April 20, 2024
ដោយ៖ លោក នេត ចំរើន (បេក្ខជនបណ្ឌិតផ្នែកអក្សរសិល្ប៍) មន្ត្រីស្រាវជ្រាវផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

រចនាបថក្នុងការនិពន្ធប្រលោមលោកខ្មែរ

(…បន្តមកពីលេខមុន…)

ដោយ៖ លោក នេត ចំរើន (បេក្ខជនបណ្ឌិតផ្នែកអក្សរសិល្ប៍)

មន្ត្រីស្រាវជ្រាវផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា

វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

៥.៥- ការកំណត់បុគ្គលិកលក្ខណៈ និង ការបង្ហាញតួអង្គ

ក-ការកំណត់បុគ្គលិកលក្ខណៈតួអង្គ

អ្នកនិពន្ធគឺជាអាទិទេពរបស់តួអង្គ។ ដូច្នេះ គាត់ត្ រូវស្គាល់ចរិត​លក្ខណៈតួអង្គរបស់គាត់ទាំងអស់ឱ្យបានច្បាស់ថា  ហើយត្រូវគិត មើល​ថាតើតួអង្គនីមួយៗរបស់គាត់នោះ មានចរិតលក្ខណៈបែបណា តើគួ រៀបចំគំនិត និង កាយវិការបែបណា យកទៅនិម្មិត បញ្ចូល​ក្នុងរូបតួ​អង្គរបស់គាត់។ ដូចជាតួអង្គកាច ឆ្នាស ដើរតែឈ្នាននីសគេ តើត្រូវមាន​ចរិតបែបណា នឹងមានសកម្មភាព កាយ វិការ បែបណា? ឯតួអង្គស្លូតវិញ ជាតួអង្គប្រកបដោយលក្ខណៈយ៉ាងម៉េច
ទាំងចិត្ដគំនិត ទាំងកាយវិការ ស្ថិតនៅក្នុងកម្រិតជំពូកណា? ជាអ្នកមាន ឬ អ្នកក្រ ឬ ជនដែលប្រកប​ដោយឧត្ដមគតិ។ ឧទាហរណ៍
នៅក្នុងរឿងជីវិតឥតន័យ របស់អ្នកនិពន្ធ សុទ្ធ
ប៉ូលីន តួអង្គ សារ៉ាក់ គឺជាតួអង្គឧត្ដមគតិ  ជានិស្សិតបែបមនោគម​វិជ្ជា មានតែចំណេះតែគ្មានទ្រព្យសម្បត្ដិ
ស្អប់ខ្ពើមអំពើជិះជាន់កេង ប្រវ័ញ្ច ជាមនុស្សដែលពោរពេញដោយគំនិតទស្សនៈវិជ្ជា។ ឯនៅក្នុង​រឿង​ព្រះអាទិត្យថ្មីរះលើដែនដីចាស់ របស់អ្នកនិពន្ធ សួន សុរិន្ទ
វិញ តួអង្គ​ សម ជាកសិករស្លូតត្រង់  ចេះតស៊ូក្នុងជីវិត
មិនលក់មនាសិការ​ផ្ទាល់ខ្លួន ទទួលរងការធ្វើបាបរបស់អ្នកដទៃ។ ឯនៅក្នុងរឿង​
កូលាប​ប៉ៃលិន វិញ យើងឃើញថា អ្នកនិពន្ធបានបង្កើតតួអង្គ បាឡាត់
ជា​មនុស្ស​លោភលន់ទ្រព្យសម្បត្ដិ អំណាច គ្មានសេចក្ដីស្មោះត្រង់ ប្រកប​ដោយ​ភាពពុតត្បុត
តែជាមនុស្សខ្លាច មិនហ៊ានប្រឈមមុខនឹងឧបសគ្គ ដែលបានកើតឡើង។

ការកំណត់ទៅលើបុគ្គលិកតួអង្គបានច្បាស់លាស់ នាំឱ្យការ​សរសេររបស់យើងមានភាពស៊ីជម្រៅ នូវសកម្មភាពនានានៅក្នុងសាច់​រឿង។ ប្រសិនបើយើងកំណត់បុគ្គលិកលក្ខណៈតួអង្គមិនបានច្បាស់​លាស់​ទេ
នោះការសរសេររបស់យើង អាចនឹងមានភាពប្រាស់ចាក​ពីការ​ពិត។ ជាទូទៅ
ការសរសេរត្រូវបង្ហាញឱ្យឃើញពីលក្ខណៈពិតៗរបស់​មនុស្ស ច្រើនជាងការស្រមើស្រមៃ។

ខ-ការបង្ហាញតួអង្គ

ចំណែកឯការបង្ហាញតួអង្គវិញ
អ្នកនិពន្ធមានវិធីសាស្ដ្រច្រើន​ក្នុងការបង្ហាញ ដូចខាងក្រោម ៖

-រឿងខ្លះ
អ្នកនិពន្ធបង្ហាញតួអង្គតាមរយៈការពិពណ៌នារបស់ខ្លួន ដែលនាំឱ្យអ្នកអានដឹងពីជីវប្រវត្ដិ
រូបរាង ពណ៌សម្បុរ អាយុ ទីកន្លែង និង សកម្មភាពរបស់តួអង្គនោះតែម្ដង។ ឧទាហរណ៍
ដូចជា រឿងផ្កា​ស្រពោន សូផាត កូលាបប៉ៃលិនជាដើម។

-រឿងខ្លះទៀត
អ្នកនិពន្ធបង្ហាញតួអង្គតាមរយៈបទសន្ទនារវាង​តួអង្គ និង តួអង្គ (បានន័យថា
តួអង្គបង្ហាញតួអង្គ)។ ការបង្ហាញ​រឿង​បែបនេះ គឺជាវិធីសាស្ដ្រមួយដែលអ្នកនិពន្ធភាគច្រើនយក​ទៅបង្ហាញ​ក្នុងល្ខោននិយាយ
ឬ ខ្សែភាពយន្ដ។ ដូចជា ប្រលោមលោក រឿង​ម្ចាស់​ប្ដីជីវិតអូន
របស់អ្នកនិពន្ធ រស់ ចន្ទ្រាបុត្រ រឿង ថៅកែចិត្ដចោរ របស់អ្នក​និពន្ធ អឹម ថុកជាដើម។

-រឿងខ្លះ
គេឱ្យតួអង្គខ្លួនឯង និយាយបង្ហាញខ្លួនឯង។ រឿង​ប្រភេទ​នេះ ​ច្រើនតែជាប្រលោមលោកបែបជីវប្រវត្ដិ
ឬ ជាប្រលោម​លោក​បែបមនោគមវិជ្ជា ឬ ទស្សនៈវិជ្ជា។ ឧទារហណ៍ ដូចជារឿង តើខ្ញុំ​មានទោសព្រោះអ្វី? របស់អ្នកនិពន្ធ ទ្រិញ
វ៉ាញ រឿង៧មករា​ថ្ងៃកំណើត​ទី២របស់ខ្ញុំ របស់អ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស រឿង ជនពនេចរ  និង រឿង និទានដ៏ឈឺចាប់ របស់អ្នកនិពន្ធ នេត ចំរើន
ជាដើម។

៥.៦-ការសរសេររឿងដោយផ្អែកលើហេតុផល

ពិតមែនតែអ្នកនិពន្ធបានរៀបឆ្អឹងរឿងហើយរួចរាល់ក៏ដោយ ក៏នៅពេល​ដែលគាត់ចាប់ផ្ដើមសរសេរ
គាត់ប្រកដជាមានការរុះរើខ្លះៗមិនខាន នេះជា​ប្រការដែលចៀសមិនរួច សម្រាប់អ្នកនិពន្ធម្នាក់ៗ។ ម្យ៉ាងទៀត ការសរសេរ​ទៅ​តាមឆ្អឹងរឿងនោះ ក៏ត្រូវគោរពទៅលើកត្ដាឡូសិកមួយដែរ
គឺហេតុផល។  ហេតុផលនេះហើយ
ដែលជាកត្ដាជំរុញឱ្យសាច់រឿងដើរជាចង្វាក់ៗ ដោយអ្នក​និពន្ធត្រូវចេះរកហេតុផលគ្រប់គ្រាន់ដើម្បីបង្ហាញ
ធ្វើឱ្យអ្នកអានជឿស្រប​តាម។ បើយើងសរសេរមិនផ្អែកលើហេតុផលទេ មានន័យថា
ស្នាដៃរបស់យើងពុំមាន​លក្ខណៈគ្រប់គ្រាន់ឱ្យគេអាចទទួលយកបាននោះទេ។

បន្ថែមពីលើនេះ ហេតុផលជាអ្នកជំរុញឱ្យសាច់រឿងមាន​ការវិវត្ដទៅមុខ  ហើយជានិច្ចកាល រឿងតែងតែបញ្ចប់ដោយពីរករណី គឺការបញ្ចប់ដោយ​សប្បាយ និង ការបញ្ចប់ដោយក្រៀមក្រំ ហើយអ្នកនិពន្ធត្រូវមានហេតុផល​គ្រប់គ្រាន់ក្នុងការបញ្ចប់រឿង បញ្ចប់វាសនារបស់តួអង្គ។ គាត់មិនអាចមាន ភាពអនោម័តក្នុងការសម្រេចវាសនាតួអង្គ ដោយមិនពិនិត្យហេតុផលនោះទេ។ ដូចជា ហេតុផលដែលត្រូវឱ្យតួអង្គស្លាប់ គឺគាត់ត្រូវតែឱ្យស្លាប់មិនអាច​ឱ្យ​រស់​បានទេ បើឱ្យរស់នោះវាប្រាស់ចាកពីការពិត ហើយតម្លៃរឿងក៏ត្រូវស្រុតចុះ​ទៅ​តាមនោះដែរ។ ដូចជាតួអង្គនាងវិធាវី ក្នុងរឿង ផ្កាស្រពោន ជាដើម អ្នកនិពន្ធ​បានឱ្យនាងស្លាប់ នោះគឺជាហេតុផលគ្រប់គ្រាន់ហើយ ដើម្បីបង្ហាញថា នាងជា​ស្រីខ្មែរដែលមានភក្ដីភាពចំពោះស្នេហា ចំពោះបុរសជាទីស្រលាញ់  ម្យ៉ាងទៀត បេះដូងដែលកើតទុកគ្រាំគ្រា កើតទុក្ខរហូតធ្លាក់ខ្លួនឈឺ គ្មានឃើញដំណោះ​ស្រាយជាពន្លឺអ្វីបន្ដិចសោះចំពោះស្នេហារបស់នាងនឹងប៊ុនធឿន ក៏ជាហេតុផល​ឡូសិកមួយទៀតដែរ។ ប្រសិនបើ វិធាវី បែរជារស់វិញ គឺនាងត្រូវរៀបការ​ជាមួយ​ណៃសត ដូច្នេះ តើនាងសមជានារីខ្មែរដែលមានភក្ដីភាពដែរទេ? ឬ បើនាង ប្ដេជ្ញា​ថានាងចង់រស់មែន ហើយសុខចិត្ដមករួមរស់នឹងប៊ុនធឿន តើនាងធ្វើ​ខុស​យ៉ាងណាខ្លះចំពោះយាយនួនដែលជាម្ដាយ? នាងនឹងត្រូវក្លាយជាកូនអកត្ដញ្ញូ ហើយតើសមចរិតរបស់នាងទេ? ចម្លើយគឺពិតជាមិនសម ព្រោះអ្នកនិពន្ធ នូ ហាច បានកំណត់បុគ្គលិកលក្ខណៈតួអង្គវិធាវីរួចហើយ គឺជានារីសុភាព ទន់ភ្លន់ គោរពដំបូន្មានឪពុកម្ដាយ មិនហ៊ានតមាត់នឹងអ្នកមានគុណ  បើចរិតនាងបែប​នេះ តើនាងហ៊ានប្រឆាំងនឹងម្ដាយកើតទេ? ដូច្នេះ នេះជាហេតុផលឡូសិក។ មួយទៀត កាលដែលអ្នកនិពន្ធឱ្យតួអង្គវិធាវីស្លាប់ ក៏ជាតម្លៃមួយដ៏ខ្ពង់ខ្ពស់​ផង​ដែរដើម្បីអប់រំដល់ឪពុកម្ដាយគ្រប់រូប ឱ្យកម្រិតសិទ្ធិសេរីភាព​របស់ខ្លួនទៅលើ​កូនចៅ  ហើយបើឱ្យនាងនៅរស់វិញ ប្រធានបទរឿងដ៏សំខាន់នេះ បែរជាត្រូវ​លែង​មានទម្ងន់អស់ហើយ។

៥.៧-ការប្រើប្រាស់ឧបមាណវិធី

 ឧបមាណវិធី
គឺជាវិធីប្រៀបធៀបដែលអ្នកនិពន្ធតែងប្រើប្រាស់​ក្នុងឃ្លា​ប្រយោគ ដើម្បីបង្កើនសោភ័ណ្ឌពាក្យ
សោភ័ណ្ឌឃ្លាប្រយោគ ក្នុងបំណង​បំពេរ​អារម្មណ៍អ្នកអាន។ ព្រោះថា រឿងប្រលោមលោកវាខុសពីអត្ថបទដទៃឆ្ងាយ​ណាស់។
ព្រោះអត្ថបទនៃមុខវិជ្ជាផ្សេងៗ ភាគច្រើនជាពាក្យសាមញ្ញ ន័យត្រង់ៗ  ឯរឿងប្រលោមលោកវិញ ទាំងពាក្យសម្ដី ទាំងឃ្លាប្រយោគ
សុទ្ធតែជាវោហា​សាស្ដ្រ បង្កប់នូវអត្ថន័យ និង រូបារម្មណ៍យ៉ាងជ្រាលជ្រៅ គឺមានន័យថា តួអក្សរ​មួយតួៗសុទ្ធតែអណ្ដែតលេចធ្លោ
ភ្លឹបភ្លែតៗ នៅក្នុងអារម្មណ៍របស់អ្នកអាន ដែល​នាំឱ្យគេជក់ចិត្ដ ចង់តាមដាន ចង់ដឹងសេចក្ដីគ្រប់យ៉ាងក្នុងសាច់រឿង។ អ្នក​និពន្ធដែលល្បីៗ គឺសុទ្ធតែមានសិល្ប៍វិធី និង ទេពកោសល្យខ្ពស់
ក្នុងការ​ប្រើ​ប្រាស់​ឧបមាណវិធីនេះឯង  ដូចជា
លោក នូ ហាច លោក ហាក់ ឆៃហុក លោក កាណែល លោក គង្គ ប៊ុនឈឿន លោក ប៊ីវ ឆៃលាង លោក មិត សាខុន  លោក សុទ្ធ ប៉ូលីន លោក ហ៊ែល សុំផា  លោក ហង្ស ធុនហាក់  លោក វង់ ផឿង និង លោក ទី ជីហួត ជាដើម ហើយទឹកដៃរបស់លោកទាំងនេះ
ក៏ត្រូវ បានមហាជន​ទទួលស្គាល់ និង គាំទ្រគ្រប់ស្រទាប់វណ្ណៈ។

ជាការពិតណាស់
ដែលអ្នកនិពន្ធជាវិស្វករនៃដួងព្រលឹង គឺជាអ្នក​កសាង​នូវដួងចិត្ដ ដួងវិញ្ញាណ ដោយយកពិភពលោកទាំងមូល​ដាក់ទៅក្នុង​បេះដូង​របស់គាត់
ហើយច្នៃរបស់ទាំងឡាយ ទាំងរូបីក្ដី និង អរូបីក្ដី ឱ្យចេញជា រូបរាង និង ដួងវិញ្ញាណដ៏ពិតៗ
ដើម្បីបម្រើមនុស្សតាមរយៈឧបមាណវិធីនានា​របស់គាត់។ តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ឧបមាណវិធីដែលអ្នក​និពន្ធខ្មែរប្រើប្រាស់ក្នុងប្រលោមលោកពាក្យរាយ
សុទ្ធតែមានប្រភពមកពី​ឧប-មាណ​វិធីដែលប្រើប្រាស់ក្នុងកំណាព្យ របស់ដូនតាខ្មែរយើងទាំងអស់
ដោយ​ហេតុ​នេះហើយ ទើបបានជាយើងឃើញថា វិធីក្នុងការប្រៀបធៀបរបស់​អ្នក​និពន្ធ
មានលក្ខណៈសម្បូរបែបដូចក្នុងកំណាព្យដែរ។ ជាទូទៅគេបានឃើញថា  អ្នកនិពន្ធបានយកលក្ខណៈពិសេសនៃរូបារូបីយារម្មណ៍ ដែលមានលក្ខណៈ​ទាំងបួន​យកមកធ្វើជាឧបមាណវិធី
ហើយដែលធាតុទាំងបួននោះមាន ៖

ក-ឥន្ទ្រីយ៍រូបរម្មណ៍

ខ-កាមរូបរម្មណ៍

គ-ចេតនារូបរម្មណ៍

ឃ-បញ្ញា ឬ មនោរូបរម្មណ៍

លក្ខណៈទាំងបួនយ៉ាងនេះហើយ ដែលអ្នកនិពន្ធបានបញ្ចូលនូវឧប-មាណ​វិ​ធីដ៏ប៉ិនប្រសព្វ
ជារូបារម្មណ៍ក្នុងការតែងនិពន្ធ ទៅក្នុងពាក្យសម្ដី ឃ្លា​ប្រយោគរបស់គាត់ គឺបង្កើតរបស់ដែលគ្មានវិញ្ញាណ
ឱ្យទៅជាមានវិញ្ញាណ បង្កើត​អ្វីដែលឥតរូប ឱ្យទៅជាមានរូប មានព្រលឹង រស់រវើកតាមខ្សែរឿង
ដើម្បី​ខាប​អន្ទង​យកបេះដូងរបស់អ្នកអាន ឱ្យជក់ចិត្ដ។ នេះហើយជាលក្ខណៈពិសេស​របស់អ្នកនិពន្ធ
ដែលខុសប្លែកពីមនុស្សដទៃ។

ក-ឥន្ទ្រីយ៍រូបារម្មណ៍

គឺជាឃ្លាប្រយោគ ឬ ពាក្យសម្ដីដែលអ្នកនិពន្ធប្រើប្រាស់បែបជា​ឧបមាណវិធី ធ្វើឱ្យរំញោច ឬ ទាក់ទារម្មណ៍ ចំពោះឥន្ទ្រីយ៍របស់មនុស្សហើយក្នុងឥន្ទ្រីយ៍រូបារម្មណ៍នេះ
ត្រូវចែកចេញជាប្រាំទៀតរួមមាន ៖

-ចក្ខុរូបារម្មណ៍

-សោតរូបារម្មណ៍

-ជីវ្ហារូបារម្មណ៍

-កាយរូបារម្មណ៍

-ឃានរូបារម្មណ៍

ចក្ខុរូបារម្មណ៍
៖  គឺជាឃ្លាប្រយោគ
ដែលអ្នកនិពន្ធសរសេរ​រៀបរាប់ អំពីរូបលក្ខណៈ ទិដ្ឋភាព ដែលធ្វើឱ្យចក្ខុរំភើប ឬ
ហាក់ដូច​ជា​ធ្វើឱ្យភ្នែកអ្នកអានមើលឃើញជាក់ស្ដែង ចំពោះការពិពណ៌នាអំពី​អ្វី​មួយ។
ឧទាហរណ៍ ៖  ម៉ាស៊ីនរោទិ៍ឡើងលាន់រំពង
បញ្ចេញផ្សែងទ្រុប ទូកដរមួយរាងស្ដើង មានដំបូលធ្វើពីស្លឹក អបដោយឆ្អឹងឫស្សី​ គ្រញែង​ខ្លួនឃ្លីងឃ្លោងលើផ្ទៃអង្គារ
បណ្ដាលឱ្យអ្នកដំណើរខ្លះដែលពុំសូវបាន​ត្រាច់​ចរញឹកញាប់តាមផ្លូវទឹក ព្រឺស្បែកគង្គក់  [1]…។

សោតរូបារម្មណ៍
គឺជាឃ្លាប្រយោគដែលមានលក្ខណ​សូស័ព្ទ​សម្លេង ធ្វើឱ្យសោតាអារម្មណ៍របស់យើង
មានការរំភើបឡើង ហាក់ដូច​ជា​ឮច្បាស់នឹងត្រចៀក។ ឧទាហរណ៍ ៖ មួយសន្ទុះក្រោយមក ស្គរអ្នក​យាម​ទ្វារោទិ៍កម្រើករំជួយអាកាសពណ៌ខៀវនៃព្រឹកព្រហាម
ហើយសូរ​ស័ព្ទហោកញ្ជ្រៀវក៏ហ៊ោឡើងដូចចិនអុជផាវសែនអ្នកតា [2]…។

ឃានរូបារម្មណ៍
គឺជាឃ្លាប្រយោគដែលទាក់ទងទៅនឹង​ឃាន​វិញ្ញាណ។ ឧទាហរណ៍ ៖ សារ៉ាក់ងាកទៅក្រោយ សម្លឹងឃើញ​កុមារី​បីនាក់ ក្បាលរម៉េងរម៉ង
ដេកយ៉ាងស្ងៀមស្ងាត់។ ភាពនេះហាក់ដូចជា​មាន​ក្លឹនចំអិសចំអាសក្រៃពេកចំពោះកំឡោះ​រលុងខួរ។​ សារ៉ាក់ពុល​ដោយ​ជាតិស្រាផង  ហើយដោយឃើញការច្របូកច្របល់ដោយ​មនុស្ស​ទាំងអស់នេះផង
ក៏វង្វេងស្មារតីវិលមុខស្លុង [3]…។

ជីវ្ហារូបារម្មណ៍ ៖ គឺជាឃ្លាប្រយោគដែលរៀបរាប់អំពីរសជាតិ  ធ្វើឱ្យជីវ្ហាវិញ្ញាណមានការរំភើបឡើង។ ឧទាហរណ៍ ៖  សូម្បីតែទឹកសូដា​ក៏​មិនសូវសម្បូរដែរ
គេច្រើនយកទឹកដូងមកប្រើជំនួសវិញ បើសុរារាយ ទាំងនេះមិនមានគុណភាព  និង ឱជារសដូចទឹកស្រវឹងមកពីអឺរ៉ុប ក៏គង់​ធ្វើឱ្យមន្ដ្រីខ្មែរសម័យនោះសប្បាយភ្លេចកង្វល់ទាំងពួងផងដែរ។ លោក​ចៅហ្វាយស្រុកចាត់ឱ្យយកត្រីរ៉ស់ធាត់ៗធំៗ ដែលទើបចាប់បានពីបឹង ទៅបិទដីអិដ្ឋ ឃ្លុំជិត ហើយដុតស្រាក្លែមឆ្ងាញ់កប់អាកាស [4]…។

កាយរូបារម្មណ៍ ៖ គឺជាឃ្លាប្រយោគដែលរៀបរាប់ពីលក្ខណៈ​នៃ​តួអង្គ។         ឧទាហរណ៍ ៖ ក្នុងវេលារាត្រីនេះ  ពន្លឺរស្មីនៃដួងច័ន្ទ កំពុង​​ចាំឆ្លុះ​ចូលមកតាមចន្លោះបង្អូច
ហើយមានខ្យល់ត្រជាក់បក់មក​ផាត់ផាយ​ចូល​មកយ៉ាងរំភើយៗ ល្ហើយត្រចៀកល្មមត្រជាក់ស្រួល នៅ​ក្នុងគេហស្ថាន​នោះ
មានកូនចង្កៀងប្រេងកាតមួយ​ចងព្យួរនឹង​ជញ្ជាំង​ក្ដា  ល្មមតែឆ្លុះ​ពន្លឺ​ឱ្យ​មើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គម
ឥតសាច់​ឈាមមានតែស្បែកដណ្ដប់ឆ្អឹងដេកស្ដូកស្ដឹងនាកណ្ដាល​ល្វែងប​ន្ទប់..,។

ខ-កាមរូបារម្មណ៍

កាមរូបរម្មណ៍
គឺជាពាក្យពេចន៍ ឬ ឃ្លាប្រយោគ ដែលអ្នក​និពន្ធប្រើ​ប្រាស់​ មកបបោសអង្អែល
លួងលោម អារម្មណ៍អ្នកអាន​ ឱ្យ​មាន​ភាពរំភើប ទៅដោយកាមរាគៈ តាមរយៈពាក្យទំយើផ្សេងៗ ដូចជា
កែវព្រលឹង ដួងជីវិត ស្ងួន នួនថ្លើមចិត្ត ស្រីតូចតន់ ជាដើម។ ឯជួនកាល​ទៀត
ជាឃ្លា ជាល្បះទាំងមូលតែម្ដង។ ឧទាហរណ៍ ៖  ខ្ញុំពោលហើយ ក៏​ក្រសោបកាយនាងថើបជាច្រើនដង តាមសន្ទុះចិត្ដនៃសេចក្ដីស្រឡាញ់។ ចំណែកឯដាណែតវិញ នាងក៏នៅស្ងៀមស្ងាត់ មិនប្រកែប្រកែក ទុក​បណ្ដោយ​ខ្លួនដ៏ស្អាត​ល្វតល្វន់របស់នាង
ឱ្យខ្ញុំថ្នាក់ថ្នមប្រលោមតាមចិត្ដ​មេត្រី   នេះប្រហែលជានាងបានចាត់ទុករុបខ្ញុំជាម្ចាស់បេះដូង
ម្ចាស់ខ្លួន​ប្រាណរបស់នាងទៅហើយ បានជានាងស្ម័គ្រស្មោះជាមួយខ្ញុំយ៉ាងនេះ[5]

គ-ចេតនារូបារម្មណ៍

គឺជាឃ្លាប្រយោគ
ឬ ពាក្យពេចន៍ដែលអ្នកនិពន្ធតែងឡើង ទាក់​ទងនឹងបញ្ហាផ្លូវចិត្ដ
ផ្លូវមនោសញ្ចេតនា មាន សប្បាយ រំភើប អរ ភ័យ​កើតទុក្ខ ក្រៀមក្រំ ខឹងសម្បារ ការជួបជុំ
ការព្រាត់ព្រាស់ សេចក្ដីសង្ឃឹម ភាពត្រេកត្រអាល អស់សង្ឃឹម ស្រឡាញ់ ស្អប់ ជាដើម ដើម្បីធ្វើឱ្យ​អ្នកអានមានអារម្មណ៍ព្រឺព្រួច
បណ្ដែតមនោសញ្ចេតនា ជឿស្លុងតាម​ដំណើរ​រឿងដែលអ្នកនិពន្ធបានលើកឡើង
ដោយមិនចាំបាច់ពិចារណា​ឱ្យ​វែងឆ្ងាយឡើយ។ ឧទាហរណ៍ ៖ «ខ្ញុំបានកេះដែកកេះឆែត ឆែត  អណ្ដាត​ភ្លើងក៏បានឆេះឡើង
អុជចុងធូបបីសសៃ បង្កើតឱ្យមាន​រងើក​ភ្លើងក្រហមឆ្មារតូចៗ ព្រមទាំងផ្សែងហុយទ្រលោមឡើងលើ។ ធូប​បាន​ឆេះហើយ ចំណែកឯអារម្មណ៍នឹកម្ដាយក៏បានកើតឡើងផងដែរ។ ខ្ញុំ​លើក​ហត្ថថ្វាយបង្គំបណ្ដើរ
សម្លឹងមើលធាតុអ្នកម្ដាយបណ្ដើរ  ពេល​នេះ​ខ្ញុំបានបាត់បង់លោកហើយ  លែងបានស្ដាប់សម្ដីលោកទៀតហើយ  គឺបានត្រឹមតែឃើញធាតុរបស់លោកតែប៉ុណ្ណោះ
….។ »

…ខ្ញុំនៅចាំសម្ដីអ្នកម្ដាយដែលមានប្រសាសន៍មកកាន់ខ្ញុំ
នៅពេល​ដែលគាត់ឈឺម្ដងៗថា «កូនអើយ ម៉ែប្រហែលជាមិនរស់បាន​ឃើញ​ប្រាក់ខែ​កូននោះទេ » គឺពាក្យសម្ដីលោកនេះហើយ
ដែលធ្វើឱ្យបេះដូង ថ្លើម ប្រមាត់របស់ខ្ញុំរបូតរបេះអស់ចេញពីដើមទ្រូង  ហើយនៅសល់​តែ​សេចក្ដីសង្វេគ មកលងបន្លាចអារម្មណ៍ខ្ញុំគ្រប់ពេលវេលា។ នឹកឃើញ ដល់ចំណុចនេះ ខ្ញុំលូកដៃក្នុងហោប៉ៅខោទាំងញ័រទទ្រើក យកលុយ​មួយ​ខ្ទាស់ដែលជាប្រាក់ខែរាជការ
ចាយមិនរស់របស់ខ្ញុំ មកដាក់កៀន​សញ្ញាប័ត្រ ហើយប្រឹងនិយាយទាំងសេចក្ដីខ្មាស់អៀនខ្លួនឯងថា
«ម៉ែ​ នេះ​ជាប្រាក់ខែរបស់ខ្ញុំដែលម៉ែតែងតែប្រាថ្នាចង់ឃើញ
ឥឡូវនេះ កូន​មាន​ប្រាក់ខែហើយ » ខ្ញុំនិយាយបានតែត្រឹមនេះ
ហើយក៏រឹងអណ្ដាត និយាយទៀតពុំកើត  ព្រោះដួងចិត្ដរបស់ខ្ញុំ
បានកើតសេចក្ដីក្ដុលក្ដួល​ឥតឧបមាទៅហើយ ឱ!កូនអ្នកស្រែដែលខំប្រឹងអស់មួយកំណាត់ជីវិត
ទីបំផុតបានតែត្រឹមនេះ [6]…។

ឃ-បញ្ញា ឬ មនោរូបារម្មណ៍

គឺជារូបរម្មណ៍មួយ
ដែលអ្នកនិពន្ធបានតាក់តែងឃ្លាប្រយោគ ដោយយកបញ្ហាណាមួយ បង្កប់ទៅដោយភាពសប្បាយ
ទុក្ខព្រួយ កើត​ទុក្ខ ឱ្យអ្នកអានគិត ពិចារណា ដើម្បីស្វែងយល់សេចក្ដី។

ឧទាហរណ៍ ៖  គួរយើងគិតថា
«ផ្កាក្រូចពោធិសាត់មានក្លឹន​ក្រអូប​ជាង​ផ្លែ​​វា​ដែលទុំលឿងផូរ។ យ៉ាងនេះ ហើយបានជាយុវជនអាចក្រេបឱជារស​ជីវភាព​បានជាងមនុស្សរសៀល
ដែលជាហេតុនាំឱ្យមាណព និង មាណវី មានទីតាំង​នៅ​ជិតជាង ក្នុងគោលបំណងព្រះកាមទេព [7]

…អស្ចារ្យមែន!
ការភ័ន្ដច្រឡំគឺជាការពិតសម្រាប់មនុស្សមិនដឹងខ្លួន។ ចំណែកពួកនេះច្រឡំស្មានតែជាមនុស្សថ្លៃថ្នូរ
ជាមនុស្សមានវាសនា! ហាសហា! ជាមនុស្សមានវាសនា។ មែនទែនជាកំអែលធម្មជាតិទេតើ!  គឺជាហ្វូងចៃ​ដែលគេ​ឱ្យរស់ជាបណ្ដោះអាសន្ន ហើយដែលសុខចិត្ដឱ្យគេយកទៅញិចដោយ​គ្មាន​ប្រកែកមួយអ៊ិស។ អញឯណេះបានជាមនុស្សឈ្នះវាសនា! ព្រោះអញពុំមែន​ជាអញ!
ព្រោះអញពុំមែនបំភ្លេចខ្លួន ឬ ពន្លិចខ្លួននៅក្នុងកំអែល​ធម្មជាតិ​ឡើយ។ អញនេះថយចេញពីខ្លួនអញ ចេញពីអាសារ៉ាក់ ដើម្បីស្រួលសង្កេតមើលវា  អញចេះដើរលើក្បាលធម្មជាតិ  ដូច្នេះ អញជាកំពូលធម្មជាតិ »  [8]…។

៥.៨-ការបង្ហាញធម្មជាតិក្នុងរូបារម្មណ៍

ធម្មជាតិបានក្លាយជាទុនវប្បធម៌ និង ទុនជីវភាពយ៉ាងសម្បូរបែបសម្រាប់​អ្នកនិពន្ធ។ អ្នកនិពន្ធបានឆ្កិៈឆ្កៀល យកធម្មជាតិទាំងនេះ មករចនាជាគ្រឿង​លំអរនៅក្នុងផ្ទៃរឿង
ដើម្បីបំពេរមនោសញ្ចេតនារបស់អ្នកអានឱ្យមាន ភាព​មនោរម្យ រំភើប អន្លុងអន្លោច តាមពាក្យពេចន៍ឃ្លាប្រយោគរបស់អ្នកនិពន្ធ។

ជាទូទៅ គេបានឃើញ អ្នកនិពន្ធបានបង្ហាញធម្មជាតិក្នុងរូបារម្មណ៍​មានបួនបែបគឺ ៖

-ការបង្ហាញធម្មជាតិជាធ្នាក់ទាក់ដំណើររឿង។

-ការបង្ហាញធម្មជាតិជាឧបមាណវិធី
ទៅនឹងដំណើរសប្បាយ​រីករាយរបស់តួអង្គ។

-ការបង្ហាញធម្មជាតិជាឧបមាណវិធី
ទៅនឹងដំណើរទុក្ខព្រួយ​របស់តួអង្គ។

-ការបង្ហាញធម្មជាតិជាបក្ខដិបក្ខភាព ទៅនឹងសភាពរបស់តួអង្គ

ក-ការបង្ហាញធម្មជាតិជាធ្នាក់ទាក់ដំណើររឿង

ការបង្ហាញធម្មជាតិបែបនេះ
ជាវិធីសាស្ដ្រមួយនៃបទពណ៌នា​របស់អ្នកនិពន្ធ ដើម្បីនាំអារម្មណ៍អ្នកអានឱ្យស្គាល់សេចក្ដីដំណើរ
ដើម​ទង ទីស្ថាន ខេត្ដ ស្រុកភូមិ  ដែលអ្នកនិពន្ធចង់បង្ហាញ
ហើយ​ធម្មជាតិ​ទាំងឡាយមាន ស្ទឹង ទន្លេ បឹងបួរ ផ្លូវ ព្រៃព្រឹក្សា បក្សាបក្សី វាលស្រែ
ភ្នំ ជ្រលង ព្រះសូរិយា ព្រះចន្ទ្រា ហ្វូងតារា សុទ្ធតែជាកម្ម វត្ថុដែលអ្នកនិពន្ធ​រើសមកច្របច់
ពូតផ្ដុំ បង្កើតឡើងបានជាបទពណ៌នាមួយដ៏មានសម្រស់ ទាក់ទាញអារម្មណ៍អ្នកអានឱ្យរំភើប
ឱ្យសប្បាយ ហាក់ដូចឃើញនឹង​ភ្នែក​ស្រស់ ៗ។ ឧទាហរណ៍ ៖ ថ្ងៃអាទិត្យ
អរុណចាប់លាបពណ៌ក្រហមទុំ ទៅលើជើងមេឃខាងកើត។ ក្នុងស័យដ្ឋានមួយនៃវិទ្យាល័យស៊ីសុវត្ដិ
ដែលស្ងប់ស្ងាត់គ្របដណ្ដប់នៅឡើយព្រោះមិនទាន់ដល់ម៉ោង  សម្លេង​ខ្សឹបខ្សៀវចាប់ឮខ្សាវៗ ពីត្រង់នេះបន្ដិច
ត្រង់នោះបន្ដិច។ មាត់មាន់​រងាវបង្អូសបែបបទវែងអន្លាយ ក្នុងពន្លឺស្រាងៗនៃព្រឹកព្រហាម។ សេះ សង្គមដែលទាញរទេះដឹកបន្លែមួយអន្លើ នឹងស្បែកជើងឈើចិនកន្ដាំង បាននាំគ្នាវាយផ្ទៃថ្នល់ចាក់ជ័រឮភ្លឹបផ្លាប់ៗ ឮក្រោកក្រាកៗ។ កងទ័ពក្អែក​ចេញពីទ្រនំដើមអំពិល ក្វកកេកកាកៗលាន់រំពង ហើយហើរឆ្ពោះ​ទៅ​ទិសខាងលិច
ដែលមានពំនូកពពកធំៗ ដេកទ្រមួកត្រាំក្នុងកម្ជិល​ចំអូស​នៅឡើយ[9]…។

ដូច្នេះឃើញថា
ការបង្ហាញធម្មជាតិរបស់អ្នកនិពន្ធ នូ ហាច នេះ គឺដើម្បីទាក់ទាញចូលទៅក្នុងដំណើររឿងមួយ
ឱ្យឃើញតួអង្គទីឃាវុធ ដែលជាសិស្សវិទ្យាល័យទើបតែភ្ញាក់ពីដំណេក  ដែលរូបគេ​នេះស្នាក់​នៅ​អន្ដេរវាសិកដ្ឋាន ក្នុងសាលា។

ខ-ការបង្ហាញធម្មជាតិជាឧបមាណវិធីទៅនឹងដំណើរ​សប្បាយ​រីករាយរបស់តួអង្គ

ធម្មជាតិត្រូវបានគេគិតថាបានផ្ដល់តម្លៃជាសោភ័ណ្ឌមួយ ដ៏ល្អ​វិសេស
ដែលទាក់ទងនឹងផ្លូវអារម្មណ៍ ផ្លូវមនោសញ្ចេតនារបស់មនុស្ស។  ភាពស្រស់បំព្រងនៃធម្មជាតិ
ដែលមានរុក្ខជាតិមានស្លឹកលូតលាស់​ស្រស់​បំព្រង ប៉ៃតងស្រស់ ឯបុប្ផារីកស្គុះស្គាយ
លាយឡំទៅនឹងហ្វូង​បក្សាបក្សី ហិចហើរឆ្វេចឆ្វាច ចចេចាច សាសងគ្នានៅលើចុងប្រឹក្សា  ក្រោមព្រះ​សូរិយាពេលអសង្គត បញ្ចេញរស្មីពណ៌មាសឯជើងមេឃ
ចាំងរស្មីទៅ​ក្នុង​ទឹកបឹង ដែលមានផ្កាព្រលិត ផ្កាឈូក កំពុងរីកសាយក្រពុំ​ រេរាំចុះ​ឡើង​ក្រោមជំនោរនាហេមន្ដរដូវ
…។ ដូច្នេះឃើញថា ភាពស្រស់បំព្រង​នៃ​ធម្មជាតិ បានទាញអារម្មណ៍
និង មនោសញ្ចេតនាមនុស្សឱ្យរំភើប ត្រេកត្រអាល ទៅតាមទេសភាពដ៏ស្រស់ឆើត គឺភាពស្រស់ឆើតនៃ​ធម្មជាតិ​នេះ ត្រូវបានពួកកវីនិពន្ធប្រៀបធៀបទៅនឹងសេចក្ដីសុខ​សប្បាយ
របស់មនុស្ស។ ឧទាហរណ៍ ៖ …មានពន្លឺចាំងឆ្លុះមកស្រទន់ៗនៃអរុណ​ដែលទើបរះឡើងពីទិសបូព៌ានោះ
មានពណ៌ភ្លឺច្រាលឆ្អៅ ជាសម្បុរមាស យ៉ាងល្អ ហើយចាំងចូលមកតាមចន្លោះបង្អូច និង ចន្លោះទ្វារ។ វេលា​នោះ មានសត្វចាបតូចៗពីរបី ហើរឆ្វៀតឆ្វាច ទទះស្លាបលេងយ៉ាង​ក្សេម​ក្សាន្ដ
ឥតមានព្រួយអំពល់រវល់នឹងសេចក្ដីទុក្ខសោក របស់អ្នកណា​ឡើយ  វាហើរកំសាន្ដចិត្ដនៅកណ្ដាលខ្យល់ ដែលកំពុងបក់មករំភើយៗ
ក្នុងពេលព្រឹកព្រហាម ដែលស្រែកហ៊ោកញ្ជ្រៀវតាមភាសាសត្វ
[10]…។

…ក្រោយពីបានទទួលទានអាហារហើយ អ្នកខ្លះទៅអង្គុយក្រោម​ម្លប់ពោធិ៍ ម្លប់ចាមរី ឯអ្នកខ្លះទៀតក៏ជិះទូកត្នោត អុំកាច់ផ្ការំចង់ ផ្កាស្នោរ ដែលដុះនៅចន្លោះដើមក្រចៅដោយសប្បាយ
ចំណែកអ្នកខ្លះទៀត​ក៏​ទៅ​មើលកម្មវិធីប្រណាំងទូកនៅមាត់ស្ទឹង។ យុវតីទាំងឡាយចាប់ផ្ដើម​ឈរ​បង្អួតរាង ថតយកប្លង់ទេសភាពដ៏ធំល្វឹងល្វើយនេះ
[11]…។

គ-ការបង្ហាញធម្មជាតិជាឧបមាណវិធីទៅនឹងដំណើរ​ទុក្ខ​ព្រួយរបស់តួអង្គ

ទន្ទឹមនឹងធម្មជាតិ
បានក្លាយជាសោភ័ណ្ឌភាពដ៏ស្រស់ត្រកាល  កំដរលួងលោងអារម្មណ៍មនុស្សឱ្យបានសប្បាយនោះ ធម្មជាតិក៏ជារូបា-​រម្មណ៍មួយដែលប្រកបដោយសោភ័ណ្ឌថែមទៀត
ក្នុងការបង្ហាញនូវ​សេចក្ដីទុក្ខព្រួយរបស់តួអង្គផងដែរ។ ជួនកាលអ្នកនិពន្ធបានយក​ធម្មជាតិ​ដែលមានភាពក្រៀមក្រោះ
ដូចជា ផ្ទៃមេឃក្ដៅហែង រុក្ខជាតិ​ជ្រុះស្លឹក​ងាប់រញម បុប្ផាស្វិតក្រៀមស្រពោន ផ្ទៃមេឃអួរអាប់
សម្លេងឆ្កែព្រូស​កណ្ដាលរាត្រី វាយោបោកបក់ខ្លាំងនាំឱ្យបាក់មែករុក្ខជាតិ  ថ្ងៃអស្តង្គត​ឯស្បៃរាត្រីក៏បានគ្របដណ្ដប់លោកសន្និវាស…។
សភាពទាំងនេះ ត្រូវ បានអ្នកនិពន្ធយកមកប្រើប្រាស់ ឱ្យស្របទៅនឹងកាលៈទេសៈនៃដំណើរ​តួអង្គដែលទុក្ខព្រួយ
គឺយកធម្មជាតិទាំងនេះ មកជាគ្រឿងលំអរ​ កំដរ​លួងលោមតួអង្គ ដែលរឹតតែជួយបង្កើតសម្ផស្សរឿង
ឱ្យល្អទ្វេ​ឡើងថែម​ទៀត។ ឧទាហរណ៍ ៖ ព្រះអរុណោទ័យបានរះបាចពន្លឺក្រហមព្រឿងៗ​នៅឯជើងមេឃនៃបូព៌ាទិស។ ស្បៃរាត្រីដែលធ្លាប់តែងងឹតដាស់
ឥឡូវ​នេះ​បានរលាយបន្ដិចម្ដងៗ ហើយអាចឱ្យមើលឃើញនូវស្រមោលស្ទុងៗ​នៃរុក្ខជាតិទាំងឡាយពីចម្ងាយបានខ្លះ។ វាលវែងដ៏ធំល្វឹងល្វើយ វាយោ​បោកបក់ទង្គិចនឹងព្រឹក្សា ចោលសម្លេងបីដូចជាសន្ធឹកទ័ពមកច្បាំង​សញ្ជ័យ​​យកដាវីចេញពីដើមទ្រូងមាណពអភ័ព្វ។ ឱ ! វាលស្រែពាន់ ទីនេះ​ហើយ ដែលបានកប់នូវអនុស្សាវរីយ៍ដ៌ខ្លោចផ្សា
របស់លលកឈ្មោលមួយនេះ។

… គេរោយផ្កាអំពិលទាល់តែលឿងក្រហមពាស
មើលដីផ្នូរ​មិន​ឃើញ ហើយឈរស្មឹងស្មាធមួយសន្ទុះ ហើយគេសម្លឹងមើលផ្នូរស្រីជា​លើកចុងក្រោយ ហើយក៏ដើរចេញទៅ [12]…។

… ដួងច័ន្ទកំពុងរះត្រចង់នៅលើមេឃា ហើយស្រាប់តែមាន​ខ្យល់​បក់បោក​​​ព​ពកមករារាំងកាំរស្មី។ ច័ន្ទខំគេច ខំត្រេចចរទៅមុខទៀត ក្រែង​បានជួប​វាល​ល្វឹងល្វើយ
តែឥតអំពើសោះ ព្រោះដុំពពកខ្មៅនោះ​តាម​មកទាន់ដដែល​ ហើយក៏​គ្រប​ដួងច័ន្ទទាំងមូលលែងឱ្យមានរស្មី​ដូចគ្រា​ដើម។ ឱ !
ចន្ទ្រា សំនៀងអើយ ចិត្ដ​នាងអ្វីក៏ទន់ម្លេះ? ឆាប់ប្រគល់​រូបកាយ​ឱ្យកម្លោះញាំញីដោយ​គ្មានការ​ពិចារណាឱ្យបានវែឆ្ងាយសោះ …។

ឃ-ការបង្ហាញធម្មជាតិជាបក្ខដិបក្ខភាពទៅនឹងសភាព​របស់តួអង្គ

ប៉ុន្ដែពេលខ្លះ
អ្នកនិពន្ធក៏បានយកសភាពធម្មជាតិទាំងនេះជា​បដិ​បក្ខភាពទៅនឹងសភាពរបស់តួអង្គដែរ។ ដូចជា ធម្មជាតិស្រស់បំព្រង តែសភាពតួអង្គពេលនោះបែរជាកើតទុក្ខ ធម្មជាតិហាក់ដូចជាបញ្ចើច​បញ្ចើឱ្យអារម្មណ៍មនុស្សទៅវិញ។ ឧទាហរណ៍ ៖  ទូកដររសាត់​មកស្មើ​ទន្ទឹមនឹងកោះសំរ៉ោងហើយ។ ទិដ្ឋភាពដ៏ស្រស់ត្រកាល វាលដែលបាន​ជំរេចុះមកមាត់កំពុង
ហើយដែលមានកំរាលស្មៅចិញ្ចៀនពណ៌បៃតង​ខ្ចី។ ព្រឹក្សាគ្រប់មុខដែលដុះរហង់ប្របៗគ្នានោះ
មានគ ឫស្សីស្វាយ ត្របែក​ក្រូច ធ្វើឱ្យយើងត្រេកត្រអាលជាខ្លាំងក្នុងការទស្សនា លើកលែង​តែ​រតនាប៉ុណ្ណោះ។ ចំពោះនាងកញ្ញា ទិដ្ឋភាពដ៏ពិសេសទាំងនេះ គឺជា​ទិដ្ឋភាព​ស្លាប់ ពិភពលោកទាំងមូលខ្វះតែរូបសារ៉ាក់នឹងក្លាយទៅជា​ភព​ខ្មោច
ទៅជាវត្ថុអរូបីយ៍ [13]

…ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ
ការធ្វើដំណើរតែពីរនាក់កាត់​ទេសភាពដ៏ល្អពីធម្មជាតិយ៉ាងនេះ មើលទៅក៏ហាក់ដូចជាមានអ្វី​មក​ជំរុញចិត្ដយើងឱ្យធ្ងន់ក្នុងផ្លូវស្នេហាខ្លាំងឡើងៗ។ យើងឃើញបក្សីហើ​ឆ្វៀតឆ្វាចកាត់រកអាហារ ហើយប្រុងប្រៀបខ្លួនប្រាណហើរទៅរក​សម្បុក​វិញ
ចំណែកខាងយើងទាំងពីរនាក់ឯណេះ យើងពុំទាន់ដឹងថាសម្បុក​យើងនៅឯណានោះឡើយ [14]

… ឱ រាត្រីងងឹតដ៏សែនកំណាច ! ឱ តំណក់ទឹកភ្លៀងដ៏ឃោរឃៅ ! ឱ សម្លេងផ្គររន្ទះដ៏សែនឫស្សា ! អ្នកទាំងអស់ហាក់ដូចជាមិនអាណិត​អាសូរដល់រូបខ្ញុំបន្ដិចសោះ
អ្នកបានឱ្យសត្វរាត្រីចរទាំងឡាយបាន​ត្រេក​ត្រអាល
សើចសប្បាយ ក្អាកក្អាយ ច្រៀងរាំឥតឈប់ឈរមកបញ្ឈីដល់​រូបខ្ញុំដែលកំពុងមានទុក្ខ។ អ្នកអបអរនៅពេលដែលអ្នកបានឃើញ​ទឹក​ភ្នែករបស់ខ្ញុំហូរលើធីតាកំពូលដួងចិត្ដ
ដែលបានចាកឆ្ងាយគ្មានពេល​នឹងត្រឡប់ …។

៥.៩-ឧបាកថាវិធី ឬ ដំណរភ្ជាប់វិធី

ឧបាកថាវីធី
គឺជាវិធីតភ្ជាប់រឿងពីដំណាក់មួយទៅដំណាក់មួយទៀត ក្នុងវគ្គណាមួយ។ ការសរសេររឿងប្រលោមលោក
មិនមែនងាយស្រួលដូច​ទស្សនៈ​មួយចំនួនដែលលើកឡើងថា ឱ្យតែមាននឹកឃើញដំណើររឿងហើយ ចាប់ផ្ដើមសរសេរដោយស្រួលនោះទេ។ ការសរសេររបៀបនេះ គឺពិតជាគ្មាន​មូលដ្ឋាន ហើយស្នាដៃក៏ស្ថិតក្នុងកម្រិតមួយ
ដែលស្ទើរតែទទួលយក​មិនបាន​ដែរ។ ពិតមែនតែយើងនឹកឃើញពីដំណើរសេចក្ដី
ថាយើងចង់សរសេរ​ពីអ្វី​ក៏ដោយ ក៏យើងត្រូវគិតដល់ថា តើពីមួយទំព័រទៅមួយទំព័រយើងរៀប​គំនិត​សរសេរពីអ្វី?
ឈុតនីមួយៗនិយាយពីអ្វី? វគ្គនីមួយៗបង្ហាញពីអ្វី? ការវិវត្ដ​ដំណើរ​រឿង​បែបណាខ្លះ? គឺអ្នកនិពន្ធត្រូវរៀបប្លង់គំនិតនេះឱ្យហើយ
ដើម្បី​ងាយ​ភ្ជាប់សេចក្ដី ហើយនៅពេលសរសេរ គាត់មិនប្រាស់ចាកពីគំនិតដើម ឬ ប្រធានរឿងដែលគាត់កំពុងសរសេរ។ មិនមែនមានន័យថា
ចង់សរសេរពី​កសិករ​ច្រូតស្រូវ ស្រាប់តែកំពុងសរសេររៀបរាប់ថាឃើញវាលស្រែដ៏ធំធេង មានទេស​ភាពស្រស់ត្រកាល
លាតសន្ធឹងវែងអន្លាយបីដូចកំរាលព្រំពណ៌មាស… ស្រាប់​តែ​ភ្លេចបាត់អស់ពីគំនិតដែលរៀបរាប់ពីកសិករច្រូតស្រូវ
បែរជានឹកឃើញថា បើវាលស្រែដែលមានទេសភាពល្អបែបនេះ ចុះបើមានគូស្នេហ៍មកសាងសង​គ្នា… ឯណាឯណោះទៅវិញ។ នោះហើយដែលហៅថាការក្ដាប់អារម្មណ៍របស់​ខ្លួនមិនបាន
ការមិនទាន់យល់ច្បាស់ពីឧបាកថាវិធី ឬ ដំណរភ្ជាប់វិធីនេះឯង។

[1] suT§ b:UlIn {  erOgCIvit\tn½y  } TMB½1 e)HBum<qñaM1973 .

[2] nUhac
{ erOgmaladYgcitþ } TMB½r4 e)HBum<qñaM1972
.

[3] suT§
b:UlIn { erOgCIvit\tn½y  } TMB½r 193 e)HBum<qñaM1973 .

[4]    nUhac
{ erOgmaladYgcitþ  }  TMB½r
91  e)HBum<qñaM1972 .

[5]  ent
cMerIn {  erOgekaHsubin  }  TMB½r
6 e)HBum<qñaM 2007 edaybNÑaKarGgÁrFM .

[6]  ent
cMerIn { erOg CnBencr  } TMB½rTI6 e)HBum<qñaM2004  edaybNÑaKarGgÁrFM .

[7]  nUhac {  erOgmaladYgcitþ  } TMB½r TI2 e)HBum<qñaM1972 .

[8] suT§ b:UlIn {  erOgCIvit\tn½y  } TMB½r 192 e)HBum<qñaM1973 edaysarB½t’mannKrFM
.

[9] nUhac
{ erOgmaladYgcitþ } TMB½r 3  e)HBum<qñaM 1972 .

[10]  j:úk
Efm {  erOgkUlabéb:lin  } TMB½r  42 e)HBum<qñaM 1973 .

[11] ent cMerIn { erOgRsemalyuvv½y  } TMB½r 120
BanrgVan;elx1TUTaMgRbeTs e)HBum<elIkTI2 2004 edaybNÑaKar​GgÁrFM

[12] ent cMerIn { erOgRsemalyuvv½y  } TMB½r 134-135
BanrgVan;elx1TUTaMgRbeTs e)HBum<elIkTI2 2004               eday​bNÑaKarGgÁrF
M

[13]
suT§ b:UlIn  {  CIvit\tn½y
} TMB½r 16 e)HBum<qñaM 1965 edaysarB½t’manGgÁrFM .

[14] RTij v:aj  {  etI´maneTaseRBaHGVI ?  } TMB½r 87 e)HBum<qñaM1975 .