April 19, 2024

លោក ចាន់ សុភា នាយករងសមាគមន៍ក្លឹបទេសចរណ៍ខេត្តសៀមរាប (Siem Reap Tourism Club) (https://www.siemreaptourismclub.com/)​ បានឱ្យដឹងថា អ្នករកស៊ីពាក់ព័ន្ធនឹងទេសចរណ៍ក្នុងខេត្តសៀមរាប កំពុងទទួល​រងផល​ប៉ះពាល់ខ្លាំងណាស់ពីរោគរាតត្បាតកូវីដ-១៩។បើគិតពីចំនួនបុគ្គលិកបានបាត់បង់ការងារ​​ដែលបម្រើការ​នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន បន្ទាប់ពីកូវីដ-១៩ ចាប់ផ្ដើមរាតត្បាត មានចំនួនមិនតិចជាង ១០ម៉ឺននាក់ឡើយ។ តួលេខនេះ​មិនរាប់បញ្ចូល​សមាគមន៍រ៉ឺម៉កកង់បីជាង ៥០០០ និង តាក់ស៊ីជាង ២០០០ និងក្រុមហ៊ុនរថយន្ដទេសចរណ៍ជាច្រើន​ទៀត។ ក្រៅពីបុគ្គលិក នៅមាន​​​អ្នករកស៊ីមុខរបរលក់វត្ថុអនុស្សារីយ៍ជាច្រើនពាន់អ្នកទៀតដែលទទួលរងវិបត្តិនេះ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះ​បណ្ដាលពីចំនួន​ទេសចរធ្លាក់ចុះស្ទើរតែស្មើសូន្យភាគរយ សណ្ឋាគារ ភោជនីយដ្ឋានបិទរួច​បុគ្គលិកត្រូវ​បានបញ្ឈប់ពីការងារ បាត់បង់ចំណូលប្រចាំខែ។ បញ្ហារឹតតែធ្ងន់ធ្ងរទៅទៀតនោះ គឺបំណុលធនាគារដែលពួកគាត់ខ្ចី ហើយត្រូវសងការប្រាក់ជារៀងរាល់ខែ។ លោក ចាន់ សុភាក៏បានផ្ដល់ជាគំនិតកែទម្រង់ទេសចរណ៍កម្ពុជាក្នុងពេលមានវិបត្តិនិង​ក្រោយវិបត្តិកូវីដ-១៩ ដូចជា៖
-មើលពីចំណុចខ្វះខាតរបស់យើងឱ្យបានច្បាស់ ដោយរៀបចំរចនាសម្ព័ន្ធកំណែទម្រង់ទេសចរណ៍ឱ្យបានត្រឹមត្រូវ
-ផ្ដោតទៅលើគុណភាព សេវាកម្មល្អ និង តម្លៃសមរម្យ
-ថ្លៃជើងសារ (commission) ត្រូវលប់បំបាត់ ដើម្បីរក្សាតម្លៃកញ្ចប់ទេសចរណ៍សមរម្យ
-បណ្ដុះបណ្ដាលជំនាញទេសចរណ៍
-កាត់បន្ថយពេលវេលា កែសម្រួលបែបបទទិដ្ឋការ នៅច្រកព្រំដែន។