ការចូលរួមសំណេះសំណាលជាមួយលោក Digby James Wren

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងក្រុមការងារដែលមាន លោក មាឃ សារី និងលោក លី តុង បានចូលរួមសំណេះសំណាលជាមួយលោក Digby James Wren ជាជនជាតិអូស្រ្តាលី និងជាអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យឌិគិន នៃសាកលវិទ្យាល័យស៊ីឆ័ន, ប្រទេសចិន (Deakin University at Sichuan Normal University in Chengdu, China) ស្វែងរកលទ្ធភាពនៃការសហការគ្នាក្នុងកិច្ចការស្រាវជ្រាវ ក៏ដូចជាការពង្រឹងសមត្ថភាពផ្នែកជំនាញស្រាវជ្រាវដល់មន្ត្រីវិទ្យាស្ថាន មន្ត្រីផ្សេងទៀតនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជានិស្សិតសាកលវិទ្យាល័យនានាដែលមានចំណាប់អារម្មណ៍លើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ (Academic Research)។ ក្នុងជំនួបនេះ លោក Digby James Wren បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការសហការគ្នាជាមួយវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ដើម្បីអនុវត្តគម្រោងស្រាវជ្រាវទាក់ទងនឹងបរិបទផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ មកលើបរិស្ថាន សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងតំបន់ដីសណ្តទន្លេមេគង្គដោយផ្តោតជាសំខាន់លើប្រទេសកម្ពុជា។ ក្នុងវិសាលភាពនៃគម្រោងនេះ លោក Digby James Wren ក៏បានបញ្ជាក់បន្ថែមពីលទ្ធភាពនៃការពង្រឹងសមត្ថភាពជំនាញស្រាវជ្រាវ និងការសរសេរអត្ថបទស្រាវជ្រាវវិទ្យាសាស្រ្តជាភាសាអង់គ្លេស ដល់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា និងនិស្សិតដែលមានចំណាប់អារម្មណ៍លើការស្រាវជ្រាវផងដែរ។ដោយមានការគូសបញ្ជាក់ពីឯកឧត្តមប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមអំពីការងារស្រាវជ្រាវ និងការរៀបចំបោះពុម្ពអត្ថបទកាលិកបត្រ (Journal) ដែលវិទ្យាស្ថានបានធ្វើការបោះពុម្ពលេខទី១ នាពេលកន្លងមក លោក Digby James Wren ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជួយពង្រឹងនូវគុណភាពនៃការបោះពុម្ពអត្ថបទស្រាវជ្រាវជាភាសាអង់គ្លេស ដោយក្នុងន័យនេះ លោកក៏បានទទួលយកតាមសំណូមពរនូវតួនាទីជាសមាជិកក្រុមប្រឹក្សាយោបល់របស់កាលិកបត្រវិទ្យាស្ថានផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*