April 25, 2024

កាលពីថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ចាប៉ពីម៉ោង ១០៖៣០ ព្រឹក​តទៅ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារ​គម្រោងស្រាវ​ជ្រាវ «ផលប៉ះពាល់នៃរោគរាតត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០» បន្តជួបសម្ភាសន៍ថ្នាក់ដឹក​នាំនិងមន្ត្រី​ជំនាញ​នៃក្រសួងពាណិជ្ជកម្ម នៅអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។ ក្នុងជំនួបទី២នេះ ក្រុមការងារគម្រោង​ស្រាវជ្រាវ «ផលប៉ះ​ពាល់​នៃរោគរាតត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០» បានជួបសម្ភាន៍ជាមួយលោក នួន សុផល ជាប្រធាន​ការិយាល័យ នៃ នៃនាយកដ្ឋាននាំចេញនាំចូល។ សមាសភាពចូលរួមពីក្រុមការងារគម្រោងស្រាវជ្រាវ «ផលប៉ះពាល់នៃរោគរាត​ត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០» នៃរាជបណ្ឌិត្យសភាកម្ពុជាមាន៖
១-លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថាននិងជាទីប្រឹក្សាគម្រោង
២-លោក មាឃ សារី ប្រធានផ្នែកវិទ្យាសាស្ត្រអប់រំ អនុប្រធានគម្រោង
៣-លោក ឃិន យ៉ង់ លេខាអចិន្ត្រៃយ៍ សមាជិកគម្រោង
៤-លោក យិន ពោ អនុប្រធានផ្នែក
កិច្ចសម្ភាសន៍បានពិភាក្សាលើស្ថានភាពនៃការចុះបញ្ជីក្រុមហ៊ុនដែលស្នើសុំការអនុគ្រោះពន្ធនាំចេញ នាំចូល (EBA ជាដើម) មុន​នឹង​​ក្នុងកំឡុងពេលវិបត្តិរោគរាតត្បាត កូវីដ-១៩ ដោយផ្តោតទៅលើការប្រែប្រួលថយចុះ ឬកើន ឡើងចំនួនការចុះ​បញ្ជី​បៀប​ធៀប​នឹងឆ្នាំកន្លងទៅក្នុងពេលវេលាដូចគ្នា។ លោកប្រធានការិយាល័យជំនាញ ក៏បានបង្ហាញពីយុទ្ធសាស្ត្ររបស់ក្រសួងសាមី ក្នុងការ​ស្វែងរកប្រទេសជាដៃគូពាណិជ្ជកម្មពាណិជ្ជកម្មសេរី ដើម្បីជំរុញប្រសិទ្ធភាពនៃការនាំចេញផលិតផលក្នុងស្រុក ក្នុងកិច្ចលើក​កម្ពស់​វិស័យសេដ្ឋកិច្ចជាតិ ក៏ដូចជាកម្រិតជីវភាពប្រជាជន ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។