April 19, 2024

ត្រៃរូបពុទ្ធសាសនាមហាយាន្តដែលភាសាអង់គ្លេសហៅថា «Buddhist triad» គឺជា បដិមារូបបី (ត្រៃរូប) សាងជាប់ៗគ្នា ឬ អាចជាចម្លាក់រូបបីក្នុងព្រះវិហារ ឬប្រាសាទតែ មួយ។ ត្រៃរូបពុទ្ធសាសនាមហាយាន្តមានរូបព្រះលោកេសូរ (លោ កេស្វរៈ)-ព្រះពុទ្ធ-ប្រាជ្ញាបារមិតា (បើចង់ដឹងស៊ីជម្រៅអំពីត្រៃរូបពុទ្ធសាសនាម ហាយាន្តសូមអាន Tho Thon, Dissertation of An Examintion of Cambodina Buddhist Traid from Pre-Angkorian through Angkorian Times, University of London, 2018)។

ខ្ញុំសូមលើកតែភស្ដុតាងមួយ (រូបលេខ១) ដែលឆ្លាក់នៅថែវខាងក្នុងប្រាសាទបាយ័ននា ទិសខាងជើង ស្លាបខាងកើត មកវិភាគពិចារណា គឺរូបចម្លាក់បដិមាបីអង្គគង់ក្នុង ប្រាសាទ មួយមានកំពូលបី។ ពេលយើងមើលឃើញភ្លាម យើងនឹងគិតថាគឺជាទេព ក្នុង ព្រហ្មញ្ញសាសនា ហើយដឹងថាបែបនេះគឺរូបមួយនៅខាងឆ្វេង ជាទេពប្រុសមាន ដៃ បួន ធ្វើឱ្យគិតថាគឺជាព្រះនរាយណ៍ ព្រោះក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ក៏គោរព ដល់ ព្រះនរាយណ៍ដែរ។ ចំណែកទេពនៅកណ្ដាល យើងមិនអាចដឹងបាន ព្រោះមានស្នាម ដាប់ខូចរូប មើលមិនស្គាល់។ ចំពោះរូបនៅខាងចុងម្ខាងទៀតវិញ (ខាងស្ដាំ) គឺជា ទេពស្រី ប៉ុន្តែមិនដឹងថាជារូបទេពមួយណាទេ?

បន្ទាប់ពីយើងពិនិត្យរូបឱ្យបានល្អិតល្អន់ ទៅលើរូបទាំងបី ពិសេសគឺរូបនៅខាងឆ្វេង មានដៃបួន យើងគិតថា គឺជាព្រះនរាយណ៍ (រូបលេខ២) មានស្នាមដាប់រឆេតរឆូត ច្រើន កន្លែង នៅចំដៃទាំងបួន ចំព្រះភក្ត្រ និងព្រះភ្នួងសក់ពីមុខ។ តើហេតុអ្វីបានជាមានស្នាម ដាប់បែបនេះ? តើរូបដែលយើងឃើញនេះជារូបដើមដំបូង ឬជារូបចម្លាក់ ដែលគេកែ ពីរូបដើមណាមួយ? បើគេដាប់កែ ចុះរូបដើមជារូបអ្វី?

ខ្ញុំសាកល្បងយករូបមួយក្នុងព្រះពុទ្ធសាសនាមហាយាន្តមកវិភាគ គឺរូបព្រះលោកេសូរ។ ព្រះលោកេសូរមានកេតនភណ្ឌកាន់ក្នុងដៃទាំងបួន៖ ដៃមួយកាន់ថូ, ថៃមួយកាន់គម្ពីរ, ដៃមួយកាន់ផ្គាំ និងដៃមួយទៀតកាន់ផ្កាឈូក។ នៅលើភ្នួងសក់ចំពីមុខមាន ឆ្លាក់ ព្រះពោធិ៍សាត់ (ព្រះពុទ្ធ) អង្គុយពែនភ្នែនសមាធិ។ ជួនកាល ក៏ឃើញមានកម្រងផ្កាព័ទ្ធ ពីលើសេរសារធ្លាក់ចុះក្រោមព័ទ្ធលើដៃខាងឆ្វេងដែលកាន់ផ្កាឈូក និងព័ទ្ធដៃខាងស្ដាំ ដែលកាន់ថូ (រូបលេខ៣៖ ព្រះលោកេសូរនៅប្រាសាទតាព្រហ្មទន្លេបាទី ខេត្តតាកែវ និង រូបលេខ៤៖ ព្រះលោកេសូរនៅប្រាសាទតាសោម តំបន់អង្គរ ខេត្តសៀម រាប)។

យើងត្រឡប់មកវិភាគរូបដែលសន្និដ្ឋានជាឋមថាជាព្រះនរាយណ៍នេះវិញ។ រូបនេះត្រូវ គេដាប់នៅលើកេតភណ្ឌទាំងបួន ព្រះភ្នួងក៏ត្រូវដាប់ ចំណែកកម្រងផ្កាក៏ត្រូវដាប់ដែរ។ រីឯដំបងដែលជាកេតនភណ្ឌរបស់ព្រះនរាយណ៍ហាក់ដូចជាមិនសូវច្បាស់ មិនផុស ហើយរាងមិនត្រង់។ ចំណុចមួយទៀត គឺមានស្នាមដាប់នៅកដៃដែលជា កម្រង ផ្ការុំកងដៃមុននឹងទម្លាក់ចុះក្រោម។

សម្រាប់ខ្ញុំ ខ្ញុំគិតថា រូបនេះត្រូវបានគេដាប់កែឱ្យទៅជាព្រះនរាយណ៍នៅពេលណា មួយ។ ចំណែក រូបចម្លាក់ដើមគឺជារូបព្រះលោកេសូរ មានដៃបួនកាន់ផ្គាំ, ផ្កាឈូក, គម្ពី និងថូ ព្រមទាំងមានកម្រងផ្កាព័ទ្ធជុំវិញផង ហើយកម្រងផ្កានេះព័ទ្ធជុំវិញដៃ ខាងឆ្វេង ដែលកាន់ផ្កាឈូកផង និងដៃខាងស្ដាំកាន់ថូផង ដូចរូបព្រះលោកេសូរនៅ ប្រាសាទ តាសោម ក្នុងតំបន់អង្គរ ខេត្តសៀមរាប។

បើរូបមួយនេះជាព្រះលោកេសូរ រូបនៅចំកណ្ដាល គឺជាព្រះពុទ្ធ ចំណែករូបទីបីជារូបស្រី គឺជាព្រះប្រាជ្ញាបារមិតា។ នេះគឺជាទម្រង់សិល្បៈខ្មែរដែលជាតំណាងត្រៃរូបពុទ្ធ សាសនាមហាយាន្តក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានការគោរពពុទ្ធសាសនាមហាយាន្តខ្លាំង ដោយមានការសាងបដិមាត្រៃរូបជាច្រើន។ ពិសេសទៅទៀត ព្រះបាទជ័យវរ្ម័នទី៧គឺជាក្សត្រគោរពប្រតិបត្តិព្រះលោកេសូរយ៉ាង ជ្រាលជ្រៅ ព្រោះជាទេពការពារទឹកដី និងព្រះនគរ។ នៅស្ទើរគ្រប់ប្រាសាទក្នុងរាជព្រះ បាទជ័យវរ្ម័នទី៧ តែងមានសាងជាបដិមាផង និង ចម្លាក់នៅលើផ្ដែរ នៅលើហោជាង នូវរូបព្រះលោកេសូរនេះ (រូបលេខ៥, រូបលេខ៦ និង រូបលេខ៧)។