នគរូបនីយកម្មសកលលោក និង ចំណាកជនបទ

១‑សេចក្តីផ្តើម

ក្នុងន័យទូទៅ នគរូបនីយកម្មគឺសំដៅទៅលើការផ្លាស់ប្តូរចំនួនប្រជាជន​ពីទីជនបទទៅទីប្រជុំជន នៅក្នុង​ប្រទេស​នីមួយៗ ដែលជាហេតុបណ្តាលឱ្យ​មាន​រីករាលដាលទាំងទំហំ ទ្រង់ទ្រាយ និង ទីតាំងភូមិសាស្រ្តជាដើម​ នៃតំបន់​ទីប្រជុំ​ជននោះ។ ដំណើរការរៀបចំ និង អភិវឌ្ឍទីក្រុងនិងទីប្រជុំជន គឺកើតឡើង​ដោយសារតម្រូវ​ការ​នានា​​របស់មនុស្សដែលមានវត្តមាននៅទីនោះ ពោលគឺ ការ​បង្កើនល្បឿនលើគ្រប់វិស័យ។ ទោះបីជាមាន​កា​រកំណត់​ដោយឡែកៗពីគ្នារវាង​ប្រទេស​នីមួយៗយ៉ាងណាក៏ដោយ ក៏ការធ្វើនគរូបនីយកម្មត្រូវបានកត់សម្គាល់​ក្នុងន័យរួមមួយ គឺការរីកចម្រើនរបស់ទីក្រុង ឬទីប្រជុំជន។ តាមរបាយ​ការណ៍​អង្គការសហ​ប្រជាជាតិ​បាន​បង្ហាញ​​ថា ជិតពាក់កណ្តាលនៃប្រជាជនពិភព​លោក​រស់នៅក្នុងតំបន់ទីក្រុង និង ទីប្រជុំជននាដំណាច់ឆ្នាំ២០០៨ ហើយ​គេ​បាន​ព្យាករណ៍ទៀតថា នៅដំណាច់ឆ្នាំ២០៥០ ប្រជាជនប្រហែល៦៤% នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ និង ប្រមាណជា៨៦% នៃប្រជាជននៅក្នុងប្រទេស​អភិវឌ្ឍន៍​នឹងត្រូវធ្វើចំណាកជនបទទៅទីក្រុង ឬ ទីប្រជុំជន ឬក៏ អាចធ្វើនគរូប​នីយ​កម្មតំបន់តែម្តង​ ពោលគឺ មានប្រជាជនប្រមាណជា៣ពាន់លាន់ រស់នៅ​ទីក្រុង និង ទីប្រជុំជន ជាពិសេស គឺការកើតឡើងនៅក្នុងទ្វីបអាហ្រ៊ិក និង អាស៊ី។ ជាងនេះទៀត តាមរបាយការណ៍អង្គការ​សហ​ប្រជា​ជាតិដដែល​បាន​ព្យាករណ៍ថា កំណើនប្រជាជនស្ទើរតែទាំងអស់នៅក្នុងពិភពលោក ចាប់ពី​ឆ្នាំ​២០១៧ ដល់ ឆ្នាំ២០៣០ នឹងត្រូវបានស្រូបយកដោយទីក្រុង និង ទីប្រជុំជន ដែលមានប្រជាជនចំនួនប្រមាណជា ១,១លាន​នាក់ ក្នុងរយៈពេលប្រមាណ​១៣ឆ្នាំខាងមុខ។

ការធ្វើនគរូបនីយកម្ម គឺពាក់ព័ន្ធទៅនឹងកត្តាផ្សេងៗទៀតជាច្រើន ដូចជា ការរៀបចំទីក្រុង ការសិក្សាភូមិសាស្ត្រ ការសិក្សាវិភាគសង្គមសេដ្ឋកិច្ចនិងសុខភាពសាធារណៈ។ ការធ្វើនគរូបនីយកម្មអាច​ត្រូវបាន​គេកំណត់បរិ​មាណ​​នៃការអភិវឌ្ឍទីក្រុង ដោយផ្អែកលើចំនួនប្រជាជនសរុប ឬ ជាអត្រា ដែល​អត្រា​ប្រជាជននៅតាម​ទីប្រជុំ​ជន​កំពុង​កើនឡើង។ ជាការពិត នគរូបនីយកម្មបាន​បង្កើត​នូវការផ្លាស់ប្តូរសង្គមសេដ្ឋកិច្ច និង បរិស្ថាន ដែល​ផ្តល់​នូវ​ឱកាសសម្រាប់​និរន្តភាពជាមួយនឹង «សក្តានុពលក្នុងការប្រើប្រាស់ធនធាន​ប្រកបដោយ​ប្រសិទ្ធ​ភាព ដើម្​បីបង្កើត​​​ឱ្យ​​មានការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តភាព និង ដើម្បី​ការពារជីវចម្រុះនៃប្រព័ន្ធអេកូធម្មជាតិ»។ នគ​រូប​នីយកម្មមិនមែនគ្រាន់តែជា​បាតុភូតសម័យទំនើបនោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងជា ប្រវត្​តិសាស្ត្រនៃឫសសង្គមរបស់មនុស្សទូទាំងពិភពលោក ដែលវប្បធម៌ភាគ​ច្រើននៅតាមជនបទ​ត្រូវបាន​ជំនួស​យ៉ាងឆាប់រហ័សដោយវប្បធម៌ទីក្រុង។ ការ​ផ្លាស់​ប្តូរ​ដ៏ធំបំផុតដំបូងនៃគំរូតាំងទីលំនៅ គឺការប្រមូលផ្តុំអ្នក​ប្រមូល​​សត្វព្រៃ​ចូល​ក្នុងភូមិរាប់ពាន់ឆ្នាំមកហើយ។ វប្បធ៌មនៅតាមភូមិដ្ឋានជនបទ ត្រូវបាន​កំណត់ដោយ​សារទំនាក់​ទំនងយ៉ាងជិតស្និទ្ធ និង អាកប្បកិរិយារួមគ្នា ចំណែក​ឯវប្បធម៌នៅតាមទីក្រុង និង ទីប្រជុំជន អាចត្រូវបាន​កំណត់​ដោយសារខ្សែ​បន្ទាត់កាត់ផ្តាច់ណាមួយ ឬ ដោយសារការមានទំនាក់ទំនងមិនសូវ​ច្បាស់លាស់​និង ឥរិយាបថ​បែប​​ប្រកួតប្រជែង។

២‑ ប្រវត្តិនគរូបនីយកម្ម

ចាប់តាំងពីការបង្កើតទីក្រុងដំបូងបង្អស់នៅមេសូប៉ូតាមៀ និង អេហ្ស៊ីប​រហូតមកដល់សតវត្សរ៍ទី១៨ គេសង្កេត​ឃើញលំនឹងរវាងប្រជាជនភាគច្រើន​ដែល​បានចូលរួមក្នុងវិស័យកសិកម្មដើម្បីចិញ្ចឹមជីវិត នៅក្នុងបរិបទជនបទ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតូចៗ នៅតាមទីប្រជុំជន ដែលជាសកម្មភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្ម​នៅតាម​ទីផ្សារ។ ដោយសារតែស្ថានភាពនៃកសិកម្មនៅ​ដំណាក់​កាលដំបូង និង មិនជាប់គាំងនៅក្នុងអំឡុង​ពេលនេះ អត្រាសមាមាត្រនៃ​ប្រជាជន​នៅ​តាមជនបទ និង ទីក្រុងនៅតែមានលំនឹងថេរ។ ទោះជាយ៉ាងណា​ក៏ដោយ ក៏ការ​កើនឡើងគួរឱ្យកត់សម្គាល់នៃភាគរយប្រជាជន​ទីក្រុងនៅ​ទូទាំង​ពិភពលោក អាចត្រូវបានរកឃើញនៅសហវត្​សទី១ មុន គ.ស.។  ការកើនឡើង​គួរឱ្យកត់សម្គាល់មួយផ្សេងទៀត ត្រូវបានរកឃើញនៅ Mughal ប្រទេស​ឥណ្​ឌា​ដែលមានប្រជាជនប្រមាណជា១៥% រស់នៅក្នុងទីក្រុង​ក្នុងអំឡុង​សតវត្សរ៍ទី​១៦ និង ១៧ ពោលគឺមានអត្រា​ខ្ពស់ជាងនៅទ្វីបអឺរ៉ុប ដែលមានប្រជាជនប្រមាណ​ជា ៨%‑១៣% ប៉ុណ្ណោះនាពេលនោះ។​

ជាមួយនឹងការចាប់ផ្តើមនៃបដិវត្តន៍កសិកម្ម និង ឧស្សាហកម្មអង់គ្លេស​នៅចុងសតវត្សរ៍ទី១៨ ចំនួនទាំងនេះ​ ត្រូវបាន​ផ្លាស់ប្តូរ​ជាគំហុគ ពោលគឺ ការ​តាំង​​ទីលំនៅដែលមិនធ្លាប់មានពីមុន នៅក្នុងទីក្រុង និង ទីប្រជុំជន បានកើត​ឡើង​​យ៉ាងឆាប់រហ័សនៅសតវត្សរ៍ទី១៩ រួមទាំងតាមរយៈការបន្តការធ្វើចំណាក​ស្រុក​ពីជនបទផង និង ដោយសារតែភាពរឹងមាំនៃការពង្រីកប្រជាសាស្ត្រ​ដែល​បាន​កើតឡើងនៃតំបន់ទីក្រុង និង ទីប្រជុំជននៅគ្រានោះ​ផង។ នៅក្នុងប្រទេស​អង់គ្លេស​ និង ប្រទេសវែល ចំនួនប្រជាជនដែលរស់នៅក្នុង​ទីក្រុង​ និង ទីប្រជុំ​ជន បាន​កើតឡើងដល់១៧% នៅដើមសតវត្សរ៍ទី១៩ និង រហូតដល់៥៤% នៅចុង​សតវត្សរ៍ទី១៩។ លក្ខណៈ​បែបនេះ ក៏មិនសូវខុសគ្នាដែរទៅនឹងប្រទេសមួយ​ចំនួន​ផ្សេងទៀត ក្នុងការធ្វើនគរូបនីយកម្ម ដូចជា ប្រទេសបារាំង ប្រមាណ​ជា​៣៧% នៅក្នុងទីក្រុង និង ទីប្រជុំជន និង សហរដ្ឋអាម៉េរិកប្រមាណជា២៨% រស់​នៅតំបន់ទីក្រុង និង ទីប្រជុំជន។​

នគរូបនីយកម្ម បានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ជាពិសេស ប្រទេសលោកខាងលិច ប៉ុន្តែ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក នគរូបនីយកម្ម បានចាប់ផ្តើមរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​ផងដែរ។ ជាក់ស្តែងនៅចុងសតវត្សរ៍ទី២០ មានប្រជាជននៅក្នុងពិភព​លោក​ប្រមាណតែ ១៥% ប៉ុណ្ណោះ​រស់នៅក្នុងទីក្រុង និង ទីប្រជុំជនភាគច្រើន​ប្រទេសអភិវឌ្ឈន៍ ប៉ុន្តែតួលេខនេះ ត្រូវបានប្រែប្រួលរហូត​ដល់ប្រមាណជា៥០% នៅឆ្នាំ២០០៧ (ដើមសតវត្សរ៍ទី២១) ដោយសារការកើនឡើងយ៉ាងគំហុក​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស ទ្វីបអាស៊ី និង អាហ្រ៊ិក។

ការព្យាការណ៍ចំនួនប្រជាជនជនបទនិងទីក្រុងឆ្នាំ២០៥០ (UNFPA)

៣‑ មូលហេតុនគរូបនីយកម្ម

ការធ្វើនគរូបនីយកម្ម គឺជាកើតឡើងនៃការរៀបចំផែនការ ដែលជា​លទ្ធផលនៃសកម្មភាពរួមគ្នារវាងឯកជន និង រដ្ឋ។ ការរស់នៅក្នុងទីក្រុង ឬ ទីប្រជុំជន អាចមានអត្ថប្រយោជន៍ផ្នែកវប្បធម៌ និង សេដ្ឋកិច្ចច្រើនជាងជនបទ​ដោយសារវាអាចផ្តល់នូវឱកាសច្រើនក្នុងការទទួលបានទីផ្សារការងារ ការកាត់​បន្ថយពេលវេលា កាត់បន្ថយ​ការចំណាយក្នុងការធ្វើដំណើរ និង ការដឹកជញ្ជូន ការធ្វើឱ្យប្រសើរនូវលក្ខខណ្ឌលំនៅដ្ឋាន និង លក្ខខណ្ឌ​សុវត្ថិភាព។ លក្ខខណ្ឌ​ជាច្រើន ដូចជា ដង់ស៊ីតេ ភាពចម្រុះនានា និង ការប្រកួតប្រជែងទីផ្សារ គឺជា​ធាតុផ្សំ​នៃបរិយាកាសទីក្រុង ឬ ទីប្រជុំជនដែលអាចនាំទៅដល់ភាពវិជ្ជមាន​សម្រាប់ទីក្រុង ឬ ទីប្រជុំជននោះ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ភាព​អវិជ្ជមានតែតែកើតមានជានិច្ច ក្នុងការផ្លាស់ប្តូរ និង បង្កើនតម្លៃនៃ​ការរស់នៅ ដើម្បីផ្សារភ្ជាប់ទៅនឹងអ្វីដែលហៅថាបទដ្ឋាននៃការរស់នៅតាមទីក្រុង។ ជាក់​ស្តែង តំបន់ជាយក្រុង​នានា​ដែលកំពុងកើតមានឡើង នៅក្នុងទីក្រុងនៃបណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ធំៗ អាចត្រូវបានចាត់ទុកថា គឺជាការធ្វើ​ឱ្យ​​មានតុល្យភាព​នៃទិដ្ឋភាពអវិជ្ជមាននៃជីវិតទីក្រុង ខណៈពេលដែលមានការប្រើប្រាស់ធនធាន​រួម និង ស្មើភាព។

នៅចុងសតវត្សរ៍ទី២០ និង ដើមសតវត្សរ៍ទី២១ មនុស្សជាច្រើនបាន​ផ្លាស់​ទីលំនៅទៅទីក្រុងដើម្បីទទួល​បាន​ឱកាស​​​សេដ្ឋកិច្ច ជាពិសស ប្រទេសចិន​និង ឥណ្ឌា ក៏ប៉ុន្តែ ការផ្លាស់ទីទាំងនេះ គឺមិនបានបង្ហាញជារូបភាព​លម្អិតនៃ​ការធ្វើនគរូបនីយកម្មដែរ។ នៅតំបន់ជនបទ កសិដ្ឋានគ្រួសារតូចៗ ឬ កសិដ្ឋាន​ប្រមូលផ្តុំ​នៅតាម​ភូមិ​នានា ពិតជាមានការលំបាកក្នុងការប្រើប្រាស់ទំនិញ​ដែល​ផលិតនៅតាមទីក្រុង ទោះបីជាគុណភាព​ជីវិត​ទូទៅមានលក្ខណៈជាប់​ទាក់ទង​គ្នាយ៉ាងពិតប្រាកដជាមួយនឹងទីក្រុងក៏ដោយ។ ម៉្យាងវិញទៀត ការរស់នៅតាម កសិដ្ឋាននៅជនបទ តែងតែងាយនឹងជួបប្រទះគ្រោះធម្មជាតិ ដែលមិនអាច​ទាយ​ទុកជាមុនបានឡើយ ដូចជា នៅពេលខ្លះមានគ្រោះរាំងស្ងួត គ្រោះទឹក​ជំនន់ ឬ ជំងឺអាសន្នរោគជាដើម ដែលជាហេតុធ្វើឱ្យការ​រស់រាន​មានជីវិត​នៅតាម​ជនបទ អាចនឹងជួបបញ្ហា។ បទពិសោធន៍នៅក្នុងប្រទេសថៃ ការធ្វើនគរូប​នីយ​កម្ម​ក៏ជាលទ្ធ​ផលនៃការកើនឡើងបញ្ហាជាច្រើននៅតាមជនបទដែរ ដូចជា ការ​ផ្លាស់ប្តូរពីបរិយាកាស​ជនបទមកសហគមន៍​ជនបទ ក៏អាចបណ្តាលឱ្យមាន​ការ​ផ្លាស់ប្តូររបបអាហារជាមូលដ្ឋាន ដែលផ្អែកទៅលើរបប​អាហា​រដែល​​ជីវិត​ជនបទ​មិនធ្លាប់ទទួលបាន និង អនុវត្តន៍។

ទីក្រុង និង ទីប្រជុំជន គឺជាកន្លែងដែលផ្តល់ជូននូវ​សេវាកម្មជាច្រើន​រួមទាំងសេវាកម្មជំនាញ ដែលមិនមាននៅ​ក្នុង​​តំបន់ជនបទ។ សេវាកម្មទាំងនេះ តម្រូវឱ្យកម្មករនិយោជិតធ្វើឱ្យមានឱកាសការងារកាន់តែច្រើន និង មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស។ មនុស្សវ័យចំណាស់អាចត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ​ទៅកាន់ទីក្រុងនានា ដែលមានវេជ្ជបណ្ឌិត និង មន្ទីរពេទ្យ ដែលអាចបំពេញ​តម្រូវការសុខភាពរបស់ពួកគេ រួមទាំងឱកាសសិក្សាដែល​មាន​​គុណភាពខ្ពស់ គឺ​ជាកត្តាមួយផ្សេងទៀតមាននៅក្នុងទីក្រុង។

៤‑ កត្តាប្រឈមនៃនគរូបនីយកម្ម­

៤.១‑ ­ផលប៉ះពាល់សេដ្ឋកិច្ច­

នៅពេលទីក្រុងមានការរីកចម្រើន ផលប៉ះពាល់ជាច្រើន​នឹងកើតមាន​ឡើង រួមបញ្ចូលទាំងការកើនឡើងយ៉ាង​ខ្លាំង និង ការប្រែប្រួលថ្លៃដើម​របស់​ទំនិញនានានៅក្នុងទីផ្សារផងដែរ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍ ដែល​កើត​​មាន​ឡើងនូវវិសមភាពជាច្រើន ដោយសារនិន្នាការនគរូបនីយកម្ម​យ៉ាងឆាប់​រហ័ស។ ការជំរុញឱ្យមាន​ការរីកចម្រើននៅក្នុងទីក្រុង ឬ ទីប្រជុំជន យ៉ាងឆាប់​រហ័ស អាចនាំឱ្យកើតមាននូវប្រសិទ្ធភាព ប្រកបទៅដោយ​សមធម៌តិចតួច។ បញ្ហាមួយនៅក្នុងចំណោមបញ្ហាជាច្រើន នៅក្នុងការអភិវឌ្ឍទីក្រុង គឺកម្មករ​ប្រវេសន៍​ជាច្រើន ធ្វើចំណាកស្រុកពីទីជនបទ និង កម្មករអន្តោប្រវេសន៍​ចំណាក​ប្រទេសជាច្រើន ដែលជាកត្តាធ្វើឱ្យមាន​កំណើន​តំបន់អនាធិបតេយ្យ​នៅក្នុង​ទីក្រុង ឬ ទីប្រជុំជនដែលកំពុងធ្វើនគរូបនីយកម្មនោះតែម្តង។ មានករណី​ជាច្រើន​ទៀត កម្មករប្រវេសន៍ និង អន្តោរប្រវេសន៍ដែលមានជំនាញតិចតួច ឬ គ្មានជំនាញ រស់នៅក្នុងទីក្រុង​ដែល​សម្បូរទៅឱកាសសេដ្ឋកិច្ច តែពួកគាត់នៅតែ​គ្មានឱកាសការងារ និង មិនមានលទ្ធភាពអាចរកការងារធ្វើ ជាហេតុ​ធ្វើពួកគាត់​គ្មានលទ្ធភាពក្នុងការស្វែងរកលំដៅដ្ឋានសមរម្យ នៅតាមទីក្រុងបានទេ ហើយ​ត្រូវ​បង្ខំ​ចិត្​តរស់នៅក្នុងតំបន់អនាធិបតេយ្យនៅក្នុងទីក្រុង។ បញ្ហាទីប្រជុំជន និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏កំពុង​តែជំរុញឱ្យមាននិន្នាការនគរូបនីយកម្ម ជាពិសេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍនានា ទោះបីជាទីក្រុងសំខាន់ៗ​នៅក្នុង​ប្រទេសមាននិន្នាការនគរូបនីយកម្មក៏ដោយ ក៏ទីប្រជុំជននៅតែបន្ត​លក្ខណៈ​នេះ​កាន់តែច្រើនជាងមុន។ ការធ្វើនគរូបនីយកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​មួយញឹកញាប់ ត្រូវបានគេមើលឃើញ​ថាមានផល​ប៉ះពាល់​ច្រើន ប៉ុន្តែ ភាព​អវិជ្ជ​មាន​ទាំងនេះ គឺជាកត្តាចម្បងក្នុងការនាំទៅដល់ការកាត់បន្ថយការ​ចំណាយ​ក្នុងការធ្វើ​ដំណើរ និង ការដឹកជញ្ជូនខណៈពេលដែលការកែលម្អឱកាស​សម្រាប់​ការងារអប់រំ និង ការស្នាក់នៅត្រូវ​បានអភិ​វឌ្ឍន៍​បន្តបន្ទាប់។

ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលមានកំណើនសេដ្ឋកិច្ចកំពុងរីកដុះ​ដាល និង ការកើនឡើងយ៉ាងគំហុក​លើវិស័យឧស្សាហកម្មធុនស្រាលមួយចំនួន បានធ្វើឱ្យប្រជាជនវ័យក្មេងភាគច្រើន នៅក្នុងប្រទេសទាំងនេះ ជួប​ឧបសគ្គ ដូចជា ​កង្វះខាតលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និង សេវាពិគ្រោះ​អាជីវកម្ម ការលំបាកក្នុង​ការទទួលបានឥណទានដើម្បីចាប់ផ្តើមអាជីវកម្ម និង ខ្វះជំនាញ​សហគ្រិន ដើម្បីប្រឹក្សាឱ្យពួកគេអាច​ទទួលបាន​ឱកាសនៅក្នុង​ឧស្សាហ​កម្ម​ទាំង​នេះ។ ការវិនិយោគលើធនធាមនុស្ស ដើម្បីឱ្យមនុស្សវ័យក្មេងមាន​លទ្ធភាព​ទទួល​បានការអប់រំប្រកបដោយគុណភាព និង កាយសម្បទាគ្រប់គ្រាន់ដើម្បី​ទទួលបាននូវសម្ភារៈបរិក្ខារអប់រំ គឺជាការចាំបាច់ដើម្បីយកឈ្នះលើបញ្ហា​ប្រឈម​ផ្នែកសេដ្ឋកិច្ចនៅក្នុងការធ្វើនគរូបនីយកម្ម។

៤.២‑ ផលប៉ះពាល់បរិស្ថាន

ទីក្រុងនៃប្រទេសនៅក្នុងតំបន់ត្រូពិក គឺជាទីក្រុងដែលមានសីតុណ្ហភាព​ខ្ពស់ ហើយវាបានក្លាយទៅជាកង្វល់​រួមនៃ​ការកើនឡើងកម្តៅ ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្តៅនៅក្នុងទីក្រុងនានា បានកើនឡើងខ្ពស់​នៅពេល​ដែលវិស័យឧស្សាហកម្មកាន់រីកចម្រើន។ យានយន្ត រោងចក្រ និង ឧបករណ៍​កំដៅនៃផលិតផល​ឧស្​សាហកម្មផ្សេងទៀត បានបញ្ចេញសារធាតុផ្សេងៗ​ទៅ​ក្នុង​បរិយាកាស ដែលជាហេតុធ្វើឱ្យទីក្រុងជាទូទៅ​មានសីតុណ្ហភាពចាប់ពី១C ទៅ ៣C ក្តៅជាងតំបន់ដែលនៅជុំវិញ។ ផលប៉ះពាល់ក៏រួម​បញ្ចូលទាំងការកាត់​បន្ថយសំណើមដី និង ការកាត់បន្ថយការបញ្ចេញចោលកាបូនឌីអុកស៊ីតឡើង​វិញ។ តាមលោក ស្ទីវ៉ាត ប្រែន (Stewart Brand) បានអះអាងថា ផលប៉ះពាល់​អំពីការធ្វើនគរូបនីយកម្ម គឺមានភាពអវិជ្ជមានចំពោះបរិស្ថាន។ ទី១ អត្រា​កំណើន​នៃអ្នករស់នៅតាមទីក្រុង និង ប្រជុំជនកើនឡើង ឬ រក្សានូវអត្រា​មិន​ប្រែប្រួលណាមួយ ដែលនៅតែអាចឈានទៅរកភាពតានតឹង ផ្នែកបរិស្ថាន​ដោយ​សារកំណើនប្រជាជន។ ទី២ ការធ្វើចំណាក​ស្រុកចេញពីតំបន់ជនបទ​បាន​ធ្វើឱ្យមានការបាត់បង់បច្ចេកទេសធ្វើកសិកម្មចិញ្ចឹមជីវិតខ្លះ ដែលឈានទៅ​ដល់ការបំផ្លិចបំផ្លាញ ដូចជា ការកាប់សម្លាប់ និង ដុតបំផ្លាញវិស័យ​កសិកម្ម​ជាដើម។ តាមរបាយការណ៍របស់​អង្គការសហប្រជាជាតិ​ឆ្នាំ២០១៣ បានព្រមាន​ថា ជាមួយនឹងប្រជាជនប្រមាណជាង២,៤ ពាន់លាននាក់​នៅជនបទ​គិតត្រឹម​ឆ្នាំ២០៥០ បរិមាណម្ហូបអាហារដែលផលិតបាន នឹងត្រូវកើនឡើង​ប្រហែល​៧០% ដែល​អាចរាំងស្ទះដល់ការផលិតស្បៀងអាហារ ហើយមានប្រទេសខ្លះ​នៅក្នុងពិភពលោកបានកំពុងនឹង​ប្រឈម​អសន្តិ​​សុខស្បៀងរួចទៅហើយ ដោយ​សារតែការផ្លាស់ប្តូរស្ថានភាពបរិស្ថាន។ ម៉្យាងទៀត ការផ្លាស់ប្តូរ​បែបនេះអាច​នឹង​ធ្វើឱ្យប្រព័ន្ធអនាម័យ និង ការថែទាំសុខភាពសាធារណៈមានភាពតានតឹង ហើយអាចបង្កឱ្យ​មានគ្រោះមហន្តរាយផ្នែកមនុស្សធម៌ និង បរិស្ថាន។

ក‑ គុណភាពទឹក

ការកើតឡើងនៃ eutrophication នៅក្នុងទឹក គឺជាផលប៉ះពាល់​មួយផ្សេងទៀតទៅដល់ចំនួនប្រជាជនទីក្រុង​លើបរិស្ថាន។ នៅពេល​មាន​ភ្លៀងធ្លាក់នៅតាមបណ្តាទីក្រុងធំៗ ទឹកភ្លៀងអាចជួយបំផ្លាញ​សារ​ធាតុ​ពុល ដូចជា ឧស្ម័នកាបូនិក និង ឧស្ម័នផ្ទះកញ្ចក់ដទៃទៀត​នៅលើ​អាកាសទៅលើដីខាងក្រោម  បន្ទាប់មក សារធាតុគីមីទាំង​នេះត្រូវ​លាង​ដោយផ្ទាល់ ហើយបង្កឱ្យមានការថយចុះគុណភាពទឹក និង បំផ្លាញ​ប្រព័ន្ធអេកូឡូស៊ី។ ផ្ទៃមហា​សមុទ្រក៏មានសមត្ថភាពក្នុងការ ស្រូបយក​ឧស្ម័នកាបូនិក ដែលភាយចេញពីបរិយាកាសផែនដី​នៅពេល​ដែលការ​បញ្ចេញឧស្ម័នកើនឡើង ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម។ តាមការសិក្សា​ស្រាវជ្រាវ​បង្ហាញថា មហាសមុទ្រស្រូបយក ១/២ នៃCO ដែលផលិតដោយមនុស្ស និង មានប្រយោជន៍ដល់បរិស្ថាន ក្នុងការ​ជួយកាត់បន្ថយផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែ វាបានបង្កឱ្យ​មាន​អាស៊ីដផងដែរ។

ខ‑ កាកសំណល់​ចំណី​អាហារ

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសហគមន៍ បានបង្កើតនូវ​បញ្ហា​ប្រឈមថ្មីៗ ជាពិសេស នៅក្នុងប្រទេស​អភិវឌ្ឍន៍ ហើយបញ្ហាប្រឈម​មួយ​គឺការកើនឡើងនូវកាកសំណល់អាហារ ដែលត្រូវបានគេស្គាល់​ថា​ជាកាកសំ​ណល់​ម្ហូបអាហារទីក្រុង។ កាកសំណល់អាហារ គឺជាការ​ចោលផលិតផលម្ហូបអាហារ ដែលមិនអាចយក​មកប្រើប្រាស់បាន​ទៀត​ទេ ដោយសារតែផលិតផលទាំងនោះផុតកំណត់ ឬ ខូចគុណភាព។ ការបង្កើន​កាកសំណល់ម្ហូបអាហារ អាចបង្កើនការព្រួយបារម្ភខាងផ្នែក​បរិស្ថាន ដូចជា បង្កើនការផលិតឧស្ម័នមេតាន និង ការបង្កឱ្យមាន​ប្រភេទ​ជំងឺ​ផ្សេងៗ។ កន្លែងចាក់សំរាមគឺជាមូលហេតុនាំមុខគេទី៣ នៃ​ការ​ភាយចេញមេតាន ដែលបណ្តាលឱ្យមានការព្រួយបារម្ភលើផល​ប៉ះពាល់​របស់វាចំពោះអូហ្សូន និង សុខភាពរបស់មនុស្ស។ កាក​សំណល់​អាហារច្រើនសន្ធឹកសន្ធាប់ បណ្តាលឱ្យកើតមានឡើងនូវជាតិ fermentation ដែលបង្កើនជា​ហានិភ័យ​ផ្សេងៗ ដូចជា បង្កើតសត្វចម្លង​មេរោគ និង សត្វល្អិតផ្សេងទៀត។

គ‑ ទីជម្រក និង ជីវៈចម្រុះ

ការធ្វើនគរូបនីយកម្ម អាចជះឥទ្ធិពលយ៉ាងធំធេងលើជីវៈចម្រុះ​ដោយសារការបង្កឱ្យមានការបែងចែកជម្រក និង ការបាត់បង់ពូជពង្ស​ដែល​ត្រូវបានគេស្គាល់ថាជាការបែងចែកទីជម្រក។ ការបែកបាក់ ឬ បាត់​បង់លំនៅដ្ឋាន មិនប្រាកដថាជាការបំផ្លាញទីជម្រកនោះទេ ប៉ុន្តែ វាអាច​បំបែកដាច់ដោយឡែកទៅជាផ្លូវថ្នល់ និង ផ្លូវដែក។ ទម្រង់នៃការផ្លាស់​ប្តូរបែបនេះ អាចប៉ះពាល់ទៅដល់ទីជម្រកនៃជីវៈចម្រុះផ្សេងៗ ក្នុងការ​ទ្រទ្រង់ជីវិតដោយ​បំបែកចេញពីបរិស្ថាន ពោលគឺ ភាពងាយស្រួលក្នុង​ការ​រកអាហារ និង រកកន្លែងដែលពួកវាអាចលាក់​ខ្លួនពីការ​ធ្វើ នគរូប​នីយ​កម្ម។ ការរៀបចំផែនការ និង ការគ្រប់គ្រងឱ្យបានត្រឹមត្រូវក្នុងធ្វើ​នគរូបនីយកម្ម គឺជាកាត់បន្ថយ​នូវផលប៉ះពាល់ទាំងឡាយ មិនថាជីវិត​មនុស្ស ឬ សត្វទេ ពោលគឺ ការបន្ថែមច្រករបៀងផ្សេងៗនៃទីប្រជុំជន​ដើម្បីជួយសម្រួលក្នុងការកែទម្រង់នៃនគរូបនីយកម្មទីក្រុងនីមួយៗ។

៤.៣‑ សុខុមាលភាព និង សង្គម

នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នគរូបនីយកម្មមិនបានធ្វើអាយុសង្ឃឹមរស់​នៃ​ប្រជាជនប្រទេសនោះមានភាព​ប្រសើរ​​ឡើង​​នោះទេ។ ការធ្វើនគរូបនីយ​កម្ម​យ៉ាងឆាប់រហ័ស បាននាំឱ្យមានការកើនឡើងនូវអត្រា​ស្លាប់ខ្ពស់ដោយសារជំងឺ​ឆ្លងដែលទាក់ទងទៅនឹងរបៀបរស់នៅ រួមទាំងជំងឺមហារីក​ និង ជំងឺបេះដូង​ផងដែរ។ ភាពខុសគ្នានៃអត្រាមរណៈភាពដោយសារជំងឺឆ្លង អាចប្រែប្រួល​អាស្រ័យលើជំងឺ និង ទីតាំងជាក់លាក់។ កម្រិតសុខភាព ទីក្រុងមានភាព​ល្អប្រសើរបើធៀបនឹងតំបន់ជនបទ ទោះជាយ៉ាងណាក៏ដោយ ​អ្នករស់នៅក្នុង តំបន់ក្រីក្រ ដូចជា តំបន់អនាធិបតេយ្យ និង តំបន់លំនៅដ្ឋានក្រៅផ្លូវការ នៅ​តែ​ទទួលរងការគម្រាមកំហែង​ពីជំងឺផ្សេងៗ ការស្លាប់មុនអាយុ និង កត្តាប្រឈម​ផ្នែកសុខភាព និង ភាពក្រីក្រ។ ប្រជាជនក្រីក្រភាគ​ច្រើននៅតាម​ទីប្រជុំជន​ មាន ការលំបាកក្នុងការប្រើប្រាស់សេវាសុខាភិបាល ដោយសារតែពួកគេមិន​មាន​លទ្ធភាពចំណាយប្រាក់សម្រាប់សេវានោះ ដែលហេតុធ្វើឱ្យពួកគេងាកទៅរក​អ្នក​ផ្តល់សេវាដែលមិនមាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ និង គ្មានច្បាប់។ ខណៈ​ពេល​នគរូបនីយកម្ម ត្រូវបានផ្សារភ្ជាប់ជាមួយ​នឹងភាព​ប្រសើរឡើងនៃ​អនាម័យ​សាធារណៈ និង ការទទួលបានការថែទាំសុខភាពក៏ដោយ ក៏វាតម្រូវឱ្យ​មាន​ការផ្លាស់​ប្តូរនៅក្នុងមុខរបររចំណីអាហារ និង លំហាត់ប្រាណ ដែលអាចមាន​ឥទ្ធិពលជាច្រើនលើផ្នែកសុខភាព ដូចជា៖

ក‑ អាហាររូបត្ថម្ភ

មនុស្សជិត២៣,៥លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាម៉េរិក​ខ្វះ​លទ្ធភាព ទទួលបានផ្សារទំនើបក្នុងចម្ងាយតែ​១ម៉ាយ​ពីផ្ទះ​របស់​ពួក​គេ។ ការសិក្សាជាច្រើនបានបង្ហាញថា ចម្ងាយឆ្ងាយចំពោះ​ហាងលក់​គ្រឿងទេសផ្សេងៗ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាខ្ពស់នៃភាព​ប្រសើរផ្នែកសុខភាពដែរ។ ការធ្វើនគរូបនីយកម្ម ត្រូវបាន​បង្ហាញថា បាន​ផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ផ្លែឈើស្រស់ បន្លែ គ្រាប់ធញ្ញ​ជាតិ​ផ្សេងៗ និង ការទទួល​ទានចំណីអាហារកែច្នៃ និង ភេសជ្ជៈជាដើម។ ហាងម្ហូបអាហារជាច្រើននៅក្នុងសហរដ្ឋអាម៉េរិក ត្រូវបានរក​ឃើញ​​ជា​ទូទៅ​នៅក្នុងសង្កាត់អាម៉េរិក អាហ្រ្វិក ដែលប្រជាជនមានប្រាក់ចំណូល​ទាប ហើយការសិក្សា​មួយទៀតបានរកឃើញថា ជនជាតិភាគតិចនៅ​ក្នុង​សង្កាត់ដែលមានប្រាក់ចំណូលទាបទាំងនេះ មានអត្រា​កំណើន​​កុមារ ​និង កំណើតថ្មីខ្ពស់ ហើយអត្រាកណើតថ្មីទាំងនេះ បានផ្សារ​ភ្ជាប់​ជាមួយនឹងហានិភ័យ​នៃកង្វះ​អាហាររូបត្ថម្ភ នៃការធ្វើនគរូបនីយកម្ម។

ខ‑ ជំងឺហឺត

ការធ្វើនគរូបនីយកម្ម ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើន​ឡើងហានិភ័យនៃជំងឺហឺតផងដែរ នៅពេលដែល​មាន​ការផ្លាស់ប្តូរ​សហ​គមន៍ពីជនបទ ទៅសង្គមទីក្រុងកាន់តែច្រើន ចំនួនមនុស្សកាន់តែច្រើន​ត្រូវបានប៉ះ​ពាល់​ដោយជំងឺហឺត។ នៅក្នុងប្រទេសដែលមានប្រាក់​ចំណូល​ទាប និង មធ្យម មានកត្តាជាច្រើនដែលធ្វើឱ្យមាន​ចំនួន​ខ្ពស់នៃ​អ្នកដែលមានជំងឺហឺត ស្រដៀងគ្នាទៅនឹងតំបន់ខ្លះ នៅក្នុងសហរដ្ឋ​អាម៉េរិកដែល​មាន​ការរីក​ចម្រើន​នគរូបនីយកម្ម។ ផលប៉ះពាល់នៃ​សារ​ធាតុពុលដែលកើតមានក្នុងខ្យល់អាកាស ដូចជា អុកស៊ីត​ឌីអុកស៊ីត (NO2) កាបូនម៉ូណូអុកស៊ីត (CO) និង សារធាតុតូចៗផ្សេងទៀត​ ដែល​មានអង្កត់ផ្ចិតតូច​ជាង​២,៥មីក្រូម៉ែត្រ  អាចបណ្តាលឱ្យបង្កើន​ហានិភ័​យ​នៃ​ជំងឺហឺតរបស់កុមារ។ ថ្វីបើមានការកើនឡើងនូវលទ្ធ​ភាព​​ទទួលបាន​សេវា​សុខភាព តាមរយៈការកើនឡើងនៃដង់ស៊ីតេប្រជាជននៃនគរូប​នីយ​កម្ម បានជះឥទ្ធិ​ពលអវិជ្ជមាន​ដល់​គុណ​ភាពខ្យល់ក្នុងបរិយាកាស ហើយនៅទីបំផុត វាបានកាត់បន្ថយតម្លៃវិជ្ជមាន​នៃធនធាន​សុខភាពនៅ​ពេល​ដែល​កុមារ និង មនុស្សវ័យក្មេងកាន់តែកើនឡើង ពោលគឺ កើន​ជំងឺហឺតដោយសារអត្រា​ខ្ពស់នៃការបំពុល​បរិយា​កាស។

គ‑ ឧក្រិដ្ឋកម្ម

ការបកស្រាយដ៏សាមញ្ញបំផុតនោះ គឺថាតំបន់ដែលមានដង់​ស៊ី​តេ​ប្រជាជនកាន់តែខ្ពស់ ទំនិញកាន់តែច្រើន​សម្បូរបែប និង អាចរកទិញ​បានដោយងាយនៅតំបន់ជុំវិញ និង ក្នុងតំបន់តែម្តង ហើយការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅក្នុងតំបន់ទីក្រុង ក៏អាចកើតមានឡើងបានយ៉ាងងាយដែរ ពោលគឺ ទំនើបកម្មអាចនាំឱ្យមានឧក្រិដ្​ឋកម្ម​ជាច្រើនផងដែរ។ ការយល់​ដឹងកាន់តែច្រើនអំពីគម្លាតប្រាក់ចំណូលរវាងអ្នកមាន និង អ្នកក្រ​ដោយ​សារប្រព័ន្ធផ្សព្វផ្សាយទំនើប គឺជាមូលហេតុដែលនាំឱ្យមាន​អារម្មណ៍​ច្រណែន និង ប្រកួតប្រជែងនៃការខ្វះខាត និង លើសលប់ ដែលអាចនាំឱ្យមានបទឧក្រិដ្ឋ។ ការស្រាវជ្រាវខ្លះបានបង្ហាញថា ការ​កើន​ឡើងនៃ​ឧក្រិដ្ឋ​កម្មនៅក្នុងតំបន់ទីក្រុង គឺដោយសារកត្តាប្រាក់​ចំណូល​របស់មនុស្សម្នាក់ៗ វិសមភាពទៅនឹងប្រាក់​ចំណូលនៃ​ប្រជាជន​សរុប។

ការធ្វើចំណាកស្រុក ក៏ជាកត្តាមួយដែលអាចបង្កើនឧក្រិដ្ឋកម្ម​នៅក្នុងតំបន់ទីក្រុងផងដែរ ដូចជា ការផ្លាស់ទី​លំនៅរបស់​ប្រជាជន​មក​ពីតំបន់មួយ ហើយបង្ខំឱ្យផ្លាស់ប្តូរទៅជាសង្គមនិយម។ នៅទីនេះ​ ពួក​គេស្ថិត​នៅក្នុង​បរិយាកាសថ្មី ជាមួយនឹងបទដ្ឋានថ្មី និង តម្លៃសង្គម ដែលអាចនាំឱ្យមានការរួបរួមគ្នាជាសង្គម និង បទឧក្រិដ្ឋ​កាន់តែច្រើន។ ទោះបីជានគរូបនីយកម្ម មាននិន្នាការបង្កើតផលប៉ះពាល់អវិជ្ជមាន​ក៏ដោយ ក៏ឥទ្ធិពល​វិជ្ជមាន​មួយចំនួន បានធ្វើឱ្យនគរូបនីយកម្ម​បង្កើន​សកម្មភាពផ្សេងៗផ្សារភ្ជាប់ជាមួយនឹងតំបន់ជនបទ។

ឃ‑ សុខភាព​ផ្លូវចិត្ត

កត្តានគរូបនីយកម្មដែលរួមចំណែកដល់សុខភាពផ្លូវចិត្ត អាច​ត្រូវ​បានគេគិតថាជាកត្តាដែលប៉ះពាល់ដល់បុគ្គល និង កត្តាដែល​ប៉ះពាល់​ដល់ក្រុមធំៗនៃសង្គម។ កត្តាម៉ាក្រូទាំងនេះ រួមចំណែកដល់​ភាព​ខុសគ្នារវាងសង្គម ដែលជះឥទ្ធិពលដល់បុគ្គល​តាមរយៈការបង្កើត​អសន្តិសុខ ដែលអាចមើលឃើញ​ជាបញ្ហាដោយសារបរិយា​កាសខាង​រាង​កាយ រួមមានបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ឬ បញ្ហាដែលទាក់ទង​នឹង​បរិស្ថានសង្គម ដូចជា ការ​បាត់​បង់គំនិតខ្លួនឯង។ ការកើនឡើងនូវ​ភាព​តានតឹង គឺជាភាពស្មុគស្មាញខាងផ្លូវចិត្ត ដែលមានលក្ខណៈ​សាមញ្ញ​មួយដែលអមជាមួយ នឹងការធ្វើនគរូបនីយកម្មហើយត្រូវបានគេគិតថា​ដោយសារតែអសន្តិសុខ។ ការផ្លាស់​ប្តូរនៅក្នុងសង្គមដែលជាផលវិបាក​នៃនគរូបនីយកម្ម ត្រូវបានគេគិតថានឹងនាំទៅរ​កការកាត់បន្ថយ​នូវការ​គាំទ្រ​ផ្នែកសង្គម ការកើនឡើងនូវអំពើហឹង្ស និង ការដាក់មនុស្ស​ច្រើន​ពេក។

៥‑ សេចក្តីសន្និដា្ឋន

ទម្រង់នៃនគរូបនីយកម្មផ្សេងៗគ្នា អាចត្រូវបានចាត់ថ្នាក់ដោយអាស្រ័យ​លើរចនាបថនិងវិធីសាស្រ្តនៃស្ថាប​ត្​យកម្មក្នុងការធ្វើផែនការ ក៏ដូចជា ការរៀប​រយកំណើនប្រជាជន ជាប្រវត្តិសាស្ត្រនៃតំបន់នោះ។ នគរូបនីយកម្ម​នៅក្នុង​ទីក្រុង​ដែលត្រូវបានអភិវឌ្ឍជាទូទៅ គឺបង្ហាញពីការប្រមូលផ្តុំនៃ​សកម្មភាពរបស់​មនុស្ស និង ការតាំង​ទីលំនៅនៅជុំវិញតំបន់ទីប្រជុំជនដែលបានមកពីការ​ធ្វើ​ចំណាកស្រុក។ ការធ្វើចំណាកប្រទេស (អន្តោ​រប្រវេសន៍) អាចសំដៅភាគច្រើន​ទៅលើការធ្វើចំណាកស្រុកមកពីប្រទេសអតីតសង្គមនិយម និង កន្លែងផ្សេងៗ​ទៀត​​ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ការរីកចម្រើនថ្មីៗនេះ ដូចជា គម្រោងកែលម្អទីប្រជុំជនជាដើម មានន័យថា គឺជាការមកដល់ថ្មីនៃទីក្រុង​នានាដែលលែងត្រូវការលំនៅដ្ឋានអាណាធិបតេយ្យ ព្រោះ នៅក្នុង​តំបន់​អភិវឌ្ឍន៍​មួយចំនួននៃទីក្រុង ត្រូវបានត្រៀមលក្ខណៈជាស្រេចនៅក្នុងផែនការ​នគរូប​នីយកម្​មនៃតំបន់​ទីប្រជុំជននោះ។ ទម្រង់នៃការធ្វើនគរូបនីយកម្មទាំងនេះ អាចកើតមានដោយ​សារទំនាក់​ទំនងប្រសើរឡើង រវាងប្រជាជនទីក្រុង និង ជនបទ ប៉ុន្តែ កត្តាមួយចំនួន ដូចជា ការភ័យខ្លាចលើផ្នែកឧក្រិដ្ឋកម្ម និង បរិស្ថាន​ទីក្រុងក្រីក្រ វាបានរួមចំណែកទៅដល់បាតុភាពនានា ដែលធ្វើឱ្យទីក្រុង​ធ្លាក់ចុះ រួមទាំងបទពិសោធន៍​ផ្នែកឧស្សាហកម្មនៃពិភពលោកផងដែរ។

នៅពេលដែលតំបន់លំនៅដ្ឋានជាច្រើន មានការផ្លាស់ប្តូរទៅក្រៅ​មជ្ឈ​មណ្ឌលទីក្រុង ឬ ត្រូវបានគេហៅ​ថាជាយក្រុង ដែលបានកើតឡើង​រហូត​មក​ដល់ពេលនេះ គឺជាការបង្កើតចំណុចថ្មីនៃការប្រមូលផ្តុំនៅខាងក្រៅ​ទីប្រជុំជន​ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និង ប្រទេសកំពុងអភិវឌ្ឍន៍។ បាតុភាពទាំងនេះ គឺជាបណ្តាញ សំណុំបែបបទ (poly-centric) នៅក្នុងការយកចិត្តទុកដាក់ ​ដើម្បី​ធ្វើជាគំរូនៃការពង្រីកនគរូបនីយកម្ម។ ជនអន្តោ​ប្រវេសន៍ជនបទត្រូវបានទាក់​ទាញ​ដោយសារលទ្ធភាពនៃទីក្រុង ដែលអាចផ្តល់ឱ្យពួកគេបាន ប៉ុន្តែ ជាញឹក​ញាប់ រូបភាពទាំងនេះ ភាគច្រើនកើតមាននៅក្នុងតំបន់ទីក្រុង ឬ ប្រជុំជន ដែលមានភាពក្រីក្រខ្លាំង។ អសមត្ថភាព​របស់បណ្តាប្រទេសក្នុងការផ្តល់លំនៅ​ដ្ឋានសមរម្យដល់ជនអន្តោប្រវេសន៍ដែលរស់នៅតាមជនបទ គឺពាក់ព័ន្ធ​ទៅនឹង​ភាពលើសលប់នៃការធ្វើនគរូបនីយកម្ម ដែលអត្រាទាំងនេះលូតលាស់យ៉ាង​ឆាប់រហ័ស​ជាងអត្រា​នៃ​ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលនាំឱ្យមានភាព​អត់ការងារធ្វើខ្ពស់ និង តម្រូវ​ការ​ធនធាន​ខ្ពស់។ ប្រជា​ជនក្រីក្រភាគច្រើន​នៅ​តាមបណ្តាប្រទេសកំពុងអភិវឌ្ឍ មិនអាចរកការ​ងារធ្វើបានទេ ពួកគេអាច​ចំណាយ​ជីវិតរបស់ពួកគេក្នុងការងារមិនមានតម្រូវការ និង មិនមានការងារ​ធ្វើតែម្តង។ ការធ្វើន​គរូបនីយកម្ម​បច្ចុប្បន្ន ជាពិសេស ប្រទេសអភិវឌ្ឍ អាច​ត្រូវគេបានរៀបចំជានគរូបនីយកម្មបែបសរីរាង្គ តាមរយៈចលនា​សហគមន៍​ធម្មជាតិសរីរាង្គ និង ចលនាទីក្រុងសួនច្បារជាដើម ដែលត្រូវបានពឹងផ្អែក​ទាំង​ស្រុងលើផែនការមេ ក្នុងការរៀប​ចំសម្រាប់ហេតុផលនយោបាយ វប្បធម៌ សង្គមសេដ្ឋកិច្ចនៃទីក្រុង។

ជាសន្និដ្ឋាន ការធ្វើនគរូបនីយកម្ម គឺពិតជាមិនអាចកាត់ផ្តាច់ពីចំណាក​ជនបទ​នានារបស់ប្រជាជនបានឡើយ ការសិក្សាវិភាគពីចលនាប្រវេសន៍​ចូល​ទីក្រុង ឬ ទីប្រជុំជន គឺជាកត្តាចម្បងដែលអ្នកសិក្សានគរូបនីយកម្ម​​។ ខណៈដែលប្រជាជនបន្តកើនឡើង និង ធ្វើនគរូបនីយកម្ម​ក្នុង​អត្រាដែល​មិនធ្លាប់​មានពីមុន ទីក្រុងថ្មី និង បច្ចេកទេសនៃការរីកចម្រើនឆ្លាត​វៃត្រូវបានអនុវត្តដើម្បីបង្កើតការផ្លាស់ប្តូរមួយ ឆ្ពោះទៅរកការអភិវឌ្ឍទីក្រុង​ដែល​មានបរិស្ថានសេដ្ឋកិច្ច និង សង្គមដែលមាននិរន្តរភាព។ ការរួម​បញ្ចូល​គ្នារវាងនិរន្តភាព​នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង នយោបាយនៃទីក្រុងនានា គឺជាការធ្វើឱ្យមានភាពស្មើគ្នា និង ភាពរឹងមាំក្នុងការអភិវឌ្ឍទីក្រុង និង ទីប្រជុំ​ជនតាមទម្រង់នៃការអភិវឌ្ឍនគរូបនីយកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។

គន្ថនិទ្ទេស

១-     បណ្ឌិត អ៊ូ វ័ឌី ប្រវត្តិនគរូបនីយកម្មលើពិភពលោក ភ្នំពេញ ឆ្នាំ២០១២

២-     បណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ “ការកសាងរៀបចំដែនដីក្នុង​ទីក្រុង​ និង ទីប្រជុំជន” អត្តបទកសិក្ខាសាលាថ្នាក់ជាតិ

ស្តីពី “ការរៀបចំដែនដី​ និង ទីក្រុង”

៣-    បណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ ទំនោរនៃការវិវត្តន៍និងអភិវឌ្ឍន៍របស់ទីក្រុង​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា

វេទិកាពិភាក្សាស្តីពីភាពក្រីក្រនៅ​ក្នុង​ទីក្រុង

៤-     ប៉ែន ខុន ចតុមុខ ភ្នំពេញ ឆ្នាំ២០០១

៥-     ក្រងសួងផែនការ ស្ថានភាពនៃភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៤ ភ្នំពេញ​​ ឆ្នាំ២០១៦

៦-     វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកម្ពុជា សង្ខេបរបាយការណ៍​អភិវឌ្ឍន៍​ ប្រចាំ​ឆ្នាំ២០០៧‑២០០៨” វ.ប.ស.អ.

ភ្នំពេញ​ ឆ្នាំ២០០៨

៧-    សាលាក្រុងភ្នំពេញ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍក្រុងឆ្នាំ២០០៥‑២០១៥  ភ្នំពេញ ឆ្នាំ២០០៥​

៨-     សាលាក្រុងភ្នំពេញ គម្រោងប្លង់គោលទីក្រុងភ្នំពេញ‑យុទ្ធសាស្រ្ត​តម្រង់​ទិ​ស ភ្នំពេញ ឆ្នាំ២០០៥

៩-     Urban Resource Center, City Development Strategy for the Municipality of Phnom Penh:

        Study of Relocation of Urban Poor Communities in Phnom Penh, Annual Report, March 2002

១០-  Dr. Lawrence Tseu, Urban Transport Growth: The Challence Ahead – The new realism

         and Institutional Change, Sabah-Sarawak Environmental Convention 2006

១១-  Tacoli and Cecilia “Urbanisation: rural-urban migration and urban poverty” London 2015

International Institute for Environment and Development

១២-  National Library of Medicine “Urbanization: The process whereby a society changes from a rural to

an urban way of life” USA, 5 November 2014

១៣- UNFPA “Urbanization in 2013: Demographic partitions” USA, 8 July 2015

១៤-  Barney Cohen  “Urbanization, City Growth, and the New United Nations Development

         Agenda” Cornerstone, The Official Journal of the World Coal Industry. 2015

១៥-  Gries, T. and Grundmann R. “Fertility and modernization: the role of urbanization in

         developing countries” Journal of International Development,  2018

១៦-  Abraham Eraly “The Mughal World: Life in India’s Last Golden Age”  The Penguin Books

១៧- Paolo Malanima “Pre-Modern European Economy: One Thousand Years (10th-19th Centuries)” Brill

Publisher, 2009

១៨-  Christopher Watson “Trends in urbanization” Proceedings of the First International Conference on

Urban Pests. 1993, CiteSeerX 10.1.1.522.7409.

 

Be the first to comment

Leave a Reply

Your email address will not be published.


*