ចេញផ្សាយនៅថ្ងៃទី៖ May. 30th, 2024
កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាតិខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ ហើយបើតាមទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថាប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧.៧% ក្នុងចន្លោះឆ្នាំ១៩៩៥-២០១៨។ អត្រាកំណើនប្រចាំឆ្នាំដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោក។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៩ បានកើនឡើងនៅក្នុងរង្វង់៧,១% ដោយមានការចូលរួមពីវិស័យនានាជាច្រើន ដូចជា វិស័យឧស្សាហកម្មប្រមាណ ៣៨,៣% វិស័យសេវាកម្មប្រមាណ ៣៨,១% និងវិស័យកសិកម្មប្រមាណ ១៦% (ហ៊ុន សិរីវឌ្ឍន៍, ២០២០)។ យើងសង្កេតឃើញថា មានកត្តាជាច្រើនបានរួមចំណែកក្នុងការថែរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាដែលមានដូចជា កត្តាសុខសន្តិភាព កំណើននៃការវិនិយោគទុនបរទេស ព្រមទាំងការរីកចម្រើននៃវិស័យសេវាកម្ម ឧស្សាហកម្មកាត់ដេរ អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មជាដើម។ ជាមួយនឹងការរីកចម្រើន ព្រមទាំងកិច្ចប្រឹងប្រែងដ៏សកម្មនេះ កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលទាបកម្រិតមធ្យមក្នុងឆ្នាំ២០១៥ និងមានមហិច្ឆតាក្លាយខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ថែមទៀត។