ប្រាសាទដូនអនត្រូវបានបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ខេត្តពោធិ៍សាត់៖ ខ្មែរក្រហមរុះរើយកថ្មប្រាសាទវត្តដូនអន​ទៅធ្វើប្រព័ន្ធ​ធារាសាស្ត្រ នៅខេត្តពោធិ៍សាត់ ក្នុងរបប​កម្ពុជាប្រជា​ធិបតេយ្យ (១៩៧៥-១៩៧៩)៖ ក្នុងរបប​កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ពួក​ខ្មែរក្រហមក្រៅពីសម្លាប់​រង្គាលប្រជាជាតិឯងរាប់លាននាក់ ពួកនេះក៏បំផ្លិចបំផ្លាញប្រទេសជាតិកម្ពុជា​ធ្លាក់ដល់កម្រិតសូន្យ។

ក្រៅពីការបំផ្លាញវត្តអារាម ពួកនេះក៏បានបំផ្លាញប្រាសាទបុរាណ​មួយចំនួន​ទៀតផង។ ប្រាសាទដូនអន ដែលស្ថិតក្នុងភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្ត​ពោធិ៍​​សាត់ ក៏ត្រូវខ្មែរក្រហមបំផ្លាញដែរ ដោយរុះរើប្រាសាទ យកថ្មទៅសង់ប្រព័ន្ធធារា​សាស្ត្រ (ជីកបារាយណ៍, លើកទំនប់ និង សង់ទ្វារទឹក)។ សាក្សីរស់ មានដូចជាព្រះសង្ឃ​ចៅអធិការវត្តប្រាសាទដូនអន អាចារ្យវត្ត ចាស់ទុំ អ៊ុំ ពូ មីង មានកំណើតនៅភូមិនេះ និង ធ្លាប់ឃើញប្រាសាទនៅមានរូបរាងខ្លះ ពិសេសធ្លាប់ឃើញក្លោងទ្វារខាងកើត​និងខាង​លិច​នៅឈរនៅឡើយ ក្នុងរបបសង្គមរាស្ត្រនិយម ក៏បានរៀបរាប់ប្រាប់ថា បន្ទាប់ពីថ្ងៃ​រំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ប្រាសាទដូនអនត្រូវរលំ និងមានសណ្ឋានថ្មរាយប៉ាយ ហើយចំនួនថ្មក៏លែងមានច្រើនដូចមុនទៀតហើយ។

លោកតាអាចារ្យវត្តក៏បានប្រាប់ដែរថា ថ្មប្រាសាទប្រហែលបាត់អស់​ចំនួន​៧០​ភាគរយនៃថ្មប្រាសាទទាំងមូល ដែលគាត់ធ្លាប់ឃើញនៅសម័យ​សង្គមរាស្ត្រ​និយម​។ តាមរយៈសំណល់ថ្មប្រាសាទនៅសេសសល់ (មាននិងគ្មានក្បាច់) ដែលអាចបង្ហាញ​ពី​តួនាទីនៃថ្មក្នុងសំណង់ មានដូចជា កំពូលប្រាសាទ, ផ្ដែរ, ហោរជាង, សរសរពេជ្រ, សន្លឹកសីមាដែលដាក់លើកំពែងនិងដំបូលតួប្រាសាទ (ថ្មនាងច្រាលកំពែង), ថ្មចម្លាក់​ចែង ឬ កញ្ចាំងចែង (ដាក់នៅតាមជ្រុងចែងកំពូល), នាគជាប់ហោរជាង និង បំណែក​ថ្មផ្សេងៗទៀត អាចបញ្ជាក់ថា ប្រាសាទដូនអនជាប្រាសាទ​មានរចនាសម្ព័ន្ធពេញ​លេញ តែត្រូវបំផ្លាញ ដោយការរុះរើយកថ្មទៅសង់ប្រព័ន្ធធារាសាស្ត្រ​ពីសំណាក់ពួកខ្មែរ​ក្រហម។

សូមជម្រាបផងដែរថា តាមការសិក្សាស្រាវជ្រាវរបស់ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធាន​​វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យ​សភា​កម្ពុជ បានធ្វើ​សេចក្តី​សន្និដ្ឋានថា៖ ប្រាសាទដូនអនត្រូវបានកសាងក្នុងរចនាបថបាយ័ន ក្នុងរាជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧ (សតវត្សទី១៣) ដោយមានសំណង់គូទឹកចំនួន២​ជាន់ព័ទ្ធជុំវិញ ព្រមទាំងបារាយណ៍ធំមួយនៅខាង​កើតប្រាសាទ។

Be the first to comment

Leave a Reply

Your email address will not be published.


*