April 24, 2024
មន្រី្តស្រាវជ្រាវគម្រោងបន្លែ សម្ភាសន៍មន្រី្តការិយាល័យកសិកម្មស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ដោយមានការណែនាំពីលោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្សាស្ថាន នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ឯកសក  ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង៩៖០០ព្រឹក លោក  ឈឿន សាវន ជាប្រធានគម្រោង  និង លោក យិន ពោ ជាអនុប្រធានគម្រោងស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»  នៃ​វិទ្យា​ស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តចុះប្រមូលទិន្នន័យបន្ថែមពីមន្ទីរកសិកម្ម ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល  ទាក់ទងទៅនឹងស្ថានភាពភូមិសាស្ត្រ ក៏ដូចជាផ្ទៃដីសម្រាប់កសិកម្ម ផ្ទៃដីដាំបន្លៃរបស់ប្រជា​កសិករ​ក្នុង​ស្រុក​ខ្សាច់កណ្តាល ដើម្បីសិក្សាស៊ីជម្រៅបន្ថែមទៀត។

ស្រុកខ្សាច់កណ្តាល ស្ថិតនៅក្នុងខេត្តកណ្តាល មានវិសាលភាពធំទូលាយ ហើយដែលទីតាំងភូមិសាស្រ្តស្ថិតនៅ​តំបន់​ទំនាប​​នៃ​ទន្លេ​មេគង្គលើ មានព្រំប្រទល់រដ្ឋបាល ខាងលិចជាប់នឹងស្រុកមុខកំពូល ខាងកើតជាប់ស្រុកពារាំងនៃខេត្តព្រៃវែង ខាងជើងជាប់​ស្រុកស្រីសន្ធរនៃខេត្តកំពង់ចាម និងខាងត្បូងជាប់ស្រុកល្វាឯម។ ស្រុកខ្សាច់កណ្ដាលមានសក្តានុពលលើការងារបង្កបង្កើនផល​ដំណាំស្រូវ ដំណាំអនុផលផ្សេងៗ នេសាទ និងជាមូលដា្ឋនអាជីវកម្ម ឧស្សាហកម្មផងដែរ។ តំបន់រដ្ឋបាលនៃស្រុកខ្សាច់កណ្តាល ចែកជាឃុំ១៨ និងភូមិ៩៨ មានផ្ទៃដី ៣៥,២៥៤ គ.ម២  មានប្រជាពលរដ្ឋសរុប១៣៦,៤៧៧ នាក់ ស្រីមានចំនួន ៧០,៤១២ នាក់ ស្មើនឹង ២៩,២៩៤ គ្រួសារ ក្នុងនោះអាយុ១៨ ឆ្នាំឡើង ៩២,១០៩ នាក់ ស្រី៤៨,៤៧១ នាក់។

ក្រុមការងារស្រាវជ្រាវបានជួបនិងធ្វើបទសម្ភាសន៍ជាមួយលោក សឿន សុខ មន្រ្តីនៃការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ស្រុក​​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និងបានដឹងថា បច្ចុប្បន្នស្រុកមានផ្ទៃដីដាំដំណាំមជាង ៥០០ ហិកតា នៅរដូវប្រាំង តែរដូវ​វស្សា​មានជាង១០០ ហិកតា ដោយទឹកទន្លេមេគង្គបានពន្លិចដីមួយភាគធំ។  ក្នុងអំឡុងពេលរដ្ឋាភិបាលបិទបន្លៃនាំ​ចូលពីបរទេស​រហូត​ដល់​ពេលនេះ គឺបន្លែរបស់ប្រជាពលរដ្ឋ មានទីផ្សារល្អ និងមានតម្លៃល្អគួរសម ពិសេសដំណាំឪឡឹក។

 

ស្របពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងការនាំចូលបន្លែពីបរទេសបាន ធ្វើឱ្យប្រជាកសិករដាំបន្លែនៅ​ទូទាំង​ប្រទេស ក៏ដូចជាប្រជាកសិករដាំបន្លែនៅស្រុកខ្សាច់កណ្ដាលមានសង្ឃឹម និងមានកម្លាំងចិត្តខិតខំដាំបន្លែបន្ថែម​ទៀតដើម្បី ផ្គត់​ផ្គង់ជីវភាពប្រចាំថ្ងៃ។