April 20, 2024

នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម មានជំនួបពិភាក្សាកែសម្រួលសេចក្ដីប្រែសិលាចារឹកដែលរកឃើញនៅប្រាសាទភិមានអាកាស និង ជាសិលាចារឹកនិពន្ធដោយព្រះនាងឥន្ទ្រទេវី (ព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧) ដោយមានការចូលរួមពី៖
– លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (ជំនាញបុរាណវត្ថុវិទ្យា)
– លោកបណ្ឌិត មាឃ បូរ៉ា ប្រធានស្ដីទីវិទ្យាស្ថានភាសាជាតិ (ជំនាញសិលាចារឹក)
– លោក សួ ប៉ុណ្ណារ៉ាត់ ប្រធានផ្នែកប្រវត្តិសាស្ត្រ និងនយោបាយ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (ជំនាញប្រវត្តិសាស្ត្រ)
– និង កញ្ញា តាកេត ស័កដា មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (ជំនាញបុរាណវត្ថុវិទ្យា) ជាអ្នកបកប្រែអត្ថបទពីភាសាបារាំងរបស់ លោក George Coedès មកជាភាសាខ្មែរ។

សិលាចារឹកភិមានអាកាស (K. 485) ជាអត្ថបទចារជាភាសាសំស្រ្កឹត ហើយត្រូវបានលោក George Coedès បកប្រែជាភាសាបារាំង បោះពុម្ពក្នុងសៀវភៅ «សិលាចារឹកកម្ពុជា» នៅឆ្នាំ១៩៤២ (George Coedès: Inscription Du Cambodge, Volume II, Hanoi, 1942, p. 161-181)។