភូមិរបស់ខ្លួន។ នៅតាមទីតាំងភូមិ ឃុំ ស្រុក ខេត្ត ក្រុងនីមួយៗតែងតែមានប្រវត្តិជាប់ទាក់ទងនឹងវប្បធម៌ មោទនភាព វីរភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានា នៃប្រជាជនដែលរស់នៅក្នុងតំបន់នោះ។ ដើម្បី ជាការចូលរួមចំណែកក្នុងការបណ្តុះនូវស្មារតី នៃការចងក្រងឯកសារប្រវត្តិកំណើត និង ឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ក្រុងនេះ យើងនឹងលើកយកប្រធានបទមួយដែលមានចំណងជើងថាការបង្កើតខេត្តកោះកុងមកសិក្សាស្រាវជ្រាវ ។
១-ទីតាំងភូមិសាស្រ្តនៃខេត្តកោះកុង
កោះកុងគឺជាខេត្តមួយដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងកើតជាប់ខេត្តកំពត ព្រះសីហនុ និង កំពង់ស្ពឺ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ចំណែកខាងត្បូង និង ខាងលិចជាប់នឹងឈូងសមុទ្រថៃ។ ខេត្តកោះកុងមានចម្ងាយ២៩០គ.ម. ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវលេខ៤ និង លេខ៤៨។ ខេត្តនេះ បច្ចុប្បន្នមានទឹកដីទំហំចំនួន១១១៦០ គម២ និង មានប្រជាជនសរុបចំនួន១៣៩ ៧២២ នាក់ [1] ។
២-ប្រវត្តិនៃការបង្កើតខេត្តកោះកុង
ដើម្បីបានជ្រាបច្បាស់នូវប្រវត្តិនៃការកកើតខេត្តភាគនិរតីមួយនេះ យើង សូមរម្លឹកនូវប្រវត្តិខ្លះៗ ដែលទាក់ទងនឹងទឹកដីនៃតំបន់នោះ។ នៅឆ្នាំ១៩១៧ មុនការធ្វើកំណែទម្រង់រដ្ឋបាលនាឆ្នាំ១៩២១ ប្រទេសកម្ពុជាមានខេត្តចំនួន៥១ ក្នុងចំណោមខេត្តទាំងនោះ ក៏មានខេត្តកោះកុងមួយដែរ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩២១ ខេត្តទាំង៥១ នោះត្រូវបានប្តូរមកជាស្រុក។ តាមព្រះរាជប្រកាសលេខ៥២ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩២៣ ខេត្តដែលចំណុះឱ្យរេស៊ីដង់ទីរួមខេត្តកំពត ត្រូវរួមជាខេត្តតែមួយ ហៅថាខេត្តកំពត។ បើយោងតាមព្រះរាជប្រកាសនេះ ខេត្តកំពតនៅពេលនោះមាន៣ស្រុក ៖ ១-ស្រុកកំពត ២-ស្រុកបន្ទាយមាស ៣-ស្រុកកោះកុង ។
១-ស្រុកកំពតមាន៤ខ័ណ្ឌ ៖
ក-ខ័ណ្ឌកំពត
ខ-ខ័ណ្ឌឈូក
គ-ខ័ណ្ឌព្រៃនប់
ឃ-ខ័ណ្ឌកំពង់សោម ។
២-ស្រុកបន្ទាយមាសមាន៣ខ័ណ្ឌ ៖
ក-ខ័ណ្ឌបន្ទាយមាស
ខ-ខ័ណ្ឌកំពង់ត្រាច
គ-ខ័ណ្ឌតានី ។
៣-ស្រុកកោះកុងមាន២ខ័ណ្ឌ ៖
ក-ខ័ណ្ឌឡេមដេម
ខ-ខ័ណ្ឌជុំនាប ។
នៅឆ្នាំ១៩៥៨ ទើបខេត្តកោះកុងត្រូវបានបង្កើតឡើងតាមព្រះរាជក្រមលេខ២៤៦ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៨ ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៥៧ ។ តាមព្រះរាជក្រមនេះ ខេត្តកោះកុងបានតាំងនៅចាំយាម ស្ថិតក្នុងឃុំកោះប៉ោ។ ទឹកដីខេត្តកោះកុងនៅពេលនោះ មានក្រឡាផ្ទៃទំហំចំនួន៦០៦ ៦៤០ ហិចតា និង មានស្រុកចំនួន២ គឺ ៖ ១-ស្រុកកំពង់សោម ២-ស្រុកកោះកុង ដែលពីមុនស្ថិតនៅក្នុងខេត្តកំពត[2] ។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៩ ទីប្រជុំជនខេត្តកោះកុងត្រូវបានគេប្តូរពីចាំយាមទៅតាំងនៅភូមិបាងចាក ស្ថិតនៅក្នុងឃុំពាមក្រសោបវិញ តាម ព្រះរាជក្រមលេខ៣៣២ ន.ស. ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៥៩ ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៩ ។
នៅឆ្នាំ១៩៦០ ទីប្រជុំជននៃខេត្តកោះកុង ដែលស្ថិតនៅភូមិបាងចាក ឃុំពាមក្រសោប ស្រុកកោះកុង ខេត្តកោះកុងត្រូវបានដាក់ឈ្មោះហៅថា ក្រុងខេមរភូមិន្ទ តាមព្រះរាជក្រឹត្យលេខ២៦៨ ប.រ. ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦០ [3]។ ដោយមានការពង្រីកទឹកដី និង ការធ្វើឱ្យប្រសើរឡើង ក្នុងការគ្រប់គ្រងរដ្ឋបាលដែនដីក្នុងខេត្តកោះកុងនោះ នៅឆ្នាំ១៩៦៤ គេបានបង្កើតស្រុកថ្មីមួយ គឺស្រុកថ្មបាំង តាមព្រះរាជក្រមលេខ១៦៣ ប.រ. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ១៩៦៤ ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៦៣។ ស្រុកថ្មបាំង មានទីប្រជុំជននៅថ្មបាំង ត្រង់ចំណុច UT ៣០០-៩៣៨ ដែលមានផ្ទៃដីទំហំប្រហែល៦០គ.ម.ក្រឡា។
នៅពេលនោះ ស្រុកនេះមានឃុំចំណុះចំនួន៤គឺ ឃុំ ប្រឡាយ ឃុំឫស្សីជុំ ឃុំជំនាប់ ឃុំតាទៃលើ ដែលពីមុនឃុំទាំងអស់នេះស្ថិតនៅក្នុងស្រុកកោះកុង។ នៅឆ្នាំ១៩៦៩ គេបានបង្កើតស្រុកថ្មីមួយទៀត គឺស្រុកគិរីសាគរ តាមព្រះរាជក្រមលេខ៤១២ប.រ. ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៩ ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៦៩។ ស្រុកគិរីសាគរ មានសង្កាត់ចំណុះចំនួនពីរគឺ សង្កាត់ព្រែកខ្សាច់ ដែលបានកាត់ចេញពីស្រុកកោះកុង និង ឃុំថ្មស ដែលបានកាត់ចេញស្រុកកំពង់សោម។ ទីប្រជុំជននៃស្រុកគិរីសាគរ តាំងនៅភូមិចម្រើនផល ស្ថិតនៅក្នុងសង្កាត់ព្រែកខ្សាច់ [4]។ នៅឆ្នាំ១៩៧១ ក្នុងរបបសាធារណរដ្ឋខ្មែរ គេបានប្តូរឈ្មោះក្រុងខេមរភូមិន្ទ ទៅជាក្រុងកោះកុងវិញ តាមក្រមលេខ៤៦៦ប.រ. ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១ ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧០។ កាលពីឆ្នាំ១៩៦០ ទីប្រជុំជននៃខេត្តកោះកុងដែលស្ថិតនៅភូមិបាងចាក ឃុំពាម ក្រសោប ស្រុកកោះកុង
ខេត្តកោះកុងត្រូវបានដាក់ឈ្មោះហៅថា ក្រុងខេមរភូមិន្ទ ។ បច្ចុប្បន្ន ខេត្តកោះកុងមានក្រុង១
និង ស្រុកចំនួន៦ ដែលមានឈ្មោះដូចខាងក្រោម ៖
១-ក្រុងខេមរភូមិន្ទ
២-ស្រុកកោះកុង
៣-ស្រុកថ្មបាំង
៤-ស្រុកគិរីសាគរ
៥-ស្រុកបទុមសាគរ
៦-ស្រុកមណ្ឌលសីមា
៧-ស្រុកស្រែអំបិល ។
សន្និដ្ឋាន
សរុបមកយើងឃើញថា ខេត្តកោះកុងជាខេត្តមួយដែលស្ថិតនៅភាគ និរតីនៃប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨ នាសម័យសង្គមរាស្រ្តនិយម។ ខេត្តកោះកុងមានភូមិសាស្រ្តជាប់សមុទ្រ និង ជាប់ព្រំដែនជាមួយប្រទេសថៃផងនោះ
បានធ្វើឱ្យខេត្តមួយនេះ ទទួលបាននូវការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ដោយមានការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធគមនា-គមន៍ កំពង់ផែ កន្លែងកម្សាន្តជាច្រើនផងនោះ ខេត្តកោះកុងបានទាក់ទាញវិនិយោគទុន និង ភ្ញៀវទេសចរជាតិ អន្តរជាតិទៅកម្សាន្តនៅទីនោះយ៉ាងច្រើន។ ដើម្បីបង្កើននូវសក្តានុពលអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងថែមទៀតនោះ គេគួរជាពិសេស ទាក់ទងនឹងការអភិវឌ្ឍវិស័យទេស-ចរណ៍។ ដើម្បីអភិវឌ្ឍផ្នែកនេះឱ្យមានសក្តានុពលកាន់តែខ្លាំង និង មានលក្ខណៈយូរអង្វែង គេគួរយកចិត្តទុកដាក់លើសក្តានុពលទេសចរសិប្បនិម្មិត លើកតម្កើងឱ្យមានទេសចរផ្នែកវប្បធម៌ បរិស្ថាន ពាណិជ្ជកម្ម ជំនឿ ជាដើម។ រៀបចំយន្តការនៃការផ្តល់ថ្លៃសេវាកម្មសមរម្យ សម្រាប់បម្រើឱ្យផ្នែកទេសចរណ៍។ បង្កើនការផ្តល់ទំនុកចិត្តពីសំណាក់ភ្ញៀវទេសចរមកលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលទាក់ទងនឹងទំនាក់ទំនងសង្គម ការឆបោក សន្តិសុខ កន្លែងស្នាក់នៅ សណ្ឋាគារ អាហារ ផលិតផល ព្រមទាំងសេវាកម្មផ្សេងៗទៀត៕
គន្ថនិទ្ទេស
១-ឯកសារដើម
-រាជកិច្ចចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨
-រាជកិច្ចចេញផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៥៨
-រាជកិច្ចចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦០
-រាជកិច្ចចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៦៩
២-ឯកសារជាស្នាដៃនិពន្ធ
-បណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រវត្តិច្រកសៀម
(ជោគជ័យនៃកងទ័ពខ្មែរដើមសម័យឧដុង្គ)
ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានអ៊ីនធឺរេដ ខែធ្នូ ឆ្នាំ២០១៨ ។
-សុង ស៊ីណា នយោបាយអព្យាក្រឹតនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧០ និក្ខេបបទថ្នាក់បណ្ឌិត ឆ្នាំ២០១១ ។
-អេង សុត ឯកសារមហាបុរសខ្មែរ ។
[1]
ចំនួននេះគិតមកត្រឹមឆ្នាំ២០០៨។
[2]
រាជកិច្ចលេខ២
ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ទំព័រ៣១៣-៣១៤ ។
[3] រាជកិច្ចលេខ៣២
ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦០ ទំព័រ២៩៦១ ។
[4] រាជកិច្ចលេខ៩៨
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៦៩ ទំព័រ៩៣៥១
Leave a Reply