April 19, 2024
ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និង​វប្ប​ធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា

ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខា​ធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និង​វប្ប​ធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក លោក សួ ប៉ុណ្ណារ៉ាត់, លោក ភឿន ភារុន, លោកស្រី ម៉ិល វាសនា និង កញ្ញា តាកេត ស័កដា ចុះ​សិក្សា​ស្រាវ​ជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧» នៅបណ្ដាប្រាសាទមួយនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប ជាពិសេសនៅប្រាសាទបាយ័ន្ត ក្នុង​គោល​បំណង​សិក្សា​ស្វែងយល់បន្ថែមពីព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់​អត្តសញ្ញាណជាក់​លាក់នៃ​ចម្លាក់​​រូបព្រះ​បាទ​​ជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅលើថែវប្រាសាទបាយ័ន្ត ដើម្បីឈានទៅសិតបដិមា​ទោលព្រះបាទ​ជ័យវរ្ម័ន​ទី៧ ធ្វើពីស្ពាន់។ គម្រោងស្រាវជ្រាវនេះនឹងសិក្សាលើរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ ដោយថតរូប និងចុះបញ្ជី​ចម្លាក់​រូបទាំងឡាយ​ដែលសង្ស័យថាជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧។ ការសិក្សាស្រាវជ្រាវនេះ​ក៏បានធ្វើកិច្ច​សហ​​​ការ​ជាមួយស្ថាប័នជាតិដូចគ្នា គឺអាជ្ញាធរអប្សរា ដើម្បីសិក្សារួមគ្នា ចែករំលែកបទពិសោធន៍គ្នា​ទៅវិញទៅ​មកក្នុង​ការពង្រឹងនិងពង្រីកវិស័យស្រាវជ្រាវ​ខ្មែរឱ្យរឹង​មាំនិងមានគុណភាពតាមបែប​វិទ្យាសាស្ត្រសម័យ​បច្ចុប្បន្ន។

ព្រះបាទជ័យវរ្ម័នទី៧គឺជាព្រះរាជខ្មែរមួយអង្គគ្រងរាជក្នុងសម័យអង្គរ មានកិត្តិសព្ទល្បីល្បាញ ជាស្ដេចចក្​រក្​រវាល មានអំណាច​ធំធេង គ្រប់គ្រងដែនដីដ៏មហាសាលនៃអាណាចក្រមួយឈ្មោះថា «អាណាចក្រអង្គរ»។ ព្រះអង្គបានសោយរាជ្យចាប់ឆ្នាំ១១៨១ ដល់១២១៨ ដែលក្នុងពេលនោះព្រះអង្គបានកសាងអភិវឌ្ឍជាតិផងនិងធ្វើសង្គ្រាមពង្រីកទឹកដីផង។ តាមរយៈសិលាចារឹក​ប្រាសាទ​​ភិមានអាកាស ប្រាសាទព្រះខ័ន ប្រាសាទ​តាព្រហ្ម ប្រាសាទបន្ទាយឆ្មារ បានចាររៀបរាប់ពីព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រជា​ច្រើន​ទាក់​ទងនឹងព្រះអង្គ។ ស្នាដៃរ​បស់​ព្រះអង្គមានច្រើនសន្ធឹកសន្ធាប់ដូចជា ការសាងសង់ប្រាសាទធំៗជាច្រើនក្នុងតំបន់អង្គរ និង​តាម​បណ្ដាខេ​ត្តនានាជាច្រើនទៀត។ អ្នកស្រាវជ្រាវខ្លះបានសន្និដ្ឋានថា ថ្មប្រាសាទដែលយកមកសាងសង់ប្រាសាទ​ក្នុងរាជ​របស់​ព្រះ​អង្គតែមួយអង្គឯងសោះមានចំនួនច្រើនជាងថ្មប្រាសាទដែលយកមកសង់ប្រាសាទក្នុងរាជស្ដេចផ្សេងៗសរុបចូលគ្នាក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ក្រៅពីប្រាសាទព្រះអង្គក៏បានកសាងផ្លូវធំៗ​ចំនួន៥ខ្សែ​ដើម្បីភ្ជាប់រាជធានីអង្គរទៅបណ្ដា​ខេត្​ត​ផ្សេងៗ និង​កសាងសាលាដំណាក់មន្ទីរពេទ្យសម្រាប់ប្រជា​នុរាស្ត្រ​បាន​ប្រើ​ប្រាស់ និងពឹងអាស្រ័យផង។ តាមរយៈសិលាចារឹក និង​ចម្លាក់នៅ​តាមជញ្ជាំងប្រាសាទបានឱ្យដឹងថា ព្រះអង្គគោ​រពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។

ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ក៏មានការសាងរូបស្នងធ្វើពីថ្មភក់។ ក្នុងរាជស្ដេចមុនៗ ពោលគឺចាប់​ពីសតវត្​សទី៩មក គេប្រទះ​ឃើញ​បដិមារូបទេពដែលមនុស្សម្នាគោរព ដោយសន្មតថាជាក្ខន្ធ ឬវិញ្ញាណបុគ្គលណា​មួយស្ថិតនៅរលាយចូលគ្នានឹងវិញ្ញាណ​នៃទេពជាម្ចាស់រូបនោះ ប៉ុន្តែបដិមាទាំងនោះ គេពុំឆ្លាក់ឡើងក្នុងបំណង​ធ្​វើរូបរាងមុខមាត់ឱ្យដូចបុគ្គលដែលខ្លួនស្នងនោះឡើយ។ បដិមានិមួយៗស្នងទេពណាមួយនៃសាសនាឥណ្ឌា ដែលគេសន្មតថាបុគ្គលនោះភ្ជាប់ក្ខន្ធទៅជាមួយ។ សិលាចារឹកភិមានអាកាស​ដែល​និពន្ធដោយព្រះអគ្គមហេសី​ឥន្ទ្រទេវីបានឱ្យដឹងថា ព្រះនាងជ័យរាជទេវីដែលត្រូវជាព្រះអនុជ ហើយធ្លាប់ជាព្រះអគ្គមហេសី​មុននោះ បាន «សាង​តាមគ្រប់ទីកន្លែងនូវបដិមាព្រះបិតា, ព្រះមាតា ព្រះអនុជ, មិត្តសម្លាញ់, សាច់សារលោហិត, ញាតិ​សណ្ដាន​​​ជិតឆ្ងាយដែលព្រះនាងស្គាល់ ឬមួយគ្រាន់តែធ្លាប់លឺឈ្មោះ»។ ក្នុងសិលាចារឹកភិមានអាកាសដដែល​បានចារទៀតថា ព្រះនាង​ឥន្ទ្រទេវី «បានសាងព្រះរូបជាច្រើននៃព្រះនាងជ័យរាជទេវី (ជាព្រះអនុជ) ព្រមដោយ​ព្រះរូបព្រះរាជាផង តម្កល់នៅគ្រប់បុរីនានា»។ ស្លោកនេះបង្ហាញថា មានការសាងបដិមាជាច្រើនក្នុងរាជ​របស់ព្រះអង្គ។

រហូតមកដល់ពេលនេះ គេបានរកឃើញរូបបដិមាចំនួន៤ដែលរូបស្នងរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងនោះ មានរូបមួយកំពុង​តាំងនៅក្នុងសារមន្ទីរជាតិភ្នំពេញ។ សណ្ឋាននៃបដិមានេះមានទំហំធំជាងធម្មជាតិ រាងក្រអាញ មានសាច់បន្ដិច អង្គុយពែនភ្នែននៅ​លើ​បល្ល័ង្កមូលមួយដែលមិនខាត់សម្អាតឱ្យរលីង, លែងខ្លួនទទេ ហើយឈ្ងោកទៅមុខបន្តិច, ឯចង្កាក៏បញ្ចុចបន្តិចមករកទ្រូង។ រូបនេះស្ថិតក្នុងឥរិយាបទប្រណម្យ ឬមួយក៏ឥរិយាបទនៃយោគីម្នាក់ដែលកំពុងស្មឹងស្មាធិ៍។

ដោយសារគេបានរកឃើញភស្ដុតាងបង្ហាញជាបដិមាស្នងព្រះបាទជ័យវរ្ម័នទី៧ ទើបបច្ចុប្បន្ននេះ យើងឃើញមានការឆ្លាក់រូប​ព្រះអង្គក្នុងរូបទម្រង់បែបនេះជាច្រើនក្នុងប្រទេស មានទាំងរូបធ្វើពីថ្ម លោហៈ និងឈើជាដើម។

បើយើងពិនិត្យមើលចម្លាក់នៅតាមជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ យើងឃើញមានឆ្លាក់រូបជាច្រើនដែលបង្ហាញ​ពីព្រះរាជាម្នាក់គង់លើដំរី ដៃកាន់ព្រួញ កាន់ព្រះខ័ន កំពុងប្រយុទ្ធ ឬដឹកនាំទ័ពចេញទៅធ្វើសឹក         សង្គ្រាម។ បដិមាក្នុងទម្រង់​បែប​​​នេះគឺប្រហែលជាព្រះបាទជ័យវរ្ម័នទី៧ដែរ។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវការសិក្សានិង​រកទិន្នន័យបញ្ជាក់​ឱ្យកាន់តែច្បាស់​លាស់បន្ថែមទៀត។

 

 

 

 

 

 

 

 

 

ផែនទីប្រាសាទក្នុងតំបន់អង្គរ

 

ប្លង់ប្រាសាទបាយ័ន្ត

 

តួប្រាសាទបាយ័ន្ត

 

រូបចម្លាក់ដែលគេសង្ស័យថាជាព្រះបាទជ័យវរ្ម័នទី៧

 

រូបចម្លាក់ដែលសង្ស័យថាជាព្រះបាទជ័យវរ្ម័នទី៧ក្នុងសវនាការ អង្គុយលើព្រះទីនាំង ដៃកាន់ព្រះខ័ន

រូបចម្លាក់ដែលសង្ស័យថា ជារូបព្រះបាទជ័យវរ្ម័នស្ថិតនៅថាវខាងក្រៅ ខាងលិចស្លាបខាងជើង

 

រូបចម្លាក់ដែលគេសង្ស័យថាជាព្រះបាទជ័យវរ្ម័នទី៧ នៅលើដំរី ក្នុងកាយវិការទាញធ្នូបាញ់

 

 

រូបចម្លាក់ដែលគេសង្ស័យថាជាព្រះបាទជ័យវរ្ម័នទី៧ គង់លើដំរី ក្នុងកាយវិការកាន់ធ្នូ បញ្ជារកងទ័ព