
ប្រវត្តិព្រះគណេស មាននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៖ព្រះគណេសគឺជាទេពមួយអង្គក្នុងព្រហ្មញសាសនាដែលមានខ្លួនមនុស្សក្បាលដំរី។ តាមរយៈទេវកថាឥណ្ឌា ប្រវត្តិកំណើតព្រះគណេសមានរឿងខុសៗគ្នា។ ប៉ុន្តែរឿងដែលល្បីគឺទាក់ទងនឹងព្រះសិវៈ និង ព្រះវិស្ណុ ដោយព្រះវិស្ណុបានកាត់កមនុស្សប្រុសម្នាក់ជាឆ្មាំទ្វារ ហើយក៏យកក្បាលដំរីមកតភ្ជាប់ រួចកើតជា «ព្រះគណេស»។មានទីសក្ការៈបូជាមួយកន្លែងដែលមានបដិមាព្រះគណេស (ខ្លួនមនុស្សក្បាលដំរី) សាងពីស៊ីម៉ង់តិ៍ ដាក់សម្រាប់គោរពបូជានៅចម្រេះជួរភ្នំទូកមាស (ស្ទើរតែស្ថិតលើភ្នំ) មានទីតាំងក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងត្រូវបានទទួលការគោរពបូជា និងមានភាពល្បីល្បាញនៅទូទាំងស្រុកកំពង់លែង។ រួមទាំងសម្រស់ទេសភាពភ្នំ និង ជើងភ្នំផងដែរ ទីតាំងនេះមានភាពទាក់ទាញសម្រាប់ទេសចរ ក៏ដូចជាអ្នកកំសាន្តទាំងឡាយមកទស្សនា។
ព្រះគណេសនៅទីនោះមានប្រវត្តិដែលអ្នកស្រុកជាចាស់ទុំនៅចងចាំសាច់រឿង និងមានតំណាលថា៖កាលនោះស្តេចបានចុតម៉ាយឱ្យបុរសម្នាក់ដែលមានមហិទ្ធិឫទ្ធ មានអំណាចឱ្យទៅរៀននៅក្រុងរ៉ូម។ ពេលទៅដល់ជាន់ទឹកដីក្រុងរ៉ូមស្រាប់តែទ្វាររាជវាំងដែលមានយ័ន៧ជាន់ក៏របើក សូម្បីតែអ្នកយាមក៏មិនដឹងរបើកពីពេលណាផង គឺរបើកទ្វារវាំងទាំងអស់ ផ្អើលដល់ស្តេច ជាហេតុធ្វើឱ្យស្តេចទូងស្គរប្រមូលអស់មន្រ្តី អ្នកស្រែ អ្នកចំការ ដើម្បីសួរនាំ។ ស្តេចសួរអ្នកទាំងអស់ថា តើមានមនុស្សចម្លែកមកកន្លែងយើងទេ? មានប្រទះមនុស្សទេ? រំពេចនោះមានមនុស្សម្នាក់ដែលមកក្រោយគេថា ពិតជាឃើញមនុស្សនោះដើរម្នាក់ឯង។ស្តេចក៏ឱ្យហៅមនុស្សនោះមកជួប រួចស្តេចក៏សួរបុរសនោះ តើឯងមកទីនេះចង់បានអ្វី? បុរសនោះទូលទៅស្តេចថា ទូលបង្គំមកទីនេះចង់បានវិជ្ជា ស្តេចក៏តបទៅបុរសនោះវិញថា យកវិជ្ជាអ្វីទៀតបើគ្រាន់តែមកដល់ទ្វារយ័នទាំង៧ជាន់ខ្ញុំរបើកអស់ហើយនោះ។ បុរសនោះថា នៅខ្វះទៀតព្រះអង្គ។
ស្តេចក៏អនុញ្ញាតឱ្យទៅស្នាក់រៀននៅទីនោះដើម្បីបំពេញវិជ្ជា។ ហេតុដូច្នេះហើយទើបឃើញមានការសាក់ពេញខ្លួនរាល់រហូតមកទល់សព្វថ្ងៃនេះ។ បុរសនោះកាលដែលទៅរៀននៅទីក្រុងរ៉ូមយូរទៅ ស្តេចក៏ចារវិជ្ជាឱ្យរួចជាស្រេច។ អស់រយៈពេលយូរខែឆ្នាំ បុរសមានការនឹករលឹកដល់ប្រពន្ធនៅស្រុកខ្មែរយ៉ាងខ្លាំងពន់ពេក ធ្វើឱ្យទឹកមុខស្ងួតស្រពោន ស្តេចទីក្រុងរ៉ូមកាលដែលឃើញអាការៈបុរសនោះបែបនេះ ក៏សួរទៅបុរសនោះថាតើឯងមានរឿងអ្វី បុរសនោះក៏ទូលទៅស្តេចថា ទូលបង្គំមានការនឹកភរិយានៅឯស្រុកខ្មែរដែលទើបតែរៀបការ បាន៣ថ្ងៃក៏បែកមកទីនេះ។ កាលបើលឺដូច្នេះ ស្តេចក៏ប្រាប់ទៅបុរសនោះថាមិនអីទេយើងនឹងលើកកូនស្រីរបស់យើង ឱ្យទៅឯង។ ក្រោយពីរៀបការជាមួយកូនស្តេចក្រុងរ៉ូម បានប្រមាណ៣ខែ ក៏ចេះតែនឹកមមៃមកប្រពន្ធនៅឯស្រុកខ្មែរ ក៏សម្រេចចិត្តលួចរត់ ចេញពីក្រុងរ៉ូម។ ពេលចេញដំណើរដល់ទ្វារព្រះបរមរាជវាំង ទ្វារក៏បើកឯងៗ។ ស្តេចឃើញទ្វារព្រះបរមរាជវាំងរបើកក៏នឹកសង្ស័យថាបុរសនោះលួចរត់ ខណៈឃើញអ្នកយាមដេកលក់ស្កប់ស្កល់ រួចក៏ទៅមើលក្នុងបន្ទប់ក៏បាត់បុរសជាកូនប្រសារនោះ។ ស្តេចក៏ប្រើមន្តអាគមដើម្បីទៅកាត់ក្បាលបុរសនោះយកមកព្រះបរមរាជវាំង នៅសល់តែដងខ្លួននៅមាត់ទឹក។ ចំណែកឯប្រពន្ធនៅស្រុកខ្មែរមានកូន១ ពេលកូនធំដឹងក្តីឃើញគេគ្រប់គ្នាមានឳពុក ចម្លែកខ្លួនគ្មានឳពុកហៅនឹងគេក៏សួរទៅម្តាយច្រើនលើកច្រើនសារ។ ជាចុងក្រោយម្តាយក៏សម្រេចចិត្តប្រាប់ទៅកូនថា ឳពុកឯងត្រូវបានស្តេចចាត់ឱ្យទៅរៀននៅក្រុងរ៉ូម អស់រយៈកាលយូរមកលហើយ។ កូនក៏ចាប់ផ្តើមមានការនឹករលឹកឳពុកយ៉ាងខ្លាំងពន់ពេក ក៏សម្រេចចិត្តចេញទៅរកឳពុក។ ពេលទៅដល់មាត់ច្រាំងសមុទ្រនៅក្រុងរ៉ូមក៏ឃើញរូបបុរសម្នាក់ដេកមាត់ច្រាំងបាត់ក្បាល ប៉ុន្តែនៅរស់នៅឡើយ។ រួចបុរសនោះក៏ថយ៧ទៅ៨ជំហាន ដើម្បីចាំមើល។ អស់រយៈពេល៧ថ្ងៃ ស្នងរូបនៅស្រស់បានសេចក្តីថា មនុស្សមិនទាន់ស្លាប់ដោយសង្ស័យជាឳពុកក៏លាត់ដៃអាវមើល ឃើញមានអក្សរនៅដៃទាំងទ្វេរ ។ ដៃម្ខាងសរសេរថា បើចង់ឱ្យរស់ឡើងវិញត្រូវកាត់ក្បាលដំរីមកបន្តុបពីលើគឺរស់ឡើងវិញហើយ ឯដៃម្ខាងទៀតសរសេរថាបើចង់ឱ្យបុរសនោះរស់ឡើងវិញត្រូវយកភក់មកសូនជាក្បាលដំរីយកមកបន្តុបពីលើក៏រស់ឡើងវិញដែរ។ ខណៈនោះបុរសជាកូនក៏ឃើញមានដំរីចុះប្រេង បុរសជាកូនក៏កាត់ក្បាលដំរីយកមកបន្តុបលើរូបឳពុក ស្រាប់តែរំពេចនោះក៏រស់ឡើងវិញមែន ហើយក៏នឹកឃើញចង់ឱ្យដំរីរស់ដែរក៏យកភក់មកសូន្យជារូបដំរីដាក់បន្តុបពីលើដំរីដំរីនោះក៏រស់ឡើងវិញដែរ។ បុរសជាកូនក៏នាំឳពុកត្រឡប់មកស្រុកខ្មែរវិញ លុះដល់ឳពុកស្លាប់គេកសាងរូបមនុស្សក្បាលដំរីដាក់តាំងនៅទីនោះរហូតមកដល់សព្វថ្ងៃ។(ប្រភព៖ លោកតា អ៊ិម រ៉ូ អាយុ៨១ឆ្នាំ រស់នៅឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង)






Leave a Reply