កិច្ចប្រជុំប្រចាំខែរបស់នាយកដ្ឋានវិទ្យាសាស្រ្តអប់រំ

នៅព្រឹកថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩ម៉៣០នាទី នាយកដ្ឋានវិទ្យាសាស្រ្តអប់រំ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ខ្លួនដើម្បីត្រួតពិនិត្យ និងតាមដានការអនុវត្តការងារស្រាវជ្រាវ ដែលមានរបៀបវារៈដូចខាងក្រោម៖

  • របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១
  • ត្រួតពិនិត្យការងារស្រាវជ្រាវគម្រោងនាយកដ្ឋាន
  • រៀបចំផែនការស្រាវជ្រាវសម្រាប់អត្ថបទកាលិកបត្ររបស់វិទ្យាស្ថាន
  • ផ្សេងៗ

សមាសភាពចូលរួមកិច្ចប្រជុំមាន៖

  1. លោក ​មាឃ សារី ​
  2. លោកបណ្ឌិត សូ សុធីរ
  3. លោក លី តុង
  4. អ្នកស្រី ឃាង ធានី

ជាលទ្ធផល លោកប្រធាននាយកដ្ឋាន បានជម្រុញឱ្យមន្ត្រីទាំងអស់បន្តការស្រាវជ្រាវគម្រោងនាយកដ្ឋានដែលមានប្រធានបទ៖ “ចំណាត់ថ្នាក់ចំណេះដឹង និងពុទ្ធិរបស់ប៊្លូម (Bloom’s Taxonomy)”។ គម្រោងនេះ ដឹកនាំការស្រាវជ្រាវដោយប្រធាននាយកដ្ឋានផ្ទាល់ ដែលការសិក្សានឹងផ្តោតទៅលើឯកសារគន្ធនិទ្ទេសផ្សេងៗ (Secondary Data or Literature Review) ដែលមានលើបណ្តាញអ៊ីនធើណេត ដើម្បីធ្វើការវិភាគ សំយោគ និងចងក្រងទុកជាឯកសារជំនួយស្មារតី។ ដោយឡែក គម្រោងសម្រាប់អត្ថបទកាលិកបត្រស្រាវជ្រាវដែលមានប្រធានបទ៖ “ទំនាក់ទំនងរវាងសមត្ថភាពចំណេះដឹងភាសាខ្មែរ និងគណិតវិទ្យា៖ ករណីសិស្សថ្នាក់ទី១១នៃវិទ្យាល័យក្នុងរាជធានីភ្នំពេញ” នឹងត្រូវដឹកនាំការស្រាវជ្រាវដោយលោក លី តុង។ ការស្រាវជ្រាវគម្រោងកាលិកបត្រនេះនឹងធ្វើឡើងក្នុងក្របខណ្ឌទិន្នន័យឆៅ (Primary Data) ដោយនឹងត្រូវប្រមូលពីសំណាកសិស្សដែលកំពុងសិក្សាថ្នាក់ទី១១ នៃវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។

កិច្ចការដែលសមាជិកគម្រោងម្នាក់នឹងត្រូវធ្វើបន្ទាប់គឺការរៀបចំឧបករណ៍ស្រាវជ្រាវ ដែលមានតេស្តភាសាខ្មែរ តេស្តគណិតវិទ្យា និងកម្រងសំណួរសម្រាប់ឱ្យសិស្សបំពេញ។

គួរបញ្ជាក់ថា គម្រោងទាំងពីរនេះគ្រោងនឹងបញ្ចប់ការស្រាវជ្រាវនៅអំឡុងខែធ្នូ ឆ្នាំ២០២១នេះ។

Be the first to comment

Leave a Reply

Your email address will not be published.


*