April 26, 2024
សាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវ​​ជ្រាវវប្បធម៌វិទ្យាសាស្រ្ត នៃសកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ

១-សេចក្តីផ្តើម (Introduction)

          ប្រទេសកម្ពុជា គឺជាមហាប្រទេសដ៏មានចំណាស់មួយនៅតំបន់អាស៊ីអគ្នេយ៏ សម្បូរណ៏ហូរហៀរ​ទៅដោយ​សម្បត្តិសិល្បៈវប្បធម៌ទាំងពីរ៖ សម្បត្តិវប្បធម៌លទ្ធកម្ម និងសម្បត្តិវប្បធម៌ធម្មជាតិ កេរ្តិ៍ដំណែលដ៏មាន​តម្លៃ​មិនអាច​កាត់ថ្លៃបានដូចជាៈ កុលាលភាជន៍ សំណង់ប្រាសាទ វត្តអារាម បដិមា សិលាចារិក គម្ពីរ សាស្រ្តា តន្រ្តី ចម្រៀង របាំគ្រប់ទម្រង់ ល្ខោនគ្រប់ទម្រង់ កំណាព្យ អក្សរសិល្បិ៍ ជាដើម…​។ តាមរយៈ​សម្បត្​តិបេតិ​កភណ្ឌវប្បធម៌សិល្បៈខ្មែរដ៏អស្ចារ្យទាំងនេះ បេតិកភណ្ឌវប្បធម៌សិល្បៈនៃមនុស្សជាតិ មានជាអាទិ៍៖ តំបន់អង្គរ ប្រាសាទព្រះវិហារ ប្រាសាទសម្បូរណ៍ព្រៃគុក របាំក្បាច់បុរាណ ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោល។ ទន្ទឹមនេះសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួនទៀតក៏កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះ​បញ្​ជីនៅអង្គការយូណេស្កូជាបន្តបន្ទាប់ទៀត ។

      យោងទៅលើអនុសញ្ញាឆ្នាំ២០០៣ មរតកវប្បធម៌អរូបី គឺសំដៅទៅលើការប្រតិបត្តិ ការបង្ហាញ​ការសម្តែង​ចេញមក ចំណេះដឹង ជំនាញ (ក្នុងនោះរួមបញ្ចូលទាំងឧបករណ៍ ប្រដាប់ប្រដា វត្ថុ និង     ទីតាំងវប្បធម៌​ដែលជាប់​ពាក់​​ព័ន្ធ) ដែលសហគមន៍ ក្រុមមនុស្ស ឬបុគ្គលទទួលស្គាល់ថាជាមរតកវប្បធម៌របស់ខ្លួន ហើយបានផ្ទេរបន្ត​ពីជំនាន់មួយទៅជំនាន់មួយទៀត ហើយត្រូវសហគមន៍ ឬក្រុមមនុស្សយកមកប្រតិបត្តិឡើងវិញជាប់រហូតមក ដើម្បីឆ្លើយតបនឹងបរិស្ថានរស់នៅប្រាស្រ័យទាក់ទងជាមួយធម្មជាតិ និងប្រវត្តិរឿងរ៉ាវរបស់ពួកគេ ព្រមទាំងផ្តល់​ឲ្យសហគមន៍នោះនូវអត្តសញ្ញាណ និងនិរន្តរភាពផង[1]។ ហេតុដូច្នេះបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ បានលើកកម្ពស់ដល់ការគោរពនូវវប្បធម៌ចម្រុះ និងការច្នៃប្រឌិតរបស់មនុស្ស ។

បេតិកភណ្ឌជាអ្វី? (What is Heritage?)

     ត្រូវបានគេកំណត់ថា ជាចលនៈ ឬអចលនៈទ្រព្យ ដែលមានសារៈសំខាន់ធំធេង ដែលជាមរតក​វប្បធម៌​របស់មនុស្សគ្រប់រូប ឬជាវត្ថុ ដែលជាការបង្ហាញនូវសក្ខីភាព នៃស្នាដៃរបស់មនុស្ស ឬជាការវិវត្តន៏របស់ធម្មជាតិ ហើយដែលនាំមកនូវសារប្រយោជន៏ និងតម្លៃខាងបុរាណវិទ្យា ប្រវត្តិវិទ្យា សិល្បៈ វិទ្យាសាស្រ្ត ឬក៏បច្ចេកទេស ភាពសម្បូរណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌សិល្បៈទាំងរូបី និងអរូបី ដែលបុព្វបុរសបាន​បន្សល់ទុក​រាប់​ពាន់ឆ្នាំមកហើយសក្តិសមជា ”ព្រះរាជាណាចក្រនៃវប្បធម៌” ដ៏ពិតប្រាកដ។ លើសពីនេះតាមរយៈការខិត​ខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលសម្បត្តិវប្បធម៌កម្ពុជា មួយចំនួនត្រូវបានពិភពលោក​ទទួល​ស្គាល់ និងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក។  ប្រជាជនកម្ពុជាគ្រប់រូបមានហេតុផលគ្រប់គ្រាន់ និង​ភស្តុតាង​ជាក់ច្បាស់ប្រកបដោយមោទនភាព ចំពោះទេពកោសល្យដ៏កំពូល ប្រណីតភាព សោភ័ណភាព និងអច្ឆរិយ ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យជាមរតកវប្បធម៌ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន កំណត់ឲ្​យយើង​នូវអត្តសញ្ញាណជាតិ និងនិរន្តរភាព ដោយផ្សារភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជាពីអតីតកាល មកបច្ចុប្បន្ន និងទៅអនាគត ហើយក៏ជាប្រភពធនធានមិនចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម [2]

បេតិកភណ្ឌរូបី (Tangible Heritage)

    ប្រាសាទ វិមាន ចម្លាក់ គំនូរ សិលាចារិក រូងដែលជាកន្លែងសំណាក់មនុស្សដើម រូងភ្នំដែល​មានរូប​រាងជាអ្វីមួយ មានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ វិទ្យាសាស្រ្ត ឬសាសនា ។ ក្រុមអគារសង់ជាប់គ្នា ឬសង់ដាច់ពីគ្នា ក្នុងលំហទិដ្ឋភាពមួយមានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ វិទ្យាសាស្រ្ត ឬសាសនា។      បណ្តា​​បេតិកភណ្ឌ​វប្បធម៌​ទាំង​នោះ​រួមមានផ្នែករូបី ជាអាទិ៍គឺ ​ប្រាសាទ រមណីយដ្ឋាន​​ វត្តអារាម ផ្ទះបុរាណ រមណីយដ្ឋាន​​ប្រវត្តិសាស្រ្ត ទួលអង្គ…រួមមាន​រាប់រយ​រាប់ពាន់ប្រមាណជិត ៤,០០០ កន្លែង រាយ​ដេរដាស​ទូទាំង​ប្រទេស​ (​នេះ​មិន​ទាន់​គិត​ដល់​ប្រាសាទ​រាប់សិប ឬ​រាប់រយ​​ផ្សេង​ទៀត​ដែល​ជា​អតីត​ប្រាសាទបុរាណខ្មែរ ​ស្ថិត​នៅ​ក្នុង​ដែនដី​ប្រទេស​ជិតខាង​ទៀត​ផង)[3]។ ​បេតិកភណ្ឌរូបី ដែលយើងបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន៖

          ១)តំបន់អង្គរ ថ្ងៃទី ១៤ ធ្នូ ១៩៩២

          ២)ប្រាសាទព្រះវិហា ថ្ងៃទី ០៧  កក្កដា ២០០៨

          ៣)ប្រាសាទសម្បូណ៍ព្រៃគុក ថ្ងៃទី ០៨  កក្កដា ២០១៧

បេតិកភណ្ឌអរូបី(Intangible Heritage)

   ការប្រតិបត្តិ ការសម្តែង ការនិយាយ ចំណេះដឹង ចំណេះធ្វើ ព្រមទាំងឧបករណ៏ វត្ថុដែលមាន​ប្រភព​និង​លំហវប្បធម៌បញ្ចូលគ្នា បន្តពីជំនាន់មួយទៅជំនាន់មួយ ហើយត្រូវបានបង្កើតថ្មី ជាអចិន្រ្តៃយ៍ឡើងវិញ តាម​បរិស្ថានដែលគេរស់នៅ ទៅនិងអន្តរកម្មរបស់ពួកគេ ជាមួយនឹងធម្មជាតិ ជាមួយនឹងប្រវត្តិសាស្រ្ត ដែល​សហគមន៍ ក្រុមមនុស្ស និងក្នុងករណីខ្លះបុគ្គលស្គាល់ថា ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់ពួកគេ ។ របស់​ដែលសមស្របជាមួយ និងលិខិតតូបករណ៍អន្តរជាតិ កំពុងមានអត្ថិភាពទាក់ទង​ជាមួយនឹង​សិទ្ធិមនុស្ស​ជា​ធរមាន តម្រូវឲ្យមានការគោរពគ្នាទៅវិញទៅមករវាងសហគមន៏ ក្រុមមនុស្ស បុគ្គល ហើយរួមគ្នាអភិវឌ្ឍន៍​ដោយ​ឈរ​លើមូលដ្ឋានអភិរក្ស ទើបមាននិរន្តរភាពនិងចីរភាព។ បង្ហាញពីទិដ្ឋភាពទូទៅនៃទម្រង់សិល្បៈអរូបី នៅកម្ពុជាមានជាអាទិ៍៖ របាំគ្រប់ទម្រង់ ល្ខោនក្បាច់បុរាណ(ល្ខោនព្រះរាជទ្រព្យ ឬល្ខោនលួង) ល្ខោនតុក្កតា  ល្ខោនស្បែកតូចឬអាយ៉ង  ល្ខោនស្បែកធំ ល្ខោនស្បែកពណ៌ ល្ខោនប្រាមោជ្ជទ័យ ល្ខោនកំណាព្យ ល្ខោន​ភ្លេងការ ល្ខោនអាប៉េ អាយ៉ៃរឿង ខ្សែដៀរឿង ចាប៉ីរឿង ល្ខោនខោល ល្ខោនពោលស្រី ល្ខោនបើកបទ ល្ខោន​មហោរី ល្ខោនគែន ល្ខោនយីកេ  ល្ខោននិយាយ ល្ខោនបាសាក់  និទានរឿង សៀករឿង និងល្ខោនចម្រុះ ដែលបេតិកភណ្ឌអរូបីទាំងនេះត្រូវបានពិភពលោកដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិបានមួយចំនួនដូចជា៖

          ១)របាំអប្សារា ថ្ងៃទី ០៧  វិច្ឆិកា  ២០០៣

          ២)ល្ខោនស្រមោលស្បែកធំ ថ្ងៃទី ២៥  វិច្ឆិកា  ២០០៥

          ៣)ល្បែងទាញព្រាត់ ថ្ងៃទី ០២  ធ្នូ  ២០១៥

          ៤)ចម្រៀងចាប៉ី ថ្ងៃទី ៣០ វិច្ឆិកា ២០១៦

          ៥)ល្ខោនខោល ថ្ងៃពុធ ទី២៨  វិច្ឆិកា  ២០១៨

  • បញ្ហាសិល្បៈវប្បធម៌អរូបី (The issue of intangible cultural art)

 បញ្ហាសិល្បៈវប្បធម៌ អរិយធម៌ របស់ប្រជាជាតិនីមួយៗ តែងហូរឆ្លងចេញចូលទទួលឥទ្ធិពលពីគ្នា​ទៅវិញ​ទៅមក។ ខ្មែរជាពូជអ្នកលេងល្បែងបញ្ញា គ្មានគំនិតគិតប៉ុនប៉ង ចម្លង ផ្តិតយកពីគេទាំងស្រុង ទាំងដុល ឬទាំង​ឫសគល់នោះឡើយ។ អ្វីដែលចូលមកស្រុកខ្មែរ ត្រូវតែឆ្លងកាត់ ត្បាល់កិនសិន គឺទាល់តែបានកិន បានចម្រាញ់ បានជម្រើស បានជម្រុះ…ជ្រើសយកតែធាតុណាដែលជាភាពប្រពៃ ភាពមានប្រយោជន៍​សម្រាប់​ខ្មែរ និងដើម្បី​ខ្មែរ​តែប៉ុណ្ណោះ ទើបខ្មែរព្រមទទួលយកធ្វើជារបស់ខ្មែរ ដូច្នេះការកសាងវប្បធម៌សិល្បៈមួយឲ្យមាន​បុគ្គលិក​លក្ខណៈ​ជាតិពិតប្រាកដ មិនអាចធ្វើទៅបានក្នុងរយៈពេលតិចជាង១០០ឆ្នាំឡើយ។ ឧទាហរណ៍៖ល្ខោន​បាសាក់​ចូលមកស្រុកខ្មែរ ប្រហែលជាក្នុងឆ្នាំ១៩៣០(ពេលនេះ៨៨ឆ្នាំ) តែមធ្យោបាយសម្តែង​របស់ល្ខោន​បាសាក់ ចំរៀង តន្រ្តី សំលៀកបំពាក់ នៅតែមានពណ៌សម្បុរចម្រុះ ទទួលឥទ្ធិពលពីចិន ពីបារាំង វៀតណាម នៅឡើយ។ រីឯពណ៌សម្បុរជាតិខ្មែរមានប្រហែល៧០ភាគរយប៉ុណ្ណោះ។ ប្រាសាទ និងចម្លាក់ខ្មែរ បានរកបុគ្គលិក​លក្ខណៈ​ខ្មែរពិតប្រាកដឃើញចាប់ផ្តើមពីសតវត្សរ៍ទី៩-១៣ បានន័យថាជាង ៤០០ឆ្នាំ ទើបរកឃើញ​បុគ្គលិកលក្ខណៈ​ជាតិពិត [4]។ ដូច្នេះការកសាងសមត្ថភាព និងបណ្តុះធនធានមនុស្សផ្នែកវប្បធម៌សិល្បៈគឺជាកត្តាចាំបាច់។ ឧទា​ហរណ៍ៈ អាណាចក្រអង្គរជាសរណដ្ឋានដ៏ពិសិដ្ឋ មានអរិយធម៌ខ្ពង់ខ្ពស់ មានទេពកោសល្យ ឧប​និស្ស័យ​​​និង​គំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងមានការលូតលាស់ខាងបញ្ញាដល់កំពូលនាសតវត្សទី១១ និង១២ មានប្រាសាទ​ធ្វើអំពីថ្មចំនួន១០៨០ជាភស្តុតាង មហាវិទ្យាល័យពីរ គឺជ័យស្រី និងរាជវិហារ(សតវត្សរ៍ទី១១-១២)មាន​សាស្រ្តា​ចារ្យចំនួន ២៧៤០នាក់ មានបណ្ឌិត១៨អង្គ មានសិលាចារិកចំនួន ៥៥០ផ្ទាំង មានរូបចម្លាក់   ទូទាំងប្រទេស​ចំនួន ២០៤០០ សិល្បករដាប់ថ្ម ចំនួន ៦៤៦៥នាក់ មានអ្នករបាំចំនួន ១៦២២នាក់ មានបញ្ញាជនចំនួន ៣៨៥៧៣៧នាក់ [5]។ ​   របាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១២ បានបង្ហាញថាប្រាសាទ​នៅក្នុងប្រទេសរបស់យើងមានចំនួន១១៩៨ ប្រាសាទ[6] ។ របាំក្បាច់បុរាណមានក្បាច់មូលដ្ឋាន៤៥០០ ជាតម្លៃខាងស្មារតី និងសោភ័ណស្ថិតនៅក្នុងចរន្តវប្បធម៌ទាំងពីរ គឺចរន្តបញ្ញាជន និងចរន្តមហាជន ។ តម្លៃពិតទាំងពីរនេះបូកបញ្ចូលមក ទើបចេញជាអត្តសញ្ញាណពិតរបស់ខ្មែរ ។

ការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរប្រកបដោយចីរភាព

         ការកសាងសមត្ថភាព អភិវឌ្ឍន៍ធនធានមនុស្ស (បច្ចេកទេសនិងចំណេះដឹងទូទៅ)         ការបញ្ជ្រាប​មុខ​វិជ្ជា សញ្ញាណទូទៅស្តីពី ទម្រង់សិល្បៈទស្សនីយភាពខ្មែរ តាមអនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថាន និងសកល​វិទ្យាល័យ គឺជាអាទិភាព(Priority) ត្រូវតែរក្សាទុកការអប់រំវប្បធម៌សិល្បៈខ្មែរ ការផ្តល់ចំណេះដឹង និងបំណិន​ខាងវិស័យវប្បធម៌សិល្បៈមានដូចជា៖គំនូរ របាំ ការហត្ថកម្ម ល្ខោន តន្រ្តី ចម្រៀង កំណាព្យ អក្សរ​សិល្បិ៍ ជាមុខវិជ្ជាសំខាន់មួយក្នុងចំណោមមុខវិជ្ជាដទៃទៀតនៅក្នុងប្រព័ន្ធអប់រំ នៃកម្មវិធីសិក្សារបស់​ក្រសួងអប់រំយុវជន និងកីឡា…បង្កើតឲ្យមានវេទិកា(ឆាករបាំឬល្ខោនតូចៗ) នៅតាមគ្រឹះស្ថានសិក្សា សាលារៀន សកលវិទ្យាល័យ​ដូចជា៖

          -ពង្រីកបរិមាណ និងគុណភាពគ្រូអប់រំសិល្បៈ

          -ជម្រុញការលើកទឹកចិត្តដល់គ្រូអប់រំសិល្បៈ

          -បង្កើនវគ្គបំពាក់បំប៉ន និងបណ្តុះបណ្តាលអ្នកជំនាញ

           -ពង្រីកមធ្យោបាយផ្សព្វផ្សាយឲ្យទូលាយ

          -ស្វែងរកថវិកាដើម្បីធានានូវនិរន្តរភាពនៃការអនុវត្ត

          -បង្កើនទីផ្សារសិល្បៈទស្សនីយភាពក្នុង និងក្រៅប្រទេស

          -លើកទឹកចិត្ត និងផ្តល់តម្លៃដល់អ្នកមានទេពកោសល្យខាងសិល្បៈលេចធ្លោ(ដុង)

      -ការផ្សព្វផ្សាយចំណេះដឹងវប្បធម៌ និងគុណធម៌ជាតិ ដល់ជនជាតិខ្មែរទាំងឡាយដែលមានទឹកចិត្តស្រលាញ់

           សិល្បៈវប្បធម៌ និងប្រពៃណីជាតិថា ”ដួងព្រលឹង” គឺជា ”អត្តសញ្ញាណ” របស់ជាតិយើង។

ប្រសិទ្ធភាពនៃការអនុវត្តន៏ (Effectiveness of implementation)

 ភាពសក្តិសិទ្ធិនៃសិល្បៈនាដសាស្រ្តឲ្យរីកចម្រើនទាំងរដ្ឋ និងឯកជនទៅបានលុះត្រាតែមានការចូល​រួមជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក ជួយបង្កលក្ខណៈសម្បត្តិងាយស្រួល និងផ្តល់សេរីភាពព្រមទាំងការលើកទឹកចិត្ត ដើម្​បីបំពេញគ្នាទៅវិញទៅមក។ ការចូលរួមរបស់មហាជន ប្រជាជន បញ្ញាវន្ត        គ្រូបង្រៀន សិស្សា​នុសិស្ស​ទាំង​អស់ និងការយកចិត្តទុកដាក់លើកទឹកចិត្ត ឧបត្ថម្ភដល់ចលនាច្នៃប្រឌិត តែងនិពន្ធ ដែលជាប្រភពនៃ​ការរីក​ចម្រើនខាងអក្សរសិល្ប៍ និងសិល្បៈនាដកម្ម។

    ការងារសិល្បៈវប្បធម៌ ជាការងារធំទូលាយណាស់ឳបក្រសោបជីវិតទាំងមូល ហើយគ្មានស្នាដៃណាដែល​គ្មានមូលដ្ឋានចិត្តរំភើប និងមនុស្សធម៌ឡើយ។ ហេតុនេះទស្សនៈចង្អៀតចង្អល់        ទស្សនៈផ្តាច់មុខនិយម​ខាង​ផ្នែកវប្បធម៌ ឬទស្សនៈប្រមូលផ្តុំនិយមខាងផ្នែកសិល្បៈវប្បធម៌ជាតិ គឺជាគំនាបកៀបសង្កត់យ៉ាងធ្ងន់ធ្ងរ​ដល់​គំនិត​ច្នៃប្រឌិត និងឧបនិស្ស័យ ទេពកោសល្យរបស់មនុស្ស។ ដើម្បីឲ្យជំនាញមួយអភិវឌ្ឍន៍ទៅបាន ទាល់តែ​អ្នកធ្វើជំនាញនោះ មានថវិកា មានការគ្រប់គ្រងល្អិតល្អន់ មានក្រមសីលធម៌  វីជ្ជាជីវៈ និងមានមនសិការជំនាញ៖

          ១-សមត្ថភាពជំនាញ

          ២-បទពិសោធន៍ជំនាញ

          ៣-ឧបនិស្ស័យជំនាញ

          ៤-ចិត្តស្រឡាញ់ជំនាញ

          ៥-ចិត្តពលីដើម្បីជំនាញ

    ចំពោះសិល្បករ គ្មានទុក្ខវេទនាណាឲ្យខ្លាំងក្លាជាជាងការគ្មានឆាកសំដែងឡើយ ។ យោងតាមសកម្ម​ភាពដែលមានកន្លងមក និងក្នុងបំណងពង្រឹងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ដែលធ្លាប់មានអរិយធម៌ដ៍រុងរឿង​យូរលង់មកហើយនោះ និងដើម្បីទប់ទល់នឹងការហូរចូលនៃចរន្តវប្បធម៌សិល្បៈបរទេស​យើងនាំគ្នាធ្វើ​សកម្ម​ភាព​​(រដ្ឋាភិបាល) តាមរយៈការគៀងគរវិនិយោគជារោងសម្តែងសិល្បៈឲ្យមានច្រើនទីតាំង ដើម្បីងាយស្រួលក្នុង​ការ​បំផុសចលនាយុវជនមហាជន ឲ្យចូលរួមក្នុងការបណ្តុះគំនិតឲ្យស្រលាញ់បេតិក ភណ្ឌវប្បធម៌សិល្បៈ​របស់ខ្លួន ទើបយើងរកឃើញឡើងវិញនូវតម្លៃពិតខាងស្មារតីនៃសិល្បៈអរូបីរបស់ខ្លួន បន្តបណ្តុះបណ្តាលបំពាក់​បំប៉នអត្តសញ្ញាណពិតរបស់ខ្មែរ ឲ្យកូនខ្មែរមានសាមគ្គីភាព មានភាពរុងរឿង និងវឌ្ឍនភាពខាងផ្លូវកាយ ផ្លូវចិត្តគំនិត ដើម្បីការវិវត្តន៍ដោយមានតុល្យភាព និងភាពសមរម្យ រវាងបុគ្គល ធម្មជាតិ និងសង្គម ។ បទបង្ហាញ​ស្តីអំពី ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ ជាផ្នែកមួយក្នុងការចូល​រួមថែរក្សាការ​ពារកេរមរតក​ដូន​តាដែលមានលក្ខណៈពណ៌សម្បុរជាតិពិត ក្នុងអត្ថន័យបុរាណមិនយឺត សម័យមិនបរទេស។

សេចក្តីសន្និដ្ឋាន (Conclusion)

     ដើម្បីថែរក្សានូវបេតិកភណ្ឌសិល្បៈអរូបីទាំងអស់នោះបាន ត្រូវធ្វើឲ្យមានប្រយោជន៍រស់រវើកក្នុងជីវ​ភាពរស់នៅ​របស់ខ្មែរ នៅពេលដែលវប្បធម៌បរទេស មិនទាន់ក្លាយទៅជាជីវភាពរស់នៅរបស់ខ្មែរនៅឡើយ។   “ បើចង់​ថែរក្សាឲ្យគង់វង្សនូវមរតកទាំងនោះ ទាល់តែធ្វើឲ្យប្រជាជនក្លាយទៅជាម្ចាស់នៃមរតកទាំងអស់នោះ បើចង់ឲ្យប្រជាជនក្លាយទៅជាម្ចាស់មរតក លុះត្រាតែធ្វើយ៉ាងណាឲ្យមរតកទាំងអស់នោះ នៅតែមានប្រយោ​ជន៍​ចំពោះជីវិតខ្មែរ ”។ ដូច្នេះការចូលរួមសិក្សាស្វែងយល់អំពីតម្លៃវប្បធម៌សិល្បៈខ្មែរ និងវប្បធម៌សិល្បៈផ្សេងៗ ដែលកំពុងជ្រៀតចូលមកក្នុងប្រទេសរបស់យើងមានទាំងវិជ្ជមាន និងអវិជ្ជមាន ការស្វែងរកដំណោះស្រាយ និងទិសដៅដើម្បីឲ្យវប្បធម៌សិល្បៈអរូបីខ្មែរ មានអត្ថិភាពនៅក្នុងពហុវប្បធម៌ រួមគ្នាដោយស្មោះស្ម័គ្រ​ក្នុងការ​អភិរក្សវប្បធម៌សិល្បៈរបស់ជាតិឲ្យបានគង់វង្ស និងការចូលរួមផ្តល់មតិក្នុងការអភិរក្សវប្បធម៌សិល្បៈ អរូបីជាតិ ទៅតាមទំនោររីកចម្រើន ដែលមានលក្ខណៈសមស្របតាមការរីកចម្រើនរបស់ប្រទេស  ចូលរួមលើកស្ទួយ​ធ្វើឲ្យវប្បធម៌សិល្បៈខ្មែរ នៅតែមានអត្ថិភាពលេចត្រដែត ទោះបីវប្បធម៌សិល្បៈបរទេសជាច្រើនហូរចូល​មកក្នុង​ប្រទេសយើងក៏ដោយ…ចូលរួមយ៉ាងសកម្មតាមគ្រប់រូបភាព ក្នុងការអប់រំ ធ្វើឲ្យមហាជនចេះបែងចែក​ច្បាស់​លាស់ រវាងវប្បធម៌សិល្បៈខ្មែរ ដោយមិនធ្វើឲ្យច្របូកច្របល់នាំឲ្យបាត់ប្រភពដើមនៃវប្បធម៌សិល្បៈរបស់ខ្លួន។ ដូច្នេះមរតកវប្បធម៌សិល្បៈអរូបីខ្មែរ ជាជ្រុងមួយតូចជួយពង្រីងអត្តសញ្ញាណជាតិខ្មែរ និងរួមចំណែកអភិវឌ្ឍន៍​សង្គមខ្មែរមាតុភូមិកម្ពុជាឲ្យរីកចម្រើនរុងរឿង។ វប្បធម៌ជាគ្រឹះនៃការអភិវឌ្ឍន៍សង្គម ។

ឯកសារពិគ្រោះ

១ )ហ៊ុន សែន                សារលិខិត  ថ្ងៃទី៨ មិថុនា ២០១៧

២)ត្រឹង ងា                   ប្រវត្តិសាស្រ្តខ្មែរ ឆ្នាំ១៩៧៦

៣)Pich Tum  Kravel Khmer Dances,2001

៤)KEO NArum          APSARA DANCE,2003

៥)Pich Tum Kravel  KHMER PERFORMING ARTS,2003 .

៦)ពេជ្រ ទុំក្រវិល                       តន្រ្តីរបាំនិងល្ខោន  ឆ្នាំ២០១០

៧)គណៈកម្មាការវប្បធម៌កម្ពុជា    ប្រវត្តិសាស្រ្តកម្ពុជា ឆ្នាំ២០០៨

៨)វង់ ជុន                     ជីវិតខ្មែរនិងល្ខោនខ្មែរ ឆ្នាំ២០០៩

៩)ឆេង ផុន                  គោលទស្សនៈធំៗ ចំពោះវប្បធម៌ខ្មែរ និងការអភិវឌ្ឍ ឆ្នាំ២០០០

១០)សេង គឹមលី           ប្រវត្តិសិល្បៈខ្មែរ ឆ្នាំ២០០២ ។

១១)ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមភាគ១-២ ឆ្នាំ១៩៦៧ បោះពុម្ពលើកទី៥ ទំព័រ១៣៤០

១២)វ៉ា សុវណ្ណារ័ត្ន         ស្ថាបត្យកម្មពិភពលោក ឆ្នាំ២០០៧

១៣)ម៉ាយឃើលវិកឃីរី   ប្រវត្តិសាស្រ្តកម្ពុជា ឆ្នាំ២០០២

១៤)ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ          បញ្ជីសារពើភណ្ឌអរូបី ឆ្នាំ២០១៨

១៥)ជីវ តាក្វាន់             កំណត់ហេតុ ឆ្នាំ១៩៧៣

[1] :ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជីសារពើភណ្ឌអរូបី ឆ្នាំ២០១៨

[2] :ហ៊ុន សែន  សារលិខិត  ថ្ងៃទី៨ មិថុនា ២០១៧

[3] :ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជីសារពើភណ្ឌអរូបី ឆ្នាំ២០១៨

[4] : ឆេង ផុន គោលទស្សនៈធំៗ ចំពោះវប្បធម៌ខ្មែរ និងការអភិវឌ្ឍ ឆ្នាំ២០០០

[5] :- ដ-

[6] :ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ   របាយការណ៍  ឆ្នាំ២០១២