April 19, 2024
ខ្មែរបុរាណបានចារសិលាចារិកច្រើនរាប់ពាន់លើសិលានៃប្រាសាទឬលើគោលចារិកផ្សេងៗ ដែលចារជាភាសាសំស្ក្រឹត និងភាសា​​​ខ្មែរ។ សិលា​ចារិកភាសាសំស្រ្កឹតច្រើនចារជាកំណាព្យ រៀបរាប់អំពីព្រះមហាក្សត្រ,រាជវង្ស,

អាថ៌កំបាំងនៃសិលាចារិកប្រាសាទភិមានអាកាស K. 484៖

ខ្មែរបុរាណបានចារសិលាចារិកច្រើនរាប់ពាន់លើសិលានៃប្រាសាទឬលើគោលចារិកផ្សេងៗ ដែលចារជាភាសាសំស្ក្រឹត និងភាសា​​​ខ្មែរ។ សិលាចារិកភាសាសំស្រ្កឹតច្រើនចារជាកំណាព្យ រៀបរាប់អំពីព្រះមហាក្សត្រ,រាជវង្ស,សង្រ្គាមរាំងជល់,ការសាងសង់​ប្រាសាទ, បារាយណ៍, ផ្លូវ និង សាលាដំណាក់ ជាដើម។ ចំណែកសិលាចារិកជាភាសា​ខ្មែរវិញក៏រៀបរាប់អំពីព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ, ការគ្រប់​គ្រង​ក្នុងសង្គមខ្មែរ, ការសាងសង់ប្រាសាទ, ជីកត្រពាំង, សង់ទំនប់ ឬ ការធ្វើអំណោយផ្សេងៗដល់ប្រាសាទដែលទើបកសាងរួច មាន​​​ដី ចម្ការ ស្រែ ស្រូវ គោ ក្របី ជាដើម ។ល។

ចំពោះសិលាចារិកប្រាសាទភិមានអាកាសវិញត្រូវបានគេរកឃើញនៅឆ្នាំ១៩១៦ ពេលគេសិក្សាស្រាវជ្រាវនៅប្រាសាទ​ភិមាន​អាកាស និងបានដាក់លេខកូដ K. 484។ លោក Henri Marchal បានបកស្រាយរឿងរ៉ាវចារក្នុងសសរថ្មភក់ដ៏ធំនេះ ហើយលោក​សន្មតថាជា «អាថ៌កំបាំងដ៏អស្ចារ្យ»។

គោលចារិកថ្មភក់ដ៏ធំនេះមានកម្ពស់១,៧០ម៉ែត្រនិងទទឹង០,៤៧ម៉ែត្រ, ត្រូវបានគេរកឃើញនៅខាងជើងនៃ​ជណ្តើរខាងកើត​ប្រាសាទ​​​​ ភិមានអាកាស ក្នុងព្រះបរមរាជវាំងដែលសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ពេលគេរកឃើញដំបូង គោលចារិកបែក​ជាបំណែកប្រមាណ ៧០ បំណែក ប៉ុន្តែត្រូវបានជួសជុលឡើងវិញ មុនពេលដាក់ចូលទៅក្នុងសារ´មន្ទីរ។

ផ្ទាំងសិលាចារឹកមាន៤ផ្ទាំង (៤ជ្រុង) សុទ្ធតែចាជាភាសាសំស្រ្កឹត ជាកំណាព្យ។ សេចក្តីពន្យល់នៃផ្ទាំងសិលាចារឹក៣ជ្រុងមានចំនួន ៥២បន្ទាត់ ហើយនៅលើជ្រុងទី៤ មាន ៤៤បន្ទាត់។ កំណាព្យនេះនិពន្ធឡើងដោយព្រះនាងឥន្ទ្រទេវី រៀបរាប់ពីព្រះនាង​ជ័យរាជទេវី​ដែលជាព្រះអនុជពៅរបស់ទ្រង់ និងការទទួលបាន​ជោគ​ជ័យរបស់ព្រះបាទជ័យវរ្ម័នទី៧ទៅលើពួកចាម។ សេចក្ដីដែលចារបាន​រំលឹកកោតសរសើរគួរឱ្យកត់សម្គាល់ដល់អតីតកាលនៃជីវៈប្រវត្តិនិងស្នាដៃរបស់ព្រះនាងជ័យរាជទេវី។ មានសេចក្ដីរៀបរាប់ ពិពណ៌​​នា​អំពីប្រវត្តិផ្សេងៗ និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលយើងមិនបង្ហាញក្នុងអត្ថបទខ្លីនេះទេ។

ជាសង្ខេប សិលាចារិកប្រាសាទភិមានអាកានេះហើយដែលធ្វើឱ្យអ្នកស្រាវជ្រាវទាំងជាតិ និងអន្ដរជាតិអាចមានសម្មតិកម្មក្នុងការ​កំណត់​បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងជំហរអង្គុយពែនភ្នែននៅលើបល្ល័ង្កមូលមួយដែលមិនខាត់សម្អាតឱ្យរលីង ក្នុងឥរិយាបទ​កំពុង​ស្មឹងស្មាធិ៍។