
កសិករដាំបន្លែរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបកំពុងប្រឈមនឹងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ លើប្រាក់ចំណូលប្រចាំថ្ងៃបានមកពីការដាំដុះបន្លែ។មីង ប៉េក យឿន គឺជាកសិករដាំបន្លែរស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា គ្រួសាររបស់គាត់ដែលធ្លាប់លក់បន្លែបានកំរ៉ៃ ១០ម៉ឺន រៀលក្នុង១ថ្ងៃ ជាមធ្យម មួយរយៈពេលបន្ទាប់មានរោគរាតត្បាតកូវីដ-១៩ កើតឡើង គាត់រកបានត្រឹមតែពី៣ ទៅ ៤ ម៉ឺនរៀល ក្នុង១ថ្ងៃប៉ុណ្ណោះ។
ជាទូទៅ មីង ប៉េក យឿន ដាំបន្លែដូចជា៖ ត្រប់, ជីនាងវង, ម្រះព្រៅ, ស្បៃអន្លក់ (ស្បៃរឿង), ត្រកួន, ឃ្លោក, ត្រប់ស្រួយ, ស្លឹកគ្រៃ និងបន្លែដំណាំហូបផ្លែតិចតួចបន្ថែមទៀត។ ក្នុងចំណោមបន្លែទាំងអស់ខាងលើ ស្លឹកគ្រៃត្រូវដល់វ័យកាត់ប្រមូលផល ប៉ុន្តែគាត់មិនទាន់កាត់ប្រមូលផលទេ ព្រោះមិនមានតម្រូវការពីទីផ្សារ។ ដូច្នេះ គាត់ត្រូវទុកចោលឱ្យចាស់នៅនឹងដើម។ ស្ថានការណ៍នេះធ្វើឱ្យ មីង ប៉េក យឿន អស់សង្ឃឹមខ្លាំង ដោយមិនដឹងថាត្រូវរកវិធីណាដើម្បីរកចំណូលចិញ្ចឹមជីវិត។
សូមបញ្ជាក់ដែរថា ការដោះដូរបន្លែដុំគឺធ្វើនៅផ្សារសាមគ្គី។ អ្នកលក់បន្លែបោះដុំត្រូវយកបន្លែមកលក់នៅផ្សារសាមគ្គី ចាប់ពីម៉ោង១ព្រឹក រហូតដល់ម៉ោង៧ព្រឹក។ អ្នកដែលមកទិញបន្លែបន្តពីអ្នកលក់បោះដុំ ច្រើនទិញដាក់សណ្ឋាគារ ឬ ភោជនីយដ្ឋាន។ ចំពោះគ្រួសារមីង ប៉េក យឿន ក៏យកបន្លែមកលក់បោះដុំនៅផ្សារសាមគ្គីនេះដែរ ដោយក្រោកតាំងពីព្រឹកម៉ោង១ មកដល់ផ្សារសាមគ្គី។