១/ អំពីកាលិកបត្រ
កាលិកបត្រស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ត្រូវបានបង្កើតឡើងក្នុងគោលបំណងបោះពុម្ពផ្សាយនូវអត្ថបទស្រាវជ្រាវវិទ្យាសាស្រ្តនានាក្នុងវិស័យមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ពីគ្រប់មជ្ឍដ្ឋានអ្នកស្រាវជ្រាវទាំងអស់។ កាលិកបត្រនេះមានឈ្មោះជាផ្លូវការជាភាសាខ្មែរថា “កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម” ជាមួយនឹងអក្សរកាត់ភាសាខ្មែរ “កសវមវស“។ ឈ្មោះជាភាសាអង់គ្លេសត្រូវបានកំណត់ថា “Cambodian Journal of Humanities and Social Sciences” ជាមួយនឹងអក្សរកាត់ “CJIHSS“។ កាលិកបត្រនេះមានគេហទំព័ររបស់ខ្លួន ដែលមានអាសយដ្ឋាន៖ https://ihss.rac.gov.kh/ihss-journal/ ។ នៅក្នុងគេហទំព័រនេះ អ្នកស្រាវជ្រាវអាចស្វែងរកព័ត៌មានលម្អិតទាក់ទងនឹងទម្រង់ឯកសារអត្ថបទ លក្ខខណ្ឌនានា គោលការណ៍ និងដំណើរការនៃការបោះពុម្ព ព័ត៌មានអំពីអ្នកត្រួតពិនិត្យ និងអ្នកពិនិត្យវិនិច្ឆ័យជាដើម។
កាលិកបត្រនេះទទួលពិនិត្យ និងបោះពុម្ពអត្ថបទស្រាវជ្រាវចំនួនបីប្រភេទគឺ៖ (១) អត្ថបទស្រាវជ្រាវប្រើទិន្នន័យដើម (Research Paper ឬ Research Article), (២) អត្ថបទបែបសំយោគ (Review Paper) និង (៣) អត្ថបទគោលនយោបាយសង្ខេប (Policy Brief)។ សំណៅអត្ថបទ (Manuscript) ដែលទទួលបានទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយគណកម្មការនិពន្ធ (Journal Editors) ព្រមទាំងការពិនិត្យវិនិច្ឆ័យទៅលើខ្លឹមសារ និងគុណភាព ដោយអ្នកជំនាញក្នុងឯកទេសនីមួយៗ ក្រោមទម្រង់ Peer Review ឬ Double Blinded Peer Review មុននឹងទទួលបោះពុម្ព។
កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនឹងធ្វើការបោះពុម្ពជាពីរភាសាតាមកាលបរិច្ឆេទដូចខាងក្រោម៖
- ច្បាប់លេខ១ (Issue 1) ជាភាសាអង់គ្លេស ដែលនឹងរៀបចំបោះពុម្ពនៅអំឡុងខែមេសា-ឧសភានៃឆ្នាំនីមួយៗ
- ច្បាប់លេខ២ (Issue 2) ជាភាសាខ្មែរ ដែលនឹងរៀបចំបោះពុម្ពនៅរៀងរាល់ខែវិច្ឆិកា-ធ្នូនៃឆ្នាំនីមួយៗ
ការបោះពុម្ពអត្ថបទកាលិកបត្រនឹងមានរៀបចំជាពីរទម្រង់គឺ (១) ទម្រង់រឹង (Hard Copy) និង (២) ទម្រង់ឯកសារឌីជីថល (Digital Publication) ដែលអ្នកអាន ឬអ្នកស្រាវជ្រាវអាចស្វែងរកបានក្នុងគេហទំព័រ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ឬអាចទាញយកបានចេញពីគេហទំព័ររបស់កាលិកបត្រដោយផ្ទាល់។
ក/ ចក្ខុវិស័យ
ចក្ខុវិស័យរបស់កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម គឺផ្តល់នូវមធ្យោបាយដល់អ្នកស្រាវជ្រាវដើម្បីធ្វើការបោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួន និងជាមជ្ឈមណ្ឌលឯកសារស្រាវជ្រាវសម្រាប់សិស្ស និស្សិត សាស្រ្តាចារ្យ ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិនានា ក្នុងវិស័យមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។
ខ/ បេសកកម្ម
កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានកំណត់បេសកកម្មរបស់ខ្លួនដោយផ្តោតលើសកម្មភាពចម្បងចំនួនបីខាងក្រោម៖
- ផ្តល់ឱ្យសហគមន៍ជាតិ និងអន្តរជាតិនូវវេទិកាមួយសម្រាប់ការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត លើជំនាញមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។
- រៀបចំការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើជំនាញស្រាវជ្រាវ និងវិភាគទិន្នន័យដល់និស្សិត អ្នកស្រាវជ្រាវវ័យក្មេង ក៏ដូចជាអ្នកដែលមានបំណងចាប់យកអាជីពជាអ្នកស្រាវជ្រាវលើវិស័យមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។
- រៀបចំវេទិកាស្រាវជ្រាវ ឬសន្និសិទ្ធស្រាវជ្រាវនានាដោយសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិនានា ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវក្នុងវិស័យមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។
២/ វិសាលភាពជំនាញ
កសវមវស យកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងបោះពុម្ពអត្ថបទស្រាវជ្រាវវិទ្យាសាស្រ្តលើវិស័យមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ដែលមានវិសាលភាពជំនាញសំខាន់ៗដូចតារាងខាងក្រោម៖
វិទ្យាសាស្រ្តអប់រំ | ចិត្តវិទ្យាអប់រំ | ទស្សនវិជ្ជា | គោលនយោបាយសាធារណៈ |
ការគ្រប់គ្រង | ពាណិជ្ជកម្ម | ភាសាវិទ្យា | គោលនយោបាយអភិវឌ្ឍន៍ |
វិទ្យាសាស្រ្តសេដ្ឋកិច្ច | ភូមិវិទ្យា | ប្រវត្តិវិទ្យា | ទំនាក់ទំនងអន្តរជាតិ |
ចិត្តវិទ្យាសង្គម | សង្គមវិទ្យា | បុរាណវិទ្យា | នរវិទ្យានិងជាតិពិន្ធុវិទ្យា |
ស្ថាបត្យកម្ម | ចរិយាសាស្រ្ត | ទេសចរណ៍ | វិទ្យាសាស្រ្តនយោបាយ |
ទំនាក់ទំនង៖
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
- មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
- ទូរសារ៖ cjihss.academy@gmail.com
- គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/