April 25, 2024
នៅព្រឹកថ្ងៃព្រហស្បតិ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា​ ឆ្នាំ២០២០ លោកបណ្ឌិត​ ផុន​ កសិកា​ ប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា​ ឆ្នាំ២០២០ លោកបណ្ឌិត​ ផុន​ កសិកា​ ប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បាន ដឹកនាំសមាជិកសិក្សាស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និង ដំណោះ ស្រាយ (Cambodia’s Vegetable: Production, Supply Chains, Challenge and Practical Resolutions) » ដែលមាន លោក ឈឿន សាវន លោក យិន ពោ​ និង លោក សាន ចេង ចុះសិក្សាស្វែងយល់ពីបច្ចេកទេស​​ដាំបន្លែសរីរាង្គដោយប្រើសំណង់គ្របទំនើប (Green house) ស្វែងយល់ពីកសិកម្មស្មាត ទីផ្សារ ដើមទុន កម្លាំង ពលកម្មដែលកំពុងរៀបចំដោយក្រុមហ៊ុនអាគ្រីសម្បត្តិខ្មែរ មានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ សំណង់គ្រប (Green House) នេះ មានទំហំ ៨០ម. X ៧៦ម. ព្រមទាំងសំណង់គ្របមួយទៀត សម្រាប់បណ្ដុះ កូនបន្លែត្រូវបានបំពាក់សម្រាប់ដាំបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)។

​សូមជម្រាបថា ដោយមានការណែនាំចង្អុលបង្ហាញនិងជួយសម្របសម្រួលពីឯកឧត្តម ម៉េត​ មករា​ នាយ រងខុទ្ទ  កាល័យ​ បញ្ជាការដ្ឋាន​អង្គរក្ស​ និងជាប្រធានក្រុមសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្លែកសិកម្មធម្មជាតិ កាលពី ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ទើបលោកបណ្ឌិតប្រធានស្ដីទី សុំការអនុញ្ញាតចុះមកសិក្សាស្រាវ​ជ្រាវ​ផ្ទាល់ដល់ទីតាំង និងបានជួបពិភាក្សាជាមួយលោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ និងអ្នកបច្ចេកទេសកសិកម្មជនជាតិឥណ្ឌា ព្រមទាំងអ្នកជំនាញខ្មែរចំនួន៤រូបទៀតដែលទើបបញ្ចប់ ការសិក្សា ជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះដែរ លោកបណ្ឌិតប្រធានស្តីទីបានបង្ហាញពីគម្រោង ស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីបន្លែកម្ពុជា៖ ផលិត​កម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ដែលរៀបចំឡើងក្នុងគោលបំណង វិភាគទីផ្សារ បន្លែ នៅក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្ត្រ ការផ្គត់ផ្គង់បន្លែក្នុងស្រុក ដើម្បីទប់ស្កាត់លំហូរចូលបន្លែមក ពី បណ្តាប្រទេសជិតខាងដូចជា វៀតណាម ថៃ កូរ៉េ ដើម្បីធ្វើម៉េចជួយជម្រុញការដំាបន្លែរបស់ប្រជាកសិកខ្មែរ ក៏ដូចជាអនុសាស្ត្រសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តជូនរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ គឺជាក្រុមហ៊ុនដែលបង្កើតកសិកម្មស្មាតលើកដំបូងក្នុង ការដាំបន្លែ សរីរាង្គ នៅកម្ពុជា ដោយសហការជាអ្នកជំនាញបច្ចេកទេសមកពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសសឹង្ហបូរី និងនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាជំនាញដាំបន្លែសរីរាង្គ មកពីប្រទេស អ៊ីស្រាអ៊ែលជាដើម។ល។

បើតាមប្រសាន៍របស់លោក លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន អាគ្រីសម្បតិ្តខ្មែរ បច្ចុប្បន្ននេះក្រុម ហ៊ុនកំពុងសាងសង់រោងបន្លែកសិកម្មស្មាត(Green House) នេះលើផ្ទៃដីទំហំ៨៣២០ម៉ែតក្រឡា និងរោង សម្រាប់បណ្តុះបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)ទៅតាមបច្ចេកទេស និងបទពិសោធន៍ ពីបណ្តាប្រទេសដែល បាន ជោគជ័យកន្លងមក។

​ជាចុងក្រោយ លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន អាគ្រីសម្បត្តិខ្មែរ សូមស្វាគមន៍ និងរីករាយធ្វើកិច្ចសហប្រតិ្តការជាមួយក្រុមស្រាវជាវទៅតាមស្ថានភាពជាក់ស្តែងនៃការងារ។

​ឆ្លៀតពេលជាមួយគ្នានេះដែរ ក្រុមការងារក៏បានធ្វើការសិក្សាអង្កេតពីការដាំបន្លែរបស់ ប្រជាពលរដ្ឋដែល រស់ នៅក្នុងស្រុកកោះធំ ពិសេសនៅឃុំកោះខែល ដែលប្រជាពលរដ្ឋចូលចិត្តដាំស្ពៃក្ដោប ស្បៃក្រញាញ់ ខាត់ណា ខាត់ណាផ្កា ត្រសក់ ម្រេះ និងសាលាដ ម្ទេស ជាដើម។