
ការរស់នៅឱ្យមានសុខភាពល្អ មិនមែនជាលំបាកទេ គ្រាន់តែអ្នកចំណាយពេលស្វែងយល់ពីទម្លាប់អាក្រក់ ហើយប្តូរមកជាទម្លាប់ល្អវិញ។ ការរស់នៅឱ្យមានអាយុវែងអ្នកត្រូវមានសុខភាពរឹងមាំ។ ថ្ងៃនេះ យើងមកដឹងពីទម្លាប់ទាំង ០៩ ដើម្បីរស់នៅបានយូរ តើទម្លាប់ទាំង ០៩ នេះនិយាយពីអ្វីខ្លះ?
១. ហូបអាហារជប៉ុន
ការហូបអាហារជារឿងសំខាន់ចំពោះសុខភាព និងការរស់នៅប្រចាំថ្ងៃ។ តើហូបអាហារបែបណាឱ្យមានអាយុវែង? ចម្លើយដ៏ល្អ គឺយើងគួរហូបអាហារបែបជប៉ុន តាមលោក Makoto Suzk ជាវេជ្ជបណ្ឌិតជប៉ុនជាអ្នកជំនាញខាងចំណីអាហារបាននិយាយថាច្បាប់ ៨០% នៃក្រពះ ៖ អ្នកនៅលើកោះនេះ ក្នុងការបរិភោគអាហារមានលក្ខណៈឆ្អែត ៨០% គឺពួកគេយល់ថា ការហូបអាហារឆ្អែតពេក១០០% វាធ្វើឱ្យក្រពះពិបាករំលាយអាហារ ដែលប្រើរយៈពេលយូរ។ ពេលពួកគេហូបអាហារ ៨០% នេះ ជាអារម្មណ៍បញ្ជាក់ថា វាឆ្អែត ហើយមានសុខភាពល្អ។ អាហារដែលពួកគេបរិភោគមានសារធាតុប្រូតេអ៊ីន មានកាល់ស្យូម និងមានសារជាតិប្រឆាំងអុកស៊ីកម្ម។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងប្រាប់ក្រុមការងារHealthy Cambodiaថាមូលហេតុដែលបណ្ដាលឲ្យប្រជាជនខ្មែរយើងមានការឡើងទម្ងន់ និងសុខភាពមិនល្អដោយសារតែពួកគាត់មិនយកចិត្តទុកដាក់ទៅលើការញុំាចំណីអាហារជាប្រចាំថ្ងែ និងទម្លាប់មិនធ្វើលំហាត់ប្រាណ។
២. ការរួមភេទ
តាមការចុះផ្សាយពីគេហទំព័រសុខភាព Sanook បានសរសេរថា “ការរួមភេទ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ជួយឱ្យអ្នករស់នៅបានយូរជាងមុនដល់ទៅ ៣ ឆ្នាំ និងជួយដុតកាឡូរីពីខ្លួនរបស់ខ្លួន ពីព្រោះថា វាដូចជាការហាត់ប្រាណមួយដែរ ហើយវាជួយគេងលក់ស្រួល និងការពារជំងឺបេះដូង។” តាមលោកស្រីវេជ្ជបណ្ឌិត Yvonne K. Fulbright ដែលជាអ្នកជំនាញសុខភាពផ្លូវភេទមានប្រសាសន៍ថា“ មនុស្សដែលមានសកម្មភាពផ្លូវភេទបានល្អ ជួយឱ្យគេមានការឈឺតិចជាងមមុន។”
៣. កុំមើលទូរទស្សន៍ច្រើន
អ្នកដែលចំណាយពេលច្រើនមើលទូរទស្សន៍ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងធ្វើឱ្យសម្ពាធឈាមអ្នកបញ្ហាផងដែរ។ តាមការចុះផ្សាយពីគេហទំព័រសុខភាព Lifehack បាននិយាយថា “អ្នកមើលទូរទស្សន៍ច្រើនពេក វាធ្វើឱ្យបាត់បង់ការគ្រប់គ្រងផ្លូវចិត្ត។” ការមើលទូរទស្សន៍នេះ ធ្វើឱ្យអ្នកគ្មានវិន័យលើខ្លួន។ អ្នកមើលចាប់ពី ២ ទៅ ៤ ម៉ោង វានឹងធ្វើឱ្យចាប់ស្រ្តេស និងបាត់បង់អារម្មណ៍(ជាអារម្មណ៍គ្រប់គ្រង)ផងដែរ។
៤. ទទួលម្តៅថ្ងៃពេលព្រឹក
តាមការចុះផ្សាយពីគេហទំព័រសុខភាព sleepadvisor បាននិយាយថា កម្តៅថ្ងៃពេលព្រឹក ម៉ោង ៨ទៅ ៩ ម៉ោងព្រឹក វាធ្វើឱ្យស្បែកស្រូបយកកាំរស្មីយូវី និងជួយឱ្យរាងកាយបំពេញមុខងារសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ និងពង្រឹងឆ្អឹង ហើយការពារការរលាក។” បើអ្នកទៅខាងក្រៅ ពេលថ្ងៃក្តៅអ្នកគួរលាបឡេ និងអាវដៃវែង ដើម្បីជួយកាពារសម្រស់ និងស្បែករបស់អ្នក។
៥. ការចូលរួមសង្គម
បើអ្នកមិនបានចូលការងារក្នុងសង្គមទេ និងគ្មានមិត្តទេ វាធ្វើឱ្យមានអារម្មណ៍ឯកោខ្លាំងណាស់ វាធ្វើឱ្យអ្នកគិតអវិជ្ជមានផងដែរ។ តាមការស្រាវជ្រាវរបស់លោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ Blue Zones ពីមនុស្សរស់នៅបានយូរជាងបានសរសេរថា “មនុស្សដែលមានអាយុវែង តែងមានការផ្សារភ្ជាប់ក្តីស្រឡាញ់ជាមួយមនុស្សជុំវិញដូចជា ប្តីប្រពន្ធ កូន ឪពុកម្តាយ និងអ្នកដទៃក្នុងសង្គម ហើយធ្វើឱ្យគេពេញចិត្តពេញក្នុងការរស់នៅក្នុងជីវិតនេះ។”
៦. បរិភោគផ្លែឈើ និងបន្លែ
តាមលោកវេជ្ជបណ្ឌិត Shigeaki Hinohara ដែលមានអាយុវែងបាននិយាយថា នេះជាមូលហេតុដែលធ្វើឱ្យមានសុខភាពល្អ គឺថា អាហាររបស់គាត់ គឺទឹកដោះគោ និងនំពីរបីមុខ។ ចំណែកអាហារពេលល្ងាច មានបន្លែ ផ្លែឈើ ត្រី និងអង្ករបន្តិច ហើយគាត់ហូបសាច់គ្មានជាតិខ្លាញ់ ១០០ ក្រាមពីរដងក្នុងមួយសប្តាហ៍។” តាមការស្រាវជ្រាវអ្នកជំនាញខាងចំណីអាហារ លោក Makoto Suzki បាននិយាយថា អ្នករស់នៅកោះអូគីណាវ៉ាចូលចិត្តបរិភោគបន្លែ ផ្លែឈើ និងត្រីជាដើម។ ហើយគិតជាមធ្យមក្នុងមួយថ្ងៃពួកគេហូបអាហារទាំងនោះអស់ ១៨ មុខ។ហើយក្នុងមួយថ្ងៃពួកគេហូបផ្លែឈើ ៨ ដង និងបន្លែ ៧ ប្រភេទផ្សេងគ្នា។
៧. ការធ្វើលំហាត់ប្រាណជួយឱ្យរស់នៅបានយូរ
តាមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Royal University of London នៅទីក្រុងឡុងបាននិយាយថា អ្នករស់នៅមានអាយុវែង ជាអ្នកធ្វើការងារក្នុងសួនច្បារ(ជាតំបន់ធម្មជាតិ) ជាមនុស្សសកម្មលើរាងកាយខ្លាំង វាធ្វើឱ្យមានថាមពលជាងមុន និងកាត់បន្ថយចំនួនកាឡូរីដូចជាកន្លែងហាត់ប្រាណផងដែរ។” តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានពីការហាត់ប្រាណថា ពេលវេលាសម្រាប់ហាត់ប្រាណឱ្យបានល្អ នៅពេលព្រឹកម៉ោង ៥ និងម៉ោង ៦ព្រឹក ចំណែកពេលល្ងាចនៅម៉ោង ៤ ទៅដល់ ៥ ម៉ោង។ ពីព្រោះខ្លួនយើងត្រូវការបម្លែងវិតាមីនD ទៅជាកាលស្យូម ដើម្បីឱ្យឆ្អឹងរឹងមាំ។ ការហាត់ប្រាណ អ្នកអាចរត់តិចៗ ជាវិធីល្អសម្រាប់គាំទ្រដល់សុខភាព និងចាប់ពី ៣០ ទៅ៤០ នាទីបានហើយ។”
៨. កុំជក់បារី
មនុស្សជាច្រើនមានបញ្ហាសុខភាពមានកត្តាធំមួយ ក្នុងស្រុករបស់យើង គឺការជក់បារី។ ការជក់បារីនេះបង្កឱ្យមានបញ្ហាសុខភាពដូចជា នាំឲ្យកើតជម្ងឺមហារីកជាច្រើនប្រភេទដូចជា ជម្ងឺមហារីកសួត មហារីកមាត់ មហារីកកំពង់ក មហារីកលំពែង មហារីកប្លោកនោម មហារីកកស្បូន និងជម្ងឺមហារីកតម្រងនោមជាដើម ។ តាមលោកវេជ្ជបណ្ឌិត រ៉ា ណារី ផ្នែកវិជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យសម្ភពក្រុងបានឱ្យដឹងថា “កត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់ក៖ (១) ការជក់បារី (២) ការញ៉ាំគ្រឿងស្រវឹងច្រើនពេក (៣) របបអាហារខ្វះបន្លែ ផ្លែឈើ។” អ្នកគួរឈប់ជក់បារី បើអ្នកចង់រស់នៅមានអាយុវែង។
៩. ផឹកក្នុងកម្រិតតិច
តាមការចុះផ្សាយពីគេហទំព័រសុខភាព Sanook បានសរសេរថា “ការផឹកស្រាក្នុងកម្រិតតិច វាមានឥទ្ធិពលជួយដល់បេះដូង តែបើអ្នកឈប់ស្រា ជាវិធីល្អបំផុត ដើម្បីឱ្យអ្នករស់នៅបានយូរផងដែរ។” តាមការចុះផ្សាយ Heartandstroke បាននិយាយថា “អ្នកផឹកស្រាក្នុងកម្រិតមធ្យម (តិចជាង ២ កែវក្នុងមួយថ្ងៃភាគច្រើន) ធ្វើឱ្យមានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង ២០% និងជំងឺសរសៃឈាម។”
វេជ្ជបណ្ឌិតគួច ម៉េងលី បានមានប្រសាសន៍ថា “នៅក្នុងស្រាមានសារធាតុម្យ៉ាងធ្វើឱ្យហ្សែនមនុស្សយើងប្រែប្រួលទៅជាជំងឺមហារីក។ ហើយស្រានាំឱ្យកើតមហារីកភាគច្រើនត្រង់ បំពងក ក្បាល ថ្លើម សុដន់ និងរន្ធគូទ។” អ្នកមិនគួរផឹកស្រាច្រើន ឬឈប់ផឹកស្រាក៏ល្អដែរ ហើយវាជួយឱ្យអ្នករស់នៅបានយូរ និងកុំឱ្យកើតជំងឺផងដែរ។
ទាំង ០៩ ចំណុចនេះ តាមវេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវបានរកឃើញថា វាពិតជាមានឥទ្ធិពលក្នុងការរស់នៅរបស់អ្នកឱ្យមានអាយុវែង។ ពីព្រោះថា សុខភាពដែលមានភាពរឹងមាំ យើងត្រូវចេះថែឱ្យមានទម្លាប់ល្អៗ ដូចជារបបអាហារ ចេះធ្វើលំហាត់ប្រាណ និងមានទំនាក់ទងជាមួយអ្នកដទៃ…។ សុខភាពល្អ និងការរស់នៅ គឺយើងជាអ្នកកំណត់តែម្នាក់គត់៕
ដកស្រង់ពីគេហទំព័រ ហាត់ប្រាណ ស្រាវជ្រាវដោយ៖ ទ្រ សុភាព
Leave a Reply