April 17, 2024
ដោយលោក ប៉ាន់ វុត្ថា(បណ្ឌិតផ្នែកទស្សនវិជ្ជា) មន្ត្រីស្រាវជ្រាវផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

តើត្រូវធ្វើដូចម្ដេចដើម្បីឱ្យសេដ្ឋកិច្ចដំណើរការល្អ និង មានការរីកចម្រើន ?

ដើម្បីឱ្យសេដ្ឋកិច្ចដំណើរការល្អ និង មានការរីកចំរើន ៖

១-តាម ប្លាតុង តម្រូវឱ្យមនុស្សម្នាក់ៗបំពេញមុខងារទៅតាមឯកទេសកម្ម ហើយទទួលបន្ទុកការងារតែមួយមុខ។ មនុស្សខុសៗគ្នា មានសមត្ថភាពខុសៗ គ្នា ត្រូវដាក់ឱ្យបំពេញមុខងារខុសៗគ្នានៅក្នុងសង្គម តែពួកគេបំពេញឱ្យគ្នាពី មួយទៅមួយដើម្បីឱ្យគ្រប់ៗគ្នា ចូលរួមនៅក្នុងការផ្គត់ផ្គង់នូវតម្រូវការធម្មជាតិ នានារបស់មនុស្សទៅវិញទៅមក។

២-តាម ចន លក  (John Locke, ១៦៣២-១៧០៤, ជាជនជាតិអង់គ្លេសថា រដ្ឋ​ត្រូវ បង្កើតច្បាប់កម្មសិទ្ធិឯកជន ដើម្បីការពារកម្មសិទ្ធិឯកជន ទើបមនុស្សខិតខំ​ធ្វើការ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។

៣-តាម  ចច វីឡិម ហ្វ្រីដ្រិច ហេហ្គែល (George Wilhelm Friedrich Hegel, ១៧៧០-១៨៣១, ជាជនជាតិអាឡឺម៉ងថា មនុស្សអភិវឌ្ឍន៍ធម្មជាតិ ហើយ​ធម្មជាតិ អភិវឌ្ឍន៍មនុស្សទៅវិញទៅមកក្នុងលក្ខណៈជារង្វង់វិលវៀន។ ការ​អភិវឌ្ឍន៍ គឺ ដោយសារម្ចាស់កម្លាំងផលិតកម្មជាអ្នករៀបចំគម្រោង ផ្ដល់គំនិត ដឹកនាំ និង គ្រប់ គ្រងផលិតកម្ម មានន័យថា សេដ្ឋកិច្ចដើរដោយក្បាល​ម្ចាស់​កម្លាំងផលិតកម្ម។

៤-តាម កាល ម៉ាក្ស (Karl Marx, ១៨១៨-១៨៨៣, ជាជនជាតិអាឡឺម៉ង់ថា   សេដ្ឋកិច្ច ដើរលុះត្រាតែមនុស្សមានការងារធ្វើ ទើបមានលុយចាយ ទើបមាន​តម្រូវ​ការ ទើបមានផលិតកម្ម។ សេដ្ឋកិច្ចដើរដោយដៃជើងរបស់កម្មករ។

៥-តាម អាដាម ស្មីត (Adam Smith, ១៧២៣-១៧៩០, ជាជនជាតិស្កុតថា ៖

-មនុស្សត្រូវប្រែក្លាយ មាស ប្រាក់ លុយ ទៅជាមុខរបរមានចំណូល-ចំណេញ។

– រដ្ឋ និង ភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗ មានទំនាក់ទំនងតាមរយៈបាតដៃអរូបី។

– រដ្ឋ ត្រូវបង្កើតបរិយាកាសប្រកួតប្រជែងដោយតម្លាភាព សេរី សុក្រិត្យ និង យុត្ដិធម៌ ដើម្បីឱ្យភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗក្នុងគ្រប់វណ្ណៈទាំងអស់ ទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួនជាអតិបរមា ទៅតាមការ​ខិតខំ​ប្រឹង​ប្រែងផ្ទាល់ខ្លួន។ ការប្រកួតប្រជែង នាំឱ្យបង្កើតបានជាផលិតករល្អៗ មានសមត្ថភាពបំពេញនូវសេចក្ដី ត្រូវការរបស់អ្នកប្រើប្រាស់បាន​តាម​សំណូមពរ។

– ភាពសម្បូរ ឬ ភាពក្រខ្សត់ គឺអាស្រ័យដោយចាំបាច់ទៅលើ  ចំនួន​ពលករ​ធ្វើការមានប្រយោជន៍ និង ការងារមានប្រយោជន៍ ហើយបាន​ផលគ្រប់កន្លែង។

– អំណាចនៃសេដ្ឋកិច្ចមួយ វាអាស្រ័យលើចំនួនមនុស្សធ្វើការ ពោលគឺ ប្រជាពល រដ្ឋសកម្មដែលមានការងារធ្វើ។

– នវានុវត្ដន៍ ការកែច្នៃរបៀបធ្វើការងារ ការបែងចែកកម្លាំងពលកម្ម ធ្វើ​កិច្ចការមួយជាផ្នែកតូចៗ ធ្វើឱ្យកម្មករទទួលបានផលិតភាពខ្ពស់ និងជា

គ្រឺះនៃ ដើមកំណើតតម្លៃផ្សេងៗផងដែរ។

– ភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗត្រូវប្រកាន់ខ្ជាប់នូវសីលធម៍ខ្ជាប់ខ្លួន។

៦-តាម ថូម៉ាស រ៉ូប៊ើត ម៉ាលទុស (Thomas Robert Malthus, ១៧៦៦-១៨៣៤, ជាជនជាតិអង់គ្លេសថា គេត្រូវបន្ថយអត្រាកំណើនប្រជាជន ហើយបង្កើន​អត្រា​កំណើនសេដ្ឋកិច្ច ទើបគេអាចយកផលិតកម្មលើស ទៅប្រើប្រាស់ធ្វើទុនវិនិយោគ​ទៀតបាន។

៧-តាម ដាវីដ រីកាដូ (David Ricardo, ១៧៧២-១៨២៣, ជាជនជាតិអង់គ្លេសថា មេគ្រួសារ មិនដែលមានបំណងផលិតនៅក្នុងផ្ទះ នូវទំនិញដែលអស់ថ្លៃដើម ច្រើនជាងទិញពីខាងក្រៅទេ។ ភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗត្រូវចាប់យក​ឧត្ដម​ភាពក្នុងផលិតកម្មរបស់ខ្លួន ហើយធ្វើការដោះដូរពាណិជ្ជកម្មជាមួយគ្នា ទើប​អាចទទួលបានកំណើនសេដ្ឋកិច្ច។

៨-តាម ចន ម៉ៃណាត កេនស៍ (John Maynard Keynes, ១៨៨៣-១៩៤៦, ជាជនជាតិអង់គ្លេស អះអាងថា មូលហេតុចម្បងនៃដំណើរប្រែប្រួលសេដ្ឋកិច្ច គឺ កើតចេញពីការសន្សំ និង ការវិនិយោគ។  សន្សំ > វិនិយោគ → ខ្វះទំនិញ → មាន​វិបត្ដិសេដ្ឋកិច្ច → អតិផរណា។ សន្សំ < វិនិយោគ → លើសទំនិញ → មានវិបត្ដិសេដ្ឋកិច្ច។ កេនស៍ បានអះអាងថា ដើម្បីរក្សាអថេរទាំងពីរនេះ​ឱ្យ​ស្មើគ្នា​នៅក្នុងកម្រិតណាមួយនោះ ធនាគារកណ្ដាលត្រូវទទួលខុសត្រូវ ៖ ប្រសិនបើ ការសន្សំលើស ការវិនិយោគនោះ ធនាគារកណ្ដាលត្រូវបញ្ចុះអត្រាការប្រាក់ ដើម្បីកាត់បន្ថយ សន្សំ និង ជំរុញកម្ចី។ ម្យ៉ាងទៀត ប្រសិនបើការសន្សំទាបជាង ការវិនិយោគនោះ ធនាគារកណ្ដាលត្រូវបង្កើនអត្រាការប្រាក់ដើម្បីជំរុញ ការ​សន្សំ និង កាត់បន្ថយកម្ចី សម្រាប់គោលដៅវិនិយោគ។ អន្ដរាគមន៍របស់​រដ្ឋាភិបាលដើម្បីធ្វើឱ្យមានស្ថេរភាពនៃការវិនិយោគ គឺ ៖ នៅពេលដែល​ការវិនិ​យោគឯកជនមានកម្រិតទាប រដ្ឋគួរខ្ចីប្រាក់ និង ចូលរួមនៅក្នុងកិច្ចការ​វិនិយោគ​សាធារណៈ ដូចជា ការកសាងស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និង បង្កើន​ចំណាយទៅលើការអប់រំ និង សេវាសាធារណៈ។ ទង្វើបែបនេះ នឹងពង្រីក​សេដ្ឋកិច្ច និង ធ្វើឱ្យប្រសើរឡើងនូវការរំពឹងទុកចំពោះអនាគត។ ផ្ទុយទៅវិញ នៅពេលដែលការវិនិយោគរបស់សហគ្រាសមានកម្រិតខ្ពស់ ដោយសារ​សុទិដ្ឋិ​និយមដ៏ខ្លាំងក្លា រដ្ឋគួរបញ្ឈប់កម្ចី និង កាត់បន្ថយការវិនិយោគសាធារណៈ។ កេនស៍ តម្រូវឱ្យរក្សាអត្រាប្ដូរប្រាក់ថេរ ព្រោះ វាជាប្រភពនៃលំនឹង និង ភាព​ជាក់ច្បាស់សេដ្ឋកិច្ច។

៩-តាម ស៊ីម៉ុន គូសញៀត (Simon KUZNETS, ១៩០១-១៩៨៥) បានគូស បញ្ជាក់​ពីកំណើន និង ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងខួប២០ឆ្នាំថា ៖ ការកើន​ឡើង​ចំនួនប្រជាជន អាចបណ្ដាលមកពីអន្ដោប្រវេសន៍ ឬ អត្រាកំណើត ដោយសារ កាលៈទេសៈអនុគ្រោះខាងសេដ្ឋកិច្ច។ កំណើនប្រជាជននឹងនាំឱ្យមានតម្រូវការ កើនឡើងចំពោះទំនិញប្រើប្រាស់ ជាពិសេស ការសាងសង់លំនៅដ្ឋាន របស់ប្រើ ប្រាស់ គ្រឿងកំសាន្ដ អាហារ។ល។ តម្រូវការបន្ថែមនឹងនាំឱ្យមានការវិនិ យោគបន្ថែម។ មូលហេតុនេះ រួមផ្សំជាមួយនឹងសមត្ថភាព ដើម្បីទទួលបាននូវ គុណសម្បត្ដិនៃវិមាត្រសេដ្ឋកិច្ច នឹងជំរុញឱ្យមានកំណើនផលិតភាពឆាប់រហ័ស។ ហើយកម្រិតជីវភាពក៏កើនឡើងទន្ទឹមនឹងចំនួនប្រជាជនកើនឡើង ក្នុងអំឡុង ពេលពីឆ្នាំទី១ទៅឆ្នាំទី១៥-១៦ដែរ។ ក៏ប៉ុន្ដែ ក្នុងពេលជាមួយគ្នានោះ ចំនួនប្រជា​ជនដែលកើនឡើងថ្មី នឹងធ្វើឱ្យកម្លាំងពលកម្មកាន់តែរីកធំផងដែរ ប្រការនេះ នឹងក្លាយជាសម្ពាធនាំឱ្យថ្លៃឈ្នួលពលកម្មមានទំនោរធ្លាក់ចុះ។ ដោយសារការ​ធ្លាក់​ចុះថ្លៃឈ្នួលកម្លាំងពលកម្ម ចំណាយ និង ការវិនិយោគក៏ធ្លាក់ចុះ ដែល នោះជានិន្នាការបញ្ចប់ខួបសេដ្ឋកិច្ច។ ដូច្នេះ គេត្រូវបង្កើតខួបសេដ្ឋកិច្ចថ្មីទៀត។

១០-តាម ហ្សូហ្សេហ្វ ស្យូមពីទ័រ (Joseph SCHUMPETER, ១៨៨៣-១៩៥០ ម៉ូរ៉ា វៀ-ឆែក) បានអះអាងថា ៖

– តក្កកម្ម ឬ ប្រឌិតញាណ (Invention) នវានុវត្ដន៍ ដែលបង្កើតឡើង​ដោយ​សហគ្រិន និង មានការគាំទ្រដោយឥណទានធនាគារ ជាកម្លាំងជំរុញ​កំណើនសេដ្ឋកិច្ច។

– ការបំផ្លាញក្នុងលក្ខណៈមាបនកម្ម ជាមូលហេតុដ៏ចម្បង​មួយ​សម្រាប់​ជោគជ័យសេដ្ឋកិច្ច។

១១-តាម មីលតុន ហ្វ្រីដមែន (Milton Friedman, ១៩១២… ជ្វីស) យល់ថា ៖ សេដ្ឋកិច្ចមានដំណើរការកាន់តែប្រសើរឡើង តាមរយៈលុយចរាចរណ៍ មានល្បឿន​លឿន និង ច្រើនជុំ។ ហ្វ្រីដមែន បានលើកទឡ្ហីករណ៍ថា អត្រាប្ដូរប្រាក់ ប្រែប្រួល ត្រូវបានគេពេញនិយមជាងអត្រាប្ដូរប្រាក់ថេរ ព្រោះ ៖ ទី១- ជាមួយនឹងអត្រា​ប្ដូរ​ប្រាក់ថេរ ប្រទេសនានាអាចប្រើប្រាស់គោលនយោបាយរូបិយវត្ថុ ដើម្បីរក្សា​រូបិយ​ប័ណ្ណជាតិឱ្យស្ថិតនៅក្នុងអត្រាថេរ។ ធនាគារកណ្ដាល ត្រូវបានគេបង្ខំឱ្យ​បង្កើតសាច់ប្រាក់ច្រើនសន្ធឹកសន្ធាប់ពេក ក្នុងគោលបំណងទិញរូបិយប័ណ្ណ បរទេសនានា និង រក្សាឱ្យមានអត្រាប្ដូរប្រាក់ថេរ។ អត្រាប្ដូរប្រាក់ដែលចេះតែ ប៉ោងឡើង ធ្វើឱ្យអជ្ញាធររូបិយវត្ថុ យកចិត្ដទុកដាក់ទៅលើគោលនយោបាយ រូបិយវត្ថុ ដោយគ្មានការបារម្ភអំពីតម្លៃរូបិយប័ណ្ណជាតិ។ ផ្ទុយទៅវិញ ជាមួយ អត្រាប្ដូរប្រាក់ប្រែប្រួល  អាចជៀសវាងបញ្ហានេះបាន។ ទី២- ហ្វ្រីដមែន បាន លើកឡើងថា អត្រាប្ដូរប្រាក់ប្រែប្រួល បានជួយជំរុញការធ្វើពាណិជ្ជកម្ម អាចកែ តម្រូវដោយស្វ័យប្រវត្ដិ ឆ្លើយតបទៅនឹងឱនភាពពាណិជ្ជកម្មក្នុងប្រទេសនានា។ អត្រាប្ដូរប្រាក់ប្រែប្រួល បានរក្សាអតិផរណាមិនឱ្យគេនាំចេញពីប្រទេសមួយ ទៅប្រទេសមួយទៀត។ ផ្ទុយទៅវិញ ក្រោមប្រព័ន្ធអត្រាប្ដូរប្រាក់ថេរ ប្រទេស នានាដែលកំពុងជួបប្រទះនឹងអតិផរណា នឹងទិញទំនិញដែលផលិតដោយ​បរទេសកាន់តែច្រើនឡើង ពីព្រោះវាមានតម្លៃថោកជាង។ ប្រការនេះ ធ្វើឱ្យកើន​ឡើងនូវចំណាយសម្រាប់ទំនិញក្នុងប្រទេសផ្សេងៗទៀត ហើយបណ្ដាលឱ្យមាន​អតិផរណាកាន់តែខ្លាំងឡើងក្នុងប្រទេស។

១២-តាម រ៉ៃ ម៉ុន អារ៉ុន (Ray mond Aron) ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការ ល្អ និង មានកំណើន ត្រូវបញ្ចូលពលកម្មឱ្យបានច្រើនទៅក្នុងសង្វាក់ផលិតកម្ម។ ផលិតផលកើតចេញពីពលកម្ម។ ទ្រព្យសម្បត្ដិរបស់ប្រទេសមួយ មិនមែនស្ថិត​នៅត្រង់មានទឹកដីមានជីជាតិ ឬ មានធនធានធម្មជាតិទេ ប៉ុន្ដែ ស្ថិតនៅលើ​ពលកម្មផលិតកម្ម។ ពលកម្មផលិតកម្មគឺជាមាស ជាប្រាក់ ជាលុយ ជាកំណប់។​គ្រាប់ពូជបាចចោលលើដីមានជីជាតិមួយកន្លែង ប៉ុន្ដែ គ្មានការថែទាំសោះ ពូជ​ដើម​នឹងត្រូវបាត់ស្ទើរគ្មានសល់។ បើគេបន្ថែមពលកម្មថែទាំទៀត នោះគេនឹង​បានទិន្នផលខ្ពស់ជាង។ បន្ថែមពលកម្ម២ ឬ ៣ដងថែមទៀត នោះទិន្នផលមិន ត្រឹមតែមានកំណើនទ្វេគុណ-ត្រីគុណទេ តែគុណនឹង៤ គុណនឹង៥ ដូច្នេះ ពូជ ដើមវាកើនតាមស្វីតធរណីមាត្រ។ បើគេបង្កើនទាំងពូជ ទាំងផ្ទៃដីបង្កបង្កើនផល ទាំងពលកម្ម នោះកំណើនផលិតភាពនឹងកើនខ្ពស់ឡើងៗ។

១៣- តាម រ៉ូស្ដូវ (W.W Rostow ជនជាតិរូស្ស៊ី) រ៉ូស្ដូវ រកឃើញថា ដើម្បីធ្វើ ឱ្យសេដ្ឋកិច្ចដំណើរការល្អ និង មានកំណើន វាត្រូវឆ្លងកាត់៥តំណាក់កាល ៖

-តំណាក់កាលទី១ ៖ ការស្រាវជ្រាវរកប្រឌិតញាណថ្មីៗ គំនិតកាលានុវត្ដ​ភាព និង គំនិតនវានុវត្ដន៍។

-តំណាក់កាលទី២ ៖ ផ្សព្វផ្សាយអប់រំ បញ្ជ្រាបគំនិតអភិវឌ្ឍន៍  បង្រៀន​បច្ចេក ទេសធ្វើការងារ បណ្ដុះឆន្ទៈក្លាហាន មនសិការការងារ និង សីលធម៌វិជ្ជាជីវៈ  ទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ។

-តំណាក់កាលទី៣ ៖ ការត្រៀមលក្ខខណ្ឌសំខាន់ៗសម្រាប់ពេលចេញ​ដំណើរ  ដូចជា រៀបចំក្បាលម៉ាស៊ីនដឹកនាំ រចនាសម្ព័ន្ធមនុស្សធ្វើការងារ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ដ្រ ទឹក ភ្លើង គ្រឿង​ចក្រ។ល។

-តំណាក់កាលទី៤ ៖ ផលិតកម្ម។ ភ្នាក់ងារផលិតកម្មទាំងអស់ត្រូវ​មាន​ពលិកម្ម អត់ធ្មត់ ខិតខំ ការតស៊ូ និង ព្យាយាម។

-តំណាក់កាលទី៥ ៖ ការបែងចែកផលលាភដោយតម្លាភាព និង យុត្ដិធម៌។