កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងនៅពេលរាជបណ្ឌិត្យសភាកម្ពុជាបង្កើតឡើងវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥៩៩/៩៧ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល។

​វិទ្យាស្ថានបានកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវលើវិស័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៅក្នុងប្រទេស ក្នុងតំបន់ និងលើសកលលោក ដើម្បីរួម ចំណែកកសាងប្រទេសកម្ពុជាមួយដែលមានភាពសម្បូរបែបខាងចំណេះដឹង វប្បធម៌ ប្រពៃណី ធនធានមនុស្ស និងវិបុលភាពជាភិយ្យោភាព។

ជាមួយគ្នានេះដែរ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមមានបេសកកម្ម សិក្សាស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ក៏ដូចជាជូនព័ត៌មានពីវិស័យមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម រៀបចំវេទិកាវិទ្យាសាស្ត្រនានាដែលពាក់ព័ន្ធនឹងវិស័យមនុស្ស សាស្ត្រ និងវិទ្យាសាស្ត្រសង្គម, អភិវឌ្ឍសមត្ថភាពមន្ត្រីឱ្យកាន់តែប្រសើរឡើងនូវវិធី សាស្ដ្រស្រាវជ្រាវលើវិស័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, ប្រមូល ចងក្រង បោះពុម្ពផ្សាយនិងតម្កល់ឯកសារ និងស្នាដៃស្រាវជ្រាវនានា ព្រមទាំងឯកសារទាំង ឡាយ ដែលពាក់ព័ន្ធនឹងវិស័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង ធ្វើកិច្ច សហប្រតិបត្តិការនិងសម្របសម្រួលការសិក្សាស្រាវជ្រាវជាមួយក្រសួង/ស្ថាប័ន អង្គការជាតិនិងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា ដែលមានគោលបំណងដូចគ្នា។

ដោយមើលឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ វិទ្យាស្ថានមនុស្សសាស្ត្រនិង វិទ្យាសាស្ត្រសង្គមក៏បានបង្កើត «កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិង វិទ្យា សាស្រ្តសង្គម» ដែលត្រូវនឹងភាសាអង់គ្លេសថា “Cambodian Journal of Humanities and Social Sciences” បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ការស្រាវជ្រាវបែបវិទ្យាសាស្រ្តលើជំនាញ មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ដោយមានការចូលរួមពីនាយកដ្ឋាននីមួយៗនៃវិទ្យាស្ថាន។ អត្ថបទដែលទទួល បោះពុម្ពក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម មានពីរប្រភេទគឺ៖

១- អត្ថបទស្រាវជ្រាវបែបវិភាគ (Review Paper)

២- អត្ថបទស្រាវជ្រាវ (Research Paper ឬ Research Article)។

ការបោះពុម្ពកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នឹងធ្វើឡើងជាពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ទៅតាមលទ្ធភាពជាក់ស្តែងរបស់អ្នកស្រាវជ្រាវ ដោយនឹងរៀបចំបោះពុម្ពប្រចាំឆ្នាំនីមួយៗ។

សេចក្តីលម្អិតទាក់ទងនឹងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម មាននៅក្នុងឯកសារដោយឡែក។

Be the first to comment

Leave a Reply

Your email address will not be published.


*