March 29, 2024
បណ្ឌិត សុង ស៊ីណា មន្រី្តស្រាវជ្រាវផ្នែកប្រវត្តិវិទ្យា និង វិទ្យាសាស្រ្តនយោបាយ សេចក្តីផ្តើម ប្រទេសកម្ពុជាជាអតីតប្រទេសមួយដែលធ្លាប់ស្ថិតនៅក្រោមរបបអាណាព្យាបាលបារាំងពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ១៩៥៣។ សម្តេចព្រះនរោត្តម សីហនុ បានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ជូនជាតិមាតុភូមិពីបារាំងប្រកបដោយជោគជ័យនៅឆ្នាំ១៩៥៣។

បណ្ឌិត សុង ស៊ីណា មន្រី្តស្រាវជ្រាវផ្នែកប្រវត្តិវិទ្យា និង វិទ្យាសាស្រ្តនយោបាយ

សេចក្តីផ្តើម

ប្រទេសកម្ពុជាជាអតីតប្រទេសមួយដែលធ្លាប់ស្ថិតនៅក្រោមរបបអាណាព្យាបាលបារាំងពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ១៩៥៣។ សម្តេច​ព្រះនរោត្តម សីហនុ បានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ជូនជាតិមាតុភូមិពីបារាំងប្រកបដោយជោគជ័យនៅឆ្នាំ១៩៥៣។ ចំណែកនៅប្រទេសវៀតណាមឯណោះវិញលោកហូ ជីមិញ ក៏បានបង្កើតចលនាតស៊ូកុម្មុយនីស្តវៀតណាមដើម្បីទាមទារ​ឯក​រាជ្​យពី ប្រទេសបារាំងផងដែរ។ ចលនាតស៊ូកុម្មុយនីស្តវៀតណាមបានធ្វើឱ្យបារាំងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅសមូរភូមិឌៀន​បៀនភូនាឆ្នាំ១៩៥៤។

ដោយមើលឃើញថា ប្រទេសបារាំងមិនអាចទប់ទល់នឹងការរីករាលដាល នៃចលនាតស៊ូ កុម្មុយនីស្តវៀតណាម សហរដ្ឋអាម៉េរិក​បាន​ពង្រីកនយោបាយការទូតជាអន្តរជាតិរបស់ខ្លួនចូលមកក្នុងតំបន់ឥណ្ឌូចិន ។ នៅឆ្នាំ១៩៥៤ សហរដ្ឋអាម៉េរិកបានបង្កើតអង្គការ​សន្ធិសញ្ញាការពារការរីករាលដាលចលនាកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា អង្គការសេអាតូ (SEATO)។ សម្រាប់ប្រទេស​កម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣មក យើងសង្កេតឃើញថា កម្ពុជាត្រូវប្រឈម​នឹងបញ្ហាជាច្រើន​ជាពិសេសវិស័យសេដ្ឋកិច្ច។ សេដ្ឋកិច្ចកម្ពុជានាពេលនោះនៅទន់ខ្សោយមិនមានលទ្ធភាពធ្វើការអភិវឌ្ឍប្រទេសជាតិ​បានដោយ​ខ្លួន​ឯង​ទាំងស្រុងនោះឡើយ។ អាស្រ័យហេតុនេះ កម្ពុជាត្រូវស្វែងរកជំនួយពីបរទេសដើម្បីយកមកអភិវឌ្ឍន៍សង្គមជាតិ​របស់ខ្លួន​ឡើង​វិញ។

ស្របគ្នានោះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានប្រកាសទទួលស្គាល់ប្រទេសកម្ពុជានៅ ឆ្នាំ១៩៥០។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ឯកអគ្គរដ្ឋទូតដំបូងរបស់សហរដ្ឋអាម៉េរិកគឺលោក Donald Heath បានមកថ្វាយសារតាំងដល់​ព្រះមហាក្សត្រខែ្មរ​សម្តេច​ព្រះនរោត្តម សីហនុ។

ចាប់ពីពេលនោះមកសហរដ្ឋអាម៉េរិកបានចាប់ផ្តើមផ្តល់ជំនួយមកឱ្យប្រទេសកម្ពុជា ដែលនៅ ក្នុងបរិបទនោះប្រទេសកម្ពុជាស្ថិត​នៅក្នុងភូមិសាស្រ្តនយោបាយមួយដ៏សំខាន់សម្រាប់នយោបាយការ បរទេសនៃប្រទេសមហាអំណាច ជាពិសេសគឺសហរដ្ឋ​អាម៉េ​រិក​ដែលមានបំណងទប់ទល់នឹងការរីករាល ដាលនៃលទ្ធិកុម្មុយនីស្តនៅឥណ្ឌូចិន។

នៅក្នុងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក តើសហរដ្ឋអាម៉េរិកបានផ្តល់ជំនួយមកឱ្យប្រទេស កម្ពុជាពីឆ្នាំ១៩៥០-១៩៦៣ តាមរូប​ភាពយ៉ាងដូចម្តេច? ហើយជំនួយទាំងនោះត្រូវបានគេយកទៅ ប្រើប្រាស់ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗអ្វីខ្លះ?

ផ្នែកទី១

ស្ថានភាពនយោបាយកម្ពុជា និង ពិភពលោកក្រោយសង្រ្គាមលោកលើកទី២

ដោយសារពិភពលោកស្ថិតក្នុងស្ថានភាពនៃសង្រ្គាមត្រជាក់ ដែលជាដំណាក់កាលនៃការ ប្រឈមរវាងមនោគមវិជ្ជាសេរី និងកុម្មុយនីស្តពិភពលោកត្រូវជួបប្រទះនូវការប្រយុទ្ធដណ្តើមឥទ្ធិពល គ្នារវាងប្រទេសមហាអំណាចលោកសេរី(សហរដ្ឋអាម៉េរិក) និង ប្រទេសមហាអំណាចកុម្មុយនីស្ត (សហ​​​ភាពសូវៀត)។ នៅពេលនោះប្រទេសនានាក្នុងសកលលោក ជាពិសេសប្រទេសអតីតក្រោម អាណានិគមក្រោយទទួលបានឯករាជ្យ ប្រទេសទាំងនោះតែងស្វែងរកជំនួយពីបរទេសដើម្បីយកមក អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ ការស្វែងរកជំនួយនេះ យើងសង្កេតឃើញថា ប្រទេសទាំងនោះភាគច្រើនតែងទទួលរងនូវការប្រទាញប្រទង់ឥទ្ធិពលពីសំណាក់ប្រទេសមហាអំណាចធំៗទាំងពីរ។ ស្ថានភាពបែបនេះជួនកាលធ្វើឱ្យប្រទេសដែលទទួលជំនួយទាំងនោះធ្លាក់ចូលទៅក្នុងសង្រ្គាមថែមទៀតផង។

I-ការប្រែប្រួលស្ថានភាពនយោបាយនៅឥណ្ឌូចិនក្រោយសង្គ្រាមលោកលើកទី២

១-ប្រទេសកម្ពុជាក្រោយសង្គ្រាមលោកលើកទី២

ក-ការកកើតចលនាតស៊ូទាមទារឯករាជ្យកម្ពុជា

ចំណែកស្ថានការណ៍នយោបាយនៅឥណ្ឌូចិននាក្រោយសង្រ្គាមលោកលើកទី២ យើងសង្កេត ឃើញថា បន្ទាប់ពីប្រទេសជប៉ុនបានចាញ់សង្រ្គាមនាឆ្នាំ១៩៤៥ មហាអំណាចអាណានិគមបារាំងបាន ចូលមកកាន់កាប់តំបន់ឥណ្ឌូចិនឡើងវិញ។ ក្នុងដំណាក់កាលថ្មីនេះស្ថានភាពទូទៅនៅតំបន់នេះមាន ការប្រែប្រួលយ៉ាងឆាប់រហ័ស។ ការប្រែប្រួលនោះគឺនៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ សុទ្ធតែមាន ចលនាតស៊ូទាមទារឯករាជ្យពីបារាំង។ នៅកម្ពុជាបារាំងមិនអាចមកត្រួតត្រាដូចពេលមុនសង្រ្គាមលោកបានតទៅទៀតឡើយ ហេតុនេះបារាំងបានកែប្រែយុទ្ធសាស្រ្តគ្រប់គ្រងគឺនៅឆ្នាំ១៩៤ ប្រទេសបារាំងបានយល់ព្រមទទួលយកកិច្ចព្រមព្រៀងបណ្ដោះអាសន្ន (Modus Vivendi) ដែលសម្ដេច ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ដ្រីនៃ ប្រទេសកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្របានចុះហត្ថលេខាជាមួយនឹងតំណាងរបស់​រដ្ឋាភិបាលបារាំង។ ដោយមើលឃើញនូវវិសមភាពនៃកម្លាំងសេដ្ឋកិច្ចក៏ដូចជាកម្លាំង យោធារវាងប្រទេសបារាំងនិងកម្ពុជា ហើយដើម្បីចៀសវាងនូវការបង្ហូរឈាមផងនោះព្រះមហាក្សត្រកម្ពុជា សម្ដេច​ព្រះនរោត្ដម សីហនុ ព្រះអង្គបានជ្រើសរើសរកដំណោះស្រាយតាមរយៈកិច្ចព្រមព្រៀងសម្របសម្រួលជាមួយនឹងបារាំង។ នៅពេលនោះបារាំងបានអនុញ្ញាតឱ្យកម្ពុជាបង្កើតគណបក្សនយោបាយដើម្បីរៀបចំការបោះ    ឆ្នោតបង្កើតជារដ្ឋសភាជាតិ។ រដ្ឋធម្មនុញ្ញកម្ពុជាលើកដំបូងត្រូវបានប្រកាសឧ្យប្រើជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។

រយៈពេលបីឆ្នាំក្រោយមកគឺនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ដែលមានសម្ដេចស៊ីសុវត្ថិ មុនីពង្ស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្របានចុះហត្ថលេខាជាមួយនឹងតំណាងរបស់រដ្ឋាភិបាលបារាំងនៅក្រុងប៉ារីស។ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ប្រទេសកម្ពុជា។ ឯករាជ្យនេះគឺ មានតែនៅក្នុងច្បាប់ប៉ុណ្ណោះ ប៉ុន្ដែក្នុងការអនុវត្ដជាក់ស្ដែងនោះប្រទេសបារាំងនៅបន្ដកាន់កាប់ក្រសួង សំខាន់ៗរបស់កម្ពុជាដដែល ដូចជា វិស័យតុលាការ នគរបាល យោធា កិច្ចការបរទេស សេដ្ឋកិច្ច ជាដើម។ ហេតុដូច្នេះហើយទើបសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គទ្រង់បានសន្យានៅក្នុងព្រះរាជ សាសន៍​​របស់ព្រះអង្គទៅកាន់ជនរួមជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ថាព្រះអង្គនឹងទាមទារ ឯករាជ្យបរិបូរណ៍ឱ្យបានក្នុងរយៈពេលបីឆ្នាំយ៉ាងយូរ។ នៅឆ្នាំ១៩៥២ ព្រះមហាក្សត្រកម្ពុជាចាប់ផ្ដើមធ្វើការទាមទារឯករាជ្យឱ្យបានមួយរយភាគរយដែលកិច្ចការនេះហៅថា ព្រះរាជបូជនីយកិច្ចដើម្បី ឯករាជ្យបរិបូរណ៍នៃកម្ពុជា។ ក្រៅពីការតស៊ូនៅក្នុងប្រទេស សម្ដេចព្រះនរោត្ដម សីហនុ បានយាងចេញទៅធ្វើការតស៊ូទាមទារឯករាជ្យតាមផ្លូវការទូត គឺនៅលើឆាកអន្ដរជាតិក្នុងទិសដៅដើម្បីឱ្យពិភពលោកបានដឹងនូវ គោល​​​បំណងពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ជាដំបូងព្រះអង្គបានយាងចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៥៣។ ជាបន្ដបន្ទាប់ព្រះអង្គបានផ្ញើព្រះសារលិខិតមួយច្បាប់ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ ពីក្រុង ឡាណាពូល (La Napoule) ជូនទៅលោក ប្រធា​នាធិប​តីបារាំង វាំងសង់ អូរីយ៉ូល (Vincent Auriol) ។ នៅក្នុងព្រះសារលិខិតនោះគឺភាគី       កម្ពុជាបានទាមទារឱ្យបារាំងប្រគល់ឯករាជ្យឱ្យបានទូលំទូលាយថែមទៀត។ នៅក្នុងសារលិខិតនោះ ដែរក៏បាន​ភ្ជាប់ទៅជាមួយនូវសេចក្ដីរាយការណ៍មួយច្បាប់ដែលបញ្ជាក់ជូនពីសម្អាងផ្សេងៗដែលនាំឱ្យ មានការទាមទារឯករាជ្យ និង ជូននូវគ្រោងការនៃពិធីផ្ទេរអំណាចនានាមកឱ្យកម្ពុជា។

ក្រោយមកទៀតសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានផ្ញើព្រះសារលិខិតចំនួនពីរច្បាប់ទៀត គឺមួយច្បាប់ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ និង មួយច្បាប់ទៀតចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៥៣ ជូនទៅលោកប្រធានាធិបតីបារាំង វាំងសង់ អូរីយ៉ូល។ នៅក្នុងខ្លឹមសារនៃព្រះសារលិខិតនោះព្រះអង្គ បានសុំឱ្យភាគីបារាំងសម្រេចអំពីការប្រគល់ឯករាជ្យកម្ពុជាឱ្យបានឆាប់រហ័ស។ ដោយការតស៊ូតាម       រយៈ​​ការទូតនៅប្រទេសបារាំងមិនទទួលបានលទ្ធផលជាវិជ្ជមាននោះ សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានសម្រេចយាងចាកចេញពីប្រទេសបារាំងឆ្ពោះទៅកាន់ប្រទេសកាណាដា និង សហរដ្ឋអាម៉េរិក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣។ អ្នកដែលបានអមព្រះរាជដំណើរយាងទៅកាន់សហរដ្ឋអាម៉េរិក និង ប្រទេសកាណាដារបស់ សម្ដេចព្រះនរោត្ដម សីហនុ មាន ៖

១-ឯកឧត្ដម ឡេង ង៉ែត ទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ

២-ឯកឧត្ដម ទី គឹមសួរ អគ្គលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី។

មូលហេតុដែលនាំឱ្យព្រះអង្គយាងទៅកាន់ក្រុងម៉ុងរ៉េអាល់ (Monréal) ប្រទេសកាណាដា ព្រោះប្រទេសកាណាដាស្ថិតនៅជាប់នឹងសហរដ្ឋអាម៉េរិក ហើយប្រជាជនក្រុងកេបិច (Québec) មាន គំនិតប្រហាក់ប្រហែលនឹងជនជាតិបារាំង ហេតុនេះគេមិនអាចព្រងើយកន្ដើយមិនយកចិត្ដទុកដាក់ពី ការគំរាមកំហែងរបស់កុម្មុយនីស្ដនៅឥណ្ឌូចិននោះឡើយ។ នៅសហរដ្ឋអាម៉េរិកព្រះរាជសាសន៍ ដែលបានចុះផ្សាយក្នុងកាសែតញូវយ៉កថែម (New York Times) ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ បានធ្វើឱ្យសាធារណមតិអាម៉េរិកនិងសកលលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្ដេចព្រះ នរោត្ដម សីហនុ បានមានព្រះបន្ទូលថា បើប្រទេសបារាំងមិនព្រមប្រគល់ឯករាជ្យមកឱ្យកម្ពុជាគ្រោះថ្នាក់មួយដ៏ពិតប្រាកដ ដោយប្រជារាស្ដ្រកម្ពុជាក្រោកឈរប្រឆាំងនឹងរបបព្រះអង្គ ហើយពួកគេនឹងទៅចុះចូលជាមួយនឹងចលនាវៀតមិញដឹកនាំដោយពួកកុម្មុយនីស្ដ។ កត្ដាទាំងនេះជាហេតុនាំឱ្យរដ្ឋាភិបាលបារាំងបង្ខំចិត្ដយល់ព្រមចរចាជាមួយនឹងភាគីកម្ពុជា។ មុននឹងវិលត្រឡប់ពីសហរដ្ឋអាម៉េរិក ឆ្ពោះមកប្រទេសកម្ពុជា សម្ដេចព្រះនរោត្ដម សីហនុ បានយាងទៅកាន់ប្រទេសជប៉ុន។ នៅទីនោះ ព្រះអង្គមិនបានធ្វើសកម្មភាពអ្វីជាធំដុំឡើយ។ ដើម្បីព្រះអង្គបានជួបប្រាស្រ័យជាមួយនឹងសហការី របស់ព្រះអង្គ សម្ដេចព្រះនរោត្ដម សីហនុ បានយាងចាកចេញពីប្រទេសជប៉ុនមកកាន់ក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ បន្ទាប់មកទៀតព្រះអង្គបានយាងទៅកាន់ប្រទេសថៃ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩-​៥៣។ នៅក្រុងបាងកក ស្ដេចភូមីបុល មិនបានមកទទួលព្រះអង្គឡើយ។ រដ្ឋមន្ដ្រីការបរទេសថៃបានធ្វើឱ្យព្រះអង្គដឹងថាប្រទេសថៃមិនផ្ដល់នូវសមានចិត្ដចំពោះព្រះអង្គឡើយ ព្រោះសំខាន់បំផុតគេមិនចង់ឱ្យមានការលំបាកក្នុងផ្នែកនយោបាយនិងការទូតជាមួយនឹងប្រទេសបារាំង។ រដ្ឋាភិបាលថៃបានប្រកាន់​ឥរិយាបថហាមឃាត់សម្ដេចព្រះនរោត្ដម សីហនុ មិនឱ្យធ្វើនយោបាយហើយគេមិនអនុញ្ញា​តឱ្យព្រះអង្គស្នាក់នៅគេហដ្ឋានរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្រុងបាងកកទៀតផងដោយគេបានយកលេសថា ព្រះអង្គគ្រាន់តែជាជននិរទេសម្នាក់ប៉ុណ្ណោះ។

ក្រោយពីទទួលបានការយកចិត្ដទុកដាក់ពីបណ្ដារដ្ឋនានាមក សម្ដេចព្រះនរោត្ដម សីហនុ បាន​យាងត្រឡប់មកកាន់កម្ពុជាវិញ ប៉ុន្ដែព្រះអង្គបានទៅតាំងបញ្ជាការនៅក្នុងតំបន់ស្វយ័តដែលមាន ខេត្ដសៀមរាប បាត់ដំបងនិងកំពង់ធំ។ គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានទទួលស្វ័យភាពផ្នែក សឹក​នៅក្នុងខេត្ដសៀមរាបនិងកំពង់ធំឆ្នាំ១៩៤៩ ហើយខេត្ដបាត់ដំបងបានទទួលស្វយ័តភាពផ្នែកសឹក​​​​​​នៅឆ្នាំ១៩៥២ នេះជាមធ្យោបាយមួយទៀតសម្រាប់ជាយុទ្ធសាស្ដ្រក្នុងការទាមទារឯករាជ្យរបស់ កម្ពុជា។ ចាប់ពីឆ្នាំ១៩៥៣ មកប្រទេសបារាំងបានចាប់ផ្ដើមប្រគល់នូវស្ថាប័នសំខាន់ៗមកឱ្យកម្ពុជា ដែល​មានលំដាប់លំដោយដូចខាងក្រោម ៖

-បារាំងបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ ស្ដីពីការផ្ទេរអំណាចតុលាការ និង ប៉ូលីសមកឱ្យកម្ពុជា។

-ចំពោះអធិបតេយ្យភាពការទូត ក៏ទទួលបានពេញលក្ខណៈផងដែរតាមរយៈការប្ដូរលិខិតរវាង រដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបានបញ្ជូន តាមរយៈលោកឧត្ដមស្នងការនៃសាធារណរដ្ឋបារាំងលេខ ៣៩៣ R ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៥៣។

-ចុងក្រោយបង្អស់បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រគល់អំណាចយោធា ក្នុងប្រទេសកម្ពុជាទាំងមូលមកឱ្យកម្ពុជាវិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣។ ដោយទទួលបាននូវជ័យជម្នះទាំងស្រុងនេះហើយទើបសម្ដេចព្រះនរោត្ដម សីហនុព្រះអង្គបានយាងចេញពីតំបន់ស្វយ័ត ឆ្ពោះមកកាន់ក្រុងភ្នំពេញវិញ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នៅមុខព្រះបរមរាជវាំងនាថ្ងៃទី៩ ខែ វិច្ឆិកាឆ្នាំ១៩៥៣ មានប្រារឰពិធីនៃការផ្ទេរអំណាចទាំងស្រុងរបស់ប្រទេសបារាំងមកឱ្យប្រទេសកម្ពុជា។ នៅពេលនោះលោកឧត្ដមសេនីយ៍បារាំង ដឺឡង់ ក្លាដ (de Langlade) បានថ្វាយនូវបញ្ជាការរបស់លោក​​​ចំពោះសម្ដេចព្រះនរោត្ដម សីហនុ។

២-ការប្រកាន់យកនយោបាយអព្យាក្រឹតរបស់កម្ពុជា

បន្ទាប់ពីប្រទេសជាតិទទួលបានឯករាជ្យបរិបូរណ៍នាឆ្នាំ១៩៥៣មក កម្ពុជាត្រូវជ្រើសរើសយក មាគ៌ាមួយក្នុងចំណោមផ្លូវបំបែកបី ទី១ ការប្រកាន់យករបបសេរី ទី២ ការប្រកាន់យករបបសង្គមនិយម និងទី៣ ការប្រកាន់យកនយោបាយអព្យាក្រឹត។ ការដែលនាំឧ្យមានការជ្រើសរើសផ្លូវច្រើនបែបនេះ ព្រោះថា ស្ថានភាពសកលលោកនាបរិបទនោះគឺត្រូវបានទទួលរងនូវឥទ្ធិពលមនោគមវិជ្ជាពីរធំៗគឺមនោគមវិជ្ជាសេរីដែលមានសហរដ្ឋអាម៉េរិកជាតំណាងនិងមនោគមវិជ្ជាកុម្មុយនីស្តដែលមានសហភាពសូវៀតជាតំណាង។ នៅក្នុងសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីការបញ្ឈប់សង្រ្គាមនៅឥណ្ឌូ​ចិនតំណាងគណៈប្រតិភូកម្ពុជាដែលបានទៅចូលរួមក្នុងសន្និសីទនោះបានបង្ហាញជំហររបស់ខ្លួនថាកម្ពុជាបានប្រកាន់យកនយោបាយអព្យាក្រឹត។ នៅឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ ក៏បានប្រកាសជាផ្លូវការក្នុងសន្និសីទនាក្រុងបានឌុងប្រទេសឥណ្ឌូណេស៊ីស្តីពី ប្រជាជាតិអាស៊ី-អាហ្រ្វិកថា កម្ពុជាបានប្រកាន់យកនយោបាយអព្យាក្រឹតសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃនយោបាយការបរ​ទេស​​របស់​ខ្លួននៅក្នុងឆាកអន្តរជាតិ។ ការដែលប្រកាន់យកនយោបាយអព្យាក្រឹតគឺកម្ពុជាមានលទ្ធភាពអាចធ្វើទំនាក់ទំនងជាមួយនឹងប្រទេសមហាអំណាចសេរីនិងប្រទេសមហាអំណាចកុម្មុយនីស្ត ក៏ដូចជាប្រទេសនានានៅទូទាំងសកលលោក។

ការប្រកាន់យកនយោបាយនេះ នៅគ្រាដំបូងកម្ពុជាគ្រាន់តែបានបង្ហាញឧ្យប្រជាជនកម្ពុជា និង ពិភពលោកបានដឹងតែតាមរយៈសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤និងសន្និសីទបានឌុង ឆ្នាំ១៩៥៥ ជាដើម។ លុះមកដល់ឆ្នាំ១៩៥៧ ទើបនយោបាយអព្យាក្រឹតកម្ពុជាបានប្រកាសជាផ្លូវច្បាប់ តាមព្រះរាជក្រមលេខ២៣២ន.ស.ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៥៧។ នៅក្នុងមាត្រាទី១នៃច្បាប់នេះបានចែងថា ព្រះរាជាណាចក្រកម្ពុជាជាប្រទេសអព្យាក្រឹត។ តាមខ្លឹមសារនៃច្បាប់នេះបានបញ្ជាក់យ៉ាងច្បាស់​លាស់ថា ព្រះរាជាណាចក្រកម្ពុជាពុំត្រូវការចងសម្ព័ន្ធមិត្រយោធាឬទាក់ទងខាងផ្លូវគំនិតជាមួយនឹងបរទេសទេ ព្រះរាជាណាចក្រកម្ពុជាពុំបង្កសង្គ្រាមប្រឆាំងនឹងបរទេសណាមួយឡើយ។ នៅក្នុងមាត្រាទី២ បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីដែលបរទេសណាមួយមកបង្កសង្គ្រាមប្រឆាំងមកលើព្រះរាជា​ណាចក្រកម្ពុជាៗមានសិទ្ធិនឹង ៖

-ការពារខ្លួនដោយអាវុធ

-អំពាវនាវដល់អង្គការសហប្រជាជាតិ

-អំពាវនាវដល់ប្រទេសមហាអំណាចណាដែលជាមិត្ដ[1]

ដូច្នេះចាប់ពីពេលនោះមកយើងឃើញថា នយោបាយអព្យាក្រឹតបានក្លាយជាមូលដ្ឋានគ្រឹះនៃ នយោបាយការបរទេសរបស់កម្ពុជានាសម័យសង្គមរាស្ដ្រនិយម។

៣-ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក

នៅសម័យក្រោយសង្រ្គាមលោកលើកទី២ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េ​រិក​ចាប់ផ្តើមមានការប្រែប្រួលស្របពេលដែលកងទ័ពរបស់ លោក ម៉ៅ សេទុង ជិតទទួលបានជ័យជម្នះទាំងស្រុងនៅប្រទេសចិន ហើយកងទ័ពវៀតមិញប្រឆាំងនឹងអាណានិគមបារាំងកាន់តែមានប្រៀបខ្លាំងឡើងៗនៅវៀតណាមខាងជើង។ ក្នុងពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកបានផ្តោតទៅលើការរីករាលដាលចលនាកុម្មុយនីស្តនៅភូមិភាគអាស៊ីអាគ្នេយ៍ ទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិកក៏ចាប់ផ្តើមមានសារសំខាន់។

ប្រទេសកម្ពុជា វៀតណាម និង ឡាវបង្កីតបាននូវអ្វីដែលបារាំងហៅថា ឥណ្ឌូចិនតាំងពីចុង     ស.វ.ទី១៩។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទឹកដីអាស៊ីអាគ្នេយ៍ភាគច្រើនត្រូវបានកាន់កាប់ដោយ កងទ័ពជប៉ុន។ បារាំងបានបន្តកាន់កាប់ឥណ្ឌូចិនឡើងវិញនៅក្រោយសង្រ្គាមលោកលើកទី២ ប៉ុន្តែនៅ ពេលនោះប្រជាជនកម្ពុជាចាប់ផ្តើមមានគំនិតចង់បានឯករាជ្យ។ បន្ទាប់មកសហរដ្ឋអាម៉េរិកបានទទួល ស្គាល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥០។ សហរដ្ឋអាម៉េរិកបានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់  ខ្លួនជាលើកដំបូងជាមួយនឹងប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ឱ្យធ្វើតំណាងវិសាមញ្ញ និង ពេញសមត្ថភាព។ លោក Donald R. Heath បានថ្វាយសារតាំងព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ការិយាល័យតំណាងសហរដ្ឋអាម៉េរិកបានបើក ឡើងនៅក្រុងភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៥០។ នៅពេលនោះសណ្ឋា​គារឡឺរ៉ូយ៉ាល់ជាកន្លែង ធ្វើការដំបូងរបស់ស្ថានទូតសហរដ្ឋអាម៉េរិក។ ការិយាល័យតំណាងទូតត្រូវបានដំឡើងឱ្យទៅជាស្ថានឯកអគ្គរដ្ឋទូតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២។ នៅពេលនោះលោក Donald R. Heath បានក្លាយជាឯកអគ្គរដ្ឋទូតដំបូងគេបង្អស់របស់សហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកម្ពុជា។ លោក នង គឹមនី ជាទូតតំណាងដំបូងគេរបស់កម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិកបានសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះជំនួយរបស់សហរដ្ឋអាម៉េរិក។

បន្ទាប់ពីសន្និសីទក្រុងហ្សឺណែវស្តីពី ការបញ្ចប់សង្រ្គាមនៅឥណ្ឌូចិន លោក Robert Mc​Clin​tock បានក្លាយជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដោយលោកបាន ថ្វាយសារតាំងដល់ព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៥៤។        សម្តេចព្រះនរោត្តម សីហនុ បានបណ្តុះឱ្យមានទំនាក់ទំនងជាមិត្តភាពរបស់កម្ពុជាជាមួយប្រទេស លោកខាងលិច និង ប្រទេសកុម្មុយនីស្ត ។ សហរដ្ឋអាម៉េរិកមានការភ័យខ្លាចថា កងទ័ពកម្ពុជាមិនមាន សមត្ថភាពពេញលេញក្នុងការទប់ទល់នឹងកងទ័ពកុម្មុយនីស្តនោះ ដូច្នេះសហរដ្ឋអាម៉េរិកបានចាប់ផ្តើមធ្វើការជាមួយនឹងកម្ពុជាដើម្បីបង្កើនជំនួយយោធារបស់ខ្លួនមកកម្ពុជា។

៤-ការទទួលយកជំនួយសហរដ្ឋអាម៉េរិកពីសំណាក់ប្រទេសកម្ពុជា

បន្ទាប់ពីបានទទួលស្គាល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥០ មកសហរដ្ឋអាម៉េរិកបានចាប់ផ្តើម រៀប​​​​ចំ​គម្រោងផ្តល់ជំនួយមកឱ្យប្រទេសកម្ពុជា។ ជំនួយទំាងនោះត្រូវបានផ្តោតទៅលើវិស័យសំខាន់ពីរ គឹជំនួយផ្នែកស៊ីវិលនិងយោធា។ ជំនួយទាំងនេះបានទទួលរហូតមកដល់ឆ្នាំ១៩៦៣ ទើបកម្ពុជាបដិ-​សេធលែងទទួលយក។​

ក-ជំនួយផ្នែកស៊ីវិល

នៅឆ្នាំ១៩៥៥ គេបានបង្កើតកម្មវិធីជំនួយដែលមានទឹកប្រាក់ចំនួន៥០ លានដុល្លារក្នុងមួយ ឆ្នាំ។ ជំនួយនេះគេផ្តោតទៅលើការជំរុញដំណើរជឿនលឿនវិស័យសេដ្ឋកិច្ចនិងសង្គមប្រយោជន៍កែ លម្អ និងពង្រីកការអប់រំសាធារណៈ បង្កើនគុណភាព និង បរិមាណផលិតផលកសិកម្មលើកកម្ពស់ផ្នែកសុខភាពសាធារណៈ។ ជំនួយសហរដ្ឋអាម៉េរិកបានជួយបណ្តុះបណ្តាលគ្រូបង្រៀននិងជួយកសាងបំពាក់គ្រឿងបរិក្ខារដល់សាលាឯកទេសសាលាមបឋមសិក្សា    សាលាមធ្យមសិក្សា។ ជាដំបូងសហរដ្ឋអាម៉េរិកបានផ្តល់ជំនួយសម្រាប់សាងសង់មជ្ឈមណ្ឌលគរុកោសល្យបឋមលើកដំបូងរបស់កម្ពុជានៅកំពង់កន្ទួតព្រមទាំងបានសាងសង់សាលាបឋមសិក្សាចំនួន១៤ និងសាលាមធ្យមសិក្សាចំនួន៥ផ្សេងទៀត។

នៅពេលនោះ សហរដ្ឋអាម៉េរិកក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមួយចំនួនឱ្យទៅ សិក្សានៅសហរដ្ឋអាម៉េរិកលើមុខវិជ្ជាកសិកម្ម សុខភាពសាធារណៈ បច្ចេកទេសក្នុងការប្រើប្រាស់ឧប​-ករណ៍ គ្រឿងម៉ាស៊ីន និងវិស្វកម្ម។ គម្រោងមួយទៀតគឺការកសាងមណ្ឌលសុខភាព  មន្ទីរពេទ្យកុមារ ទន្ទឹមនឹងនេះក៏មានការស្តារហេដ្ឋារចនាសម័្ពន្ធគមនាគមន៍ សហរដ្ឋអាម៉េរិកបានជួយស្ថាបនាផ្លូវជាតិលេខ៤(ផ្លូវមិត្តភាពកម្ពុជា-សហរដ្ឋអាម៉េរិក)ផ្លូវភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់ភ្ជាប់ទៅឆ្នេរសមុទ្ររបស់កម្ពុជា។ ការស្ថាបនាផ្លូវនេះបានចំណាយថវិកាអស់ចំនួន២៥លាន ដុល្លារ សហរដ្ឋអាម៉េរិកគឺជាគម្រោងជំនួយសហប្រតិបត្តិការទោលធំជាងគេដោយមានកម្មករ អាម៉េរិក និងខ្មែរធ្វើការរួមគ្នា។

ជំនួយផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលបានផ្តល់មកឱ្យប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦០ មានដូចតទៅ ៖

-ឆ្នាំ១៩៥៥  ជំនួយផ្នែកសេដ្ឋកិច្ចមានទឹកប្រាក់ចំនួន ២៤ ៦០០ ០០០ ដុល្លារ

-ឆ្នាំ១៩៥៦ ទឹកប្រាក់ជំនួយផ្នែកសេដ្ឋកិច្ចមានចំនួន ២៣ ៨០០ ០០០ ដុល្លារ

-ឆ្នាំ១៩៥៧  ជំនួយផ្នែកសេដ្ឋកិច្ចមានទឹកប្រាក់ចំនួន ១៩ ១០០ ០០០ ដុល្លារ

-ឆ្នាំ១៩៥៨  ជំនួយផ្នែកសេដ្ឋកិច្ចមានទឹកប្រាក់ចំនួន ១៣ ២០០ ០០០ ដុល្លារ

-ឆ្នាំ១៩៥៩ ទឹកប្រាក់ជំនួយផ្នែកសេដ្ឋកិច្ចមានចំនួន ១២ ៥០០ ០០០ ដុល្លារ

-ឆ្នាំ១៩៦០  ជំនួយផ្នែកសេដ្ឋកិច្ចមានចំនួនទឹកប្រាក់ ១០ ៧០០ ០០០ ដុល្លារ។

ជំនួយរបស់សហរដ្ឋអាម៉េរិកដែលបានផ្ដល់មកឱ្យកម្ពុជាបានបែងចែកទៅតាមផ្នែកផ្សេងៗគិត ជាភាគរយចាប់ពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៦០ គឺចំណាយលើការងារសាធារណៈ៤៧.២% វិស័យកសិ​កម្ម១៧.៥% វិស័យអប់រំ១៣.៨% សុខភាពសាធារណៈ៨.៧% ផ្នែកនគរបាលស៊ីវិល៤.៥% ផ្នែកសហគ្រាស៣.៥% មធ្យោបាយនៃការធ្វើទំនាក់ទំនង២.២% ផ្នែករដ្ឋបាសាធារណៈ០.៩% និង ចំណាយផ្សេងៗ ១.៧ %។

ខ-ជំនួយផ្នែកយោធា

ចំពោះជំនួយផ្នែកយោធាគឺពង្រឹងសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធធ្វើទំនើបកម្មកងកម្លាំង ប្រដាប់អាវុធរបស់កម្ពុជា។ ជំនួយផ្នែកយោធារបស់សហរដ្ឋអាម៉េរិកដែលបានផ្តល់មកឱ្យប្រទេសកម្ពុជា ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៣ មានដូចតទៅ ៖

-ឆ្នាំ១៩៥៥ ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន ២១ ៣០០ ០០០ ដុល្លារ

-ឆ្នាំ១៩៥៧ ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន ១៥ ៥០០ ០០០ ដុល្លារ

-ឆ្នាំ១៩៥៨ ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន ១៥ ៤០០ ០០០ ដុល្លារ

-ឆ្នាំ១៩៥៩ជំនួយផ្នែកយោធាមានចំនួនទឹកប្រាក់ ១៣ ១០០ ០០០ ដុល្លារ

-ឆ្នាំ១៩៦០ ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន ១២ ០០០ ០០០ ដុល្លារ

-ឆ្នាំ១៩៦១ ទឹកប្រាក់ជំនួយសរុបមានចំនួន ២៦ ៦៦៤ ៧៥៨ ដុល្លារ

-ក្រៅពីនេះសហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយដែលមិនមាននៅក្នុងគម្រោងគឺមានចំនួនទឹកប្រាក់

សរុប ១៥៨ ២៩៩ ដុល្លារ[2]

-ឆ្នាំ១៩៦២ ទឹកប្រាក់ជំនួយសរុបមានចំនួន ២៣ ៩០០ ០០០ ដុល្លារ

-ឆ្នាំ១៩៦៣ ទឹកប្រាក់ជំនួយលើផ្នែកយោធា និង សន្ដិសុខផ្ទៃក្នុងសរុបមានចំនួន១៩

៣០០ ០០០ ដុល្លារ។

សូមបញ្ជាក់ថា នៅមុនឆ្នាំ១៩៥៦ ជំនួយរបស់សហរដ្ឋអាម៉េរិកភាគច្រើនមិនបានយកមក ប្រើប្រាស់ដើម្បីធ្វើឱ្យជីវភាពប្រជាជនកម្ពុជាមានលក្ខណៈប្រសើរឡើងនោះឡើយ ជំនួយភាគច្រើនគឺ ត្រូវបានធ្លាក់ទៅក្នុងកណ្ដាប់ដៃបុគ្គល ហើយគេយកប្រាក់ដុល្លារទាំងនោះទៅទិញសម្ភារៈ ដូចជា រថ   យន្ដសម្រាប់ជិះកំសាន្ដជាដើម។ នៅក្នុងរយៈពេល៩ ឆ្នាំគឺពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៦៣ ប្រទេសកម្ពុជាបានទទួលជំនួយ សេដ្ឋកិច្ចនិងយោធាពីសហរដ្ឋអាម៉េរិករាប់រយលានដុល្លារ ដែលជំនួយទាំងនេះវាជាការចូលរួម ចំណែកមួយយ៉ាងសំខាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ជំនួយផ្នែកសេដ្ឋកិច្ចយោធា និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិកបានផ្ដល់មកឱ្យកម្ពុជាចាប់តាំងពីដំបូងរហូតមកដល់ឆ្នាំ១៩៦៣ ហើយជំនួយនោះចាប់ផ្ដើមពីចំនួនច្រើនមកចំនួនតិច[3]។ នៅរាល់ការផ្ដល់ជំនួយរបស់សហរដ្ឋអាម៉េរិកគឺមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌ។ បើសិនណាជាប្រទេសកម្ពុជាយល់ព្រមចូលរួមក្នុងបក្សសម្ព័ន្ធរបស់​សហរដ្ឋអាម៉េរិក ជំនួយនេះនឹងអាចមានទំហំប្រហាក់ប្រហែលនឹងជំនួយដែលសហរដ្ឋអាម៉េរិកផ្ដល់​ឱ្យទៅប្រទេសជិតខាងកម្ពុជា។ ដោយសារប្រទេសកម្ពុជាឈរលើមូលដ្ឋាននៃនយោបាយអព្យា  ​ក្រឹតនិងមិនចូលបក្សសម្ព័ន្ធនោះកម្ពុជាមិនអាចនឹងទៅចូលរួមជាមួយប្លុកនៃមនោគមវិជ្ជាណាមួយបានឡើយ។

ហេតុនេះកម្ពុជានឹងមិនបានទទួលផលផ្នែកជំនួយទេ ទុកណាជានៅលើផែនការសេដ្ឋកិច្ចក៏ ដោយបើប្រៀបប្រដូចទៅនឹងប្រទេសដែលចូលក្នុងបក្សសម្ព័ន្ធណាមួយនោះ[4]។ ចំណែកឯសម្ព័ន្ធមិត្ត របស់សហរដ្ឋអាម៉េរិកនៅឥណ្ឌូចិន ដូចជា វៀតណាមខាងត្បូងនិងឡាវសេរីបានទទួលជំនួយកាន់តែ​​​​​ច្រើន​ឡើង។ តែទោះជាយ៉ាងនេះក្ដីការធ្វើឱ្យបានសម្រេចផែនការពីរឆ្នាំរបស់សង្គមរាស្ដ្រនិយមពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៨ គឺអាស្រ័យដោយជំនួយបរទេសរហូតដល់ទៅ៩២ភាគរយ ដូចនេះ ថវិកាជាតិ​​មានតែ៨ ភាគរយតែប៉ុណ្ណោះ។ ប៉ុន្ដែការដាក់ផែនការប្រាំឆ្នាំលើកទី១ បន្ដមកទៀតគេ សង្កេតឃើញ ថាចំនួនថវិកាជាតិបានឡើងរហូតដល់ទៅ៦៨ភាគរយ ឯជំនួយបរទេសធ្លាក់មកនៅត្រឹមតែ​​៣២​​ភាគ​​​    រយ។ ផែនការប្រាំឆ្នាំលើកទី២កម្ពុជានឹងគ្រោងថវិកាជាតិចំនួន៩០ភាគរយ[5]។ ដោយប្រទេសកម្ពុជាចង់រក្សាឱ្យបាននូវនយោបាយអព្យាក្រឹតរបស់ខ្លួននោះ កម្ពុជាតែងតែបដិសេធមិនចូលរួមជាមួយនឹងអង្គការសេអាតូដែលមានចរិតជាអង្គការសម្ព័ន្ធភាពយោធា។ ត្រង់ចំណុចនេះបានបង្ហាញឱ្យឃើញយ៉ាង​ច្បាស់នៅក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចរបស់សម្ដេចព្រះនរោត្ដម សីហនុ ទៅកាន់ប្រទេស​ហ្វ៊ីលីពីននាឆ្នាំ១៩៥៦ ដោយព្រះអង្គបានថ្លែងការពារយ៉ាងដាច់ខាតចំពោះជំហរអព្យាក្រឹតរបស់ព្រះអង្គ[6]

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ លោករដ្ឋមន្ដ្រីការបរទេសសហរដ្ឋ អាម៉េរិក John Foster Dulles បានមកបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញដើម្បីទទួលនូវការដាក់ បញ្ចូល​​​ប្រទេសកម្ពុជាទៅក្នុងអង្គការសេអាតូ ប៉ុន្ដែ ត្រូវបានបដិសេធដោយសម្ដេចព្រះនរោត្ដម សីហនុ[7]។ ការបដិសេធបែបនេះ គឺព្រះអង្គបានសម្អាងទៅលើការសន្យារបស់កម្ពុជានៅឯសន្និសីទក្រុងហ្សឺណែវ ដែលកម្ពុជាបានប្រកាន់យកជំហរអព្យាក្រឹត។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៦៣ សម្ដេចព្រះនរោត្ដម សីហនុ បានប្រកាសឈប់ទទួលយក ជំនួយរបស់សហរដ្ឋអាម៉េរិក។ បន្ទាប់មកទៀតនៅថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ១៩៦៣ ដដែលក្នុងឱកាស សមាជជាតិលើកទី១៦ បានឯកភាពទាំងស្រុងលើការបដិសេធនូវជំនួយយោធា និង ស៊ីវិលទាំងអស់ របស់សហរដ្ឋអាម៉េរិក[8] ។ ការប្រកាសបដិសេធមិនទទួលយកជំនួយសហរដ្ឋអាម៉េរិកនាឆ្នាំ១៩៦៣ពី សំណាក់ប្រទេសកម្ពុជាបានធ្វើឱ្យសហរដ្ឋអាម៉េរិកបង្កើនការគាបសង្កត់មកលើប្រទេសកម្ពុជាតាម    រយៈការផ្ដល់អាវុធឱ្យកម្លាំងចលនាខ្មែរសេរី និងការរំលោភមកលើដែនអាកាសកម្ពុជាពីសំណាក់    យន្ដហោះយោធាថៃ និងវៀតណាមខាងត្បូង។ ការប្រកាន់យកនយោបាយអព្យាក្រឹតបានធ្វើឱ្យកម្ពុជាទទួលរងសម្ពាធពីមហាអំណាចមូលធននិយម ពិសេសគឺសហរដ្ឋអាម៉េរិក។ ទង្វើនេះបានបង្ហាញឱ្យឃើញពីការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះប្រទេសថៃនិងវៀតណាមខាងត្បូងដើម្បីដាក់គំនាបមកលើប្រទេសកម្ពុជា។ នៅឆ្នាំ១៩៥៩ លោកសឺន សាន រដ្ឋមន្ដ្រីក្រសួងការបរទេស     កម្ពុជាបានថ្លែងជម្រាបទៅកាន់អ្នកតំណាងរបស់សហរដ្ឋអាម៉េរិកដែលបានចោទប្រកាន់ថា មានកងទ័ពវៀតមិញឆ្លងកាត់ទឹកដីកម្ពុជាដើម្បីចូលទៅវៀតណាមខាងត្បូង លោក សឺន សាន បានថ្លែងគូសបញ្ជាក់ថា ប្រទេសកម្ពុជាសព្វថ្ងៃ(សម័យសង្គមរាស្ដ្រនិយម)ជាព្រះរាជាណាចក្រអព្យាក្រឹត បើដូច្នេះ យើងមិនអាចទៅកាន់​​​របបកុម្មុយនីស្ដបានទេ នយោបាយអព្យាក្រឹតរបស់យើងគឺត្រូវបានប្រកាន់យកតាំងពីសន្និសីទក្រុងហ្សឺណែវមកម្ល៉េះ ហើយមិនមែនបរទេសណាមួយមកបង្ខំឱ្យកម្ពុជាដើរតាមមាគ៌ានេះដែរ។ ចំពោះការចោទប្រកាន់ពីសំណាក់លោកសេរីថា កម្ពុជាប្រកាន់យកនយោបាយអព្យាក្រឹត ដែលលម្អៀងទៅរកកុម្មុយនីស្ដ លោក សឺន សាន ក៏បានឆ្លើយតបដោយលោកបានប្រៀបធៀបថា ប្រទេសកម្ពុជាប្រៀបបានដូចជាទូកមួយដែលយើងធ្វើដំណើរនៅចំកណ្ដាលស្ទឹង ឬ កណ្ដាលទន្លេ។ ប៉ុន្ដែ តាំងពីឆ្នាំ១៩៥៤ មក នៅត្រើយខាងឆ្វេងមិនដែលបានដោលទូកយើងទេ បើយើងត្រូវរងគ្រោះ ច្រើនតែត្រូវបាញ់ពីខាងស្ដាំទៅវិញ ហេតុដូច្នេះហើយបើកាលណាគេបាញ់ពីត្រើយខាងស្ដាំទូកនោះរត់ចៀសបន្ដិច ហើយប្រឆាំងទៅវិញ។ បើគ្មានការប្រឆាំងឆ្វេងទេ យើងនៅកាន់អព្យាក្រឹតពិតអញ្ចឹងសុំតែត្រើយខាងស្ដាំនោះកុំបាញ់យើងទៀត [9]

ចាប់ពីការបដិសេធនូវជំនួយនេះមកស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និង សហរដ្ឋអាម៉េរិកកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៦៤ បាតុកម្មប្រឆាំងនឹងស្ថានទូតសហរដ្ឋអាម៉េរិកនិងអង់គ្លេសបានកើតឡើងនៅក្រុងភ្នំពេញ[10]។ នៅចុងបញ្ចប់ប្រទេសកម្ពុជាបានកាត់ផ្ដាច់ចំណងការទូតជាមួយនឹងសហរដ្ឋអាម៉េរិក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៦៥។

 

 

ផ្នែកទី ២

កម្ពុជាបដិសេធជំនួយសហរដ្ឋអាម៉េរិក

II-ការប្រួលប្រែស្ថានភាពនយោបាយនៅឥណ្ឌូចិននាទសវត្សរ៍ឆ្នាំ១៩៦០

១-ស្ថានភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកពីឆ្នាំ១៩៦០-១៩៧០

នៅទសវត្សរ៍ឆ្នាំ១៩៦០ ជារយៈពេលប្រកបទៅដោយភាពរំជើបរំជួលនៅឥណ្ឌូចិន គឺសហរដ្ឋ អាម៉េរិកបានចូលពាក់ព័ន្ធកាន់តែជ្រៅក្នុងសង្រ្គាមវៀតណាម ហើយសង្រ្គាមស៊ីវិលនៅប្រទេសឡាវ កាន់​តែរីករាលដាលធំឡើងៗ។ គោលជំហរនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកគឺការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន និង ការធានាឱ្យបានជ័យជម្នះលើវៀតណាមខាងជើងគឺជាអាទិភាពសំខាន់។

សហរដ្ឋអាម៉េរិកបានចងសម័្ពន្ធជាមួយប្រទេសថៃ និងប្រទេសវៀតណាមខាងត្បូង ហើយ សង្ឃឹមថានឹងដើរតួនាទីក្នុងការកែលម្អទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក-កម្ពុជានិងជាមួយប្រទេសជិតខាង។ សម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះជាព្រះប្រមុខរដ្ឋបានប្តេជ្ញាយ៉ាងមុតមាំក្នុងការ ប្រកាន់​នយោបាយអព្យាក្រឹតគឺព្រះអង្គមានគោលបំណងបញ្ចៀសប្រទេសកម្ពុជាមិនឱ្យពាក់ព័ន្ធទៅនឹង សង្រ្គាមវៀតណាម។ មិនតែប៉ុណ្ណោះព្រះអង្គក៏មានការព្រួយបារម្ភនៅពេលប្រទេសវៀតណាមខាងជើង និង វៀតណាមខាងត្បូងរួមគ្នាតែមួយ។ ក្នុងការគិតគូថា ត្រូវរក្សានូវអធិបតេយ្យភាពទឹកដីនៃប្រទេសកម្ពុជា និង មានការសង្ស័យទៅលើចេតនារបស់ប្រទេសថៃ និងវៀតណាមខាងត្បូង សម្តេចព្រះនរោត្តម សីហនុ បានបន្តការធ្វើទំនាក់ ទំនងជាមួយមហាអំណាចទាំងពីរគឺសហរដ្ឋអាម៉េរិក និង       សហភាពសូវៀត។  ព្រះអង្គតែងចាត់ទុកផលប្រយោជន៍និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាធំជាងអ្វីទាំងអស់។ សម្រាប់សហរដ្ឋអាម៉េរិកគិតថាខ្លួនអាចទទួលយកបាននយោបាយអព្យាក្រឹតកម្ពុជា លុះណាតែរដ្ឋាភិបាលកម្ពុជាពិតជានៅអព្យាក្រឹតហើយជាផ្លូវការមិនលម្អៀងទៅរកប្រទេសកុម្មុយនីស្ត។ ចំណែក​​​ស្ថានការណ៍នៅប្រទេសឡាវ ដែលពួកកុម្មុយនីស្ត Pathet Lao កំពុងតែមានប្រៀបហើយវៀតណាមខាងជើងកំពុងតែបញ្ជូនទាហាន និង គ្រឿងផ្គត់ផ្គង់មកភាគខាងត្បូង ហេតុនេះសម្តេចព្រះ នរោត្តម សីហនុ បានអំពាវនាវឱ្យមានការកោះប្រជុំសន្និសីទក្រុងហ្សឺណែវ ហើយព្រះអង្គសង្ឃឹមថាសន្និសីទនោះនឹងអាចដោះស្រាយស្ថានភាពទាំងនោះបាន។ នៅឆ្នាំ១៩៦១ សហរដ្ឋអាម៉េរិក សា​ធារណរដ្ឋប្រជាមានិតចិន សហភាពសូវៀត អង់គ្លេស បារាំង រួមទាំងប្រទេសចំនួន១៤ផ្សេងទៀត បានចូលរួមពិភាក្សា។ មួយ​ឆ្នាំក្រោយមកការចរចាបានឈានដល់ការព្រមព្រៀងគ្នាដែលអំពាវនាវឱ្យប្រទេស​​​ឡាវក្លាយជាប្រទេសមានសន្តិភាព អព្យាក្រឹតភាព ឯករាជ្យ និង អធិបតេយ្យ។ មកដល់ឆ្នាំ១៩៦២ ជំហររបស់សហរដ្ឋអាម៉េ រិកចំពោះប្រទេសកម្ពុជាត្រូវបានបែងចែកទៅជាពីរក្រុម។ ក្រុមមួយមានជំនឿថា សម្តេចព្រះនរោត្តម សីហនុ នឹងភ្ជាប់ព្រះអង្គទៅនឹងពួកកុម្មុយនីស្ត។ មួយក្រុមទៀតយល់ថា ដើម្បីផលប្រយោជន៍សហរដ្ឋអាម៉េរិកគេមិនត្រូវធ្វើឱ្យប្រទេសកម្ពុជានៅឯកោនោះទេ។ អ្នកដែលគាំទ្រខ្លាំងរបស់ក្រុមទី២ គឺលោកព្រឹទ្ធសមាជិកសភាអាមេរិក Mike Mansfield ដែល​បានមកធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅចុងឆ្នាំ១៩៦២។ លោកព្រឹទ្ធសមាជិករូបនេះជាអ្នកជំនាញ​​​​​ផ្នែកអាស៊ី ហើយក្រោយមកលោកបានក្លាយជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកយូរជាងគេប្រចាំនៅប្រទេសជប៉ុន។ លោក Mike Mansfield បានពិភាក្សាផ្តល់យោបល់ដោយផ្ទាល់ជាមួយលោកប្រធា​នាធិបតី Kennedy, Johnsonនិងលោកប្រធា​នាធិបតីNixonក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០និង ឆ្នាំ១៩៧០ ដែលគាត់បានប្រឆាំងទៅនឹងការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្រ្គាមវៀត​ណាម។ បើទោះជាមានការធានាអះអាងដោយផ្ទាល់ពីលោកប្រធានាធិបតី Kennedy ថាសហរដ្ឋអាម៉េ​រិកគាំទ្រអព្យាក្រឹតនៃប្រទេសកម្ពុជា ហើយមិនគាំទ្រពួកប្រឆាំងក្តី ប៉ុន្តែសម្តេចព្រះនរោត្តម    សីហនុ នៅតែអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវជំនួយរបស់សហរដ្ឋអាម៉រិកដែលមានតម្លៃប្រហែល១៥ភាគរយ នៃថវិកាជាតិកម្ពុជា ។ នៅខែមករា ឆ្នាំ១៩៦៤ សហរដ្ឋអាម៉េរិកបានចាប់ផ្តើម កាត់បន្ថយបុគ្គលិករបស់ខ្លួនចេញពីក្រុងភ្នំពេញ ហើយលោក នង គឹមនី ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េ​រិកត្រូវបានហៅត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកលោក  Philip D. Sprouse ក៏បានវិលត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញដែរ។ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៦៤ លោក Randolph A. Kidder ត្រូវបានតែងតាំងជា ឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា ប៉ុន្តែសម្តេចព្រះនរោត្តម សីហនុ បដិសេធមិនទទួលសារតាំងរបស់លោក[11]។ នៅដំណាច់ឆ្នាំ១៩៦៤ មានតំណាងសហរដ្ឋអាម៉េរិកតែចំនួន១២ នាក់ប៉ុណ្ណោះនៅកម្ពុជាដែលកាលពីមួយឆ្នាំមុនមានចំនួន៣០០នាក់។ នៅខែឧសភា ឆ្នាំ១៩៦៥ ទំនាក់ទំនងកម្ពុជា និង សហរដ្ឋអាម៉េរិកត្រូវបានកាត់ផ្តាច់។ ភាពតានតឹងនៅតែកើតមានជាបន្តមកទៀត ដោយសហរដ្ឋអាម៉េ​រិកបានចោទប្រកាន់ថា ពួកកុម្មុយនីស្តវៀតណាមកំពុងដឹកជញ្ជូនផ្គត់ផ្គង់តាមកំពង់ផែក្រុងព្រះសីហនុ។

២-កម្ពុជាក្នុងដំណាក់កាលនៃសង្រ្គាមវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកជំទាវ Jacqueline Kennedy មកប្រទេសកម្ពុជានៅខែវិច្ឆិកា ឆ្នាំ១៩៦៧ ហាក់មានការប្រែប្រួលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ នៅពេលនោះសម្តេចព្រះនរោត្តម សីហនុ បានរៀបចំទទួលស្វាគមន៍លោកជំទាវ Jacqueline Kennedy ជាភ្ញៀវពិសេស ដោយលោកជំទាវ គឺជាជនជាតិអាម៉េរិកដំបូងគេដោយទទួលបានកិត្តិយសថ្នាក់រដ្ឋខ្ពស់តាំងតែពីមានការកាត់ផ្តាច់ចំណងការទូតនៃប្រទេសទាំងពីរ។ បន្ទាប់មក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៨ លោក Chester A. Bowles  ជាបេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានធ្វើដំណើរមកក្រុងភ្នំពេញដើម្បីពិភាក្សា ស្តីពីការកម្រិតវត្តមានកងទ័ពវៀតកុងនៅលើទឹកដីកម្ពុជា និងកង្វល់របស់សម្តេចព្រះនរោត្តម សីហនុ លើបូរណភាពទឹកដីនៃប្រទេសកម្ពុជា ។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Nexon បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៩ ។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៦៩ សហរដ្ឋអាម៉េរិកបានចេញសេចក្តីប្រកាសទទួលស្គាល់អធិបតេយ្យភាព ឯករាជ្យ អព្យាត្រឹតភាពនិងបូរណភាពទឹកដីនៃប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយទំនាក់ទំនងការទូតរវាងកម្ពុជា និង សហរដ្ឋអាម៉េរិកនាពេលនោះ នៅតែមិនមានភាពរលូន ។ ភាពរកាំរកូសនេះបានបន្តរហូតដល់លោក លន់ នល់ បានទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីប្រមុខរដ្ឋនៃប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅពេលនោះ ប្រទេសកម្ពុជាបានក្លាយជាសាធារណរដ្ឋដែលស្និទ្ធទៅនឹងសហរដ្ឋអាម៉េរិក ហើយកម្ពុជាបានប្រឈម យ៉ាងពេញទំហឹងទៅនឹងចលនាកុម្មុយនីស្តខ្មែរនិងវៀតណាម។ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុង សង្រ្គាមវៀតណាម ហើយសង្រ្គាមនៅកម្ពុជាបានក្លាយជាសង្រ្គាមស៊ីវិលអូសបន្លាយអស់រយៈពេលជា ច្រើនឆ្នាំ។

សរុបមកទំនាក់ទំនងការទូតរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកនាសម័យក្រោយកម្ពុជាទទួល បាន​ឯករាជ្យពីរបបអាណាព្យាបាលបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយជាពិសេសនៅក្នុង សម័យសង្គមរាស្ដ្រនិយមពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ មិនសូវមានភាពរលូនឡើយ។ ចាប់តាំងពី    កម្ពុជា​បានបដិសេធមិនទទួលយកជំនួយសហរដ្ឋអាម៉េរិកនៅឆ្នាំ១៩៦៣ មកទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកតែងតែមានភាពរកាំរកូសជាបន្ដបន្ទាប់ ជាក់ស្ដែងនៅឆ្នាំ១៩៦៥ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបានឈានទៅដល់កម្រិតមួយធ្ងន់ធ្ងររហូតមានការផ្ដាច់ចំណងការទូតនៃប្រទេសទាំងពីរទៀតផង។ លុះមកដល់ឆ្នាំ១៩៦៩ ទើបស្ថានភាពនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរត្រូវបានស្ដារឡើងវិញ។ ហេតុការណ៍ដែលធ្វើឱ្យមានភាពមិនរលូននៅក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា និង សហរដ្ឋអាម៉េរិកនៅពេលនោះ គឺសហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយយោធាជាច្រើនមកឱ្យប្រទេសកម្ពុជា ដែលជំនួយនោះសហរដ្ឋអាម៉េរិកមានគោលបំណងចង់ឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសមួយដែលគាំទ្រលោកសេរីដើម្បីប្រឆាំងនឹងការរីករាលដាលនៃលទ្ធិកុម្មុយនីស្ដនៅភូមិភាគអាស៊ី​​អាគ្នេយ៍។ ជាពិសេសសហរដ្ឋអាម៉េរិកចង់ឱ្យប្រទេសកម្ពុជាចូលជាសមាជិកអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ឬគេហៅថា សេអាតូ។ ដោយសារនៅសម័យសង្គមរាស្ដ្រនិយមកម្ពុជាបានប្រកាន់យកនយោ​បាយ​អព្យាក្រឹត ហេតុនេះ កម្ពុជាបានប្រកាន់យកបន្ទាត់នយោបាយអន្ដរជាតិកណ្ដាលមួយមានន័យថា    កម្ពុ​​ជា​អាចធ្វើទំនាក់ទំនងការទូតជាមួយប្រទេសទាំងឡាយនៅក្នុងសកលលោកមិនបែងចែកថា ប្រទេសនោះជាប្រទេសប្រកាន់លទ្ធិសេរី ឬ កុម្មុយនីស្ដនោះឡើយ។ ការប្រកាន់ជំហររបស់កម្ពុជាបែបនេះបានធ្វើឱ្យមេដឹកនាំលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិកមិនព្រមផ្តល់ការគាំទ្រពេញលេញដល់ប្រទេសកម្ពុជា។

សន្និដ្ឋាន

បន្ទាប់ពីទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាត្រូវប្រឈមទៅនឹងបញ្ហាជាច្រើន ជាពិសេសប្រឈមនឹងបញ្ហាការពង្រឹងឯកភាពជាតិ សេដ្ឋកិច្ចនិងការការពារជាតិ។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលនោះកម្ពុជាត្រូវពឹងផ្អែកទៅលើជំនួយពីបរទេសមួយភាគធំ។ ការស្វែងរកជំនួយ​នេះទៀតសោត កម្ពុជាក៏ត្រូវទទួលរងនូវសម្ពេធនៃមនោគមវិជ្ជាធំពីរនៅក្នុងសកលលោកនា ពេលនោះគឺមនោគមវិជ្ជាសេរីដែលតំណាងដោយសហរដ្ឋអាម៉េរិកនិងមនោគមវិជ្ជាកុម្មុយនីស្តតំណាង    ដោយសហភាពសូវៀត។ អាស្រ័យដោយសកលលោកមានការដណ្តើមឥទ្ធិពលគ្នាបែបនេះ កម្ពុជាបាន ជ្រើសរើសយកនយោបាយអព្យាក្រឹតមកធ្វើជាមូលដ្ឋានគ្រឹះ នៃនយោបាយការបរទេសរបស់ខ្លួន។ នយោ​​បាយនេះជាផ្លូវមួយសម្រាប់ឱ្យកម្ពុជាមានលទ្ធភាពអាចទៅធ្វើទំនាក់ទំនងជាមួយប្រទេស ដែលប្រកាន់លទ្ធិសង្គមនិយមផង និង ទំនាក់ទំនងជាមួយប្រទេសដែលប្រកាន់លទ្ធិសេរីផងដែរ។

ទំនាក់ទំនងជាផ្លូវការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក គឺត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០។ បន្ទាប់មកសហរដ្ឋអាម៉េរិកបានចាប់ផ្តើមផ្តល់ជំនួយមកឱ្យកម្ពុជាទាំងជំនួយផ្នែកសេដ្ឋកិច្ច និង ជំនួយផ្នែកយោធា។ ជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកបានផ្តោតទៅលើវិស័យអប់រំ ដូចជាការ កសាងសាលារៀនជាដើម។ ជំនួយផ្នែកអភិវឌ្ឍន៍ជនបទនិងស្តារហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយសម្រាប់វិស័យកសិកម្ម។  ចំណែកជំនួយយោធារបស់សហរដ្ឋអាម៉េរិកបានផ្តល់ជាប្រាក់បៀ​​​​​​វ​​​ត្សរ៍​ដល់យោធាកម្ពុជានិងផ្តល់សម្ភារៈយោធាមានគ្រឿងសព្វាវុធដូចជា កាំភ្លើង រថយន្តយោធា   រថគ្រោះ សាឡាង ជាដើម។ ដោយផ្អែកទៅលើនយោបាយអព្យាក្រឹតកម្ពុជាបានទៅធ្វើទំនាក់ទំនង ជាមួយបណ្តាប្រទេសកុម្មុយនីស្តមានសហភាពសូវៀត សាធារណរដ្ឋប្រជាមានិតចិនជាដើម។ ទន្ទឹម នឹងសហរដ្ឋអាម៉េរិកមកបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា សហរដ្ឋអាម៉េរិកបានស្នើឱ្យកម្ពុជាចូលជាសមាជិករបស់អង្គការសេអាតូ(អង្គការសន្ធិសញ្ញាប្រឆាំងនឹងការរីករាលដាលនៃលទ្ធិកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍) ដែលបានបង្កើតឡើងនៅឆ្នាំ១៩៥៤។ នៅពេលនោះកម្ពុជាបានបដិសេធមិនព្រមចូលជាសមាជិករបស់អង្គការមួយនេះ ដោយកម្ពុជាបានអះអាងថា ខ្លួនជាប្រទេសអព្យាក្រឹត។ នៅពេលដែលកម្ពុជាបដិសេធមិនព្រមចូលជាសមាជិកអង្គការសេអាតូ ហើយកម្ពុជាទៅបង្កើត ទំនាក់ទំនងការទូតជាមួយសហភាពសូវៀត សាធារណរដ្ឋប្រជាមានិតចិន បានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិកចាប់ផ្តើមរកាំរកូស ហើយសហរដ្ឋអាម៉េរិកមិនបានគាំកម្ពុជាឱ្យបានពេញលេញឡើយ។ ក្នុងបរិបទនៃសង្រ្គមត្រជាក់ និងការប្រកាន់យកនយោបាយការបរទេសមិននឹងននៅពេលនោះកម្ពុជាហាក់ឃ្លាតចេញពីប្រទេសក្នុងប្លុកសេរី ហើយបានបាត់បង់ឱកាសក្នុងការទទួលយកជំនួយមកអភិវឌ្ឍន៍ប្រទេសជាតិ។

គន្ថនិទ្ទេស

ឯកសារជាភាសាខ្មែរ

១-ព្រះរាជដំណើរព្រះបាទនរោត្ដម សីហនុ ឧបយុវរាជស្ដេចយាងទៅកាន់ប្រទេសចិនសាធារណរដ្ឋ

ប្រជាមានិត ខែកុម្ភៈ ឆ្នាំ១៩៥៦។

២-វិភាគបទនៃសន្និសីទរបស់សម្ដេចព្រះនរោត្ដម សីហនុ នៅកំពតថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៥៦។

៣-ទស្សនាការជាមិត្ដភាពរបស់ព្រះបាទនរោត្ដម សីហនុ ទៅកាន់សហភាពសូវៀត ខែកក្កដា

ឆ្នាំ១៩៥៦។

៤-រាជកិច្ច  លេខ២១ ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៥៧។

៥-កំណត់ហេតុប្រជុំសភា នៅក្នុងរាជកិច្ចលេខ២៨ ចេញផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៥៩។

៦-ប្រទេសកម្ពុជាជួយដោយខ្លួនឯង ភ្នំពេញ ឆ្នាំ១៩៦៣។

៧-ព្រះសុន្ទរកថានៃសម្ដេចព្រះប្រមុខរដ្ឋទ្រង់ថ្លែងក្នុងឱកាសសម្ពោធពិពរណ៍អចិន្ដ្រៃយ៍ថ្មីនៃសមិទ្ធិសង្គម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៤។

៨-នរោត្ដម សីហនុ អនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់ (បកប្រែដោយ ន.រណរង្គ) ឆ្នាំ១៩៩៣។

៩-ខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០-២០១០) បោះពុម្ពដោយ

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំក្រុងភ្នំពេញ ឆ្នាំ២០១០។

ឯកសារជាភាសាបរទេស

១-Le Programme de l’aide économique américaine au Cambodge 1955-1959, 1960

២-M. Raoul Jennar, Les clés du Cambodge, Faits et chiffres, repères historiques, profiles cambodgiens, cartes, Maisonneuve et Larose, 1995.

៣-Norodom Sihanouk. La c.i.a contre le Cambodge, François Maspéro pour l’édition française, Paris, 1973

 

 

[1] រាជកិច្ចលេខ២១ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៥៧ ទំព័រ៦៣៣៧-៦៣៣៨

[2] Le Programme de l’aide économique américaine au Cambodge 1955-1959, 1960. P. 21

[3] Op.cit;P.21.

[4] ប្រទេសកម្ពុជាជួយដោយខ្លួនឯង ភ្នំពេញ ឆ្នាំ១៩៦៣ ទំព័រ២-៦

[5] ព្រះសុន្ទរកថានៃសម្ដេចព្រះប្រមុខរដ្ឋទ្រង់ថ្លែងក្នុងឱកាសសម្ពោធពិពរណ៍អចិន្ដ្រៃយ៍ថ្មីនៃសមិទ្ធិសង្គម ថ្ងៃទី១១ ខែវិច្ឆិកា

ឆ្នាំ១៩៦៤ ទំព័រ៤

[6] Norodom Sihanouk, La c.i.a. contre le Cambodge, François Maspéro pour l’édition française,

Paris, p. 63-64

[7] Raoul M. Jennar, Les clés du Cambodge, Faits et chiffres, repères historiques, profiles

cambodgiens, cartes, Maisonneuve et Larose, 1995, p. 58

[8] Ibid., p. 63

[9] កំណត់ហេតុប្រជុំសភា នៅក្នុងរាជកិច្ចលេខ២៨ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៥៩ ទំព័រ៤៩០៥

[10] Raoul M. jennar, Les clés du Cambodge, op. cit., p. 64

[11] ខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០-២០១០) បោះពុម្ពដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំក្រុងភ្នំពេញ ឆ្នាំ២០១០ ទំព័រ៤៧