អាចម៍ដែក ឬ អាចម៍ស្ពាន់? Iron Slag or Copper Slag?

ខេត្តព្រះវិហារ៖ អាចម៍ដែក ឬ អាចម៍ស្ពាន់? Iron Slag or Copper Slag? យោង​តាមវចនានុក្រមខ្មែរ «អាចម៍» គឺជាអាហារចាស់ដែលបន្ទោចេញមកក្រៅ ឧ. អាចម៍​មនុស្ស, អាចម៍សត្វ។

ក្នុងវិស័យស្រាវជ្រាវបុរាណវត្ថុវិទ្យា ពាក្យ «អាចម៍» ក៏យកមកប្រើជារឿយៗ ដូចជា​អាចម៍ដែក ជាដើម ដែលសំដៅលើសំណល់បានមកពីការស្លដែក ឬ ការស្មិតដែក។ រយៈពេលជាច្រើនឆ្នាំមកហើយ គេច្រើនប្រើពាក្យ «អាចម៍ដែក» នៅពេលឃើញ​សំណល់​លោហៈជាផ្ទាំងៗ ជាកម្ទេចកម្ទី ទំហំតូចឬធំ មានស្លាកស្នាមហូរ ពណ៌ខ្មៅ អាចរហូតដល់ខ្មៅរលោងទៀតផង។ទើបតែនៅពេលថ្មីៗនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិត ផុន កសិកា និងក្រុមស្រាវជ្រាវសរសេរប្រវត្ដិសាស្ត្រប្រទេសកម្ពុជា ចុះសិក្សាស្រាវជ្រាវ​បន្ត​ទៀតនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ទើបរកឃើញថា មាន​ឧស្សាហកម្មស្លដែកផង និង ស្លស្ពាន់ផង ដែលបន្សល់ទុកសំណល់អាចម៍ដែក និង អាចម៍ស្ពាន់ ជាគំនរទួលធំៗនៅទីនោះ។ បន្ទាប់ពីរកឃើញថា មានឧស្សាហកម្មស្លដែក និង ស្លស្ពាន់ផង ក្រុមស្រាវជ្រាវក៏ពិនិត្យវិភាគលើលក្ខណៈនៃអាចម៍ដែក និង អាចម៍​ស្ពាន់ ដើម្បីញែកឲ្យដាច់រវាងអាចម៍លោហៈទាំង២។ បន្ទាប់ពីធ្វើការវិភាគ​លក្ខណៈរូប យើងឃើញថា អាចម៍លោហៈទាំង២មានលក្ខណៈរូបស្ទើរដូចគ្នាទាំងអស់ មានពណ៌ខ្មៅ ខ្មៅរលោង មានស្នាមហូរ ជាដើម។

ដូច្នេះ យើងចាប់ផ្ដើមគិតពិចារណាឡើងវិញថា តើអាចម៍ដែកពណ៌ខ្មៅដែលកន្លងមក​យើងកំណត់​​ថាជាអាចម៍ដែក ជាអាចម៍ដែកទាំងអស់ ឬ ជាអាចម៍ស្ពាន់ខ្លះដែរ?​ការ​សិក្សា​ស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអំពីលោហដែកនៅប្រទេសកម្ពុជា អ្នកស្រាវជ្រាវ​ជាតិនិងអន្ដរជាតិបានរកឃើញស្ថានីយស្លដែក ជាច្រើន ជាពិសេសក្នុងខេត្តព្រះវិហារ។ ការកំណត់បែបនេះដោយសំអាងថា ឃើញមានវត្តមានអាចម៍លោហៈ​ពណ៌ខ្មៅដូច​រៀបរាប់​ខាងលើ។ បើដូច្នេះ ការកំណត់ថា ស្ថានីយស្លដែកដែលបានរកឃើញកន្លងមក គួរត្រូវសិក្សាពិនិត្យឡើងវិញ ដើម្បីផ្ទៀងផ្ទាត់ថា តើជាស្ថានីយស្លដែក ឬ ស្ថានីយ​ស្លស្ពាន់។​

សូមជម្រាបដែរថា ដែកត្រូវបានដូនតាខ្មែរផលិត​ដែកជាឧបករណ៍ផ្សេងៗ​យក​មក​ប្រើ​ប្រាស់ច្រើនសន្ធឹកសន្ធាប់ណាស់ ចំណែកស្ពាន់ក៏ដូចគ្នា ត្រូវបានផលិត​ច្រើន​សន្ធឹក​សន្ធាប់ដែរ សម្រាប់សិតជាបដិមា និងឧបករណ៍ផ្សេងៗទៀត។ ពិសេសទៀត បើតាម​ប្រវត្តិសាស្ត្រប្រទេសកម្ពុជា លោហៈស្ពាន់ត្រូវបាន​គេរកឃើញមុន​លោហៈដែក​ទៀត​ផង។

Be the first to comment

Leave a Reply

Your email address will not be published.


*