ឧទ្យានអង្គរមិនត្រឹមជារមណីយដ្ឋានទេសចរសម្រាប់ទស្សនាកំសាន្តប៉ុណ្ណោះទេ ឧទ្យានអង្គរថែមទាំងជាបូជនីយដ្ឋានដែលត្រូវតែគោរព។បើត្រឹមជារមណីយដ្ឋានទេសចរធម្មតា គឺជាទីកន្លែងកំសាន្ដរបស់មនុស្សសម្រាប់ទស្សនាកំសាន្ត រីករាយ កាត់បន្ថយភាពតានតឹង ហើយដែលគេអាចអភិវឌ្ឍ សាងសង់សំណង់ទំនើបផ្សេងៗ លៃយ៉ាងណាធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ចង់មកទស្សនាហូរហែ ជារៀងរហូត។ ក៏ប៉ុន្តែឧទ្យានអង្គរមិនមែនត្រឹមតែជារមណីយដ្ឋានទេសចរទេ ឧទ្យាននេះគឺជាបូជនីយដ្ឋានដែលត្រូវតែគោរព។ ការគោរពនេះ មានដូចជា៖ -គោរពដល់ស្នាដៃរបស់បុព្វបុរសខ្មែរបានកសាង -គោរពសាសនាដែលបុព្វបុរសខ្មែរធ្លាប់គោរពប្រណិបត្តិ មានសាសនាហិណ្ឌូ ពុទ្ធសាសនាមហាយាន និង ពុទ្ធសាសនាថេរវាទ -គោរពតម្លៃខាងសោភ័ណ (ទេសភាពវប្បធម៌ វាលស្រែពីបុរាណ ជាដើម) គោរពតម្លៃខាងស្ថាបត្យកម្ម នគរោបនីយកម្ម ខាងប្រវត្តិសាស្រ្ត ខាងវិទ្យាសាស្ត្រ ខាងសង្គម និង គោរពចំពោះដួងព្រលឹងជាតិខ្មែរ -គោរពបូរណភាព និង បុរាណភាពរបស់ឧទ្យានអង្គរនេះ -គោរពច្បាប់ និង គោលការណ៍របស់អង្គការបេតិកភណ្ឌពិភពលោក បានចែងឡើងដើម្បីការពារការបំផ្លាញរបស់មនុស្សលោកទាំងឡាយ។ -គោរព និង ក្រែងចំពោះការដកឧទ្យានអង្គរនេះចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដោយសារការមិនគោរពចំពោះអ្វីបានសរសេរខាងលើ។ដូច្នេះហើយ ការអភិវឌ្ឍ ក៏ដូចជាគម្រោងនានាក្នុងឧទ្យានអង្គរ ត្រូវតែគោរពបូរណភាព (integrity) និង បុរាណភាព (authenticity) របស់ឧទ្យានអង្គរ ដែលចំណុចទាំង២នេះហើយ ទើបឧទ្យានអង្គរអាចត្រូវបានចុះបញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោកបានក្នុងឆ្នាំ១៩៩២។

Leave a Reply

Your email address will not be published.