ចេញផ្សាយនៅថ្ងៃទី៖ May. 30th, 2024
ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាតិខ្ពស់គួរឱ្យកត់សម្គាល់។ បើតាមទិន្នន័យរបស់រាជរដ្ឋាភិបាល ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍអាស៊ីបានបង្ហាញថា មុនពេលកើតមាននូវវិបត្តិជំងឺកូវីដ-១៩ ប្រទេសកម្ពុជាទទួលបានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧.៧% ក្នុងចន្លោះឆ្នាំ១៩៩៥-២០១៨។ អត្រាកំណើនប្រចាំឆ្នាំដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោក។ ពិតប្រាកដណាស់ ការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមកម្ពុជា មានការចូលរួមពីវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្មប្រមាណ ៣៨,៣%, វិស័យសេវាកម្មប្រមាណ ៣៨,១%, និងវិស័យកសិកម្មប្រមាណ ១៦% (ហ៊ុន សិរីវឌ្ឍន៍, ២០២០)។ ជាក់ស្តែង វិស័យពាណិជ្ជកម្មរបស់កម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញនូវការអភិវឌ្ឍក្នុងវិស័យទាំងនេះ ជាពិសេសពាណិជ្ជកម្មផលិតផលឧស្សាហកម្ម និងកសិកម្ម។ ដើម្បីបន្តពង្រឹង និងជំរុញកំណើននៃវិស័យពាណិជ្ជកម្មរបស់ខ្លួន កម្ពុជាបានខិតខំពង្រីកនូវវិសាលភាពនៃពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនជាមួយប្រទេសជិតខាង ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្រមខណ្ឌតំបន់អាស៊ានទាំងមូល។ កាលពីពេលថ្មីៗនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន ដែលកិច្ចព្រមព្រៀងនេះ មានគោលបំណងក្នុងការពង្រីកនូវជញ្ជីងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិនឱ្យមានវិសាលភាពកាន់តែធំជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីប្រទេសចិន កម្ពុជាក៏មានបំណងបន្តការពិភាក្សា និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជាច្រើនផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ជប៉ុន អាឡឺម៉ង់ ស៊្វីស កូរ៉េខាងជើង កូរ៉េខាងត្បូង ឥណ្ឌា និងប្រទេសនានាផ្សេងទៀតក្នុងតំបន់អាស៊ានផងដែរ (Moc, 2015 as cited in Open and Development Cambodia , 2015)។