
ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០ក្រុមការងារស្រាវជ្រាវគម្រោង«បន្លែកម្ពុជា៖ផលិតកម្មចរន្តទីផ្សារបញ្ហាប្រឈមនិងដំណោះស្រាយ»បានបន្តចុះសិក្សានៅច្រកព្រំដែនជ្រៃធំក្នុងស្រុកកោះធំ ខេត្តកណ្ដាលដើម្បីសិក្សាពីលំហូរបន្លែវៀតណាមចូលមកប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវសង្កេតឃើញថា៖
-បន្លែវៀតណាមនៅបន្តនាំចូលមកប្រទេសកម្ពុជាដដែល ប៉ុន្តែមានការយឺតយ៉ាវជាងមុនព្រោះនៅខាងវៀតណាមមានការរឹតបន្តឹង ដោយមូលហេតុការពារការរាតត្បាតជំងឺកូវីដ១៩។ ដូច្នេះបរិមាណបន្លែនាំចូលពីវៀតណាមមកកម្ពុជាមានការធ្លាក់ចុះជាងមុនពេលមានជំងឺកូវីដ។
-រូបភាពដឹកជញ្ជូនពីមុនជំងឺកូវីដនិងក្នុងពេលជំងឺកូវីដក៏មិនប្រែប្រួលដែរ។ នៅច្រកព្រំដែនជ្រៃធំគេប្រើមធ្យោបាយដឹកជញ្ចូនបន្លែដោយម៉ូតូ រ៉ឺម៉ក់ធន់មធ្យម(មិនធំដូចនៅព្រំដែនភ្នំដិន ខេត្តតាកែវទេ)រថយន្ដធន់ទេសចរណ៍កូរ៉េម៉ាកសាមយ៉ុង(អាចដឹកបន្លែបានពី២ទៅ៣តោន) និងប្រភេទរថយន្ដដឹកធន់មធ្យមចំណុះ៥តោន (អាចដឹកបន្លែបានពី៥ទៅ៧តោន)។
-ការផ្ទេរបន្លែពីរថយន្តមួយទៅមធ្យបាយដឹកជញ្ជូនមួយទៀត មុននឹងដឹកចូលស្រុកខ្មែរ គឺត្រូវធ្វើក្នុងទឹកដីវៀតណាម ព្រោះនៅខាងទឹកដីកម្ពុជាពុំមានទីចំណត និងមិនទាន់មានតំបន់សដូចនៅច្រកព្រំដែនភ្នំដិនទេ។ ដូច្នេះ បន្ទាប់ពីផ្ទេរបន្លែក្នុងទឹកដីវៀតណាមរួច មធ្យោបាយដឹកជញ្ជូនបន្លែទាំងនោះបើកចូលទឹកដីកម្ពុជា ដោយដោះស្រាយបញ្ហាផ្សេងៗជាមួយសមត្ថកិច្ចនៅព្រំដែនរួចមធ្យោបាយដឹកជញ្ជូនបន្លែត្រូវដឹកទៅដល់ទិសដៅលក់បន្លែតែម្ដង ដោយមិនឈប់នៅឃ្លាំងឬទីកន្លែងស្ដុកណាមួយនៅក្បែរព្រំដែនដូចករណីនៅច្រកភ្នំដិនទេ។
-ចំពោះបរិមាណបន្លែវិញ ក្រុមការងារបានទទួលតួលេខពីប្រភពចំនួន២ខុសគ្នា។ប្រភពទី១ប្រាប់ថា៖បរិមាណបន្លែដឹកចូលប្រទេសកម្ពុជាប្រហែលមានចំនួន២២០០តោនក្នុង១ខែ។ ចំណែកប្រភពទី២ប្រាប់ថា៖បរិមាណបន្លែដឹកចូលប្រទេសកម្ពុជាមានចំនួនប្រហែល៧៥០តោនក្នុង១ខែ។
-ក្រុមការងារមិនអាចប៉ាន់ស្មានបរិមាណបន្លែដោយខ្លួនឯងបានទេ ព្រោះមិនអាចចូលដល់ទីកន្លែងដែលបន្លែផ្ទេរពីរថយន្ដមួយទៅរថយន្ដមួយទៀត ដែលស្ថិតក្នុងទឹកដីប្រទេសវៀតណាម។
-ចំពោះប្រភេទបន្លែវិញ ក្រុមការងារក៏មិនអាចកំណត់ប្រភេទបន្លែបាន ព្រោះយើងមិនអាចឆ្លងព្រំដែនចូលក្នុងប្រទេសវៀតណាមបានដើម្បីចូលពិនិត្យមើលប្រភេទបន្លែផ្សេងៗ ដោយសារបញ្ហាជំងឺកូវីដ ភាគីវៀតណាមមានរឹតបន្ដឹងការឆ្លងចូលទឹកដីវៀតណាម។
Leave a Reply