វេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ឈឿន សាវន ប្រធានគម្រោងបន្លែបានដឹកនាំក្រុមការងារស្រាវជ្រាវ រួមមាន៖ លោក យិន ពោ លោក លី តុង បានសម្ភាសលោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដើម្បីសុំទិន្នន័យការដាំបន្លែគ្រប់ប្រភេទនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងរួមចំណែកសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកដំណោះស្រាយជួយដល់កសិករផលិតបន្លែក្នុងស្រុក កាត់បន្ថយផលប៉ះពាល់បន្លែគីមី និងកាត់បន្ថយការនាំបន្លែចូលមកពីក្រៅប្រទេស។
បច្ចុប្បន្ននេះ នៅខេត្តកំពង់ស្ពឺមានផ្ទៃដីដាំបន្លែចំនួន៨ហិកតា ដែលមានសហគមន៍ដាំបន្លែរហូតដល់ចំនួន៥៥ ប៉ុន្តែមាន៧ទៅ៨សហគមន៍ប៉ុណ្ណោះដែលកំពុងដំាដុះបន្លែសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ បន្លែដែលសហគមន៍ដាំរួមមាន៖ សាឡាត់អឺរ៉ុប សណ្តែកគួរ ត្រសក់ ត្រឡាច ននោងមូល ននោងជ្រុង ខាត់ណាដើម ស្ពៃចង្កឹះ ឆៃថាវ ល្ពៅ ត្រប់វែង ត្រប់ខ្លី ម្រះ។ល។ កសិករភាគច្រើនដាំតាមដងស្ទឹង ដងអូរ ដងព្រែក ក្បែរបឹង ជាដើម។ នៅឆ្នាំ២០២០នេះ ប្រជាកសិករខិតខំដាំបន្លែបានទិន្នផលច្រើន ព្រោះបន្លែមានតម្លៃល្អគួរសម។ ទោះយ៉ាងណា កសិករដាំបន្លែនៅតែជួបឧបសគ្គច្រើននៅឡើយក្នុងការប្រកបអាជីវកម្មដាំបន្លែ ដូចជា៖
- បញ្ហាកត្តាប្រែប្រួលអាកាសធាតុក្តៅខ្លាំង
- បញ្ហាកង្វះទឹកសម្រាប់ស្រោចស្រព
- បញ្ហាប្រជាកសិករមិនសូវយល់ដឹងអំពីកម្រិតនៃការប្រើប្រាស់ថ្នាំពុល
- បញ្ហាសម្ភារៈកសិកម្មមានតម្លៃថ្លៃ
- បញ្ហាពូជ និងជី ទិញពីបរទេសទាំងអស់
ក្នុងនាមជាមន្ត្រីជំនាញកសិកម្មម្នាក់ លោក ជា ហុកលី បានស្នើជាសំណូរពរដូចជា៖
- សូមរាជរដ្ឋាភិបាលធ្វើការបែងចែកចំណាត់ថ្នាក់ដីដាំបន្លែកសិកម្ម (តំបន់ឬខេត្តណាអាចដាំបន្លែប្រភេទអ្វីបាន)។
- សូមរាជរដ្ឋាភិបាលជួយកៀងគរក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្មនៅកម្ពុជា។
- សូមរាជរដ្ឋាភិបាលជួយបញ្ចុះតម្លៃគ្រឿងចក្រឬសម្ភារៈដែលបម្រើក្នុងវិស័យកសិកម្ម។
- សូមក្រសួងធនធានទឹកជួយស្តារប្រឡាយ ឬ ជីកប្រឡាយថែមទៀត។
- សូមរាជរដ្ឋាភិបាលជួយពង្រីកអាងស្តុកទឹកនិងជួយស្តារអាងស្តុកដែលមានស្រាប់។
- សូមឱ្យរាជរដ្ឋាភិបាលបង្កើតស្ថានីយផលិតពូជដំណាំគ្រប់ប្រភេទ។
- សូមឱ្យរាជរដ្ឋាភិបាលបង្កើតមន្ទីរពិសោធន៍ក្នុងវិស័យដាំដុះគ្រប់ប្រភេទ។
- សូមក្រសួងពាណិជ្ជកម្មជួយរកទីផ្សារជូនពលរដ្ឋដែលកសិករផលិតបាន។
- សូមជួយកាត់បន្ថយបន្លែនាំចូលពីបរទេសចំពោះប្រភេទបន្លែណាដែលប្រជាកសិករខ្មែរយើងអាចដាំក្នុងស្រុកបាន។