March 29, 2024
ភោគផលបន្លែ នៅភូមិពោតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

ភោគផលបន្លែ នៅភូមិពោតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះ​ស្រាយ» បានបន្តចុះសិក្សាស្រាវជ្រាវអំពីផលិតកម្មបន្លែរបស់ប្រជាកសិករដាំបន្លែនៅភូមិពោតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ភូមិពោតាប៉ាងមានផ្ទៃដីដាំបន្លែចំនួន១៥ហិកតា ដែលអាចដាំបានចំនួន៦ទៅ៧ដងក្នុង១ឆ្នាំ។ នៅរដូវប្រាំង កសិករ​ច្រើនដាំបន្លែស្លឹក លុះដល់រដូវភ្លៀង ពួកគេងាកមកដាំបន្លែផ្លែខ្លះ និងបន្លែស្លឹកខ្លះដែរ ព្រោះភ្លៀងខ្លាំងធ្វើឱ្យបន្លែស្លឹកខូច ចំណែក​បន្លែផ្លែអាចធន់នឹងទឹកភ្លៀងបាន។ ប្រភេទបន្លែសន្លឹកដាំក្នុងភូមិមានដូចជា ស្ពៃខៀវ ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ខាត់ណា ស្ពៃ​ក្ដោប ។ល។ ចំណែកប្រភេទបន្លែផ្លែ មានដូចជា ពោតបារាំង ននោងមូល ននោងជ្រុង ត្រឡាច ត្រសក់ស្រូវ ត្រសក់ផ្អរ ប៉េងប៉ោះ

ត្រប់វែង ជាដើម។


ទោះបី ផលិតកម្មបន្លែនៅភូមិពោតាប៉ាងមានបរិមាណខ្ពស់ ប៉ុន្តែបញ្ហាទីផ្សារបន្លែនៅតែធ្វើឱ្យកសិករដាំបន្លែជួបបញ្ហាខាត​បង់ថវិកា​ជារៀងរាល់រដូវដោយសារបន្លែជន់បន្លែជុញជាមួយបន្លែក្នុងបណ្ដាតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជានិងបន្លែដែលនាំចូល​ពី​បរទេស។ បញ្ហានេះត្រូវការដោះស្រាយជូនប្រជាកសិករ​ដាំបន្លែ ដើម្បីឱ្យចង្វាក់ផលិតកម្មបន្លែរបស់ពួកគាត់​អាចបន្តទៅ​បាន​ដោយ​មាន​និរន្ត​ភាព។