April 23, 2024
ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខា​ធិ​ការនៃ​រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខា​ធិ​ការ​​នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក សួ ប៉ុណ្ណារ៉ាត់, កញ្ញា តាកេត ស័កដា, លោក រឿន ភារុន និង លោកស្រី ម៉ិល វាសនា ចុះសិក្សាស្រាវ​ជ្រាវ​គម្រោង​​​​ស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបន្ទាយឆ្មារ ក្នុងគោលបំណងសិក្សា​ស្វែង​យល់​បន្ថែម​ពីចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅលើ​ថែ​វ​ប្រាសាទ ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។
ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រាសាទបន្ទាយ​ឆ្មារ​ជា​ប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិស​ដល់​​បុត្រានាម ស្រិន្ទ្រកុមារ និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីជីវិតនៅ​ក្នុងសមរភូមិកំចាត់ចាមនៅឆ្នាំ១១៧៧។
ការ​​​សិក្សាស្រាវជ្រាវនៅលើកនេះ ក្រុមការងារផ្ដោតលើការចុះកូដរូបព្រះបាទជ័យវរ្ម័នទី៧ដែលឆ្លាក់នៅតាមថែវ ដោយចែកទៅ​តាម​ទិស និងស្លាប។ ឧទាហរណ៍នៅថែវខាងកើតត្រូវចែកជាថែវខាងកើតស្លាបខាងជើង និងថែវខាងកើតស្លាប​ខាងត្បូង។ រីឯ ទិស​​ផ្សេងៗទៀតក៏ចែកទៅតាមទិស និងស្លាបដែរ។ ការចុះកូដគឺយកតាមប្រព័ន្ធអន្ដរជាតិ ដោយប្រើជាអក្សរឡាតាំង ដើម្បីឱ្យ​ងាយស្រួលក្នុងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរួម និងស្ថាប័នជាតិ និង អន្ដរជាតិផ្សេងៗអាចយកប្រើបាន។ លេខកូដដែលប្រើគឺ BTC-​20-ESG-01 (Banteay Meanchey-2020-East South Gallery-01, ប្រាសាទបន្ទាយឆ្មារ-២០២០-ថែវខាងកើតស្លាប​ខាង​ត្បូង-០១)។ លេខរូបគឺរាប់ពីលេខ០១ រហូតដល់រូបចុងក្រោយ។
តាមការចុះលេខកូដដោយក្រុមការងារ រូបចម្លាក់ដែលសង្ស័យថាជា ព្រះរូបព្រះបាទជ័វរ្ម័នទី៧ មានចំនួន២២ ដែលសល់ពី​ការ​រលំបែកបាក់។ក្រុមការងារក៏បានថតរូប 3D និង Photogrammetry នៅគ្រប់ថែវទាំងអស់សម្រាប់វិភាគ​រូបមួយផែនៗឱ្យ​បានល្អិត​ល្អន់។ ក្រុមការងារក៏ពិពណ៌នារូបនីមួយៗ ទាក់ទងនឹងឥរិយាបថ, ជំហរ, កាយវិការ, គ្រឿងពាក់គ្រង,មកុដ,កេតនភណ្ឌស្ដេច, ទេស​​កាលនិងព្រឹត្តិការណ៍ទាក់ទងនឹងរូបចម្លាក់។ រូបទាំងអស់នឹងបញ្ចូលក្នុងទិន្នន័យដែលមានបង្ហាញលេខកូដ, រូបថត និងការ​ពណ៌​នា​អំពី​រូប។ ក្នុងបេសកកម្មលើកនេះដែរ ក្រុមទូរទស្សន៍ PNN ក៏បានចុះមកធ្វើបទយកការណ៍អំពី ការសិក្សាស្រាវជ្រាវ​កំណត់​អត្ត​សញ្ញាណ​បដិមាព្រះបាទជ័យវរ្ម័នទី៧ ដល់ប្រាសាទបន្ទាយឆ្មារ។