កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម (កសវមវស) ប្រកាន់គោលការណ៍គុណភាព និងក្រមសីលធម៌ខ្ពស់ក្នុងការបោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួន។ កសវមវស ទទួលបោះពុម្ពតែអត្ថបទណាដែលជាកម្មសិទ្ធរបស់អ្នកនិពន្ធ ឬអ្នកស្រាវជ្រាវផ្ទាល់។ ជាមួយគ្នានេះ គណៈកម្មការនិពន្ធ អ្នកត្រួតពិនិត្យ និងអ្នកពិនិត្យវិនិច្ឆ័យអត្ថបទស្រាវជ្រាវ របស់កាលិកបត្រមានភារកិច្ច និងទំនួលខុសត្រូវលើកិច្ចការបច្ចេកទេស និងជំនាញដើម្បីអាចធានាបាននូវគុណភាព និងគុណតម្លៃរបស់ខ្លួន។
កសវមវស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌សំខាន់ៗមួយចំនួនដូចខាងក្រោម៖
ក្រមសីលធម៌សម្រាប់ក្រុមប្រឹក្សានិពន្ធ
- និពន្ធនាយក នាយករង និងអ្នកត្រួតពិនិត្យមានភារកិច្ច និងទំនួលខុសត្រូវក្នុងការសម្រេចទទួលយកអត្ថបទស្រាវជ្រាវដែលពិនិត្យរួច និងបោះពុម្ពក្នុងកាលិកបត្ររបស់ខ្លួន។
- និពន្ធនាយក និងគណៈកម្មការកាលិកបត្រត្រូវធានាឱ្យបាននូវតម្លាភាព និងភាពត្រឹមត្រូវក្នុងដំណើរការទទួល ត្រួតពិនិត្យ ពិនិត្យវិនិច្ឆ័យ និងទទួលបោះពុម្ពអត្ថបទស្រាវជ្រាវ។
ក្រមសីលធម៌សម្រាប់ក្រុមប្រឹក្សាយោបល់
- ក្រុមប្រឹក្សាយោបល់របស់កាលិកបត្រមានតួនាទីផ្តល់ប្រឹក្សា និងផ្តល់អនុសាសន៍ដល់និពន្ធនាយក និងគណៈកម្មការបច្ចេកទេសរបស់កាលិកបត្រនូវបញ្ហាទាក់ទងនឹងផ្លូវច្បាប់ កម្មសិទ្ធបញ្ញា និងលួចស្នាដៃអ្នកដ៏ទៃមកបោះពុម្ពជាដើម។
- ក្រុមប្រឹក្សាយោបល់របស់កាលិកបត្រមានតួនាទីត្រួតពិនិត្យសំណៅអត្ថបទស្រាវជ្រាវ តែចំពោះខ្លឹមសារ និងអត្ថន័យដោយរក្សានូវគោលកាណ៍តម្លាភាព និងការមិនរំលោភកម្មសិទ្ធបញ្ញា។
ក្រមសីលធម៌សម្រាប់អ្នកពិនិត្យវិនិច្ឆ័យ
- អ្នកពិនិត្យវិនិច្ឆ័យទៅលើខ្លឹមសារអត្ថបទស្រាវជ្រាវត្រូវមានតម្លាភាព និងមិនត្រូវបង្ហាញនូវរូបភាពណាមួយដុចជារិះគន់ដល់អ្នកស្រាវជ្រាវនោះទេ។
- ក្នុងករណីដែលអ្នកពិនិត្យវិនិច្ឆ័យយល់ឃើញថាពេលវេលាក្នុងការពិនិត្យរបស់ខ្លួន ចាំបាច់ត្រូវផ្តល់ព័ត៌មានមកនិពន្ធនាយក ឬគណៈកម្មការនិពន្ធដើម្បីរៀបចំទំនាក់ទំនងរកអ្នកពិនិត្យវិនិច្ឆ័យផ្សេងទៀត។
- អ្នកពិនិត្យវិនិច្ឆ័យត្រូវពិនិត្យមើលក្នុងខ្លឹមសារអំពី ក្រែងមានចំណុចណាមួយដែលដាក់យោងមិនត្រឹមត្រូវ ឬមិនដាក់យោងទៅនឹងអត្ថបទដែលបានបោះពុម្ពរួចហើយ ដើម្បីបង្ការនូវបញ្ហាកើតមានទាក់ទងនឹងកម្មសិទ្ធបញ្ញា។
- សំណៅអត្ថបទ និងព័ត៌មាន ឬទិន្នន័យផ្សេងៗដែលអ្នកស្រាវជ្រាវបានផ្តល់ជូន ត្រូវរក្សាទុកដោយប្រុងប្រយ័ត្ន និងលាក់ការណ៍បំផុត។
ក្រមសីលធម៌សម្រាប់អ្នកស្រាវជ្រាវ
- អ្នកស្រាវជ្រាវត្រូវធានាថាអត្ថបទដែលខ្លួនបានសរសេរគឺជាសមិទ្ធផលរបស់ខ្លួនពិតប្រាកដ មានដាក់យោងត្រឹមត្រូវចំពោះព័ត៌មាន ឬខ្លឹមសារដែលបានដកស្រង់ពីអត្ថបទស្រាវជ្រាវផ្សេងៗ។
- អ្នកស្រាវជ្រាវត្រូវប្រាកដថាអត្ថបទរបស់ខ្លួនគោរពតាមគោលការណ៍បោះពុម្ពរបស់កាលិកបត្រមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ព្រមទាំងមិនត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ ឬកាលិកបត្រស្រាវជ្រាវណាមួយ ដើម្បីបង្ការបញ្ហាកម្មសិទ្ធបញ្ញា។
- អ្នកស្រាវជ្រាវត្រូវប្រាកដថា គោលបំណង វិធីសាស្រ្ត និងលទ្ធផលស្រាវជ្រាវរបស់ខ្លួនមានភាពច្បាស់លាស់ និងអាចធ្វើការផ្ទៀតផ្ទាត់បាន។
- អ្នកស្រាវជ្រាវត្រូវធានាថា ការបង្ហាញលទ្ធផលស្រាវជ្រាវរបស់ខ្លួនមានស្មោះត្រង់ មិនមានការកែតម្រូវនានា ឬការកែទិន្នន័យផ្សេងៗជាដើម។
គោលការណ៍កម្មសិទ្ធបញ្ញា
កសវមវស ទទួលបោះពុម្ពតែអត្ថបទដែលបានឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យ និងវិនិច្ឆ័យត្រឹមត្រូវ និងមិនទាន់មានបោះពុម្ពនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ ឬកាលិកបត្រស្រាវជ្រាវដទៃប៉ុណ្ណោះ។ ក្រោយពីទទួលបោះពុម្ព អត្ថបទទាំងអស់នឹងក្លាយជាកម្មសិទ្ធរបស់កាលិកបត្រ ដោយរក្សានូវកម្មសិទ្ធបញ្ញារបស់អ្នកស្រាវជ្រាវ ឬអ្នកនិពន្ធ។
អត្ថបទស្រាវជ្រាវទាំងឡាយណាដែលបានបោះពុម្ពរួច ហើយត្រូវបានពិនិត្យឃើញថាមានបញ្ហារំលោភកម្មសិទ្ធបញ្ញា នឹងត្រូវដកចេញពីគេហទំព័រកាលិកបត្រ និងគ្រប់ការបោះពុម្ពរបស់ កសវមវស ដោយពុំបាច់ជួនដំណឹងជាមុនដល់អ្នកស្រាវជ្រាវ។
ទំនាក់ទំនង៖
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
- មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
- ទូរសារ៖ cjihss.academy@gmail.com
- គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/