April 26, 2024

ដោយ៖ ឯកឧត្តម បណ្ឌិត ផុន កសិកា

សេចក្ដីផ្ដើម

ទ្រឹស្ដីមួយរបស់លោក Tony Robbins (American author,coach,motivational speaker,and philanthropist.)បានលើកឡើងថា“Repetition is the Mother of Skill”ដែលមានន័យថា ដើម្បីចេះជំនាញអ្វីមួយ យើងត្រូវអនុវត្តឬប្រតិបត្តិជា​ញឹក​ញយ​និងដដែលៗទើបអាចចេះជំនាញនេះពិតប្រាកដ។ មានទ្រឹស្ដីមួយទៀតរបស់​លោក Albert Einstein លើកឡើងថា «The only source of knowledge is experience» ដែលមានន័យថា ប្រភពនៃចំណេះដឹងទទួលបានពីបទពិសោធន៍។

ជំនាញជាច្រើនត្រូវការអនុវត្តជាប្រចាំ និងប្រើពេលវេលាយូរ មុននឹងទទួលបានជា​ជំនាញ​​​​ពិតប្រាកដនិងច្បាស់លាស់។ ជំនាញកំណាយក្នុងវិស័យបុរាណវត្ថុវិទ្យាគឺជាផ្នែក​មួយនៃការសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យា ដែលតម្រូវឱ្យមានការអនុវត្តជាក់​ស្ដែងនៅ​រណ្ដៅ​​កំណាយ ទើបអ្នកស្រាវជ្រាវចាប់យកជំនាញ និង ទទួលបានចំណេះ​ដឹងពិតប្រាកដ។

អត្ថបទនេះ ខ្ញុំសូមរៀបរាប់ដោយសង្ខេបអំពីលោក ឡុញ ឡាយ ដែលមាន​ជំនាញ​ជាអ្នកកំណាយបុរាណវត្ថុវិទ្យា នៅតំបន់អង្គរ ខេត្តសៀមរាប ដោយសារការអនុវត្ត​កិច្ចការ​​កំណាយ អស់រយៈពេលជិត៣០ឆ្នាំ។

ជីវប្រវត្តិលោក ឡុញ ឡាយ

លោក ឡុញ ឡាយ កើតនៅឆ្នាំ១៩៧៤ នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀម​រាប។ លោកគឺជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតចំនួន៩ (ប្រាំបួន)នាក់។ បច្ចុប្បន្ន លោក​កំពុងរស់នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានគ្រួសារ និងកូន​ចំនួន៤នាក់ ប្រុស៣នាក់ និងស្រី១នាក់។

លោក ឡាយ បានចូលរៀននៅសាលាបឋមសិក្សានៅឆ្នាំ១៩៨៧ ប៉ុន្តែលោកបាន​រៀនត្រឹមថ្នាក់ទី២ប៉ុណ្ណោះ ដោយសារស្ថានភាពគ្រួសារមិនអាចបន្តការសិក្សា​បាន ទៀត។ លុះដល់ឆ្នាំ១៩៩៤ លោកបានចូលធ្វើការជាមួយអង្គការ JSA (Japanese Government Team for Safeguarding Angkor (https://angkor-jsa.org)) រហូតដល់ឆ្នាំ២០០៤ ទើបអង្គការ JSA រំសាលបុគ្គលិក ដែលមានលោក ឡាយ ក៏ត្រូវរំសាលដែរ។

ចាប់ពីឆ្នាំ២០០៤មកដល់បច្ចុប្បន្ន លោក ឡុញ ឡាយ ក៏បានចូលរួមធ្វើកិច្ចការកំណាយ​ជាមួយគម្រោងស្រាវជ្រាវផ្សេងៗដែលមកពីប្រទេសអូស្ត្រាលី សហរដ្ឋអាម៉េរិក ប្រទេស​បារាំង ជប៉ុន សឹង្ហបូរី និង ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។

ជាអ្នកជំនាញកំណាយបុរាណវត្ថុវិទ្យា

អង្គការ JSA (Japanese Government Team for Safeguarding Angkor) គឺជាអង្គ​ការរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុនសហការណ៍ជាមួយរាជរដ្ឋភិបាលកម្ពុជាក្នុងការជួសជុល និង អភិរក្សប្រាសាទក្នុងតំបន់អង្គរ។ កិច្ចការដំបូងរបស់អង្គការនេះ​គឺការសិក្សា​ស្រាវជ្រាវ ជួសជុល និង អភិរក្សប្រាសាទបាយ័ន្ត និងប្រាសាទសួរព្រ័ត្រ។ នៅពេល​ដំបូងៗ​នោះ អង្គការ JSA ជ្រើសរើសបុគ្គលិកខ្មែរចំនួន១៨០នាក់ ដែលក្នុងនោះ លោក ឡុញ ឡាយ ក៏បានចូលបម្រើការនៅអង្គការ JSA នេះ ក្នុងនាមជាបុគ្គលិក។

បុគ្គលិកត្រូវបែងចែកជា៣ក្រុម គឺក្រុមបុរាណវិទ្យា, ក្រុមជួសជុលប្រាសាទ និងក្រុម​វាស់​ស្ទង់គូប្លង់។ លោក ឡាយក៏បានចូលក្នុងក្រុមបុរាណវិទ្យាផង ក្រុមជួសជុលផង និងក្រុម​វាស់ស្ទង់គូរប្លង់ផងដែរ។ ការធ្វើបែបនេះ គឺដើម្បីឱ្យបុគ្គលិកម្នាក់ៗ​បាន​យល់អំពី​ការ ងាររួម និងអាចដោះដូរគ្នាបាន។

ក្រោយមកទៀត លោក ឡាយ ក៏ត្រូវបានឱ្យចូលក្នុងក្រុមបុរាណវិទ្យា ដោយចូលរួមធ្វើ​កំណាយនៅប្រាសាទសួរព្រ័ត្រដែលមានអ្នកជំនាញជនជាតិជប៉ុនជាអ្នកដឹកនាំការងារកំណាយ។

នៅឆ្នាំដំបូងៗ លោក ឡាយ គឺជាបុគ្គលិកធម្មតាដូចគេឯងរាល់គ្នា។ លុះធ្វើការបាន​មួយ​រយះ អ្នកជំនាញជប៉ុនចាប់អារម្មណ៍ការងារកំណាយរបស់លោក ឡាយ ដោយ​សារ​គាត់​​ធ្វើកំណាយបានស្អាត តម្រឹមជញ្ជាំងកំណាយស្អាតនិងត្រង់ល្អ។ ប៉ុន្តែ លោក ឡាយ មិនចេះភាសាអង់គ្លេស មិនចេះភាសាជប៉ុន គាត់ត្រឹមតែបញ្ចេញកាយវិការបង្ហាញអ្នក​ជំនាញជប៉ុន។ ទោះយ៉ាងនេះក្ដី អ្នកជំនាញជប៉ុននៅតែចាប់អារម្មណ៍ថា លោក ឡាយ ជាមនុស្សឆ្លាត និងយល់ការងារ។ ក្រោយមក អ្នកជំនាញជប៉ុនក៏ចាប់ផ្ដើម​សាកល្បងឱ្យ​គាត់គូរចែកស្រទាប់ដីនៅលើជញ្ជាំងក្នុងរណ្ដៅកំណាយ (Soil Layer Classification)។ ការចែកស្រទាប់ដីរបស់គាត់បានត្រឹមត្រូវ ធ្វើឱ្យអ្នកជំនាញជប៉ុនជឿជាក់ថា លោក ឡាយ ឆ្លាត ហើយយល់ការងារ អាចធ្វើកិច្ចការបច្ចេកទេសបានខ្លះៗ។ ដោយឃើញថា លោក ឡាយអាចចែកស្រទាប់ដីបាន អ្នកជំនាញជប៉ុនក៏សាកឱ្យគាត់គូរស្រទាប់ដីក្នុង​ក្រដាសមីលីម៉ែត្របន្ថែមទៀត រហូតគាត់អាចគូរស្រទាប់ដីបញ្ចូលក្នុងក្រដាសបាន។

ក្នុងរដូវធ្វើកំណាយម្ដងៗ អង្គការ JSA តែងជ្រើសរើសនិស្សិតមហា​វិទ្យាល័យ​បុរាណ​វិទ្យានៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈចុះកម្មសិក្សា ហ្វឹកហ្វឺន រៀនសូត្រ​បច្ចេក​ទេសធ្វើកំណាយ។ នេះក៏ជាឱកាសសម្រាប់លោក ឡាយ បានស្គាល់ប្រាស្រ័យ​ទាក់​ទងជាមួយនិស្សិតមហាវិទ្យាបុរាណវិទ្យាផងដែរ។ លោក គង់ វីរៈ (បច្ចុប្បន្ន លោក គង់ វីរៈ គឺជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ) កាលនោះគឺជាអ្នកជំនាញបុរាណវត្ថុវិទ្យាខ្មែរក៏បាន​ជួយបង្ហាត់ដល់លោក ឡាយ ឱ្យចេះ​គូរប្លង់រណ្ដៅ និងប្លង់បុរាណវត្ថុដែលរកឃើញក្នុងរណ្ដៅ (feature)។ ក្រៅពីនោះ នៅ​មាន​លោក ហេង ពិភាល់ (លោក ហេង ពិភាល់បានបន្តការសិក្សានៅសាកល​វិទ្យាល័យ ហាវ៉ៃ នៃសហរដ្ឋអាម៉េរិក និងទទួលបានសញ្ញាបត្របណ្ឌិតបុរាណវត្ថុវិទ្យា នៅឆ្នាំ​២០១៨) ​ក៏បានជួយពន្យល់អំពីចំណេះដឹងខាងវប្បធម៌ និងជំនាញកំណាយបន្ថែម​ទៀតដល់លោក ឡាយ ដែរ។

នៅពេលលោក ឡាយ ចេះការងារកំណាយកាន់តែច្រើន អ្នកជំនាញជប៉ុនក៏បញ្ជូនគាត់​ឱ្យទទួលកិច្ចការវាស់ស្ទង់ដោយប្រើម៉ាស៊ីន Eye Level Machine តំបន់អង្គរផង និង​នៅតំបន់​ប្រាសាទកោះកេរផងដែរ។

លោក ឡាយ នៅបន្តកិច្ចការជាអ្នកធ្វើកំណាយនៅប្រាសាទសួរព្រ័ត​រហូតដល់ ឆ្នាំ២០០៤ ទើបលោកឈប់ពីបុគ្គលិកនៃអង្គការ JSA។

ដោយសារ លោក ឡុញ ឡាយ មានជំនាញខាងកំណាយច្បាស់លាស់ធ្វើការងារ ដោយភាពអំណត់ ព្រមទាំងទឹកចិត្តស្រឡាញ់ការងារកំណាយ និង ដោយមានការ ទទួលស្គាល់ពីនិស្សិតបុរាណវិទ្យាដែលបានចុះធ្វើកម្មសិក្សាជាមួយអង្គការ JSA លោក ឡាយ ត្រូវបានគេណែនាំឱ្យចូលរួមធ្វើកំណាយជាមួយគម្រោង​អន្ដរជាតិផ្សេងៗដូចជា គម្រោងស្រាវជ្រាវនៅប្រាសាទបាសែត ខេត្តបាត់ដំបង ដឹកនាំដោយលោកស្រីបណ្ឌិត Miriam Stark (Director of Southeast Asian Studies, University of Hawaii at Manoa,USA (https://anthropology.manoa.hawaii.edu/miriam-stark/)), គម្រោង ស្រាវជ្រាវលំនៅដ្ឋានក្នុងក្រុងអង្គរដែល ដឹកនាំដោយលោកស្រីបណ្ឌិត Alison Carter (Assistant Professor at Oregon University, USA (https://anthropology.uoregon.edu/profile/acarter4/)) និងគម្រោងស្រាវជ្រាវបុរាណវត្ថុវិទ្យានៅបន្ទាយ លង្វែក ដឹកនាំដោយលោកបណ្ឌិត Martin Polkinghorne (Senior Lecturer in Archaeology, College of Humanities, Arts and Social Sciences of Flinders University, Australia)។ លោក ឡាយ ក៏ធ្លាប់ចូលរួមធ្វើកំណាយ ស្រាវជ្រាវជាមួយគម្រោងបុរាណវត្ថុវិទ្យា ក្រោមការដឹកនាំរបស់លោក Brice Vincent (នាយកសាលាបារាំងចុងបូព៌ា ខេត្តសៀមរាប ÉFEO, Siem Reap, https://efeo.academia.edu/BriceVincent)។ ក្រៅពីគម្រោងស្រាវជ្រាវខាងលើ នៅមានគម្រោងស្រាវជ្រាវរបស់លោកបណ្ឌិត Dougald O’Reilley ដែលបានធ្វើកំណាយនៅភូមិល្វា តំបន់អង្គរ ខេត្តសៀមរាប (https://archanth.cass.anu.edu.au/people/associate-professor-dougald-oreilly)។ នៅមាន គម្រោងអន្ដរជាតិមកពីប្រទេសសឹង្ហបូរី និងប្រទេសជប៉ុន ដែលលោក ឡាយ បានចូលរួមធ្វើកំណាយ។

នៅឆ្នាំ២០១៩ លោក ឡាយ ត្រូវបានទទួលការអញ្ជើញឱ្យចូលរួមកំណាយស្រាវជ្រាវ​ឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

នៅឆ្នាំ២០២០ លោក ឡាយ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមធ្វើកំណាយស្រាវជ្រាវប្រព័ន្ធ​ធារាសាស្ត្រនៅតំបន់បន្ទាយលង្វែក ដែលដឹកនាំដោយរូបខ្ញុំផ្ទាល់ (ផុន កសិកា)។ កំណាយស្វែងយល់អំពីប្រព័ន្ធធារាសាស្ត្រនៅតំបន់បន្ទាយលង្វែកតម្រូវឱ្យប្រើគ្រឿងយន្ត​​​កាយដី (Excavator) ជាជំនួយ ព្រោះការងារមានទ្រង់ទ្រាយធំ និងជីកជម្រៅជ្រៅ។ លោក ឡាយ ក៏អាចជួយកិច្ចការក្នុងការបញ្ជាអ្នកបើកគ្រឿងយន្តឱ្យកាយ​ដីតាមបច្ចេកទេបុរាណវត្ថុវិទ្យាបានដែរ។

ក្រៅពីការអនុវត្តការងារជំនាញធ្វើកំណាយ លោក ឡាយ ក៏តែងជួយពន្យល់អំពី​បច្ចេក ទេសធ្វើកំណាយដល់និស្សិតបុរាណវិទ្យាដែលចូលរួមការងារជាមួយ និងអ្នកជំនាញ បុរាណវត្ថុវិទ្យាក្មេងៗដែលទើបចូលបម្រើការងារ។ រាល់ការធ្វើកំណាយតែងមានការ ចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ធ្វើកំណាយ។ លោក ឡាយ ក៏ជួយពន្យល់ អំពីរបៀប ធ្វើកំណាយដល់ប្រជាពលរដ្ឋដែលចូលរួមធ្វើកំណាយដែរ។

ក្រៅពីការងារជំនាញ លោក ឡាយ នៅមានគុណសម្បត្តិម៉្យាងដែលពាក់ព័ន្ធនឹង​របៀប​ធ្វើ​ការងារ​​​ជាក្រុម (Team Work) និងការចូលក្នុងសហគមន៍​ណាមួយដោយ​មិន​មាន​បញ្ហា ដែលកត្តាទាំងនេះគឺជាចំណុចសំខាន់ដែរក្នុងការប្រតិបត្តិកំណាយ​បុរាណវត្ថុ​វិទ្យានៅទីតាំងណាមួយ។

សន្និដ្ឋាន

លោក ឡុញ ឡាយ គឺជាអ្នកជំនាញធ្វើកំណាយបុរាណវត្ថុវិទ្យាម្នាក់ដែលត្រូវបាន​ស្ថាប័ន​ជាតិ និង អន្ដរជាតិទទួលស្គាល់ពីចំណេះជំនាញរបស់លោក។ លោកអាចទទួល​កាន់ការងារធ្វើកំណាយបាន ដូចជា៖ ការរៀបចំទីតាំងរណ្ដៅកំណាយ,ការធ្វើកំណាយ (ជីកតាមបច្ចេកទេសបុរាណវត្ថុវិទ្យា),ការបែងចែកស្រទាប់ដី,ការគូរស្រទាប់ដី​ក្នុងក្រដាស់,ការគូប្លង់បាតរណ្ដៅ,ការវាស់កម្ពស់រណ្ដៅនិងវត្ថុដែលរកឃើញ ព្រមទាំងការពិចារណាអំពីស្ថានភាពរណ្ដៅកំណាយ និងស្ថានភាពនៃវត្ថុដែល​រកឃើញក្នុងរណ្ដៅកំណាយ។ លោក ឡាយ ក៏អាចជួយផ្ដល់យោបល់ក្នុងការ​សម្រេចធ្វើកំណាយទៅតាមស្ថានភាពជាក់ស្ដែង។

លោកបានរៀនត្រឹមថ្នាក់ទី២ ស្ទើរតែមិនចេះអានអក្សរផង តែលោកតស៊ូព្យាយាមយក​ចិត្តទុកដាក់នឹងការងារ ចង់ចេះ ចង់ដឹង ត្រងត្រាប់ស្ដាប់ការណែ នាំពីអ្នកជំនាញ បរទេស អ្នកជំនាញខ្មែរ និងនិស្សិតទៀត ទើបលោកអាចរៀនសូត្រទាញយកជំនាញ កំណាយបានច្បាស់លាស់។ជំនាញដែលលោកទទួលបាននេះក៏ដោយសារការ​អនុវត្ត​ផ្ទាល់ជាច្រើនឆ្នាំណាស់មកហើយ ដូចទ្រឹស្តីដែលនិយាយថា “Repetition is the Mother of Skill”។ ដូចគ្នានឹងទ្រឹស្ដីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជាថា «ធនធានធម្មជាតិប្រើប្រាស់កាន់តែច្រើនកាន់​តែរេចរឹល តែធនធានមនុស្ស កាន់តែប្រើ កាន់តែរីកចម្រើន»។នេះចាត់ទុកជាមរតក​មនុស្សរស់​ម្នាក់ដែលមានជំនាញធ្វើកំណាយច្បាស់លាស់ និងបានបញ្ចេញសមត្ថភាពរបស់​ខ្លួនចូលរួមសិក្សាស្រាវជ្រាវដើម្បីស្វែងរកអាថ៌កំបាងកាលពីអតីតកាលរបស់កម្ពុជា។