ទស្សនវិជ្ជាសិល្បៈ ស្វែងរកមូលហេតុដែលនាំឱ្យមានសិល្បៈ ស្វែងរក សារជាតិនៃសិល្បៈ និង ស្វែងរកមូលហេតុដែលសិល្បៈ ត្រូវបានគេឱ្យតម្លៃហើយវាឆ្លុះបញ្ចាំងពីតួនាទី អត្ថន័យ និង សារសំខាន់របស់វានៅក្នុងសង្គម។
១-លក្ខណៈរបស់សិល្បៈ
លក្ខណៈរបស់សិល្បៈមាន ៖ ការធ្វើត្រាប់ (Mimetic Theory) តម្លៃគំនិតក្នុង សិល្បៈ
(Formal Theory) និង ការសម្តែង (Expression Theory)។ សិល្បៈគំនិត ៖ គឺជាសិល្បៈនិយមតាមគំនិត ដោយធ្វើអ្វីៗឱ្យមានន័យជាប់នៅក្នុងទង្វើនោះផងពោលគឺ មិនគ្រាន់តែឱ្យមានន័យចំពោះតែសិល្បៈ ភ្លេងរបាំ និង ចម្រៀង ប៉ុណ្ណោះ ទេ សូម្បីតែសិល្បៈស្ថាបត្យកម្មក៏ឱ្យមានន័យដែរដូចជា ការស្ថាបនា ទីក្រុងអង្គរដែលមានធ្វើកំពែងខ្ពស់វែងនិងមានគូទឹកព័ទ្ធជុំវិញជាតំណាងមហាសាគរជាដើម។ ត្រង់កណ្តាលទីក្រុងមានប្រាសាទភ្នំមួយដូចជាប្រាសាទបាយ័នឬ ប្រាសាទអង្គរវត្តជាដើម ជាតំណាងភ្នំព្រះសុមេរុ
ដែលជាស្ថានទេវលោក ជា លំនៅនៃទេវៈទាំងឡាយ និងជាគម្រូនៃលិង្គព្រះឥសូរតម្កល់លើយោនី។ល។
១.១-ការធ្វើត្រាប់ (Imitative Theory)
សិល្បៈគឺជារូបឆ្លុះនៅក្នុងកញ្ចក់ឆ្លុះបញ្ចាំងពីធម្មជាតិនិង សង្គម។ សិល្បៈភាគច្រើនចេញមកពីការធ្វើតំណាង ការចម្លង ការធ្វើត្រាប់តថភាពដូចជាគំនូរអំពី រុក្ខជាតិ ទេសភាព សត្វ មនុស្សជាដើម បានតំណាងអ្វីមួយ ដែលកើតឡើងនៅក្នុងតថភាពហើយសិល្បករត្រូវគេសរសើរ ពីព្រោះតែការមានទេពកោសល្យក្នុងការគូររូបឱ្យកើតឡើងជាលក្ខណៈធម្មជាតិដូចជា ពន្លឺ ទម្រង់ និង ពណ៌។ ដូចគ្នានេះដែរ អក្សរសិល្ប៍ ឬ ប្រលោមលោកនានាដូចជា រឿងទុំទាវ រឿងផ្កាស្រពោន រឿងកូលាបប៉ៃលិន រឿងភូមិតិរច្ឆានជាដើមសុទ្ធតែបានឆ្លុះបញ្ចាំងតថភាពសង្គម។ ពេលដែលគេអានរឿងទាំងនេះ ហាក់ដូចជាធ្វើឱ្យគេនឹកឃើញហេតុការណ៍កំពុងកើតឡើងឬស្រមៃឃើញមនុស្សពិតៗកំពុងធ្វើសកម្មភាពយ៉ាងរស់រវើក។ កម្មវត្ថុនៃការធ្វើត្រាប់ជាធម្មតាគឺធ្វើឱ្យដូចគ្នាជាមួយធម្មជាតិ។គេក៏អាចបង្កើតសិល្បៈតាមរយៈគំនិតអរូបី ឬ តាមគំនិតស្រមើស្រមៃផងដែរ។ ឧទាហរណ៍ការគូររូបឬចម្លាក់អំពីអាទិទេពយក្ស មនុស្សមានខ្លួនជាសត្វ ឬ មនុស្សមាន ក្បាលជាសត្វជាដើម។
១.២-តម្លៃគំនិតក្នុងសិល្បៈ (Formal Theory)
ការធ្វើត្រាប់ ចងភ្ជាប់សិល្បៈទៅនឹងពិភពតថៈ។ ពិភពតថៈនិងពិភពមនោគតិ មានអន្តរទំនាក់ទំនង។ សិល្បៈមានទំនាក់ទំនងជាមួយគំនិតក្នុងសតិ។ វិសាលភាព និង ភាពស៊ីជម្រៅនៃខ្លឹមសារគំនិត ទស្សនៈស្តីពី លោកិយ បរលោក ជីវិត និង ការអប់រំជាដើម បង្កប់ក្នុងសិល្បៈ។ សិល្បៈជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយគំនិត។ សិល្បៈមួយមានតម្លៃ គឺទស្សនវិស័យសិល្បៈនោះត្រូវតែផ្សារភ្ជាប់នឹងឧត្តមគតិ។ ទម្រង់គំនិតបង្កប់ក្នុងស្នាដៃសិល្បៈមួយ គឺត្រូវតែបញ្ចូលទៅក្នុងនោះ នូវវិស័យនៃបទពិសោធន៍របស់យើង
មិនងាកចេញពីលក្ខណៈឆ្លុះនៃពិភពលោក និង មិនងាកចេញពីយានសម្រាប់ប្រាប់ឱ្យដឹងពីសច្ចភាពទេ។ហេហ្គែល (Hegel) អះអាងថា ៖ ស្នាដៃសិល្បៈដែលល្អ គឺជាស្នាដៃដែលធ្វើឱ្យរីកចម្រើននូវឧត្តមគតិដែលជាតំណាងនៃពិភពលោក។
១.៣-ការសម្តែង (Expression Theory)
ការសម្តែងសិល្បៈ គឺជាដំណើរបង្រួមឱ្យទៅជាធ្លុងមួយ នូវអន្តរទំនាក់ទំនងរវាងសមត្ថភាពទេពកោសល្យរបស់សិល្បករដែលស្វែងរកគន្លឹះបញ្ជូនទម្រង់គំនិតសិល្បៈមួយតាមរយៈមនោសញ្ចេតនា អារម្មណ៍ គំនិតរបស់ពួកគេ ទៅក្នុងអារម្មណ៍របស់ទស្សនិកជន។ តម្លៃស្នាដៃសិល្បៈមួយ អាស្រ័យលើរបៀបនៃការធ្វើស្វ័យសម្តែងរបស់សិល្បករ ជាពិសេស ការសម្តែងអារម្មណ៍។ វិចិត្រករម្នាក់មានវេទនារម្មណ៍អំពីកំហឹងមួយ ហើយគាត់គូររូបភាពមួយដែលមានសភាពក្រេវក្រោធ ដូច្នេះវិចិត្រករនោះបានសម្តែងវេទនារម្មណ៍របស់គាត់នៅក្នុងគំនូរនោះ។ ឯអ្នកមើលបានយល់ពីកំហឹងនោះតាមរយៈការផ្តោតអារម្មណ៍ទៅលើរូបភាពនោះ។
២-សិល្បៈមានតម្លៃបរានុម័តិផង និង តម្លៃអត្តនោម័តិផង
ហ៊ូម (Hume) និង ខាន្ត (Kant) ជាអ្នកបរានុម័តិនិយមខាងសោភ័ណ(AestheticObjectivism) អះអាងថា ៖ គុណភាពខាងសោភ័ណ គឺជាលក្ខណៈដែលជាប់មកជាមួយនៅក្នុងវត្ថុនានា ហើយបទពិសោធន៍ខាងសោភ័ណ ផ្តល់ឱ្យយើងនូវពុទ្ធិស្តីពីលក្ខណៈទាំងនេះ[2]។ ក្នុងន័យនេះវត្ថុសិល្បៈមួយល្អ ឬ មានសោភ័ណ គឺអាស្រ័យលើគុណភាព ឬ លក្ខណៈដែលមានកប់នៅក្នុងវត្ថុនោះ វាមិនអនុលោមទៅតាមការអនុម័ត ឬ ការវិនិច្ឆ័យរបស់មនុស្សណាម្នាក់ទេ ពោលគឺ វាឯករាជ្យពីញាណ ឬ ស្មារតីរបស់មនុស្ស។ ឧទាហរណ៍ ៖ បទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត មានអត្ថរូប អត្ថរស និង អត្ថន័យនៅក្នុងបទចម្រៀង ដោយមិនអនុលោមទៅតាមការអនុម័ត ឬ ការវិនិច្ឆ័យរបស់មនុស្សណាម្នាក់ទេ។ ផ្ទុយមកវិញ អត្តនោម័តិនិយមខាងសោភ័ណ (Aesthetic Subjectivism)អះអាងថា ៖ វត្ថុសិល្បៈមួយល្អ ឬ មានសោភ័ណ និង មានតម្លៃអនុលោមទៅតាមវេទនាអារម្មណ៍ ជំនឿ សមត្ថភាពគិតពិចារណា តម្រូវការ និង ចំណង់របស់មនុស្ស។ មនុស្សជារង្វាស់នៃភាពល្អ ស្អាត និង តម្លៃ។ បុគ្គលម្នាក់ៗស្គាល់សោភណភាពនិង តម្លៃក្នុងសិល្បៈមួយតាមអព្ភន្តរញ្ញាណ ឬ តាមវិចារណញាណរបស់ខ្លួនរៀងៗខ្លួន។ វត្ថុមួយមានតម្លៃ និង មានសារសំខាន់ខ្លាំងសម្រាប់មនុស្សម្នាក់ តែបែរជាមិនមានតម្លៃ
មិនមានសារសំខាន់ សម្រាប់មនុស្សម្នាក់ទៀតទៅវិញ។
៣-តួនាទី និង សារសំខាន់នៃសិល្បៈនៅក្នុងសង្គម
មនុស្សអានប្រលោមលោក សូត្រកំណាព្យ ទៅមើលសិល្បៈ (កុន ល្ខោន ការប្រគុំតន្រ្តី) ស្តាប់តន្ត្រី ទៅទស្សនាពិព័រណ៍សិល្បៈ មើលផ្ទាំងគំនូរ មើលរូបចម្លាក់ ធ្វើដំណើរទៅមើលអគារប្រណិតៗ ឬ ទស្សនីយភាពល្អៗ។ល។ ទាំងអស់នេះជាសកម្មភាពសិល្បៈ។ ការអានកំណាព្យ នឹងមិនជួយរកលុយចិញ្ចឹមជីវិតរបស់យើងទេ (លើកលែងតែយើងជាគ្រូបង្រៀនកំណាព្យឬ អ្នកសូត្រកំណាព្យតាមវិទ្យុ ទូរទស្សន៍ ជាដើម)។ ការទៅទស្សនាពិព័រណ៍សិល្បៈ នឹងមិនធ្វើឱ្យយើងជាសះស្បើយពីជំងឺខាងផ្លូវកាយទេ។ គេបានចំណាយប្រាក់កាស ពេលវេលា និង សម្ភារៈផ្សេងៗជាច្រើនអនេក ចំពោះការផលិត ការប្រើប្រាស់ (មើល អាន ស្តាប់ តុបតែង…)
និងការវិភាគសិល្បៈ។ដូច្នេះ វាជារឿងសមហេតុផលមួយ ដែលយើងត្រូវសួរថា ៖ ហេតុអ្វីបានមនុស្សស្វែងរកបទពិសោធន៍សិល្បៈ?ហេតុអ្វីបានជាមនុស្សចាប់អារម្មណ៍ខ្លាំងអំពីសិល្បៈ?
តើបទពិសោធន៍សិល្បៈមានអ្វីមួយពិសេស? តើយើងចង់បានអ្វីពិតប្រាកដពីសិល្បៈ?
សិល្បៈ គឺទាក់ទងនឹងភាពប្រឌិតញាណ និងការប៉ិនប្រសប់របស់មនុស្សនៅក្នុងទង្វើឬក្នុងការបង្កើតអ្វីមួយដែលមានទម្រង់និងសោភណភាព។ សិល្បៈ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងសង្គមមនុស្ស។ សិល្បៈជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គមមនុស្សនិង បានលើកយកបញ្ហាក្នុងសង្គមមនុស្សមកចោទ និង ដោះស្រាយ។ សិល្បៈបានស្តែងចេញនូវតម្លៃសេចក្តីរីករាយ និង លំអរបស់វា តាមរូបភាពផ្សេងៗ ដូចជា ការធ្វើត្រាប់ និង ការសម្តែង។សិល្បៈគឺជាចំណីអារម្មណ៍បំពេញការសប្បាយរីករាយ។ យើងឱ្យតម្លៃសិល្បៈប្រសិនបើវាផ្តល់ឱ្យយើងនូវសេចក្តីរីករាយ នេះជាចម្លើយខ្លី សាមញ្ញមួយចំពោះសំណួរថា តើអ្វីទៅដែលយើងកំពុងស្វែងរកនៅក្នុងសិល្បៈ។ សិល្បៈមួយផ្តល់សេចក្តីរីករាយ វាជាសិល្បៈមួយល្អ។ សិល្បៈមួយដែលផ្តល់សេចក្តីរីករាយកាន់តែច្រើនវាជាសិល្បៈមួយដែលកាន់តែល្អ។
ដិមតិមួយបានចោទជាបញ្ហាមួយឡើងថា ការភ្ជាប់សេចក្តីរីករាយជាមួយសិល្បៈនោះមិនទាន់ជាការគ្រប់គ្រាន់ទេពីព្រោះ មានវត្ថុជាច្រើនទៀតក៏អាចផ្តល់ឱ្យយើងនូវសេចក្តីរីករាយដែរតែពួកវាមិនមែនជាស្នាដៃសិល្បៈទេ ដូចជាការដើរកំសាន្តនៅក្នុងជនបទ ការគយគន់ទេសភាពធម្មជាតិជាដើម។ វត្ថុខ្លះក្នុងចំណោមវត្ថុទាំងនេះអាចផ្តល់សេចក្តីរីករាយជាងសិល្បៈក៏មានដែរ។ទោះបីជាសិល្បៈ អាចផ្តល់សេចក្តីរីករាយក៏ដោយ ក៏មិនប្រាកដថាវាតែងតែផ្តល់សេចក្តីរីករាយជានិច្ចនោះទេ ហើយក៏មិនប្រាកដថា ការផ្តល់សេចក្តីរីករាយនោះ ជាគោលបំណងសំខាន់របស់វាដែរ។ ជាទូទៅ ស្នាដៃសិល្បៈមួយចំនួន ជួយជំរុញឱ្យមានជោគជ័យលើការសម្រេចគោលបំណងណាមួយ វាហាក់ដូចជាមិនបានបង្ហាញសេចក្តីរីករាយទាល់តែសោះ។ ឧទាហរណ៍ សេចក្តីរន្ធត់នៃសង្គ្រាមរបស់ភាពយន្តមួយចំនួន ដូចជា រឿងវាលពិឃាត រឿងនរកប្រាំបួនជាន់រឿងគុកឥតជញ្ជាំងជាអក្សរសិល្ប៍មួយប្រភេទដែលលាតត្រដាងពីសោកនាដ្យកម្ម អំពើផ្តាច់ការ ឃោរឃៅ ព្រៃផ្សៃ កាប់សម្លាប់គួរឱ្យរន្ធត់នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលបានបង្ហាញឱ្យឃើញតាមរយៈការខូចខាត អំពើហិង្សា កាប់សម្លាប់ សាកសព និង រូបភាពផ្សេងៗនៃអំពើថោកទាប។ ក្រៅពីនេះ ស្នាដៃអក្សរសិល្ប៍ផ្សេងៗទៀត ដែលនិយាយពីសង្គ្រាមការអប់រំ ឬ វិទ្យាសាស្ត្រជាដើម ក៏មិនបានបង្ហាញឱ្យឃើញពីសេចក្តីរីករាយដែរ។ ដូច្នេះ ហាក់ដូចជាមិនគួរឱ្យជឿថា សេចក្តីរីករាយ ពិតជាអាចរាប់បញ្ចូលជាតម្លៃនៃសិល្បៈ ច្រើនជាងតម្លៃនៃអ្វីផ្សេងទៀត ដែលមិនមែនជាសិល្បៈ ឬ ក៏អាចនិយាយថា សិល្បៈមួយចំនួនមានតម្លៃច្រើនជាងសិល្បៈមួយចំនួនទៀត ពីព្រោះតែវាមានសេចក្តីរីករាយច្រើនជាងនោះទេ។ មនុស្សស្វែងរកបទពិសោធន៍សិល្បៈ
ពីព្រោះតែគេត្រូវការ ឬ មានបំណងបំពេញសេចក្តីរីករាយផ្ទាល់ខ្លួនគេ។
ហេតុអ្វីបានជាមនុស្សស្វែងរកសេចក្តីរីករាយ? តើអ្វីទៅជាប្រយោជន៍ដែលបានមកពីសេចក្តីរីករាយនោះ?
មានវិធីជាច្រើនក្នុងការចាប់យកសេចក្តីរីករាយ ដូចជា គេថាគេអង្គុយលេងបៀរដើម្បីបានសប្បាយ
ក៏គេទទួលបានសេចក្តីរីករាយ។ មកជុំគ្នាអង្គុយផឹកស្រាដើម្បីបានសប្បាយ ក៏គេទទួលបានសេចក្តីរីករាយ។ ទៅរួមភេទជាមួយស្រីលក់ខ្លួន ក៏គេទទួលបានសេចក្តីរីករាយ។
គេព្យាយាមគិត ហើយខិតខំព្យាយាមធ្វើកិច្ចការអ្វីមួយបានសម្រេច ក៏គេទទួលបានសេចក្តីរីករាយ។
ពេលដែលយើងអានប្រលោមលោក
ស្តាប់តន្ត្រី ទស្សនាពិព័រណ៍សិល្បៈ មើលការសម្តែង មើលគំនូរ មើលចម្លាក់
មើលសំណង់ប្រណីតៗ ការតុបតែងទេសភាព យើងមិនគ្រាន់តែមានអារម្មណ៍សប្បាយរីករាយនឹងសោភ័ណប៉ុណ្ណោះទេ
ប៉ុន្តែ ជាញឹកញាប់យើងក៏ចង់វិភាគ ទម្រង់ អត្ថន័យ វែកញែកពីបទពិសោធន៍របស់យើងចំពោះសិល្បៈ
និង ពិនិត្យទៅលើផលប្រយោជន៍ដែលយើងទាញយកពីសិល្បៈទាំងនោះផងដែរ។
ទន្ទឹមនឹងការពង្វក់អារម្មណ៍
ឬ ស្មារតីអ្នកអាន អ្នកស្តាប់ ឱ្យលង់លក់ក្នុងការសប្បាយរីករាយ
សិល្បៈក៏បានអប់រំ ឬ កែប្រែ ៖ ផ្នត់គំនិត ជំនឿ មនោ-គមវិជ្ជា
សាសនា អាកប្បកិរិយារបស់បុគ្គល អាកប្បកិរិយារបស់ក្រុមមនុស្ស ឬ បក្សនានា ឱ្យមានទស្សនវិស័យ គោលបំណង គោលដៅ វត្ថុបំណង និង បេសកកម្មក្នុងដំណើរជីវិតផ្សេងៗពីគ្នាផងដែរ។
សិល្បៈគឺជាអាវុធមុខពីរ វាអាចធ្វើឱ្យសង្គមមនុស្សចុះសម្រុង
និង រីកចម្រើន និង ធ្វើឱ្យវប្បធម៌មានការវិវត្ត មានការអភិវឌ្ឍ
និង មានតម្លៃ ហើយវាក៏អាចធ្វើឱ្យសង្គមបែកបាក់ រើសអើង អន្តរាយ និង ធ្វើឱ្យវប្បធម៌អាប់ឱនដែរ។
វប្បធម៌ សំដៅទៅលើការបូកសរុបនូវសកម្មភាពផ្សេងៗគ្រប់ប្រភេទរបស់មនុស្ស ដែលមាន
សេដ្ឋកិច្ច ការអប់រំ សាសនា វិទ្យាសាស្ត្រ និង សិល្បៈ៘ ដែលនៅក្នុងចំណោមនោះ ស្នូលសំខាន់បំផុត
គឺ សិល្បៈ។ និយាយម៉្យាងទៀត សិល្បៈគឺជាព្រលឹងរបស់វប្បធម៌។ គេអាចប្រើសិល្បៈជាឧបករណ៍ ឬ ជាអាវុធនៃការតស៊ូវណ្ណៈ បំផុសកំហឹងឈឺចាប់
បណ្តុះគំនិតជាតិនិយម ជាមធ្យាបាយនៃការបំបែកបំបាក់ ឬ បង្រួបបង្រួម ជាមធ្យោបាយបណ្តុះទាំងចរិតឃោរឃៅ
ទាំងស្មារតីសន្តិភាពនិយម។ល។
តម្លៃតក្កវិជ្ជាក្នុងសិល្បៈគឺ
កើតចេញពីការពិចារណា និង វិនិច្ឆ័យត្រឹមត្រូវពីវត្ថុដែលបានបង្កើតឡើង ដូចជា រូបបដិមា
គំនូរ វត្ថុប្រើប្រាស់ សំណង់ ការរចនារបស់របរប្រើប្រាស់ (សម្លៀកបំពាក់ ចានក្បាន
ឧបករណ៍ភ្លេង រទេះ នង្គ័ល រនាស់…) ការសម្តែង រចនាបថសំណេរតក្កសាស្ត្រជាដើម។ អ្វីដែលយើងឱ្យតម្លៃនៅក្នុងសិល្បៈគឺ
សោភណភាព ការបំពេញសេចក្តីរីករាយ និង តម្លៃទស្សនវិជ្ជា។ ជារួម យើងអាចនិយាយបានថា ការណ៍ដែលយើងចាប់អារម្មណ៍ខ្លាំងជាមួយសិល្បៈនោះ
ពីព្រោះវាផ្តល់ឱ្យយើងមិន ត្រឹមតែសេចក្តីរីករាយប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់តម្លៃ បទពិសោធន៍ជីវិត ការអប់រំ ផលប្រយោជន៍ផ្សេងៗទៀត និង ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមផងដែរ។
ការចាប់ផ្តើមសករាជថ្មី
(បដិវត្តន៍សង្គម) តែងតែបាននាំមុខដោយស្មារតីថ្មីនៅក្នុងសិល្បៈ។
ឧទាហរណ៍ នៅក្នុងបដិវត្តន៍កុម្មុយនីស្ត សិល្បករបានចូលរួមវិភាគទានយ៉ាងធំធេង។
គេបានដឹងច្បាស់ថា ស្នាដៃរបស់ ម៉ាកស៊ីម ហ័រ្គគី (Maxim Gorky) នៅក្នុងបដិវត្តន៍រុស្សី និង ស្នាដៃរបស់ លូ ស៊ុន (Lu Xun) នៅក្នុងបដិវត្តន៍វណ្ណៈអធនរបស់ចិន បានរួមវិភាគទានដល់ចលនាបដិវត្តន៍ទាំងនេះយ៉ាងធំធេង។
ដូចគ្នានេះដែរ នៅក្នុងសង្គមខ្មែរ សិល្បៈក៏បានបម្រើឱ្យនយោបាយសង្គមនៃរបបនយោបាយនីមួយៗផងដែរ
យើងពិនិត្យមើលតួនាទីដែលសិល្បៈដើរតួនៅក្នុងការបង្កើតលទ្ធិកុម្មុយនីស្តនិយម ដូចជា
ប្រលោមលោក ចម្រៀង កំណាព្យ ល្ខោន ឆាកកំប្លែង … របស់ខ្មែរក្រហម
បានធ្វើឱ្យពលរដ្ឋខ្មែរសម័យនោះ ជាពិសេសកុមារ និងយុវវ័យស្អប់អ្នកមាន ស្អប់វណ្ណៈមូលធន
ស្អប់វណ្ណៈសក្តិភូមិ ស្អប់បរទេសនិយម
មានគំនិតជាតិនិយមជ្រុលហួសហេតុជាដើម។ ដូច្នេះ នៅក្នុងការបង្កើតវប្បធម៌ថ្មី
ចាំបាច់ត្រូវតែបង្កើតទស្សនវិជ្ជាថ្មីបង្កប់នៅក្នុងសិល្បៈ។ សិល្បៈរបស់ពួកកុម្មុយនីស្ត
គេហៅថា តថភាពនិយមបែបសង្គមនិយមផ្អែកលើទ្រឹស្តីរូបធាតុនិយមបដិសំយោគ និង រូបធាតុនិយមប្រវត្តិសាស្ត្រ
ដែលបានស្វែងរកការលាតត្រដាងពីភាពផ្ទុយគ្នា នៃសង្គមមូលធននិយម និងដឹកនាំប្រជាពលរដ្ឋឆ្ពោះទៅរកបដិវត្តន៍។
ហេតុនេះ
យើងឃើញថា សិល្បៈគឺជាប្រធានបទសំខាន់មួយ ដែលមនុស្សយកចិត្តទុកដាក់ និងឱ្យតម្លៃយ៉ាងខ្ពស់ទៅលើវា។
[1] Nicholas Bunnin and E.P. Tsui-James
: The Blackwell Companion to
Philosophy, Oxford OX4 1JF, Blackwell Publisher Ltd., 1996, 237.
[2] John A. Mourant
and E. Hans Freund : Problems of
philosophy, (New York : Collier Macmillan Publishers, 1964), p. 231.
Leave a Reply