គោនិងក្របីមានច្រើននៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំជាស្រុកមួយជាប់ដងទន្លេសាប ប៉ុន្តែ​មានភ្នំជាច្រើន ដូចជាភ្នំវត្តភ្នំ ភ្នំត្រងិល ភ្នំត្របែក ភ្នំវាំងនន ភ្នំស្រួច ភ្នំក្រពើ ភ្នំដី ភ្នំត្រង ភ្នំពណ្ណរាយ ភ្នំជ័យទ័ត ភ្នំថ្មរៀង ភ្នំកង្កែប ភ្នំប្រាសាទ ភ្នំទូកមាស ភ្នំតាតុំ ភ្នំចំប៉ា ភ្នំទេវី ព្រមទាំងភ្នំកងរីទៀតផង។ សណ្ឋានដីមានលក្ខណៈជម្រាលពីតំបន់ភ្នំ មកទំនាប​ជើង​ភ្នំជាវាលស្រែធំល្វឹងល្វើយ និងទំនាបដែលជាប់នឹងដងទន្លេសាប។ វាលស្រែធំ​ល្វឹង​ល្វើយបង្កើតឲ្យមានស្មៅដុះច្រើន នៅរដូវបន្ទាប់ពីកសិករប្រមូលច្រូតកាត់ស្រូវរួច។

ដោយសារស្ថានភាពភូមិសាស្ត្រអំណោយផលផង និងជាចំណង់ចំណូល​ចិត្​តរបស់អ្នកស្រុកក្នុងស្រុកកំពង់លែងផង ពួកគេចូលចិត្តចិញ្ចឹមសត្វគោនិងក្របី ដោយ​ក្នុង១គ្រួសារៗអាចមានគោពី២ក្បាល រហូត២០ក្បាល។ បើភូមិណា​ដែលមាន​ត្រពាំង ទំនប់ទឹក ឬថ្លុកមានទឹកដក់ច្រើន គេចិញ្ចឹមក្របីក៏ច្រើនដែរ ព្រោះក្របីអាចរក​ចំណីនៅ​ក្នុងទឹកក៏បាន នៅលើគោកក៏បាន។ជាទូទៅ អ្នកស្រុកកំពង់លែងចិញ្ចឹមគោប្រភេទ​គោ​កណ្ដុរ (គោសម្លរ) ច្រើនជាងគោពូជធំៗ។

រីឯតម្លៃគោកណ្ដុរក្នុងមួយក្បាលអាចលក់​បានពី៧០០ ០០០ រៀល រហូត​ដល់​១ ២០០ ០០០ រៀល។ ចំណែកក្របីវិញ មានពូជ​ក្របីស្រងែ ក្របីសំពៅនិង​ក្របីឃ្លៀច​។ ក្របីស្រងែមានរូបរាងតូចជាងក្របីសំពៅ ហើយតម្លៃក៏ថោកជាងក្របីសំពៅដែរ។ បើ​ក្របី​​​​​​សំពៅមានតម្លៃជាង៤ ០០០ ០០០ រៀល (ជាងបួនលានរៀល) ក្របីស្រងែមាន​តម្លៃ​តែជាង៣ ០០ ០០០ រៀលទេ (ជាងបីលានរៀល)។ ចំពោះក្របីឃ្លៀចវិញ ស្ទើតែផុតពូជ​ទៅហើយ ព្រោះនៅសល់តែ១ក្បាលគត់ ក្នុងស្រុកកំពង់លែង។ភាពអំណោយ​ផលនៃ​ភូមិសាស្ត្រ និង ចំណូលចិត្ត ព្រមទាំងការខិតខំចិញ្ចឹមគោក្របី​របស់ប្រជាពលរដ្ឋក្នុង​ស្រុកកំពង់លែង ក៏បានរួមចំណែកក្នុងការរកប្រាក់ចំណូលបន្ថែម​សម្រាប់ផ្គត់ផ្គង់​គ្រួសារ៕

Be the first to comment

Leave a Reply

Your email address will not be published.


*