សារធាតុអាម៉ូនីញ៉ូមនីត្រាត ដែលអាជ្ញាធរលីបង់បានអះអាងថា គឺជាមូលហេតុដែលបង្កឱ្យមានការផ្ទុះដ៏ធំមួយនៅក្នុងរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារ គឺជាសារធាតុដែលគ្មានក្លិន ដែលគេច្រើនប្រើសម្រាប់ធ្វើជាជីសម្រាប់ដំណាំ។ សារធាតុនេះបានបង្កឱ្យមានការផ្ទុះជាច្រើនដងមកហើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
សារធាតុនេះក៏បានបង្កឱ្យរោងចក្រផលិតជីមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកផ្ទូះ ដែលបានបង្កឱ្យមនុស្សចំនួន១៥ នាក់ស្លាប់។ ហេតុការណ៍ផ្ទុះមួយទៀតបានកើតឡើងនៅផ្លូវរថភ្លើងកូរ៉េខាងជើង ដែលបានធ្វើឱ្យយមនុស្សចំនួន១៦១នាក់ស្លាប់កាលពីឆ្នាំ ២០០៤។
នៅពេលលាយជាមួយនឹងប្រេងឥន្ធនៈ សារធាតុអាម៉ូនីញ៉ូមនីត្រាតនេះបង្កើតបានជាសារធាតុផ្ទុះ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យសំណង់ ហើយក៏ត្រូវបានប្រើប្រាស់ដោយក្រុមឧទ្ទាម ដូចជាក្រុមតាលីបង់ សម្រាប់ផលិតជាឧបករណ៍ផ្ទុះផងដែរ។
នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បាននិយាយថា សារធាតុអាម៉ូនីញ៉ូមនីត្រាតចំនួន ២.៧៥០ តោនដែលបានស្ដុកក្នុងឃ្លាំងកំពង់ផែមួយនៅរដ្ឋធានីបេរូត បានផ្ទុះ។ កាកបាទក្រហមលីបង់បានឱ្យដឹងកាលពីព្រឹកថ្ងៃពុធថា ការផ្ទុះនេះបានបង្កឲ្យមនុស្សចំនួនជាង១០០នាក់ស្លាប់ ហើយមនុស្សយ៉ាងហោចណាស់ចំនួន៤ពាន់នាក់ទៀតបានរងរបួស។ ប្រតិបត្តិការជួយសង្គ្រោះកំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំក្នុងរដ្ឋធានីបេរូត៕
ប្រភពពីគេហទំព័រ VOA