ប្រវត្តិនៃស្ថាប័នរដ្ឋសភា ចន្លោះឆ្នាំ១៩៤០-២០០៣  

ជាការពិតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាមិនមែនទើប​តែ​កើតមាននៅឆ្នាំ១៩៩៣នោះទេ។ ការបោះឆ្នោតរបៀបនេះ ត្រូវបានអនុវត្ត​តាំងពីមុនបានឯករាជ្យឆ្នាំ១៩៥៣មកម៉្លេះ។ នៅឆ្នាំ១៩៤៦ ប្រទេស​យើងក៍បាន​រៀបចំការបោះឆ្នោតមួយលើកដែរ តែកាលនោះ ជាការបោះឆ្នោតជ្រើសតាំង​សមាជិកសភាធម្មនុញ្ញ មិនមែនជាការបោះឆ្នោតេជ្រីសតាំងតំណាងរាស្ត្រ​តំណាង​​រាស្ត្រទេ។ សញ្ញាណនៃ​ការបង្កើតរដ្ឋសភា​មានតាំងពី​ឆ្នាំ១៩១៣ ក្នុងរជ្ជកាល​ព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩១៣ សម្រេច​​​បង្កើត​​សភា​ពិគ្រោះយោបល់ដែលមានសមាជិក៣៩រូប តំណាងឱ្យ១០​ខេត្ត-ក្រុង[1]។ ប៉ុន្តែ នៅ​ឆ្នាំ​១៩៤៦ ប្រទេស​យើងក៏បានរៀបចំការបោះឆ្នោត​មួយ​លើកដែរ តែកាលនោះជាការបោះឆ្នោតជ្រើសតាំងសមាជិកសភាធម្មនុញ្ញ មិន​មែន​ជាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រតំណាងរាស្ត្រទេ។សញ្ញាណនៃ​ការបង្កើតរដ្ឋសភា​មាន តាំង​ពីឆ្នាំ១៩១៣ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មាន​ព្រះរាជ​បញ្ញត្តិមួយ ចុះ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩១៣ សម្រេច​បង្កើត​​​សភា​ពិគ្រោះ​យោបល់​ ដែលមាន​សមាជិក៣៩រូប តំណាងឱ្យ១០ខេត្ត-ក្រុង។

ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជា​សភា​តំណាងប្រជាជនកម្ពុជា ក្រោមរជ្ជ​កាល​ព្រះបាទ ស៊ីសុវត្ថិ មុន្នីវង្ស។ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ១៩៤៥ បង្កើតសភាពិគ្រោះយោបល់ ដែលមាន​សមា​ជិក​៣៣ រូប តំណាងឱ្យ១៤ខេត្ត-ក្រុង។ ខែវិច្ឆិកា ឆ្នាំ១៩៤៥បង្កើតគណៈកម្មការបារាំង-ខែ្មរមួយ ដើម្បីរៀបរៀង​សេច​ក្តី​ព្រាងរដ្ឋធម្មនុញ្ញដំបូងនិង នៅឆ្នាំ១៩៤៦ មាន​ព្រះរាជក្រមចំនួនបួន សម្រេចផ្តល់សេរីភាពសារពត៌មាន
សេរី​ភាពបង្កើត​សមាគម សេរីភាពបង្កើតគណបក្សនយោបាយ និង ឱ្យប្រើប្រាស់ច្បាប់​បោះ​ឆ្នោត​សកល​ជ្រើស​តាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ្ញ)[2]

នៅឆ្នាំ១៩៤៦ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតលើកដំបូង​ នៅថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ១៩៤៦
តាមបែបលទ្ឋិប្រជាធិបតេយ្យសេរី ដើម្បីជ្រើសតាំង​សមាជិសភាធម្មនុញ្ញ
សម្រាប់បង្កើតរដ្ឋធម្មុញ្ញដំបូងបង្អស់របស់កម្ពុជា។ ការ​បោះឆ្នោតនេះ
មានគណបក្សនយោបាយ៣ ចូលរួមដើម្បីដណ្តើមយក​អាសនៈ​ចំនួន៦៧ ដែលជាលទ្ឋផលគឺគណបក្សប្រជាធិបតេយ្យទទួលបាន៥០អាសនៈ
គណបក្សសេរីភាពទទួលបាន ១៤ អាសនៈ និង គណបក្សប្រជាធិបតេយ្យ​ចំរើន​និយមទទួលបាន០៣អាសនៈ។ ការបោះឆ្នោតនេះប្រព្រឹត្តទៅតាម​ព្រះរាជ​ក្រមចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៤៦។
គណបក្សទាំង៣ បានរៀបរៀង​ចង​ក្រង​​រដ្ឋធម្មនុញ្ញទីមួយសម្រាប់ប្រទេសកម្ពុជា អស់រយៈពេលជិតមួយឆ្នាំ​ទើប​ចប់សព្វគ្រប់ ហើយត្រូវប្រកាសឱ្យប្រើនៅថ្ងៃទី០៦
ខែឧសភា ឆ្នាំ១៩៤៧។ ការ​បោះឆ្នោតឆ្នាំ១៩៤៦នេះ យើងអាចនិយាយថា
មិនមែនជាការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រទេ
តែវាជាការបោះឆ្នោតជ្រើសតាំង​សមាជិកសភា​ធម្មនុញ្ញ ពីព្រោះ បន្ទាប់ពីអនុម័តរដ្ឋធម្មនុញ្ញហើយ សភាធម្មនុញ្ញឆ្នាំ១៩៤៦
បានរំលាយ​ខ្លួន​ទៅវិញ ដោយមិនប្រែក្លាយទៅជារដ្ឋសភាដូចឆ្នាំ១៩៩៣ទេ[3]

បន្ទាប់ពីពីរដ្ឋធម្មនុញ្ញត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧ ព្រះរាជាណាចក្រកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំង​តំណាង រាស្ត្រលើកទី១ នីតិកាលទី១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧។ ការបោះឆ្នោតនេះ​ធ្វើឡើងតាមព្រះរាជក្រមលេខ៣៦៣ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៤៧ ដែល​មាន​គណបក្សចំនួនប្រាំ បានចូលរួមប្រកួតប្រជែងដណ្តើមអាសនៈចំនួន៧៥ ដែលជាលទ្ឋផល គណបក្សប្រជាធិបតេយ្យទទួលបាន៥៤អាសនៈ គណបក្ស​សេរីភាពទទួលបាន២១អាសនៈ គណបក្សប្រជាធិបតេយ្យចំរើននិយម គណបក្ស​ខេមរៈប៉ុន្នការ និង គណបក្សបង្រួបបង្រួមជាតិ ទទួលបាន០អាសនៈ។

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៥១ ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាង​រាស្ត្រ​សម្រាប់នីតិកាលទី២ មាន៧៨អាសនៈ ដែលមានការចូលរួមពីគណបក្សចំនួន ០៩ ចូលរួមប្រកួតប្រជែង តែជាលទ្ឋផលមានតែគណបក្សចំនួន០៤ប៉ុណ្ណោះ ដែលទទួលបានអាសនៈ ក្នុងនោះ គណបក្សប្រជាធិបតេយ្យទទួលបាន៥៤​អាសនៈ គណបក្សសេរីទទួលបាន១៨អាសនៈ គណបក្សឥសានមានជ័យ ទទួល​​បាន០៤អាសនៈ គណបក្សខេមរៈប៉ុន្នការ ទទួលបាន០២អាសនៈ ចំណែក​ឯ​គណបក្ស០៥ទៀតមិនទទួលបានអាសនៈទេ គឺគណបក្សតំកើងជាតិ គណបក្ស​ប្រជាជន គណបក្សប្រជាធិបតេយ្យចំរើននិយម គណបក្សរួបរួមជាតិ និង គណបក្សឯករាជ្យ[4]

ការបោះឆ្នោតសម្រាប់នីតិទី៣ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ដោយយកតាមប្រព័ន្ឋឯកត្តនាម ដែលមានគណបក្ស​នយោបាយ​ចំនួន០៨ចូលរួមដើម្បីដណ្តើមអាសនៈចំនួន៩១ តែជាលទ្ឋផល គឺមានតែ​គណបក្សសង្គម (សង្គមរាស្ត្រនិយម) មួយប៉ុណ្ណោះ ដែលទទួលបានអាសនៈ​ទាំងអស់ គឺ៩១/៩១ អាសនៈ។ ចំណែកឯគណបក្សចំនួន០៧ទៀត គឺគណបក្ស​ប្រជាធិបតេយ្យ គណបក្សប្រជាជន គណបក្សសេរីភាព គណបក្សតំកើង​ប្រជា​ជាតិ គណបក្សខ្មែរឯករាជ្យ គណបក្សការងារ និង គណបក្សឯករាជ្យ មិន​ទទួល​អាសនៈទេ។ រដ្ឋសភានីតិកាលទី៣នេះ បានធ្វើការកំណត់​ឱ្យស្ត្រីមាន​សិទ្ឋិ​បោះឆ្នោតលើកដំបូងបង្អស់នៅកម្ពុជា តាមរយៈការប្រកាសកែទម្រង់​រដ្ឋធម្មនុញ្ញ​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥៦ ដោយរដ្ឋសភា[5]

ការបោះឆ្នោតសម្រាប់នីតិកាលទី៤ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែ​មី​នា ឆ្នាំ១៩៥៨ មានគណបក្សចំនួនពីរចូលរួមប្រកួតប្រជែងដណ្តើម​អាសនៈ​ចំនួន៦១ ដែលជាលទ្ឋផល គឺគណបក្សសង្គមទទួលបានទាំងអស់ គឺចំនួន៦១/៦១ អាសនៈ ចំណែកឯគណបក្សប្រជាជនមិនទទួលបានអាសនៈទេ។ នៅមុនការ​បោះ​ឆ្នោត​ឆ្នាំ១៩៥៨នេះ ឯកឧត្តម សម សារី ក៏បានបង្កើតគណបក្ស​រាស្ត្រា​ធិបតេយ្យដែរ ប៉ុន្តែ ត្រូវរំលាយទៅវិញ ដោយសារគ្មានរាស្ត្រណាមួយ​ចូលរួម​សោះ។ ការបោះឆ្នោតនេះ គឺជាប្រវត្តិសាស្ត្រដំបូងបង្អស់ ដែលស្ត្រីម្នាក់បាន​ជាប់​ឆ្នោតជាតំណាងរាស្ត្រ
គឺលោកជំទាវ ពុង ប៉េងចេង នាមដើម ស៊ីវ អេងតុង[6]

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦២ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ​សម្រាប់នីតិកាលទី៥ ដែលមានអាសនៈ៧៧ ហើយជាលទ្ឋផលត្រូវគណបក្ស​សង្គមទទួលបានទាំងអស់ គឺ៧៧/៧៧អាសនៈ ដោយមានស្ត្រីពីររូប​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ[7]

ការបោះឆ្នោតសម្រាប់នីតិកាលទី៦ ត្រូវបានប្រារពឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦ ដែលមាន ៨២អាសនៈ។ ឆ្នាំ១៩៦៦ ជាឆ្នាំដែលសង្គមរាស្ត្រ​និយមបានសាកល្បងឈប់ប្រើសិទ្ឋិជាប្រពៃណីរបស់ខ្លួន ក្នុងការជ្រើសរើសបេក្ខ​ជនសង្គម ពោលគឺមានសាកល្បងឱ្យមានបេក្ខជនសេរី ចូលរួម​ក្នុងដំណើរការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់រដ្ឋសភា។ វិធីថ្មីនៃការជ្រើសរើស​បេក្ខជនរបស់គណបក្សសង្គមដោយសេរី បានផ្តល់កម្លាំងខាងស្តាំនៅសម័យ​បោះឆ្នោតឆ្នាំ១៩៦៦ គឺជាសម័យដែលពួកនេះ បានទទួលតំណែងភាគច្រើន​នៅរដ្ឋសភា ហើយបង្កើតរដ្ឋាភិបាលរបស់ខ្លួន ដែលមានឧត្តមសេនីយ៍ លន់ នល់ ជាប្រធាន ដោយមានស្ត្រីបួនរូប ជាប់ឆ្នោតជាតំណាងរាស្ត្រ[8]

សាធារណរដ្ឋខ្មែរ គឺជារបបមួយកើតឡើងបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខឧត្តមសេនីយ៍ លន់ នល់ ទៅលើ​របបសង្គមរាស្ត្រនិយមរបស់សម្តេច សីហនុ។

យើងឃើញថា បន្ទាប់ពីឧត្តមសេនីយ៍ លន់ នល់ និង សភាទាំងពីរ (រដ្ឋ​សភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ) ទម្លាក់សម្តេច នរោត្តម សីហនុ។ នៅ​ថ្ងៃ​ទី០៩ ខែតុលា ឆ្នាំ១៩៧០ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសប្តូរ​របបមក​ជាសាធារណរដ្ឋខ្មែរ។ នៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧២ មានការបោះឆ្នោត​ប្រជា​មតិ ដើម្បីអនុម័តរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញនេះត្រូវប្រកាសឱ្យប្រើ​នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧២ [9]

បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីនេះចូលជាធរមាន
និង បន្ទាប់ពីការបោះឆ្នោតជ្រើស​តាំងឧត្តមសេនីយ៍ លន់ នល់
ជាប្រធានាធិបតីកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៧២ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧២
ការជ្រើសតាំងតំណាងរាស្ត្រ ១២៦​រូប បានប្រព្រឹតទ្តៅស្របទៅតាមរដ្ឋធម្មនុញ្ញសម្រាប់អណត្តិ០៤ឆ្នាំ ដោយមាន​ស្ត្រីបីរូបជាប់ឆ្នោតជាតំណាងរាស្ត្រ តែរបបនេះត្រូវបានបញ្ចប់នៅថ្ងៃទី១៥ ខែ​មេសា ឆ្នាំ១៩៧៥ ដោយជំនួសមកវិញនូវរបបកម្ពុជាប្រជាធិបតេយ្យ ​(របប​ខ្មែរ​ក្រហម) ដែលជារបបផ្តាច់ការ
និង ប្រល័យពូជសាសន៍ឯងយ៉ាងឃោឃៅ [10]

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
គឺជាថ្ងៃជ័យជំនៈរបស់ពួកខ្មែរក្រហមលើ​របបសាធារណរដ្ឋខ្មែរ ហើយក៏ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែល​ធ្លាក់​ចូលក្នុងរបបប្រល័យពូជសាសន៍ ដែលមិនអាចឱ្យកូនខ្មែរគ្រប់រូបបំភ្លេច​បាន​ឡើយ ហើយជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ពិភពលោកទាំងមូលដែរ។

របបខ្មែរនេះ បានខិតំបំភ័ន្តមតិអន្តរជាតិ ដោយខំប្រឹងតាក់តែងរដ្ឋ​ធម្មនុញ្ញ​មួយឡើង។ តាមរយៈមហាសន្និបាតលើកទី៣ អនុម័តកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៥ បានប្រកាសជាផ្លូវការនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦ ឱ្យ​ប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ[11]

យោងតាមមាត្រា៦
នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាថិបតេយ្យ ដែលចែងថា «សមាជិកសភាតំណាងប្រជាជនកម្ពុជា
ត្រូវបានប្រជាជនជ្រើសតាំងឡើង​ដោយ​ការបោះឆ្នោតទូទាំងប្រទេសដោយផ្ទាល់
និង ដោយសម្ងាត់ ក្នុងរយៈកាល៥ឆ្នាំ​ម្តង»។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ ការបោះឆ្នោតជ្រើសតាំងសភា​ប្រជាជន​កម្ពុជា​ក៏បានប្រព្រឹត្តឡើងដោយមានតំណាងកសិករ១៥០នាក់ តំណាងកម្មករ និង ពលករផ្សេងទៀត៥០នាក់ និង
តំណាងកងទ័ពបដិវត្ត៥០នាក់ ប៉ុន្តែ គ្មានឯសារណាមួយនៅសល់ ដើម្បីបញ្ជក់ពីឈ្មោះសភាតំណាងប្រជាជនកម្ពុជា
ចំនួន២៥០នាក់ទេ គឺមានតែឈ្មោះគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតាំណាង​ប្រជាជនកម្ពុជាចំនួន១០ នាក់តែប៉ុណ្ណោះ[12]

បន្ទាប់ពីរំដោះប្រទេសជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ
ដោយកង​ទ័ពប្រជាជនបដិវត្តកម្ពុជា
និង សហការជាមួយកងទ័ពវៀតណាម កាលពីថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានរៀបចំប្រទេសជាតិឡើងវិញ​ជា​បណ្តើរៗ។ អស់រយពេលពីរឆ្នាំ បន្ទាប់ពីប្រទេសចេញពីរបបខ្មៅងងឹត​
គុកឥត​ជញ្ជាំង ប្រទេសកម្ពុជាក៏ចាប់ផ្តើមដំណើរការបោះឆ្នោតជាទូទៅ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨១ ដើម្បីជ្រើសតាំងតំណាងរបស់ខ្លួន
ដែលជាសមាជិក​រដ្ឋសភា​ចំនួន១១៧រូប
សម្រាប់រដ្ឋសភាដែលជាអង្គការកំពូល នៃរដ្ឋអំណាច ដោយមានស្ត្រីជាប់ឆ្នោតចំនួន២២រូប។
លទ្ឋផលជាទូទៅ​នៃការបោះឆ្នោត​ទូទាំង​ប្រទេស ជាសក្ខីភាពដ៍ត្រចះត្រចង់ បញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពស្អិតរមួត
នៃប្រជាជនកម្ពុជា នូវការគាំទ្ររបស់ប្រជាជនដល់អង្គការដឹកនាំប្រទេសនូវភាព​មិន​ត្រឡប់ក្រោយនៃការផ្លាស់ប្តូរបដិវត្តន៍
ដែលប្រព្រឹត្តទៅនៅសម័យ​សាធារណ​រដ្ឋ ប្រជាមានិតកម្ពុជា។ ទោះជាការបោះឆ្នោតឆ្នាំ១៩៨១ មិនមានគណបក្ស​ចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនបដិវត្តន៍កម្ពុជាក៏ដោយ ក៏វាជា​សញ្ញាមួយឈានទៅរកលទ្ឋិប្រជាធិបតេយ្យសេរី បន្ទាប់ពីប្រទេសជាតិស្ថិតក្នុង​ភាពខ្ទេចខ្ទីរស្ទើរគ្មានសល់អ្វីនោះ។

នៅក្នុងមាត្រា៤៧នៃរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
បាន​ចែងថា
«នីតិកាលរបស់រដ្ឋសភា មានកំណត់ប្រាំឆ្នាំ» ប៉ុន្តែ យើងមិនឃើញមាន​ការបោះឆ្នោតម្តងទៀតឡើយ នៅក្នុងរបបនេះ រហូតដល់ឆ្នាំ១៩៩៣ ប៉ុន្តែ នៅ​ឆ្នាំ១៩៨៩ ជាឆ្នាំដែលបញ្ចប់នូវសង្គ្រាមត្រជាក់នៅលើពិភពលោក និងជាឆ្នាំ​ដែលលោកកុម្មុយនីស្តចុះខ្សោយ ជាពិសេស សហភាពសូវៀតដែលជាប្រទេស​ផ្តល់ជំនួយយ៉ាងច្រើនមកប្រទេសកម្ពុជានាសម័យនោះ
បានធ្វើឱ្យប្រទេស​កម្ពុជា​ងាកមករកសេដ្ឋកិច្ចទីផ្សារសេរី តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ដោយ​រដ្ឋសភានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩ នាសម័យប្រជុំវិសាមញ្ញនីតិកាលទី១
ដើម្បីកែឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មករដ្ឋកម្ពុជា ហើយ​ក៏ជាឆ្នាំបង្កើតឱ្យមានកម្មសិទ្ឋិឯកជនដល់ពលរដ្ឋផងដែរ[13]

តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៩១ ការ​បោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ បានធ្វើឡើង ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ១៩៩៣។ ក្នុងការបោះឆ្នោតនេះ មានគណបក្សចំនួន២០ បានចូល​រួម​បោះឆ្នោត ប៉ុន្តែ ជាលទ្ធផលមានតែគណបក្សចំនួន០៤
ប៉ុណ្ណោះដែល​ជាប់​ឆ្នោត គឺគណបក្សហ៊្វុនស៊ិនប៉ិចបានទទួល៤៥.៤៧% ស្មើនឹង៥៨កៅអី គណបក្ស​ប្រជាជនកម្ពុជាទទួលបាន៣៨.៣២% ស្មើនឹង៥១កៅអី គណបក្សប្រជាធិប​តេយ្យ​សេរីនិយមព្រះពុទ្ធសាសនាទទួលបាន៣.៨% ស្មើនឹង១០កៅអី និង គណបក្ស​ម៉ូលីណាកា និង អ្នកតស៊ូខ្មែរដើម្បីសេរីភាព
ទទួលបាន១.៣៧% ស្មើនឹង ១កៅអី [14]

នៅចន្លោះពេលនៃការបោះឆ្នោត និង ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
គេ​បាន​បង្កើតឱ្យមានរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលរួមមានសមាសភាព​នៃ​គណបក្សសំខាន់ពីរនៅក្នុងសភាធម្មនុញ្ញ
គឺគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្ស​ប្រជាជន ដែលបានចែករំលែកអំណាចគ្នាដើម្បីដឹកនាំរដ្ឋាភិបាល
​ក្នុងនាម​សហ​ប្រធាន[15]
ដូច្នេះ អ្នកតាក់តែងរដ្ឋធម្មនុញ្ញបំពេញកិច្ចការរបស់ខ្លួន ​ដោយបញ្ចូល​នូវ​ឥទ្ធិពលជាច្រើននៃរបបនយោបាយមុនៗ​ មានន័យថា គឺរបបនយោបាយ​ដែលគ្រប់គ្រងដោយគណបក្សប្រជាជន ឥទ្ធិពលបុរាណនិយមដែលអាច​មាន​ជំនឿលើបុគ្គលតែម្នាក់ គឺ សម្តេច នរោត្តម សីហនុ ដោយគណបក្សហ៊្វុនស៊ិនប៉ិច ឥទ្ធិពលពីបច្ចឹមប្រទេស។

សភាធម្មនុញ្ញ បានប្រារព្វបើកសមយ័ប្រជុំរបស់ខ្លួននៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ១៩៩៣ ក្រោមអធបិតីភាពនៃ សម្តេច នរោត្តម សីហនុ ជាប្រធាន​ក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា  និង មានការចូលរួមពីលោក យ៉ាស៊ូស៊ី អាកាស៊ី ប្រមុខអ៊ុនតាក់ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំកម្ពុជា [16]

[1] ឃឹម អ៊ី អត្ថបទរដ្ឋធម្មនុញ្ញែខ្មរឆ្នាំ១៩៩៧-៩៨ ភ្នំពេញ ទំព័រ ៥

[2] http://www.national-assembly.org.Kh/na_History.htmpage 2

[3] htpp://www.national-assembly.org.Kh/Assembly-Historty/1946-1947/index.htm

 

 

[4] ឃឹម អ៊ី រដ្ឋធម្មនុញ្ញែខ្មរ ឆ្នាំ ១៩៩៧-៩៨ទំព័រ ៥

[5] ល.យ មីហេយេវ ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា
ឆ្នាំ១៩៨១ ទំព័រ ៣៨៣ និង http://www.national-assembly.org.Kh/Assembly-History/1955-1958/index.htm

[6] មីហេយេវ ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា ឆ្នាំ១៩៨១ ទំព័រ ៤០០-៤១០

[7] http://www.national-assembly.org.kh/Assembly-History/1962-1966/index.htm

[8] យ.យ មីហេយេវប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា ឆ្នាំ១៩៨១ ទំព័រ ៤៥៨-៤៦១

[9] មើលមាត្រាអវសាន្តបញ្ញត្តិការដាក់ជាធរមាននៃរដ្ឋធម្មនុញ្ញៃនសាធារណរដ្ឋខ្មែរ

[10] សៅ ឆាត វិបត្តិកម្ពុជាឆ្នាំ១៩៩៣ ទំព័រ ៨១-៩៧

[11] មាត្រា ៥/៤ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ និងសៅ ឆាត វិបត្តិកម្ពុជា ឆ្នាំ១៩៩៣ ទំព័រ១១៩-១២៦ និងគេហទំព័រ http://www.national- assembly.org.kh/Assembly-History/1976-1979/index.htm

[12] http://www.national-assembly.org.kh/Assembly-History/1976-1979/index.htm

 

[13] ក្រឹត្យច្បាប់លេខ២៩ ក្រ របស់ក្រុមប្រឹក្សារដ្ឋ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩

 

[14] របាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តន៍ និង លទ្ធផលនៃការ​បោះ​ឆ្នោត​នៅកម្ពុជា ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ
១៩៩៣ ទំព័រទី៥

[15]SeeMaurice GAILLARD ឆ្នាំ២០០៥ នីតិរដ្ឋធម្មនុញ្ញកម្ពុជាភ្នំពេញ ទំព័រទី ៩-១០

[16] កំណត់ហេតុប្រជុំពេញអង្គរបស់សភាធម្មបុញ្ញោលីកទី១ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*