March 29, 2024
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារ​ស្រាវ​ជ្រាវ​​កំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពី ដំណើរ​​​​​​ការស្រាវជ្រាវ និងការបោះពុម្ពស្នាដៃស្រាវជ្រាវគម្រោង នាពេលខាងមុខ។

នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សនិងវិទ្យាសាស្ត្រសង្គម បានចូលរួមក្នុងកិច្ចប្រជុំមួយ​ដែល​ដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគិោលបំណងដើម្បីរៀបចំការងារ​ដល់​សមា​ជិកស្រាវជ្រាវនីមួយៗសិក្សាឯកសារដែលមានស្រាប់  Secondary Data (ឯកសារបោះពុម្ព និងឯកសារនៅតាមគេហទំព័រនានា) ដែលទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី៧ និងរៀបចំផែនការចុះសិក្សាស្រាវជ្រាវ បន្ទាប់ពីស្ថានការណ៍រាតត្បាតនៃជម្ងឺកូវីដ-១៩ បាន​ប្រសើរ​​ឡើងវិញ។

កិច្ចប្រជុំដែលបានដំណើរការប្រព្រឹត្តទៅ ក្នុងគោលបំណង ដើម្បីរៀបចំផែនការសកម្មភាពចុះសិក្សាស្រាវជ្រាវតាមប្រាសាទ​បុរាណ​​​ពាក់​​ព័ន្ធនានា ដូចជាប្រាសាទបាយ័ន្ត និងប្រាសាទបន្ទាយឆ្មារជាដើម។ កិច្ចប្រជុំក៏បានអនុម័តដែរថា បន្ទាប់ពីក្រុមស្រាវ​ជ្រាវ​​​កំណត់​អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី ៧ រួច រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយបង្ហាញអំពីលទ្ធផល​ស្រាវជ្រាវ និងផ្តល់ឱកាសដល់អ្នកជំនាញផ្នែកបដិមាសាស្រ្ត ប្រវត្តិសិល្បៈ បុរាណវត្ថុវិទ្យា និងអ្នកប្រវត្តិសាស្រ្តតាមក្រសួង ស្ថាប័ន​ជំនាញពាក់ពន្ធនានា ជជែកពិភាក្សាពិគ្រោះយោបល់ ដើម្បីកំណត់អត្តសញ្ញាណបដិមាព្រះអង្គឱ្យបានជាក់លាក់។

រាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ មានគោលបំណងកំណត់​អត្ត​សញ្ញាណ​ជាក់លាក់បដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ទ្រង់គ្រឿងជាព្រះមហាក្សត្រ ព្រហស្តកាន់ព្រះខ័នរាជ និងគ្រង​មកុដ ដើម្បីសាងសង់បដិមារបស់ព្រះអង្គដាក់តាំងតម្កល់បង្ហាញនៅក្នុងអគារ​ខេមរៈវិទូដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេច​​អគ្គ​មហា​​សេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីគំរូវីរៈភាពក្សត្រសាង​សង់អាណាចក្រខ្មែរដ៏រុងរឿង ពីអតីតកាល។

គួរជម្រាបជូនដែរថា កន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជាបានកំណត់អត្តសញ្ញាណ និងសាងសង់បដិមារបស់ព្រះនាងឥន្ទ្រ​ទេវី​ដែល​​អគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដាក់តម្កល់នៅជាប់ «អគារឥន្ទ្រទេវី» ផងដែរ ដើម្បីបង្ហាញពីវរៈនារីខ្មែរ សម័យ​អង្គរ​ដល់កូនខ្មែរជំនាន់ក្រោយចងចាំ និងទុកជាគំរូវីរភាព៕