April 19, 2024

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលជាជំនួបអ្នកប្រវត្តិសាស្ត្រ និងអ្នកជំនាញពាក់ព័ន្ធ ស្ដីពី «កិច្ចពិភាក្សាស្វែងរកគំនិត យោបល់ ឈានទៅបង្កើតក្រុមអ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជា» ដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា។
ព្រឹត្តិការណ៍នេះនឹងមានការជួបជុំអ្នកជំនាញប្រវត្តិសាស្ត្រមកពីរាជបណ្ឌិត្យសភាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងអ្នកជំនាញបុរាណវត្ថុវិទ្យាដែលមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានដូចជា៖ ឯកឧត្តមបណ្ឌិត លី វណ្ណា, លោក គង់ វីរៈ, លោក ផេង ស៊ីថា, ឯកឧត្តម ឈុំ ម៉េងហុង, លោក ឡេង វិទូ, លោក ជា សុជាតិ និង លោក សួន សុភក្ត្រា។ មិនតែប៉ុណ្ណោះ អ្នកជំនាញភាសាវិទ្យា និងសិលាចារឹកខ្មែរក៏នឹងចូលរួមក្នុងកម្មវិធីនេះផងដែរ។
គោលបំណងនៃការជួបជុំជជែក ពិភាក្សានេះ មានគោលបំណង បង្កើតក្រុមអ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជាឱ្យមានឯកភាពគ្នា ដោយចងក្រងទុកជាឯកសារប្រើប្រាស់របស់ជាតិ និងជាប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ។
សូមរំលឹកដែរថា គំនិតនៃការបង្កើតក្រុមអ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជា កើតចេញពីចក្ខុវិស័យរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តាំងពីជាង១០ឆ្នាំមុន ក៏ប៉ុន្តែកាលទេសមិនទាន់ហុចឱ្យ ទើបតែពេលនេះ ចក្ខុវិស័យនេះត្រូវបានបំពេញដែលចាប់ផ្ដើមដោយការរៀបចំជាជំនួបនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មុននឹងចាប់ផ្ដើមអនុវត្តការងារជាបន្តបន្ទាប់ទៀត។