លោក ទេព សុខា គឺជាអតីតនិស្សិតជំនាន់ទី៩ នៃមហាវិទ្យាល័យបុរាណវិទ្យា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្លាប់សិក្សារៀនសូត្រស្រូបយកចំណេះដឹងក្នុងវិស័យបុរាណវត្ថុវិទ្យា អភិរក្សបេតិកភណ្ឌវប្បធម៌។ ឆ្លងកាត់ការសិក្សានៅមហាវិទ្យាល័យ និង បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក ទេព សុខា មានចំណង់ចំណូលចិត្តក្នុងកិច្ចការស្រាវជ្រាវកុលាលភាជន៍ ជាពិសេសការអភិរក្សកុលាលភាជន៍ រួមមានការជួសជុល ពង្រឹង និង ផ្គុំបំណែកកុលាលភាជន៍ឡើងវិញឲ្យក្លាយជាវត្ថុតែ១។លោក ទេព សុខា ទទួលជោគជ័យក្នុងកិច្ចការអភិរក្សកុលាលភាជន៍នេះ ដោយចូលរួមក្នុងការជួសជុល អភិរក្សដែលយកពីសំពៅលិចនៅខេត្តកោះកុង ហើយបានចូលរួមជាមនុស្សសំខាន់ដើម្បីរៀបចំអភិរក្ស និង តាំងកុលាលភាជន៍ក្នុងសារមន្ទីរខេត្តកោះកុង និងការងារអភិរក្សនៅសារៈមន្ទីរដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។ក្រៅពីកិច្ចការអភិក្ស ជួសជុល រៀបចំតាំងពីពណ៌កុលាលភាជន៍ លោក ទេព សុខា នៅបានបង្ហាត់បង្រៀននិស្សិតបុរាណវិទ្យាជំនាន់ក្រោយៗឲ្យចេះដឹងក្នុងវិស័យនេះ។សូមជម្រាបថា ការងារអភិរក្ស ជួសជុលកុលាលភាជន៍ ជាកិច្ចការមិនប្រើកម្លាំងកាយ ក៏ប៉ុន្តែទាមទារការតស៊ូ អត់ធ្មត់ ផ្ចិតផ្ចង់ និងមានបេះដូងស្រឡាញ់វប្បធម៌ ពិសេសកុលាលភាជន៍នេះតែម្ដង។ ដូច្នេះហើយ ទើបមិនមានអ្នកជំនាញខាងវិស័យអភិរក្សកុលាលភាជន៍ច្រើននោះទេ ទោះបីវិស័យនេះត្រូវបានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលច្រើនទាំងសាស្ដ្រាចារ្យជាតិ និងអន្ដរជាតិ។

Leave a Reply

Your email address will not be published.