
ថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ឯកស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រួមមាន លោកបណ្ឌិត ផុន កសិកា, លោក ឈឿន សាវន, លោក យិន ពោ, លោក លី តុង និង លោក សាន ចេង ជួបសម្ភាសន៍ លោក យន់ សុផាត ជាអគ្គនាយក ក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រ (Huy Yun Agriculture Co.,Ltd) ជាក្រុមហ៊ុនផលិតជីធម្មជាតិ សម្រាប់បំប៉នដំណាំគ្រប់ប្រភេទ។
ក្រុមហ៊ុនបានបង្កើតនៅឆ្នាំ ២០១១ និង បានច្បាប់អនុញ្ញាតធ្វើអាជីវកម្មពីរាជរដ្ឋាភិបាលនៅឆ្នាំ២០១២។ ជីធម្មជាតិក្រុមហ៊ុន ហ៊ុយយន់ ផលិតពីលាមកសត្វ (ជាពិសេសលាមកសត្វមាន់) និង កាកសំណល់ផ្សេងៗ ផ្សំឡើងដោយធាតុចំនួន១២មុខ ហើយអាចប្រើប្រាស់ចំពោះដំណាំគ្រប់ប្រភេទ និងផលិតជាបីប្រភេទ គឺ ជីគ្រាប់ ជីទឹក និង ជីកំបោរ។ ការប្រើប្រាស់ជីធម្មជាតិជួយរចនាសម្ព័ន្ធដីកាន់ល្អប្រសើរឡើង និងបង្កើនសមត្ថភាពដីក្នុងការស្រូបទឹកព្រមទាំងសារធាតុបំប៉នកាន់តែខ្លាំង និងជួយដីឱ្យកាន់តែមានជីជាតិល្អប្រសើរឡើងសម្រាប់រុក្ខជាតិពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែ ជីគីមី បំផ្លាញដីពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបណ្តាលឱ្យដីរឹង រុក្ខជាតិ ដំណាំមិនអាចដុះរីកលូតលាស់បាន។
បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតជី១ អាចផលិតជីបាន ពី៧០តោន ទៅ១០០តោន ក្នុងមួយថ្ងៃ។ ក្នុងពេលដែលរោងចក្រនៃក្រុមហ៊ុន ហ៊ុយយន់ ផលិតជីបានពី ៧០តោន ទៅ ១០០ តោនក្នុង១ថ្ងៃ ស្មើនឹង ២៥០០០ តោន ទៅ ៣៥៦០០ តោន ក្នុង១ឆ្នាំ រីឯជីដែលនាំចូលពីបរទេស (វៀតណាម និង ថៃ) មានចំនួនលើសពី ១ ០០០ ០០០ តោន (មួយលានតោន) ក្នុង១ឆ្នាំ។ តាមតួលេខនេះ ជីក្នុងស្រុកផលិតដោយជនជាតិខ្មែរ អាចលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាបានត្រឹមតិចជាង ៥% នៃជីដែលនាំចូលពីបរទេសប៉ុណ្ណោះ។
សូមបញ្ជាក់ថា កសិករខ្មែរដែលប្រកបមុខរបរដោយធ្វើកសិកម្ម រាប់តាំងពីការដាំបន្លែជាដើម កំពុងប្រើប្រាស់ជីដើម្បីឱ្យដំណាំលូតលាស់បានល្អ។ ចំពោះកសិករដាំបន្លែវិញត្រូវការប្រើជីជាប្រចាំដើម្បីឱ្យបន្លែលូតលាស់បានល្អ និងមានទម្ងន់ធ្ងន់។ កសិករដាំបន្លែមួយចំនួនក៏ប្រើជីធម្មជាតិ រីឯកសិករមួយចំនួនធំប្រើតែជីគីមី ព្រោះជីគីមីឆាប់មានប្រសិទ្ធភាពជាងជីធម្មជាតិ។ ជីធម្មជាតិនឹងបញ្ចេញសារធាតុបំប៉ននៅ១០ថ្ងៃក្រោយដាក់ដល់ដី។ ចំណែកជីគីមីវិញនឹងបញ្ចេញសារធាតុចិញ្ចឹមនៅត្រឹម១ថ្ងៃក្រោយពេលដាក់ដល់ដី។ ដូច្នេះហើយ ជីគីមីក៏ត្រូវបានកសិករយកមកប្រើច្រើនក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ លោក យន់ សុផាត បានលើកសំណូមពរដល់រាជរដ្ឋាភិបាលដូចខាងក្រោម៖
– ជួយកាត់បន្ថយការនាំជីចូលមកពីក្រៅប្រទេស។ ប្រសិនបើ ជីពីបរទេសត្រូវកាត់បន្ថយ ក្រុមហ៊ុនរបស់លោកអាចបង្កើនការផលិតបន្ថែមទៀត ដើម្បីតម្រូវទីផ្សារក្នុងស្រុក។
– ជួយជំរុញបង្កើតសិប្បកម្មក្នុងស្រុកដែលអាចកែឆ្នៃផលិតដោយខ្លួនឯង
– ជួយសម្រួលសេវាក្រោមតុ ព្រោះអ្នកជំនួយពិតប្រាកដ មិនខ្លាចចំណាយសេវាក្រោមតុនោះទេ ដោយសារ គេផលិតបាន ហើយលក់ក្នុងតម្លៃថ្លៃ ដែលជះឥទិ្ធពលតម្លៃដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។
– បង្កើតសាលាបណ្តុះបណ្តាលបង្រៀនជំនាញវិជ្ជាជីវៈបន្ថែមដល់កម្មករ ដើម្បីបំពេញការងារប្រកបដោយភាពជំនាញ។