April 23, 2024
អក្សរសិល្ប៍ព្រាហ្មណ៍និយម ដោយ៖លោក ឃិន យ៉ង់ (បេក្ខជនបណ្ឌិតផ្នែកអក្សរសិល្ប៍) លេខាអចិន្ត្រៃយ៍វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ១- ប្រភពព្រហ្មញ្ញសាសនា សាសនាព្រាហ្មណ៍ ជាសាសនាប្រភពដើមរបស់ជនកុលសម្ព័ន្ធអារ្យ័ន (Aryan) ឬ ហៅម្យ៉ាងទៀតថា ពួកជនអរិយកៈ ដែលជាពួកជនមានលំនៅដ្ឋាន​នៅភូមិភាគអាស៊ីកណ្តាល។

១- ប្រភពព្រហ្មញ្ញសាសនា

សាសនាព្រាហ្មណ៍ ជាសាសនាប្រភពដើមរបស់ជនកុលសម្ព័ន្ធអារ្យ័ន (Aryan) ឬ ហៅម្យ៉ាងទៀតថា ពួក​ជន​អរិយ​កៈ ដែលជាពួកជនមានលំនៅដ្ឋាន​នៅភូមិភាគអាស៊ីកណ្តាល។ ក្រោយមកជនជាតិអារ្យ័ន​មួយ​ក្រុម​ទៀតបាន​ភៀស​ខ្លួនទៅកាន់ទ្វីបអឺរ៉ុប ហើយក៏ក្លាយទៅជាជនជាតិអឺរ៉ុបរហូតដល់បច្ចុប្បន្ន​នេះ​ទៅ។ ឯមួយក្រុម​ទៀត បានភៀសខ្លួនចូលទៅរស់នៅប្រទេសអ៊ីរ៉ង ហើយមួយ​ពួក​ទៀតចូលទៅនៅក្នុងប្រទេសឥណ្ឌា បានធ្វើ​សង្រ្គាមឈ្នះពួកម្ចាស់ស្រុក គឺ​ពួកមិល័ក្ខ ហើយក៏បានគ្រប់គ្រងឥណ្ឌា។ ពួកជនជាតិអារ្យ័នដែលបានចូលមក​គ្រប់គ្រងឥណ្ឌា ជាពួកជនជាតិដែលមានចំណេះដឹងឆ្លាតវាងវៃ ទាំងពួកអារ្យ័ន ទាំងពួកមិល័ក្ខ សុទ្ធតែមាន​ទំនៀម​ទម្លាប់ ប្រពៃណី វប្បធម៌ សាសនារបស់ខ្លួន​រៀងៗខ្លួនមកជាយូរណាស់មកហើយ ពោលគឺ ពួកមិល័ក្ខ​គោរពបូជាធម្មជាតិ គឺ៖ ដី ទឹក ភ្លើង ខ្យល់ ដោយមានជំនឿថា មានទេព្តាស្ថិតនៅក្នុងធម្មជាតិ ឯពួក​អរិយកៈ​ ក៏​គោរពបូជាធម្មជាតិ និង វិញ្ញាណអរិយកៈ​គោរពបូជាមានទេព្ត ៤ អង្គគឺ៖ បុព្វបុរស។ ធម្មជាតិដែលពួ​ ក

១.ព្រះឥន្រ្ទ ជាទេវតាអ្នកបណ្តាល​ឱ្យ​កើតវត្ថុគ្រប់យ៉ាងនៅលើភិភពផែនដីនេះ។

២.ព្រះសាវិត្រី (សុរិយា) ជា​ទេវតា​ទ្រង់ផ្តល់​នូវកំដៅ និង ពន្លឺដល់សត្វលោក។

៣.ព្រះវរុណ ជាទេវតាទ្រង់​ប្រទាន​ភាពត្រជាក់ និង ភាព​សុខដុមរមនា។

៤.ព្រះយម (យមរាជ) ជាទេវតាទ្រង់​បំផ្លាញ់​ជីវិតមនុស្ស​ និង សត្វ។

ពេលពួកអរិយកៈ និង ​ពួកមិល័ក្ខ រស់នៅ​ជាមួយ​គ្នាប្រកបដោយសុខសន្តិភាព ដោយសារពួកអរិយកៈដឹកនាំ ទើបផ្លាស់ប្តូរទេព​របស់​ខ្លួន​ឱ្យ​ចូលចុះជា​មួយ​នឹងទេពរបស់ម្ចាស់ស្រុក។ ប៉ុន្តែយល់ថា ម្ចាស់ទឹកដី​និយមការ​បូជា​ភ្លើង ទើបពួកអរិយកៈសាងទេពមួយអង្គថ្មី​ឱ្យម្ចាស់ស្រុកគោរព​បូជា ឈ្មោះថាព្រះទេពអគ្គី តែទេពនេះឱ្យនៅ​ក្នុងតំណែង ជាទេពបរិវារនៃ​ទេពទាំង៤របស់​ខ្លួន ពួកមិល័ក្ខក៏សុខចិត្តទទួលយកដោយមិនប្រកែក។ ប្រភព ដើមរបស់សាសនាព្រាហ្មណ៍ ជាសាសនា​គោរពបូជាព្រះតែមួយអង្គ (ឯកទេវ​និយម) គឺព្រះព្រហ្ម ដោយ​បាន​ចារឹកជាគោលការណ៍ភាសាសំស្រ្កឹតថា (ឯកមេវអទ្វីតិយម) ប្រែថា «មួយប៉ុណ្ណោះ មិនមានពីរ» គឺមិន​មានអ្វី​មាន​​រស់​នៅ​ក្រៅ​ពី​ព្រះព្រហ្ម នោះ​គឺជាមាយារបស់បំភាន់ភ្នែកជារបស់ក្លែងក្លាយទាំងអស់។ ចំណុច​សម្គាល់​ដែល​តែងតែជឿថា នេះជារឿង​របស់សាសនាព្រាហ្មណ៍ និងជាបទបញ្ញតិ​ដ៏ពិតប្រាកដរបស់​ព្រះវេទ​តែ​ប៉ុណ្ណោះ។ ក្រោយសម័យពុទ្ធកាល ប្រមាណ៥០០​ឆ្នាំ ព្រះពុទ្ធសាសនាមានភាពរុងរឿងខ្លាំង ធ្វើឱ្យប្រជាជន​ក្នុង​សម័យ​នោះ បែរ​មកមាន​សទ្ធា​ជ្រះថ្លាក្នុងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ​អង្គ ​កើន​ឡើងជា​លំដាប់។ ការរីក​ចម្រើន​របស់​សាសនា​ព្រះពុទ្ធក៏មាន​ន័យថា សាសនា​ព្រាហ្មណ៍​ក៏ចាប់ផ្តើមមានការធ្លាក់ចុះ ព្រោះពួកក្រុមមនុស្​សអ្នក​កាន់​សាសនានោះ ជាក្រុម​មនុស្សតែមួយដូចគ្នា។

២- ទ្រឹស្តីសំខាន់ៗនៃព្រហ្មញ្ញសាសនា

ព្រហ្មញ្ញសាសនា៖ លើកយកអាទិទេព ៣អង្គគឺ ព្រះព្រហ្ម ព្រះនរាយណ៍ (ព្រះវិស្ណុ) និង ព្រះសិវៈ (ឥសូរ)។ ទេវៈទាំងបីអង្គនេះ គង់នៅឋានសួគ៌ជានិច្ច ពុំ​ចេះច្យុតប្រែប្រួល ឬ ទៅនិព្វានទេ។  សាសនានេះ​និយាយពី​នរក សួគ៌​ ព្រហ្ម​លោក តែមិននិយាយពីនិព្វានទេ។ មានគម្ពីរត្រៃវេទជាគោលគឺ៖

-សាមវេទ៖ សម្តែងពីពលិកម្ម ការបួងសួងសូមឱ្យព្រះអភិបាល​រក្សា​មនុស្ស​លោក។

-ឫកវេទ ឬ ឥរុវេទៈ សូមឱ្យព្រះប្រទានពរឱ្យបានសម្រេចខាងហត្ថកម្ម។

-យជុវេទ៖ សម្តែងពីយុទ្ធសង្គ្រាមឱ្យមានជ័យជោគឈ្នះលើមាសត្រូវ។

ត្រៃសរណៈតាមព្រហ្មញ្ញសាសនា៖

-ព្រះព្រហ្ម ឬ បុរុសៈ ឬ បជាបតិ អ្នកបង្កើតលោក

-ព្រះវិស្ណុ ឬ ព្រះនារាយណ៍ ឬ ហរិ អ្នកទ្រទ្រង់រក្សាលោក

-ព្រះសិវៈ ឬ ឥសូរ ឬ ហរៈ អ្នកបង្កើតលោកផង បំផ្លាញលោកផង

ពិធីបូជាព្រះភ្លើងរបស់ព្រហ្មញ្ញសាសនានៅតាមជញ្ជាំងប្រាសាទបាយ័នគេឃើញមានចម្លាក់ជាច្រើន ទាក់ទិន​ទៅ​​​នឹងលទ្ធិសាសនាព្រាហ្មណ៍ ឬ ព្រហ្មញ្ញសាសនា ជាសាសនារបស់ពួក​ព្រាហ្មណ៍ដែលមាន គមី្ពរវេទជា​មូល​ដ្ឋាន។

ក្នុងចំណោមចម្លាក់បុរាណជាច្រើន គេឃើញមានចម្លាក់តំណាងពួក​ព្រាហ្មណ៍​ដែលស្ថិតក្នុង​ឥរិយាបទ​ខុសៗ​គ្នា ដូចជា ខ្លះអង្គុយអានគម្ពីរវេទ ខ្លះ​កំពុងប្រៀនប្រដៅ និង ខ្លះទៀតកំពុងភាវនាធម៌ជាដើម។ ប៉ុន្តែតាម​រយៈ​រូប​ចម្លាក់ទាំងនេះ យើងមានអារម្មណ៍ផ្ដោតទៅលើចម្លាក់ពួកព្រាហ្ម ដែលគេហៅ​ថាតាបស ឥសីអង្គុយក្បែរ​ភ្លើង ដោយដៃរបស់គេមាន​សកម្មភាពហាក់បីដូចជា​កំពុងដុតអ្វីមួយ ជារូបភាពភ្លើងឆាបឆេះ។

ការស្វែងយល់អត្ថន័យស៊ីជម្រៅនៃចម្លាក់បុរាណខាងលើនេះ គប្បីយើង​ត្រូវដឹងថា អ្វីជាកិច្ចបដិបក្ខ​ក្នុង​គម្ពីរវេទ និង សារៈសំខាន់របស់លទ្ធិព្រហ្មញ្ញ​សាសនាក្នុងសង្គមខ្មែរបុរាណជាមុនសិន។ ក្នុងលទ្ធិព្រហ្មសាសនាគេជឿថា លោក​ធាតុ និង វត្ថុទាំងពួង ដែលមាននៅក្នុងលោកធាតុយើងនេះ ដូចជា ទឹក ដី ភ្លើង ខ្យល់ សុទ្ធសឹង​តែមាន​ទេវតា​នៅប្រចាំទាំងអស់។ ហេតុដូចនេះហើយ បើគេ​​ត្រូវការធើ្វអ្វីមួយ មនុស្សលោកត្រូវតែបួង​សួងបន់​ស្រន់​ដល់ទេវតា​ទាំងអស់​នោះ។ ការបួងសួងសូមប្រសិទ្ធពរជ័យឱ្យបានសមេ្រចដូចសេក្ដីប៉ងប្រាថ្នា ក៏​តម្រូវ​ឱ្យមាន​ការ​បូជាយេជ្ញ។

តាមរយៈទ្រឹស្ដីនេះយើងដឹងថា អ្វីៗទាំងអស់គឺព្រះជាម្ចាស់ ឬ ព្រះអាទិ​ទេព ដូចជា ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ និង ព្រះឥន្ទ្រជាដើម គឺជា​អ្នកទទួលខុសត្រូវលើពេ្រងវាសនារបស់មនុស្សលោក។ ព្រោះទេវតា​ទាំងនោះ គឺជាអ្នកកំណត់សកម្មភាព និង កិច្ចការរបស់មនុស្សលោកទាំងអស់។ គេអាច​និយាយម្យ៉ាងទៀតថា សុភមង្គល ឬ សេចក្ដីសុខសប្បាយ គឺទេវតាជាអ្នក​ផ្ដល់​ឱ្យ។

ដើម្បីសមេ្រចនូវវត្ថុបំណងនេះ គេត្រូវបំពេញកិច្ចក្នុងព្រហ្មញ្ញសាសនា ដែលមានបីចំណុចក្នុងពិធីបួង​សួង និង បូជាព្រះអាទិទេព។ គឺទី១ ការបូជា​យញ្ញដោយភ្លើង, ទី២ ការបំពេញតបៈតាមរាងកាយ ដោយមាន​ឥរិយាបទ​លំបាក​ជាទីបំផុត (យោគី), និងទី ៣ គឺពិធីជម្រះបាបកម្មក្នុងគង្គា។ តាមការសិក្សាប្រៀបធៀប គឺរូបចម្លាក់​បុរាណ និង លទ្ធិព្រហ្មញ្ញ អាច​បង្ហាញ​ឱ្យដឹងថា ចម្លាក់នៅលើប្រាសាទបាយ័ន ពិតជាតំណាងពិធីបូជាព្រះ​ភ្លើងយ៉ាងប្រាកដ។ ចំពោះរូបចម្លាក់ភ្ជាប់ជាមួយនេះ ពិតជាបង្ហាញថាពួកព្រាហ្មណ៍កំពុង​ដុតភ្លើងនូវវត្ថុអ្វីមួយ ដូចជា ត្រី សាច់ ខ្លាញ់ ស្រា ឬ ធញ្ញជាតិ។ល។ ដើម្បីថ្វាយ​ទេវតារបស់ខ្លួន។

៣- លក្ខណៈពិសេសនៃអក្សរសិល្ប៍ព្រាហ្មណ៍និយម

អក្សរសិល្ប៍ព្រាហ្មណ៍និយម ជាស្នាដៃអក្សរសិល្ប៍ដែលកើតឡើងពី​សំណាក់ព្រាហ្មណ៍សាសនា។ គឺ​រាល់​បណ្តាអ្នកប្រាជ្ញបណ្ឌិត អ្នកចេះដឹង​ទាំង​ឡាយនៅក្នុងសាសនាព្រាហ្មណ៍បានតាក់តែងឡើង ដើម្បីទាក់​ទាញ​សាសនិក​ឱ្យមានជំនឿ ជឿជាក់លើអាទិទេព លើទេវៈនានា ដែលគេបានបង្កើតឡើង​ទៅ​តាមដំណាក់​កាល​នីមួយៗ​នៃការវិវឌ្ឍសាសនា។ ភាគច្រើននៃរឿងរ៉ាវទាំងនោះ ស្ថិតនៅក្នុងគម្ពីរស្ម្រឹតិ (Smriti (​សំស្ក្រឹត: स्मृति​, IAST​: Smṛti​) មានន័យថា «ដែល​ត្រូវ​​ចងចាំ​» សំដៅ​ដល់រាងកាយ​ជាក់លាក់មួយ​នៃបទ​គម្ពីរ​សាសនា​ហិណ្ឌូ បាន​សន្មត​ថា ការ​និពន្ធ​ផ្ទុយពីស្រុតិ ​Śrutis (​អក្សរសិល្ប៍ Vedic​) បាន​ចាត់ទុកថាគ្មាន​អ្នក​និពន្ធជាទេវភាព​នៅក្នុង​ប្រពៃណី​របស់ខ្លួន។ ស្ម្រឹតិ Smriti គឺជាការងារតែង​និពន្ធបន្ត ​ហើយត្រូវបានចាត់ទុកថា​ផ្លូវការ​តិចជាង ស្រុតិ Sruti នៅក្នុងសាសនា​ហិណ្ឌូ​។  អក្សរសិល្ប៍ ស្ម្រឹតិ Smrti គឺ​កម្រងវណ្ណកម្ម (កម្រងអត្ថបទ corpus) ចម្រុះ​មួយ។ កម្រង​វណ្ណកម្មនេះ រួមបញ្ចូលមិនត្រឹមតែវេទន្ត (Vedāngas) ទាំង៦​នោះទេ ប៉ុន្តែ ​មានទាំងវីរកថា (Epic)​ ដ៏​ល្បី​ល្បាញគឺរឿងមហាភារត (Mahābhārata) ​និង ​រាមាយណៈ​ (Ramayana) ដែលជា​ធម្មសូត្រ (Dharma-sūtras) ​និងជា ធម្មសាស្រ្តា (​Dharmaśāstras) (ឬស្រ្មឹតិសាស្រ្តា Smritiśāstras​) ដែលជាអត្ថសាស្រ្តា (​Arthasaśāstras)​ បុរាណៈ​ ( Purānas) ដែលជា​ពាក្យកាព្យ (Kāvya) ​ឬ ​អក្សរសាស្រ្ត​កំណាព្យ​ដ៏ទូលំទូលាយ Bhasyas (​ពិនិត្យ និង​អត្ថា​ធិប្បាយ​លើ ស្រុតិ Shrutis និង មិនមែនស្រុតិ Non-Shrutis​) និង បទនិពន្ធ (Nibandhas) ជាច្រើន គ្របដណ្តប់​វិស័យនយោបាយ​សីលធម៌ (​នីតិសាស្រ្ត Nitisastras​) វប្បធម៌​ សិល្បៈ និង សង្គម។)

Smrti គឺជាពាក្យសំស្រ្កឹត, មកពីពាក្យដើម ស្មរ Smara (स्मर) ដែលមាន​ន័យថា «រំលឹក នឹកគិត ជាការ​សម្គាល់ទៅលើគំនិត» ឬ ធម្មតាជា «ការចងចាំ»។ ពាក្យនេះ ត្រូវបានរកឃើញនៅក្នុង​អក្សរសិល្ប៍​វេទបុរាណ (ancient Vedic literature) ដូចជា នៅក្នុងផ្នែកទី ៧.១៣ នៃចន្ដោគយា ឧបនិស័ទ (Chandogya Upanishad)។ ក្នុងការប្រើប្រាស់សិក្សាសម័យទំនើបនៅពេលក្រោយ ពាក្យនេះ សំដៅ​ទៅ​លើប្រពៃណី ការចងចាំ ក៏ដូចជា ​ការដ៏ធំ​មួយក្រោយ Vedic Canon នៃ «ប្រពៃណីដែលត្រូវបានគេចងចាំ»។ ស្ម្រឹតិ Smriti គឺជាពាក្យន័យ​ដូចជា​និមិត្តរូប​សម្រាប់ចំនួន១៨ ដែលមកពីអ្នកប្រាជ្ញ១៨រូប ដែលត្រូវបាន​បញ្ចូល​ក្នុងប្រពៃណី ឥណ្ឌា​នូវ​សរសេរ​អត្ថបទដែល​ទាក់​ទងនឹងធម៌ ស្ម្រឹតិ Smriti (ភាគ​ច្រើន​ត្រូវបានបាត់បង់)។  នៅក្នុងភាសាវិទ្យា ប្រពៃណី ស្ម្រឹតិ Smrti គឺជា​ឈ្មោះ​នៃ​ក្បួនកាព្យមួយ។ ក្នុងទេវកថាហិណ្ឌូ, ស្ម្រឹតិ Smriti គឺជា​ឈ្មោះរបស់កូនស្រីនៃ ធម្ម (Dharma) និង មេធ (Medha) (ដ៏អស្ចារ្យ)។ លោក David Brick បានបញ្ជាក់​ថា​អត្ថន័យដើមនៃ ស្ម្រឹតិ Smriti ថា គឺជាប្រពៃណីធម្មតា, និង មិនមែនជា​អត្ថបទ។

៤- ស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយម

អក្សរសិល្ប៍ព្រាហ្មណ៍និយមដែលជាទេវកថា និង វីរកថា មានយ៉ាង​សម្បូរ​បែបនៅប្រទេសឥណ្ឌា ហើយស្នាដៃ​មួយចំនួន ត្រូវបានប្រែសម្រួលមក​ជាខេរមភាសា។ ស្នាដៃសំខាន់ៗមានចំនួនពីរ គឺរឿងមហាភារតៈ និង រឿង​រាមាយណៈ ដែលល្បីល្បាញនៅប្រទេសឥណ្ឌា។ ស្នាដៃដទៃទៀតមានជាអាទិ៍ គម្ពីរមាយាព្រះវិស្ណុ គម្ពីររឿងរ៉ាវ​របស់អវតាព្រះវិស្ណុទាំង៩ រឿងព្រះគណេស​ជាដើម។ រឿងរ៉ាវទាំងនេះ ត្រូវបានប្រែសម្រួល​ចាកភាសា​ដើម ទៅ​ជាភាសាតាម​បណ្តាប្រទេសនានា។ ប្រទេសកម្ពុជា ក៏បានប្រែសម្រួលរឿងទាំងនេះ មកជា​ខេមរភាសា​ផង​ដែរ ដូចជា រឿងរាមាយណៈ មកជារឿងរាមកេរ្តិ៍  រឿងមហា​ភារតៈ មកជារឿងមហាភារតយុទ្ធ រឿងកូរសមុទ្រ​ទឹកដោះ មាយាព្រះវិស្ណុភាគ១-២ ជាដើម។

(…នៅមានតទៅលេខក្រោយ…)