April 19, 2024
ថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យា​ស្ថានមនុស្សសាស្ត្រ​និងវិទ្យាសាស្ត្រសង្គម និងកញ្ញា តាកេត ស័ក

ថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកាជាប្រធាន​ស្ដីទី​វិទ្យាស្ថានមនុស្សសាស្ត្រ​និងវិទ្យាសាស្ត្រ​សង្គម និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបជំនុំ​ជាមួយ​លោកបណ្ឌិត ប្រីស វាំងសង់ ( Dr. Brice Vincent) ជាប្រធានសាលាបារាំងចុងបូព៌ា​ប្រចាំនៅខេត្តសៀមរាប ដើម្បីពិភាក្​សាអំពី​​លទ្ធភាព​ដែលស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យ​សភាកម្ពុជា និងសាលាបារាំងចុងបូព៌ា អាចសហការគ្នាក្នុងកិច្ចសិក្សា​ស្រាវ​ជ្រាវបាន។ ក្នុងជំនួបនោះ លោកបណ្ឌិត ប្រីស វាំងសង់ បានបង្ហាញពីការរកឃើញថ្មីៗរបស់អ្នក​ស្រាវ​ជ្រាវសាលាបារាំងចុង​បូព៌ា​នូវទីតាំង​យករ៉ែទង់ដែង និងស្ពាន់នៅភ្នំពិលស្ថិតក្នុង​ចម្ងាយ១០គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងស្រុក​សង្គម​ថ្មី ខេត្​តព្រះវិហារ។ ចំណែកលោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការរក​ឃើញថ្មីពី​ការ​ផលិតទង់ដែង និងស្ពាន់ នៅ​ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ លោកទាំងពីរក៏បានយល់​ព្រមដើម្បី​បង្កើតជាកិច្ច​សហ​ការសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ អំពី «ប្រវត្តិសាស្ត្រនៃការផលិត ទង់ដែង និងស្ពាន់នៅប្រទេសកម្ពុជា»។

របកគំហើញនៃការផលិតស្ពាន់ដែលទទួលបានពីការស្លចម្រាញ់ពីរ៉ែស្ពាន់ និងទង់ដែង គឺជាទិន្នន័យថ្មីមួយដែលអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិទាំងឡាយ​មិនដែលរក​ឃើញ​កន្លងមក។ អ្នកស្រាវជ្រាវខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជារកឃើញស្ថានីយផលិតទង់ដែង និងស្ពាន់ ចំណែកឯអ្នកស្រាវជ្រាវជនជាតិបារាំងនៃសាលាបារាំង​ចុងបូព៌ាបានរកឃើញ​ស្ថានីយយករ៉ែទង់ដែងនិងស្ពាន់។ របក​គំហើញ​ទាំងពីរនឹងអាចប្រមូលស្ថាប័នទាំង​ពីរបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅតាមបែបវិទ្យាសាស្ត្រ ដើម្​​បីសិក្សាចងក្រងពត៌មានប្រវត្តិសាស្ត្រប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់អំពីចង្វាក់ផលិតកម្មផ្សេងៗរួមទាំងផលិតកម្មទង់ដែង និងស្ពាន់ផងដែរដែលជាធាតុចូលមួយ​ជំរុញ​ឱ្យ​អាណាចក្រអង្គរក្លាយជា​ចក្រភពរុងរឿងក្នុងតំបន់អាស៊ីអាគ្នេយ៍​ក្នុងរវាងសតវត្ស​ទី៩ ដល់ ១៤។