
នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក មាឃ សារី និង លោក ហែម ឡាច ជាសមាជិកគម្រោងស្រាវជ្រាវ «ផលប៉ះពាល់នៃរោគរាតត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០» នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ទៅធ្វើបទសម្ភាស ឯកឧត្តម ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និងមន្ត្រីជំនាញផ្សេងទៀត នៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។
ឯកឧត្តម ឱម តារាឫទ្ធិ បានឱ្យដឹងថា ការចុះបញ្ជីពាណិជ្ជកម្មត្រូវធ្វើតាមប្រព័ន្ធ online។ ដោយសារកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានជួយសម្រួលការចុះបញ្ជីរួមជាថ្នាលតែមួយ។ រយៈពេលនៃការចុះបញ្ជីមាន៨ថ្ងៃគឺនៅក្រសួងពាណិជ្ជកម្មរយៈពេល៣ថ្ងៃ នៅពន្ធដាររយៈពេល៤ថ្ងៃ និង នៅក្រសួងការងាររយៈពេល១ថ្ងៃ។ ផលប៉ះពាល់ដោយសារកូវីដ-១៩ខ្លាំងបំផុតទៅលើសហគ្រាសធុនតូច។ រាជរដ្ឋាភិបាលចង់ឱ្យពិភពលោកមើលឃើញបរិយាកាសវិនិយោគនៅកម្ពុជា មានភាពងាយស្រួល ប្រើរយៈពេលខ្លី និងតម្លៃថោក។