សំណង់ប្រាសាទឥដ្ឋសង់លើភ្នំបាសិទ្ធខាងជើង កសាងនៅសតវត្សទី៧ តំបន់បាសិទ្ធស្ថិតនៅភាគខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ហើយនៅពេលថ្មីៗនេះត្រូវបានកាត់បញ្ចូលក្នុងរាជធានីភ្នំពេញ ដែលកាលពីមុនស្ថិតក្នុងខេត្តកណ្ដាល។ ទោះបី តំបន់បាសិទ្ធមានភ្នំមួយឈ្មោះភ្នំបាសិទ្ធ ឬ ប្រសិទ្ធ ប៉ុន្តែលក្ខណ:ទូទៅនៃសណ្ឋានដីនៅតំបន់នេះ ជាតំបន់ទំនាប វាលស្រែ មានប្រព័ន្ធធារាសាស្ត្រ និង ផ្លូវទឹកអាចភ្ជាប់ទៅទន្លេសាបបាន នៅត្រង់ស្ពានព្រែកព្នៅ។ លក្ខណ:ពិសេសមួយទៀតនៃតំបន់នេះគឺមានបឹងដ៏ធំមួយឈ្មោះបឹងតាម៉ោក។ ដោយសារមានសក្តានុពលធម្មជាតិ (វាលទំនាប ផ្លូវទឹក និង ប្រព័ន្ធធារាសាស្ត្រ និង ភ្នំ...ជាដើម) ទើបតំបន់នេះមានការតាំងទីលំនៅរបស់មនុស្សតាំងពីសម័យហ្វូណន (សតវត្សទី១ ដល់ ទី៦) រហូតមកដល់បច្ចុប្បន្ន។ អំណះអំណាងនេះសំអាងលើភស្ដុតាងសំណង់ប្រាសាទឥដ្ឋសង់លើភ្នំបាសិទ្ធខាងជើង និងការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវប្រវត្តិសិល្ប: ដែលបង្ហាញថា ប្រាសាទភ្នំបាសិទ្ធកសាងនៅសតវត្សទី៧។ ជាមួយគ្នានេះដែរ ក៏មានទិន្នន័យស្រាវជ្រាវមួយរបស់អ្នកស្រាវជ្រាវបុរាណវត្ថុវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាក៏រកឃើញដែរថា មានគ្រឹះប្រាសាទ (អ្នកស្រុកហៅថា ទួលអង្គ) កសាងក្នុងសម័យមុនអង្គរចំនួន៣៦ និងត្រពាំងបុរាណជាច្រើនទៀត ក្នុងឃុំម្កាក់ ដែលជាតំបន់ស្ថិតក្នុងតំបន់បាសិទ្ធនេះដែរ។