March 29, 2024
ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារកំណាយស្រាវជ្រាវ «ប្រព័ន្ធធារាសាស្ត្រនៅតំបន់បន្ទាយលង្វែក» បានរកឃើញស្ថានីយបុរេប្រវត្តិសាស្ត្រ ស្ថិតនៅជាប់មាត់ព្រែកតាហោ «ព្រែកកាហោ» ដែលហួសពីគម្រោងគ្រោងទុក។ ជាសំណើគម្រោងស្រាវជ្រាវ គោលបំណងនៃគម្រោងគឺចង់សិក្សាស្វែងយល់អំពីប្រព័ន្ធធារាសាស្ត្រ ពាក់ព័ន្ធនឹងតំបន់លង្វែក។ ប៉ុន្តែលើសពីផែនការគ្រោងទុក ក្រុមការងារក៏បានរកឃើញស្ថានីយបុរេប្រវត្តិសាស្ត្រ បន្ថែមទៀត។
ស្ថានីយបុរេប្រវត្តិសាស្ត្រនេះរកឃើញក្នុងជម្រៅដីប្រមាណ ២,៦០ម៉ែត្រ និងមានចម្ងាយ ១០ ម៉ែត្រពីមាត់ព្រែក។ ភស្ដុតាងដែលក្រុមការងារអាចសន្និដ្ឋានថាជា «ស្ថានីយបុរេប្រវត្តិសាស្ត្រ» មានដូចជាកុលាលភាជន៍ពណ៌ខ្មៅ (black ware), កុលាលភាជន៍ប៉ានដីឥដ្ឋពណ៌ស (white slip pottery) និងកាំបិតដែក (iron knife)។
ស្ថានីយបុរេប្រវត្តិសាស្ត្រនេះពិតជាមរតកវប្បធម៌សម្រាប់អ្នកស្រាវជ្រាវបុរាណវត្ថុវិទ្យាក៏ដូចជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រសិក្សាស្រាវជ្រាវស្វែងយល់បន្តទៀតអំពីវប្បធម៌នៅសម័យបុរេប្រវត្តិ ពិសេសក្នុងយុគដែក។
សូមជម្រាបដែរថា លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង នឹងជួយឧបត្ថម្ភគាំទ្រដល់កិច្ចការថែរក្សាស្ថានីយដែលទើបរកឃើញនេះ ទុកជាសារៈមន្ទីរលំហ សម្រាប់ផ្សព្វផ្សាយពីវប្បធម៌ដ៏ចំណាស់របស់ប្រទេសកម្ពុជាដល់សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។