ដោយឯកឧត្តម កង ឱម  (បណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ) សាស្រ្តាចារ្យវិទ្យាសាស្រ្តអប់រំ និងជា ជំនួយការនៃរាជបណ្ឌិត្យសភាកម្ពុជា

 

ការអភិវឌ្ឍកម្មវិធីសិក្សា

CRRICULUM DEVELOPME

 

 ដោយឯកឧត្តម កង ឱម  (បណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ) សាស្រ្តាចារ្យវិទ្យាសាស្រ្តអប់រំ និងជា ជំនួយការនៃរាជបណ្ឌិត្យសភាកម្ពុជា

កម្មវិធីសិក្សាជាអ្វី?

កម្មវិធីសិក្សា ជាមុខវិជ្ជាសិក្សាទាំងឡាយដែលបានផ្តល់ឲ្យដោយស្ថាប័ន​អប់រំណាមួយ។

កម្មវិធីសិក្សា ជាមុខវិជ្ជាសិក្សាពេញលេញមួយ ដែលបានផ្តល់ឲ្យ​​ដោយ​សាលា ចំណែកឯ​ មុខវិជ្ជា​សិក្សា​ វិញ ជាកម្មវិធីពេញលេញតាមមុខវិជ្ជាមួយ។

កម្មវិធីសិក្សាមកពីពាក្យឡាតាំង «Currere» ដែលមានន័យថា «រថ»។ ដូច្នេះហើយ បានជាពាក្យសព្វ​ថ្ងៃ​គេ​​ហៅថាភាសាអង់គ្លេស «Course of study» ដែលភាសាខ្មែរ យើងហៅថាមុខវិជ្ជាសម្រាប់សិក្សា។ សព្វថ្ងៃនេះ​ពា​ក្យ «Course of study» ឬ «Curriculum» នេះ មានន័យប្រែប្រួលមិនដូចពីមុនទៀតទេ។

លោកជេស៊ុស ស៊ី. ប៉ាលម៉ា (JESUS C.PALMA) បានបំភ្លឺឲ្យយើង​យល់​ច្បាស់ថា «Curriculum» មិនមែនមានន័យ​ត្រឹមតែ​បញ្ជី​មុ​ខវិជ្ជា ឬ ខ្លឹមសារមេរៀន ឬ សេចក្តីណែនាំសង្ខេបអំពីមេរៀនដែលត្រូវបង្រៀន ឬ ខ្លឹមសារដែលមាននៅ​ក្នុងសៀវភៅនោះទេ។

កម្មវិធីសិក្សា ជាការរួមបញ្ចូលគ្នារវាងខ្លឹមសារដែលត្រូវរៀន បទពិសោធន៍ និង ធនធានដែលជ្រើសរើស រៀបចំ និង អនុវត្តយ៉ាងហ្មត់ចត់ ដើម្បីនាំនិស្សិត​ទៅដល់ផលសម្រេច ក្លាយជាអ្វីមួយក្នុងរយៈកាលកំណត់ តាមរយៈសកម្មភាព បង្រៀន រៀន ស្រាវជ្រាវ និង ការអភិវឌ្ឍធនធានមនុស្ស[1]។ ដូច្នេះ តាមមតិ​របស់​លោក ស៊ី.ប៉ាលម៉ា «Curriculum» ត្រូវរាប់បញ្ចូលទាំង «ខ្លឹមសារអ្វីខ្លះ?» ព្រម​ទាំង «ការអប់រំមនុស្សដោយរបៀបណា?» ពោលគឺ ទាំងពីរនេះបញ្ចូលគ្នា​តែម្តង។

ការអភិវឌ្ឍកម្មវិធីសិក្សាមានន័យដូចម្តេច?

តាមលោក ស៊ី.ប៉ាលម៉ា ការអភិវឌ្ឍមិនមែនមានន័យថាការប្រែប្រួលទេ ព្រោះថា មានតែការប្រែប្រួលវិជ្ជមានទេ ទើបមានន័យថាការអភិវឌ្ឍ។ ហើយ​ដើម្បីចាត់ទុកថាមានការប្រែប្រួលវិជ្ជមានបាន លុះត្រាតែការប្រែប្រួលនោះ​មាន​លក្ខណៈបីយ៉ាង គឺ ៖

-ការប្រែប្រួលទៅរកអ្វីដែលយើងចង់បាន (purposeful)

-ការប្រែប្រួលទៅតាមផែនការដែលបានគ្រោងទុក (planned) និង

-ការប្រែប្រួលទៅរកវឌ្ឍភាព (progressive)

តាមលោក ផាឃី (parkey) កម្មវិធីសិក្សា ជាមុខវិជ្ជានានា​ដែលបានគ្រោង​ឡើងដោយគ្រឹះស្ថានសិក្សាណាមួយ ដើម្បីអនុវត្ត សកម្ម ភាព បង្រៀននិងរៀន។ សៀវភៅណែនាំ បង្ហាញអំពីមុខវិជ្ជានៃការសិក្សាដែលមានលក្ខណៈពេញលេញ​បំពេញឲ្យដំណើរការ ការ សិក្សាប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីឆ្ពោះ​ទៅ​​ទទួលសញ្ញាបត្រជំនាញណាមួយ។ មុខវិជ្ជាសិក្សានីមួយៗត្រូវមានការ​បញ្ជាក់​ទៅ​តាមចំនួនក្រេឌីត ដែលគិតទៅតាមម៉ោងនៃការសិក្សាតាមមុខវិជ្ជាក្នុង​សប្តាហ៍។

លោក ផេ (Pay) បានសរសេរថា ៖ «កម្មវិធីសិក្សាជាបទពិសោធន៍​ទាំង​អស់ ដែលនិស្សិតម្នាក់ៗទទួលបានពីកម្មវិធីអប់រំ» ក្នុងនោះ មានគោលបំណង​ត្រឹមត្រូវចំគោលដៅ ដើម្បីសម្រេចគោលបំណចង់បាន និង វត្ថុបំណងជាក់​លាក់​មួយចំនួនដែលពាក់ព័ន្ធ ព្រម ទាំងត្រូវបានរៀបចំផែនការមួយ តាមរយៈបណ្តាញ ទ្រឹស្តីនៃការស្រាវជ្រាវ និង ការប្រតិបត្តិវិជ្ជាជីវៈកន្លងមក និង បច្ចុប្បន្ន2។ នៅក្នុង​និយមន័យនេះ ពាក្យកម្មវិធីអប់រំមានអត្ថន័យជាចម្បង «ជាបណ្តុំចំណេះដឹង បំណិន ឥរិយាបថ ដែលគ្រោងឡើងដោយគ្រូ និង អ្នកជំនាញវិជ្ជាជីវៈដទៃ​ទៀត 3 »។ ដូច្នេះហើយ បានជាគេតម្រូវឲ្យអ្នកធ្វើការអភិវឌ្ឍកម្មវិធីសិក្សា ត្រូវគិត​ទៅ​ដល់មូល ដ្ឋានសំខាន់ៗ គឺ ៖

              -គោលបំណង ៖ ដែលមានរាប់បញ្ចូលទាំងគោលដៅទីបញ្ចប់ និង ទិស​ដៅ​ដែលស្ថាប័នចង់បាន។

-មធ្យោបាយ ៖ ធនធានបទពិសោធន៍ជ្រើសរើសសម្រាំង រៀបចំហ្មត់ចត់ និង អនុវត្ត ដើម្បីធ្វើដំណើរការរត់ទៅរកចាប់គោលបំណង។

-ការវាយតម្លៃសមិទ្ធផល ៖ តាមរយៈមធ្យោបាយប្រកបទៅដោយ​ប្រសិទ្ធិ​ភាពគួរឲ្យជឿបាន តើអង្គភាពបានសម្រេចគោលដៅ ឬ មិនបានសម្រេច​គោល​ដៅ ហើយ តើអង្គភាពបានសម្រេចគោលដៅ ឬ មិនបានសម្រេចគោលដៅ​ដល់​កម្រិតណា?

កម្មវិធីសិក្សា មិនមែនជាអ្វីដែលនឹងថ្កល់ទេ ពោលឲ្យងាយស្តាប់ ជាអ្វី​មួយដែលដកស្រង់បទពិសោធន៍ និង កែលម្អ ដើម្បីនាំទៅរក ប្រសិទ្ធភាពខ្ពស់ នៃការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់តម្រូវការនៃការអភិវឌ្ឍ សង្គម​ជាតិ។ ដូច្នេះ យើងមិនអាចនិយាយ បានថា យើងបានកម្មវិធីសិក្សាមួយដ៏ល្អ ហើយនោះទេ ព្រោះសង្គមក៏រមែងតែងមានការប្រែប្រួលឥតឈប់ឈរដែរ។ គេ​តែងតែ ពោលថា «Curriculum is always tentative» បានន័យថា កម្មវិធីសិក្សាគឺ​បណ្តោះអាសន្នជានិច្ច តាមលំនាំមួយដែលនាំមក នូវ កម្រិតខ្ពស់នៃប្រសិទ្ធភាព​ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ នៅក្នុងដំណើរការអភិវឌ្ឍកម្មវិធីសិក្សា​នេះ យើងត្រូវធ្វើជា បន្ត នូវផែនការកម្ម ការអនុវត្តផែនការឲ្យបានហ្មត់ចត់ ការ​វាយតម្លៃ និង ការពិនិត្យឡើងវិញដើម្បីកែលម្អ។ នេះជាសកម្មភាព ប្រព្រឹត្ត ទៅ​ជានិច្ចគ្មានទីបញ្ចប់ ដោយផ្អែកទៅលើលទ្ធផលស្រាវជ្រាវអំពីតម្រូវការ​របស់​អ្នកសិក្សា តម្រូវការរបស់អ្នកឧបត្ថម្ភជំនួយ បំណង ប្រាថ្នារបស់សង្គម បំណង​ប្រាថ្នារបស់អ្នកប្រើប្រាស់ និង តម្រូវការសម្របសម្រួល​ទៅនឹងសាកលភាវូប​នីយ​កម្ម។ នៅក្នុង ដ្យាក្រាម ខាងលើនេះ សញ្ញាព្រួញទាំងពីរនេះ បញ្ជាក់​នូវ​ឥទ្ធិពលទៅវិញទៅមក និង ទំនាក់ទំនងចាំបាច់បំផុតត្រូវតែមាន​ ដើម្បី បង្កើត​បាន ជាប្រព័ន្ធមួយ មានដំណើរការប្រព្រឹត្តទៅបានល្អ។

យុទ្ធសាស្រ្តនៃការរៀបចំកម្មវិធីសិក្សាការតាក់តែងកម្មវិធីសិក្សា ជាជំហានមួយសំខាន់បំផុត ដែលអង្គភាព​បណ្តុះ​​បណ្តាលនីមួយៗ ក៏ដូចជា សាក​លវិទ្យាល័យ វិទ្យាស្ថាន ត្រូវយកចិត្ត​ទុក​ដាក់​រៀបចំឲ្យបានល្អជាទីបំផុត ស្របទៅនឹងការប្រមើមើល នៃតម្រូវការ របស់​ប្រទេសជាតិ របស់សង្គមជាតិ និង របស់ពលរដ្ឋសម្រាប់អនាគត។ កម្មវិធីសិក្សា​នេះ ត្រូវតែឆ្លើយតបទៅនឹង​សំ​ណួរថា តើគ្រូបង្រៀនអ្វីខ្លះដល់​និស្សិត? បំណិន​ប្រសប់​អ្វីខ្លះដែលនិស្សិតត្រូវចេះ? សមត្ថភាពប្រតិបត្តិអ្វីខ្លះ (Skill Perfor​m​​ance) ដែល​ត្រូវយកចិត្តទុកដាក់អភិវឌ្ឍដល់និស្សិត[4] អ្នកជំនាញខាងកម្មវិធី​សិក្សា បានបញ្ចេញនូវមតិជាច្រើនលើបញ្ហានេះ លោក ជីនេតេ ខូលប៊ី (Jeanette Colby), មីសខ៍ វិត (Miske Witt) បាននិយាយថា កម្មវិធីសិក្សាគឺអ្វី ដែលសាលារៀនមានចិត្តចង់បង្រៀ​ន​ដល់ និស្សិត ហើយកម្មវិធីសិក្សានោះ​ ត្រូវ​តែបញ្ជាក់យ៉ាងច្បាស់ នូវគោលដៅជាក់លាក់ អាចវាស់បាន ដែលកំណត់​ដោយ​​វត្ថុបំណង ចំណុចចាប់ផ្តើមនៃការអភិវឌ្ឍ និង សកម្មភាពប្រតិបត្តិកម្ម​វិធី​សិក្សានោះ[5]។ លោកបណ្ឌិត ឃីង ជរដាន (King Jordan) ប្រធាន សាកល​វិទ្យាល័យហ្គាលលេឌ័រ (Gallader) បានសរសេរថា «ខ្លឹមសារមេរៀនដែល​បង្រៀន​ទៅដល់សិស្ស ឬ ​តម្រូវឲ្យនិស្សិតរៀន គេហៅថា កម្មវិធីសិក្សា[6]»។

+លក្ខណៈឯកភាពគ្នា

លក្ខណៈស្រុះគ្នានេះ មានឥទ្ធិពលធំធេងណាស់។ ស្ថាប័នឧត្តមសិក្សា​មួយ​ ប្រៀបបាននឹងវង់តន្ត្រីមួយ មានមនុស្សច្រើននាក់ កាន់ ឧបករណ៍ផ្សេងៗគ្នា ហើយអ្នកទាំងនោះ ត្រូវតែបំពេញភារកិច្ចរៀងៗខ្លួន ប៉ុន្តែ ត្រូវតែស៊ីសង្វាក់​គ្នា​ព្រមៗ​គ្នា ទៅតាមបញ្ជារបស់អ្នក ឲ្យសញ្ញាដែលជាប្រធានកំណត់ទិសដៅនោះ​ទើបវង់ភ្លេងនោះ បង្កើតបាននូវសមិទ្ធផលមួយ ដែលជាសូរសៀងដ៏ពិរោះ​រណ្តំ​ ជាទី​ចូលចិត្តរបស់អ្នកស្តាប់។ យ៉ាងណាម៉ិញ ស្ថាប័នមួយត្រូវតែមានបុគ្គលិក​មន្ត្រី​គ្រប់គ្រង គណៈគ្រប់គ្រង ហើយត្រូវតែខិតខំ បំពេញ ភារកិច្ច របស់ខ្លួនឲ្យ​បាន​ស្រុះគ្នាទៅតាមបេសកម្ម ចក្ខុវិស័យ គោលដៅរបស់អង្គភាព ក្រោមការដឹកនាំ​របស់ប្រធានអង្គភាព។

+លក្ខណៈនិរន្តរភាព

ត្រូវតែបង្កើតក្រុមការងារមួយ ដែលមានសមាសភាពការងារនេះ​ត្រូវតែ​ធ្វើជាបន្ត កែលម្អបន្ត ផ្អែកទៅលើលទ្ធផលស្រាវជ្រាវអំពីការ តាមដាន​ភាពពេញ​ចិត្តរបស់អតិថិជន និង ការវាយតម្លៃលទ្ធផលសិក្សារបស់និស្សិត។ ត្រូវបង្កើត​កម្មវិធីសិក្សាថ្មី ផ្អែកលើមូលដ្ឋាន នៃកម្មវិធីសិក្សាចាស់ដែលមាន។

+ លក្ខណៈប្រកបដោគុណភាព

សព្វថ្ងៃនេះ គេតែងនិយាយអំពីគុណភាពអប់រំ និង ការប្រឡងប្រណាំង​រវាងអង្គភាព។ យើងមិនអាចរកបានទេ ប្រសិនបើយើង​ខ្វះក្រុមការងារ​ដែល​ចាត់​តាំងត្រឹមត្រូវទៅនឹងការត្រួតពិនិត្យ។ ដូច្នេះយើងត្រូវធ្វើផែនការអភិវឌ្ឍន៍ និង​ត្រួតពិនិត្យ ទើបយើង ទទួលបានគុណភាព ពោល គឺធនធាន​មនុស្ស​ដែល​យើង​ផលិត (Human Product) ស្ថិតនៅក្នុងកម្រិតណាបើប្រៀបធៀប​ជាមួយ​គេ។

យុទ្ធសាស្រ្តកម្មវិធីសិក្សាតាមប្រព័ន្ធម៉ោងប្រព័ន្ធម៉ោងជាប្រភេទនៃកម្មវិធីសិក្សា ដែលប្រទេសមួយចំនួន​នៅមាន​ប្រើ ដោយសារតែ ប្រព័ន្ធម៉ោង រៀបចំតាមមុខវិជ្ជានីមួយៗនោះ មានកំណត់​ចំនួនម៉ោងសរុបរបស់មុខវិជ្ជានោះ ដោយបែងចែកទៅតាម ឆមាសនៃ ឆ្នាំសិក្សា។

គុណសម្បត្តិនៃប្រព័ន្ធម៉ោង ៖ គ្រូ និង និស្សិត បង្រៀន និង រៀនទៅតាម​ចំនួន​ម៉ោងកំណត់របស់កម្មវិធីដើម្បី ទៅដល់ស្តង់ដារមួយ ដែលបានកំណត់​ទុក​ដោយក្រសួងអប់រំ ឬ សាកលវិទ្យាល័យ។

គុណវិបត្តិ ៖ ក្នុងករណីដែលនិស្សិតប្រឡងមិនជាប់មធ្យមភាគ​ប្រចាំឆ្នាំនិស្សិតត្រូវតែរៀនសាឡើងវិញជាថ្មីទាំងអស់ ដោយត្រួត ថ្នាក់។ កម្មវិធីបែបនេះ​មិនបានលើកទឹកចិត្តចំពោះនិស្សិតពូកែ ឬ សម្របទៅតាមចំណង់ចំណូលចិត្ត​សម្រាប់និស្សិត ជ្រើសរើស មេរៀនជំនាញ ដែលសមស្របទៅនឹងសមត្ថភាព​ខ្លួន​ឡើយ។

 ការអភិវឌ្ឍកម្មវិធីសិក្សាផ្សារភ្ជាប់នឹងផលប្រយោជន៌សង្គមការអភិវឌ្ឍកម្មវិធីសិក្សា មានគោលបំណងមួយ គឺដើម្បីរៀបចំនិស្សិត​សម្រាប់ពេលអនាគត ហើយប្រការនេះពិបាកនឹងរកការឯកភាពគ្នាបំផុតអំពីថា តើចំណេះដឹង និង បំណិនបែប ណានឹង ត្រូវការ នាពេលអនាគត។ គ្មានអ្នកណា​ម្នាក់អាចដឹងច្បាស់ថាគោលការណ៍អ្វីដែលត្រូវប្រើ អ្វីដែលមានអត្ថប្រយោជន៍​ពិតប្រាកដ នៅក្នុង ជីវិត អនាគត បទពិសោធន៍បែបណា ឬ ចំណេះដឹងខ្ពស់​បែប​ណាដើម្បីជាគោលបំណងនៃ ការបណ្តុះបណ្តាលរបស់ យើងនោះ ទេ។ បញ្ហាទាំង​អស់នេះ គួរតែលើកយកមកពិនិត្យ និង ពិភាក្សាគ្នា ហើយក្រុមស្រាវជ្រាវ​មាន​តួនាទីធំធេង ណាស់ក្នុង វិស័យនេះ។

មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស

ការអភិវឌ្ឍកម្មវិធីសិក្សាបច្ចុប្បន្ន

ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលនៅឧត្តមសិក្សា ឲ្យឆ្លើយតបតាម​តម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ការពិនិត្យកែសម្រួល និង អភិវឌ្ឍន៍​កម្មវិធី​សិក្សាគឺជាបញ្ហាមួយចាំបាច់។ ដោយឡែក ប្រព័ន្ធកម្មវិធីសិក្សាតាមរបៀបគិត​ចំនួន​ម៉ោងក្នុងឆមាស និង ឆ្នាំដែលគ្រឹះស្ថានឧត្តមសិក្សា និង គ្រឹះស្ថានសិក្សា​ឯកទេសនៅកម្ពុជាបានអនុវត្តដ៏យូរលង់មកនោះ​ គួរតែត្រូវសើរើពិនិត្យ​ឡើងវិញ​ដោយយកប្រព័ន្ធកម្មវិធីសិក្សាតាមរបៀបក្រេឌីតមកធ្វើការប្រៀបធៀប ដើម្បី​ស្រង់​យកចំណុចល្អ និង ចំណុចដែលមិនជឿនលឿន​មកពិនិត្យ​ ធ្វើការសម្រេច​ចិត្ត ដើម្បីកែលម្អ និង ផ្លាស់ប្តូរ។ ដើម្បីសម្រេចបាននូវទិសដៅនេះ​ចំណុចមួយ​ចំនួន នៃដំណើរការ បណ្តុះ បណ្តាលតាមប្រព័ន្ធទាំងពីរ ដូចជា ការរៀបចំ​កម្មវិធី​សិក្សាការប្រឡងឆមាស និង ការប្រឡងបញ្ចប់ការសិក្សា និង ភាពអាច ផ្ទេរការ សិក្សា បានត្រូវលើកយកមកពិនិត្យ ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សា[7]

កម្មវិធីសិក្សាសម័យទំនើប 

កម្មវិធីសិក្សាតាមប្រព័ន្ធក្រេឌីត មានខ្លឹមសារប្រហាក់ប្រហែលគ្នានឹង​ប្រព័ន្ធ​ម៉ោងដែរ។ មុខវិជ្ជានីមួយៗក្នុងប្រព័ន្ធក្រេឌីត ត្រូវសិក្សា រយៈពេល​មួយ​ឆមាសពី ១៤ ទៅ ១៦ សប្តាហ៍ដូចគ្នា។ មុខវិជ្ជាណាដែលសិក្សាក្នុងថ្នាក់មួយ​ម៉ោង​ក្នុងមួយសប្តាហ៍រយៈពេល១៤ ទៅ ១៦ សប្តាហ៍ពេលប្រឡងជាប់​ គេ​និយាយថា និស្សិតទទួលបានមួយក្រេឌីត។ មុខវិជ្ជាណា​ដែលសិក្សាទ្រឹស្តី ២ ម៉ោងក្នុងមួយ សប្តាហ៍ រយៈពេលពី ១៤ ទៅ ១៦សប្តាហ៍ ហៅថា២ក្រេឌីត។ ៣ ម៉ោងក្នុងសប្តាហ៍ហៅថា ៣ ក្រេឌីត ៤ម៉ោងក្នុងមួយ សប្តាហ៍ ហៅថា៤ក្រេឌីត។ មុខវិជ្ជា ណា ដែលសិក្សាបីម៉ោងក្នុងមួយសប្តាហ៍ពេញមួយឆមាសទី ១ និងបន្ត ៣ ម៉ោង ក្នុងមួយសប្តាហ៍ ពេញមួយ ឆមាសទី ២ ទៀតហៅថា ៦ ក្រេឌីត។ ប្រព័ន្ធក្រេឌីតបានចែកមុខវិជ្ជានៅក្នុងកម្មវិធីសិក្សាជាបីផ្នែកគឺ ៖

          ១-មុខវិជ្ជាសិក្សាមូលដ្ឋាន (Foundation course)

២-មុខវិជ្ជាដែលតម្រូវឲ្យនិស្សិតត្រូវតែសិក្សា (Major course)

៣-មុខវិជ្ជាដែលអនុញ្ញាត្តិឲ្យនិស្សិតធ្វើការជ្រើសរើស (Elective course)

កម្មវិធីសិក្សា និង ការអនុវត្ត

មនុស្សយើងភាគច្រើនតែងតែមានគំនិតមិនចង់ធ្វើការផ្លាស់ប្តូរ។ ដូច្នេះ ដើម្បីទប់ទល់នឹងគំនិតប្រឆាំង មិនព្រមប្រែប្រួល អ្នក អភិវឌ្ឍកម្មវិធី​ត្រូវតែ​ប្រើ​ប្រាស់យុទ្ធវិធីមួយ ដែលហៅថាលំនាំចូលរួមទាំងអស់គ្នា (a participatory process) តាមលោក អូស្ទីន (Omstein) និង ហាន់ឃីន (Hunkin) ព្រោះថា តាមរយៈការចូលរួមពិភាក្សាស្វែងយល់ និង សរសេរ ធ្វើឲ្យយើងកាត់​បន្ថយបាន​មួយចំនួន នូវគំនិតដែលប្រឆាំងនឹងការផ្លាស់ប្តូរខ្លឹមសារ ឬ វិធីសាស្ត្របង្រៀន[8]

នៅក្នុងលំនាំអភិវឌ្ឍន៌កម្មវិធីសិក្សា ស្ថាប័នឧត្តមសិក្សានីមួយៗត្រូវតែ​រៀបចំឲ្យមានសិក្ខាសាលា ដើម្បីប្រមូលផ្តុំគំនិតសាស្ត្រ ក្នុងការតាក់តែង​ខ្លឹមសារ​តាក់តែងកិច្ចតែងការ និង ការបង្រៀនសាកល្បងក្នុងក្រុងជាការចាំបាច់ ដើម្បី​រួមចំណែកកែលម្អគ្នា ទៅវិញទៅមក ក៏ដូចជា ផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញ​ទៅមកដែរ។ ដូច្នេះ ការអភិវឌ្ឍ កម្មវិធីសិក្សាវាទាមទារនូវ ថវិកាដើម្បី គាំទ្រដល់​ការ​រៀបចំសិក្ខាសាលា ក៏ដូចជា ទាក់ទាញឲ្យគ្រូមកចូលរួមសិក្ខាសាលាផងដែរ ហើយតាមរយៈការចូលរួមនេះ គំនិតប្រឆាំង និង ការប្រែប្រួលកម្មវិធីសិក្សាថ្មី​ក៏ត្រូវបានកាត់បន្ថយផងដែរ។

កម្មវិធីសិក្សាថ្មី តែងតែបញ្ចូលមេរៀនជំនាញថ្មីដើម្បីតម្រូវទៅតាមការ​អភិវឌ្ឍរបស់សង្គម។ ដូច្នេះ ការរិះរកថវិកាដើម្បីបញ្ជូនសាស្ត្រាចារ្យទៅរៀន​នៅ​បរទេស ជាការចាំបាច់ដើម្បីបង្កើតសមត្ថភាពបង្រៀនជំនាញថ្មី។

ការវាយតម្លៃកម្មវិធីសិក្សា

អ្នកគ្រប់គ្រងសាកលវិទ្យាល័យ មហាវិទ្យាល័យ ត្រូវស្វែងយល់ឲ្យបាន​ច្បាស់​ថា ការបណ្តុះបណ្តាលរបស់ខ្លួន មានប្រសិទ្ធភាព កម្រិត ណា។ ដូច្នេះ​ការវាយតម្លៃកម្មវិធីសិក្សាជាចាំបាច់ត្រូវតែធ្វើ។ ដើម្បីវាយតម្លៃកម្មវិធី យើងត្រូវ​ផ្អែកលើលក្ខណៈ វិនិច្ឆ័យ ដូច ខាងក្រោម ៖

១-ការសម្រេចគោលដៅ ៖ តើនិស្សិតមានបំណិនជំនាញពិត​ប្រាកដឬ​ទេ? តើនិស្សិតមានមូលដ្ឋានជំនាញ អាចបន្តសិក្សាក្នុងជីវិតរបស់គេឬទេ? តើ​និស្សិតយកចំណេះដឹង និង បំណិនដែលរៀន ទៅប្រើប្រាស់ក្នុង វិជ្ជាជីវៈរបស់​គេ​ឬទេ?

២-ភាពទន់ភ្លន់នៃកម្មវិធី ៖ តើខ្លឹមសារកម្មវិធីឆ្លើយតបទៅនឹងតម្រូវការ​របស់​សង្គមរបស់អ្នករៀនដែរឬទេ?

៣-ផលចំណេញ ៖

-តើនិស្សិតប្រឡងជាប់បានទទួលសញ្ញាបត្រ​ បានផលចំណេញ​អ្វីខ្លះសម្រាប់ខ្លួនគេ? (ចិញ្ចឹមជីវិតពិតប្រាកដ)។

-តើសង្គមបានទទួលផលចំណេញអ្វីខ្លះ ពីនិស្សិតដែលទទួល​បាន​សញ្ញាបត្រនេះ (ស្នាដៃសម្រាប់សង្គម)។

លទ្ធផលនៃការវាយតម្លៃ ជាមូលដ្ឋានគ្រឹះនៃគំនិតសម្រាប់យើង​សិក្សា​ទុក និង សម្រេចចិត្តទុកផ្នែកណា នឹងត្រូវកែលម្អផ្នែកណា។ ដូច្នេះ ការវាយ​តម្លៃ​កម្មវិធីសិក្សាត្រូវតែធ្វើជាបន្ត។

ទស្សនៈគរុវិទូខ្លះៗស្តីពីការអភិវឌ្ឍកម្មវិធីសិក្សា

ការអភិវឌ្ឍកម្មវិធីសិក្សា និង ការផ្លាស់ប្តូរកម្មវិធីសិក្សា[9] គឺជាការងារ មួយដ៏សំខាន់ស្របទៅនឹងគោល បំណងណែនាំនៃការអប់រំ និង ការសិក្សា​តាមរយៈ​ដំណើរការនៃការបង្កើតកម្មវិធីសិក្សា ដោយកម្មវិធីសិក្សានោះ មាន​លក្ខណៈ​ជាផ្លូវការ និង គ្រោង ទុក យ៉ាងច្បាស់លាស់។ កម្មវិធីសិក្សាតែងតែ​មាន​ការបង្កប់ ដែលមិនបានប្រាប់ឲ្យដឹងក្នុងកម្មវិធីសិក្សា (ទាំងគ្រូទាំងសិស្សមិនបាន​ដឹង ថាមានកម្មវិធីនោះទេ) និង កម្មវិធីសិក្សាទូទៅយ៉ាងតិចក៏ ត្រូវមានបួន​ចំណុច​ដែរគឺ ៖ គោលបំណងខ្លឹមសារវិធីសាស្ត្របង្រៀន និង ការវាយតម្លៃ​ដោយ​ឆ្លងកាត់តាមការ ត្រួតពិនិត្យតាមដាន និង ប្រឡងយ៉ាងត្រឹមត្រូវ។

លោកស្រី ហ៊ីលដារ តាបា (Hildar Taba) បានពន្យល់អំពីជំហាន​នីមួយៗ​របស់លោក ថៃល័រ (Tyler) ដែលដាក់ឈ្មោះថា «តាបាម៉ូដែល (Taba model)» នៃការអភិវឌ្ឍកម្មវិធីសិក្សារបស់គាត់ចែកជាប្រាំពីរ ជំហានដូចខាង​ក្រោម ៖

-ជំហានទី១ ៖ ការវិនិច្ឆ័យនៃសេចក្តីត្រូវការ

-ជំហានទី២ ៖ ការរៀបចំវត្ថុបំណង

-ជំហានទី៣ ៖ ការជ្រើសរើសខ្លឹមសារ

-ជំហានទី៤ ៖ ការរៀបចំខ្លឹមសារ

-ជំហានទី៥ ៖ ការជ្រើសរើសបទពិសោធន៍សិក្សា

-ជំហានទី៦ ៖ ការរៀបចំបទពិសោធន៍សិក្សា

-ជំហានទី៧ ៖ ការសម្រេចចិត្តលើអ្វីមួយ ដើម្បីវាយតម្លៃលើវិធីសាស្ត្រ និង​មធ្យោបាយនៃការធ្វើអ្វីមួយនោះ។

ទស្សនៈអភិវឌ្ឍកម្មវិធីសិក្សារបស់ វីវ៉ែន ដឺ លេនសៀរ (Viviane de Lansheer) ចំពោះលំនាំអភិវឌ្ឍន៍កម្មវិធីសិក្សា ត្រូវពិភាក្សា ឲ្យមានមតិឯកភាព​គ្នា​រវាង​សៀវភៅសិក្សាការអប់រំ និង ការបណ្តុះបណ្តាល[10]។ គំរូអភិវឌ្ឍ​កម្មវិធី​សិក្សានេះគឺ ៖ ស្រាវជ្រាវ ផែនការកម្មវិធីពិសោធន៍សាកល្បង ផ្សព្វផ្សាយ​រង្វាយ​តម្លៃកែលម្អ។ ជាទូទៅ ដំណើរប្រព្រឹត្តទៅមានដូចខាងក្រោមនេះ ៖

          -ការកំណត់យកគោលនយោបាយអប់រំ។ គោលបំណងកម្មវិធីសិក្សាតែងចេញពីគោលនយោបាយ អប់រំជាប្រចាំ។

– ធ្វើរង្វាយតម្លៃតម្រូវការ និងភាពទុកចិត្តបានទៅលើកម្មវិធីសិក្សា។

– ធ្វើការកំណត់គោលបំណង និងវត្ថុបំនងនៃកម្មវិធីសិក្សា។

– ធ្វើផែនការកម្ម ផែនការបង្រៀនឲ្យបានល្អ ដើម្បីអនុវត្តកម្មវិធីសិក្សា។

     -គោលដៅ ជាកត្តាកំណត់ឲ្យយើងពិចារណាអំពីខ្លឹមសារ​សម្រាប់​បង្រៀន​​វិធីសាស្ត្របង្រៀននិងឧបករណ៍ចាំបាច់ ដែលត្រូវ យកមក​ប្រើអំពីមធ្យោបាយ​វាយតំលៃ។ ទិដ្ឋភាពទាំងនេះ ត្រូវមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធព្រមទាំង​ជួយ កែលម្អគ្នាទៀតផង។

         -តម្រូវការសម្រាប់ការបង្កើតការសិក្សាត្រូវពិភាក្សា និង ស្រុះស្រួលគ្នា។

-តាក់តែងរចនាសម្ព័ន្ធកម្មវិធីរួម និងកម្មវិធីលំអិតលើកទី១។

-សាកល្បងក្នុងស្ថានភាពពិសោធន៍ជាមួយចំនួននិស្សិត និង គ្រូ តិចតួច​ពេលខ្លះ​សាកល្បងដោយចៃដន្យ និង ពេលខ្លះទៀត សាកល្បងជាមួយ​ក្រុម​ជំនាញណាមួយ មិនត្រឡប់របស់អ្នកចូលរួមនីមួយៗ ជាកម្មវត្ថុសម្រាប់វិភាគ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យបានកាន់តែប្រសើរឡើងជាលំដាប់។

បណ្ឌិត សម្ភោធ សែនផុន ប្រសិតស៊្រី ជាអ្នកឯកទេសអប់រំ​នៅអង្គការ​យូនេស្កូប្រចាំកម្ពុជាមានយោបល់ថា​ «បើចង់រក្សាការ ពារអភិវឌ្ឍដោយ​ចីរភាព​សូមយកតម្រាបតាមសត្វអង្ក្រង»។ អង្ក្រងយកស្លឹកឈើខ្ចីៗមកធ្វើសម្បុក ដែល​អាចនៅជាប់បានយូរ។ រយៈពេលមួយនៅរដូវប្រាំង ដើមឈើត្រូវជ្រុះស្លឹកអស់ ប៉ុន្តែ អង្ក្រងមានវិធីរក្សាស្លឹកឈើជាសម្បុករបស់ខ្លួននោះ ឲ្យនៅគង់ វង្សបាន។ ដល់ពេលមានស្លឹកខ្ចី ពួកវាក៏ធ្វើសម្បុកបន្តទៅទៀត[11] នេះជាលក្ខណៈ​និរន្តរ​ភាព​ដ៏ប្រសើរមួយបែប ដែលអ្នក អភិវឌ្ឍកម្មវិធីសិក្សាគួរតែពិចារណា។

ការអភិវឌ្ឍកម្មវិធីសិក្សានៅប្រទេសអភិវឌ្ឍន៌

ដោយសហរដ្ឋអាម៉េរិកជាប្រទេសជឿនលឿន នៅលើពិភពលោក​នេះសម្បូរទៅដោយអ្នកប្រាជ្ញ និង បច្ចេកវិទ្យាទំនើប ការរៀប ចំកម្មវិធីសិក្សា ដើម្បីឲ្យធនធានមនុស្ស គេបានយកចិត្តទុកដាក់អប់រំមនុស្សឲ្យប្រកបដោយ​សមត្ថភាពគ្រប់វិស័យ។ ហេតុនេះ ហើយ​ បានជាសហរដ្ឋអាម៉េរិកបានរៀបចំ​យ៉ាងល្អិតល្អន់ទៅលើកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សនេះ ជាពិសេស កម្មវិធី សិក្សាតាំងពីកម្រិតទាបបំផុត រហូតដល់កម្មវិធីសិក្សាថ្នាក់ខ្ពស់បំផុត​របស់ គេ ដោយផ្អែកលើគំនិតដ៏ខ្ពង់ខ្ពស់បំផុតមួយ គឺ ចង់ បាននូវមនុស្សដែល​ខ្លាំងជាង​គេគ្រប់ផ្នែកលើសកលលោក នេះជាចំណុចសំខាន់របស់សហរដ្ឋអាម៉េរិក ក្នុងការបង្កើតកម្មវិធីសិក្សា​ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស។ សហរដ្ឋ​អាមេ​រិក​គិតដល់បញ្ហាអភិវឌ្ឍន៍កម្មវិធីសិក្សាតាមបែបប្រព័ន្ធក្រេឌីត ដែលក្នុង នោះនឹង កំពុងអនុវត្តដោយមានភាពទូទៅ និង ងាយស្រួល រៀបចំទៅតាមដំណើរ​ការខ្លះៗ​ដែលមានមូលដ្ឋានដូចខាងក្រោម ៖

ក្រេឌីតជាកត្តាតម្លៃមួយ សម្រាប់សម្តែងអំពីបរិមាណនៃខ្លឹមសាររបស់​មុខវិជ្ជាណាមួយ ដែលត្រូវបង្រៀន និង រៀន ឬ ពិន្ទុក្រេឌីត ដែលនិស្សិត​សន្សំ​បាន ប្រាប់ពីប្រឡងប្រចាំឆមាសបានជោគជ័យលើការសិក្សាមុខវិជ្ជាទាំងឡាយ ដោយសន្សំក្រេឌីត ដើម្បីឲ្យ បានចំនួនសរុប ទៅតាមចំនួនកំណត់របស់ស្ថាប័ន​ណាមួយ និង ទទួលបានវិញ្ញាបនបត្រ ឬ សញ្ញាបត្រផ្នែកជំនាញអ្វីមួយ។

ការអភិវឌ្ឍកម្មវិធីសិក្សាប្រទេសអាស៊ាន

កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រនៃប្រទេសអាស៊ាន ជាទូទៅ តែងតែមាន​សមាសភាគផ្សំបីយ៉ាងគឺ[12] ការអប់រំទូទៅការ អប់រំវិជ្ជា ជីវៈ និង មុខវិជ្ជាឲ្យជ្រើស​រើស។ មុខវិជ្ជានៅក្នុងការអប់រំទូទៅសម្រាប់បរិញ្ញាបត្រក្នុងរយៈពេលបួនឆ្នាំ​មាន​ពី ២៥ ទៅ ៤០% អាស្រ័យទៅតាមប្រភេទនីមួយៗ។ ចំពោះមុខវិជ្ជានៅ​ក្នុងការ​អប់រំវិជ្ជាជីវៈវិញ មានប្រមាណពី ៥០-៦០% សម្រាប់ បរិញ្ញាបត្ររយៈ ពេលបួនឆ្នាំ។ ចំណែកឯមុខវិជ្ជាឲ្យជ្រើសរើសវិញ គឺផ្តល់ឲ្យនិស្សិតជ្រើសរើសនូវមុខវិជ្ជាដែល​គេចូលចិត្តដោយខ្លួនឯង តាមលទ្ធ ភាពផ្តល់ឲ្យសាកលវិទ្យាល័យសមាសភាគនៃ​មុខវិជ្ជាដែលដាក់ឲ្យជ្រើសរើសនោះ អាស្រ័យទៅតាមសមត្ថភាពដែលអាចផ្តល់​បានរបស់គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ឬ សាកលវិទ្យាល័យ។ ម៉្យាងវិញទៀត នៅមានគ្រឹះស្ថានមួយចំនួនទៀតក្រៅពីនេះ តម្រូវ ឲ្យនិស្សិតរៀបចំគម្រោង​ស្រាវ​ជ្រាវ ឬ និក្ខេបបទបញ្ចប់ការសិក្សា។ ភាគរយនៃមុខវិជ្ជាឲ្យជ្រើសរើស និង រៀបចំគម្រោងស្រាវជ្រាវ ឬ ភាគរយដែលនៅសល់ ពីសមាសភាគផ្សំទាំងពីរ​ដំបូង​ខាងលើ គឺការអប់រំទូទៅ និង ការអប់រំវិជ្ជាជីវៈ។

កត្តាមានឥទ្ធិពលលើកម្មវិធីសិក្សា

បណ្តាកត្តាទាក់ទងដល់ការបង្កើតអភិវឌ្ឍកម្មវិធីសិក្សា និង អ្នកអភិវឌ្ឍ​កម្មវិធីសិក្សា ត្រូវគិតទៅដល់ផ្នែកលើលក្ខណៈពិសេស ទាំងឡាយ ដូចមានបញ្ជាក់​នៅក្នុងតារាងគំនូសបំព្រួញខាងក្រោម ៖

កម្រិតនៃកម្លាំងសង្គមដែលមានឥទ្ធិពលលើកម្មវិធីសិក្សា (Parkey, F.W.,2000)

គន្ថនិទ្ទេស

១-  Braydy (Laurie) Curriculum Development, 1992

២-  MoEYS, The Curriculum Structure, RUPP, 2001

៣- Sloper (David) Higher Education in Cambodia, UNESCO, 1999

៤-  Sloper, David. Higher Education in Cambodia: An Overview and Key

Issues. Higher Education in Cambodia: The social and Education

ontext for Reconstruction, ed. by Sloper, David 1-24 Bankork :

UNESCO Principal Regional Office For Asian and the Pacific, 1999

៥-  Martin (Bunsom), Graduate-Undergraduate Bulletin, Assumption

University of Thailand 2002.

៦-  Royal University of Phnom Penh, Handbook 2002-2004 Cambodia, 2002.

ប្រវត្តិរូបសង្ខេប 

 

១-ប្រវត្តិផ្ទាល់ខ្លួន៖

ឯកឧត្តម កង ​ឱម​ (​KANG Om)កើតថ្ងៃទី​២១ ខែ​ធ្នូ ​ឆ្នាំ១៩៥៤ នៅភូមិ​ព្រៃខ្លុង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជា ជំនួយការរាជបណ្ឌិត្យ សភាកម្ពុជា មានឋានៈស្មើអគ្គនាយក និង មានអាសយដ្ឋានលេខ១៩៦​ ផ្លូវ៨៥K​​ ភូមិចម្ការឪឡឹក សង្កាត់ កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទ​ទាក់ទងលេខ៖​ ០១៦-៨១៧-២០៣,E-mail: kangom1954@yahoo.com

 ២-ប្រវត្តិការសិក្សា៖

ឆ្នាំ២០០៧​-២០១២​​ សិក្សាថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រអប់រំ​ នៅរាជ​បណ្ឌិត្យ​សភាកម្ពុជា។ ឆ្នាំ២០០០-២០០២ សិក្សាថ្នាក់ បរិញ្ញា បត្រជាន់ខ្ពស់​ ផ្នែក​វិទ្យាសាស្ត្រអប់រំ នៅ​រាជបណ្ឌិត្យសភាកម្ពុជា។ ឆ្នាំ១៩៨៤-១៩៨៨​​​​ សិក្សាថ្នាក់​បរិញ្ញាបត្រ ផ្នែកវិទ្យា សាស្ត្រអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំ​១៩៧១-១៩៧៤ សិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យទួល​ស្វាយព្រៃ ​ក្រុង ភ្នំពេញ។ ឆ្នាំ១៩៦៧-១៩៧១ សិក្សាថ្នាក់មធ្យមសិក្សាបឋមភូមិ​ នៅ​ខេត្ត​កំពង់ស្ពឺ។ ឆ្នាំ១៩៦០-១៩៦៧ សិក្សានៅសាលា បឋម សិក្សាជ្រៃហូរព្នៅ ខេត្ត​កំពង់ស្ពឺ។

៣-ប្រវត្តិការងារ៖

ឆ្នាំ២០១៧- បច្ចុប្បន្ន    ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និង សារព័ត៌មាន។ ឆ្នាំ១៩៨៨- បច្ចុប្បន្ន ជាសាស្រ្តាចារ្យ បង្រៀនមុខវិជ្ជាចិត្តវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំ២០០៣- បច្ចុប្បន្ន​ជាសាស្រ្តាចារ្យ​បង្រៀន​មុខវិជ្ជាចិត្តវិទ្យា នៅសាក លវិទ្យាល័យអន្តរជាតិ។ ឆ្នាំ២០១៧-បច្ចុប្បន្ន​ ជាអនុ​ប្រធាន​គណៈកម្មការបច្ចេកសព្ទអប់រំ នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ឆ្នាំ ២០១៦- បច្ចុប្បន្ន ជាប្រធានផ្នែកបណ្ដុះបណ្ដាលវិទ្យាសាស្ត្រអប់រំ ថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់ និង បណ្ឌិតនៃរាជបណ្ឌិត្យ សភា កម្ពុជា។ ឆ្នាំ២០១៥​ – បច្ចុប្បន្ន ជាជំនួយ​ការ​រាជបណ្ឌិត្យភាកម្ពុជា មានឋានៈស្មើរអគ្គនាយក។ ឆ្នាំ២០០២-២០១៤ ជា​ប្រធាន​ផ្នែក ផែនការ និង ទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា។ ឆ្នាំ​១៩៨៨-២០០២ ជាសាស្រ្តាចារ្យវិទ្យាសាស្រ្តអប់រំ នៅសកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ឆ្នាំ១៩៧៩-១៩៨៤ ជានាយកសាលាបឋមសិក្សា និង អនុវិទ្យាល័យ​​ ខេត្តកំពង់ស្ពឺ។ ឆ្នាំ១៩៨០-១៩៨៤ ជាគ្រូនៅអនុវិទ្យាល័យសុវណ្ណគីរី ខេត្តកំពង់ស្ពឺ។​ ឆ្នាំ១៩៧៩-១៩៨០ ជាគ្រូនៅបឋមសិក្សាសម្បត្តិឧត្តម ខេត្តកំពង់ស្ពឺ។ ​កម្រិត​ភាសាបរទេស៖ ភាសាអង់គ្លេសបានល្អ ចេះភាសាបារាំងបានល្អបង្គួរ និង ​ចេះ​ភាសាវៀតណាមបានមធ្យម។

[1] អ៊ឹម កុច ការអភិវឌ្ឍកម្មវិធីសិក្សានៅស្ថាប័នឧត្តមសិក្សា មហាវិទ្យាល័យគរុកោសល្យ ឆ្នាំ ២០០២ ទំព័រ ១-២។

[2] Parkey, Curriculum Planning, USA 2000, P.17

[3] Jesus C.Palma, Curriculum Development System, Manyla, Philipines, 1992, P.7

[4] Cf, Stephen M. Faim, Education world Book, Bhicago, USA, 2002 P. 1-46

[5] Jeanette, Quality Content, “Quality Content refer to the intention, and outcome statements that state those goals into measurable objectives, should provide the starting point for the development and implementation of curriculum (UNICEF, 2000)” in Defining Quality, UNICEF New York, June, 2000 P.7

[6] King Jordan, Curriculum: “The course given by a college or university are called the school’s curriculum the catalog of the institution outlines the complete curriculum. It gives the requirement for taking each course, as well as the credits given. Each course is designated as giving a specified number of credits. These usually equal the number of class hours devoted each week to the the course.” In University World Book, New York, June, 2002, P.1

[7] របាយការណ៍សិក្ខាសាលាជាតិស្តីអំពីការកែទម្រង់ និង ការអភិវឌ្ឍឧត្តមសិក្សាកម្ពុជា រៀបចំដោយក្រសួង​អប់រំ​យុវជន និងកីឡា ថ្ងៃទី ៣០-២១ មិនា ឆ្នាំ ១៩៩៩។

[8] អ៊ឹម កុច សិក្ខាសាលាស្តីអំពីការអនុវត្តកម្មវិធីសិក្សាថ្មីនៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំ ២០០៩។

[9] Haward Thomas សៀវភៅអំពីពាក្យគន្លឹះប្រើប្រាស់ក្នុងវិស័យអប់រំ ដ.ឯ.ម ទំព័រ ៩០។

[10] Cf.Viviane de Landsheere, L’éducation et la formation, p.95

[11] ស៊ន សំណាង, «ការត្រិះរិះមួយចំនួនអំពីចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាដោយចីរភាព» ដ.ឯ.ម ទំព័រ ៥៤។

[12] សូមមើល ៖ នេត បារ៉ុម, «សិក្ខាសាលាស្តីអំពីការអភិវឌ្ឍកម្មវិធីពុទ្ធិឧត្តមសិក្សា» នៅពុទ្ធិសាកលវិទ្យាល័យ​ព្រះសីហនុរាជ, ភ្នំពេញ, ក្រសួងធម្មការ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០០២ ទំព័រ៨។

 

Leave a Reply

Your email address will not be published.