មុខរបរចិញ្ចឹមជ្រូកបែបទំនើប នៅត្រពាំងប្រាសាទ៖

មុខរបរចិញ្ចឹមជ្រូកជាមុខរបរបន្ទាប់បន្សំរបស់គ្រួសារខ្មែរតាំងពីបុរាណមក ហើយនៅបន្តមានដល់បច្ចុប្បន្ន។ មុខរបរនេះទាមទារការយកចិត្តទុកដាក់ ថែទាំជ្រូកបានដិតដល់។ ទន្ទឹមនឹងការយកចិត្តទុក និង ថែទាំចំណីអារហា ការចិញ្ចឹមជ្រូកតម្រូវឲ្យមានបច្ចេកទេសទំនើបផងដែរ។

លោក ផុន ជាកុសល រស់នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រៅពីបម្រើការងាររាជការនៅមូលដ្ឋាន លោកឆ្លៀតចិញ្ចឹមជ្រូកនៅក្រៅម៉ោងធ្វើការ ។ ការចិញ្ចឹមជ្រូករបស់គ្រួសារលោក បំពាក់គ្រឿងទំនើបៗមួយចំនួនដែលខុសប្លែកពីការចិញ្ចឹមបែបទំនៀមទម្លាប់ពីមុនមក។ គ្រឿងទំនើបទាំងនោះមានដូចជា៖

-ការបំពាក់ប្រព័ន្ធទឹកស្វ័យប្រវត្តិដែលជ្រូកអាចបឺត ផឹកទឹកដោយខ្លួនឯង ដោយមិនចាំមនុស្សទៅចាក់ទឹកឲ្យផឹក។ សូមជម្រាបថា មេជ្រូកមួយត្រូវការផឹកទឹកចំនួន៦០លីត្រក្នុង១ថ្ងៃ។

-រៀបប្រព័ន្ធទឹកស្អាត។ ប្រសិនបើទឹកមិនស្អាត មានមេរោគ ឬ មានសារធាតុគីមីច្រើន ដូចជាទឹកអណ្ដូង ជាដើម ជ្រូកនឹងងាយកើតរោគពីទឹក។

-រៀបចំប្រព័ន្ធសំណង់ទ្រុងជ្រូក ដោយដាក់ជ្រូកដោយឡែកៗពីគ្នា ទៅតាមអាយុរបស់ជ្រូក ពិសេសកូនជ្រូកដែលទើបកើតត្រូវរៀបចំទ្រុងដែលមានកម្រាល២ជាន់ ដោយជាន់ទី២ផុតពីកម្រាលបេតុង ហើយមិនបាំងឃាំង ទុកធ្លាធំទូលាយ ដែលកូនជ្រូកអាចរត់លេង ឆ្លងពីមួយទៅមួយបាន។ ចំណែក មេជ្រូក និង បាជ្រូក ក៏ត្រូវដាក់ដោយឡែកៗពីគ្នាដែរ។

-រៀបប្រព័ន្ធអំពូលកម្ដៅសម្រាប់កូនជ្រូកដែកទើបកើត។

ក្រៅពីការរៀបចំប្រព័ន្ធស្វ័យប្រវត្តិ អ្នកចិញ្ចឹមជ្រូកត្រូវបាញ់ទឹកសម្អាតទ្រូងឲ្យបាន២ដងក្នុង១ថ្ងៃ ទើបជ្រូកមានផាសុខភាព ដេកបានច្រើន និង ស៊ីបានច្រើន ធ្វើឲ្យជ្រូកធំធាត់លឿន។

ការចិញ្ចឹមជ្រូកត្រូវការចំណីច្រើន ពិសេសជ្រូកស៊ីចំណីកំពប់ ឬ សល់ ដែលអាចសល់សម្រាប់សត្វតូចៗផ្សេងអាចស៊ីបាន។ ដូចនេះ ការចិញ្ចឹមសត្វផ្សេងៗទៀត ដូចជា មាន់ ទា ក្ងាន ដាំងដុង (មាន់បារាំង) មាន់ទោ ជាដើម ក៏អាចចិញ្ចឹមបាននៅក្នុងជ្រូកជាមួយគ្នាតែម្ដង។

Leave a Reply

Your email address will not be published.